ជម្ងឺ​គ្រុនឈាម​ចាប់ផ្ដើម​វាយ​លុក​កុមារ​នៅស្រុក​ខ្សាច់​កណ្ដាល

ទោះបី​មានការ​អំពាវនាវ​ពីសំណាក់​មន្ដ្រី​ក្រសួង​សុខាភិបាល​ឱ្យមាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ ដោយមាន​ការ​ការពារ​កុំឱ្យ​មានជម្ងឺ​គ្រុនឈាម បើទោះ​បីនេះ​ជារដូវ​ជម្ងឺ​គ្រុនឈាម​ឈានចូល​មកដល់​ក្ដី តែ​កុមារ​ភាគច្រើន​នៅតែ​ចៀស​មិនផុត​ពីជម្ងឺ​នេះ​ដដែល ហើយ​វាកើត​មាន​ជារឿយៗ​ចំពោះ​កុមារ​ក្រោម​អាយុ​៦ឆ្នាំ។ ជាមួយ​គ្នានេះ​ដែរ តាម​សេចក្ដី​រាយការណ៍​ពីមន្ដ្រី​នៃមន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល​ខេត្ដ​កណ្ដាល​បាន​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង​ថា អត្រា​ជម្ងឺ​គ្រុនឈាម​បាន​កើនឡើង​ខ្ពស់​ជាង​បណ្ដា​ឆ្នាំ​នានា​នៅក្នុង​ស្រុកខ្សាច់​កណ្ដាល​ខេត្ដកណ្ដាល ដែល​ភាគច្រើន​ជាកុមារ​ស្ថិតក្រោម​អាយុ​៦ឆ្នាំ ហើយ​ពេលនេះ​មន្ទីរពេទ្យ​សឹងថា​រកទី កន្លែង​សម្រាប់​ឱ្យពួកគេ​ដេក​សម្រាក​ព្យាបាល​មិនបាន​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក លឹម ផល្លា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល​បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង​ថា អត្រា​នៃកុមារ​កើតជម្ងឺ​គ្រុនឈាម​នៅក្នុង​ស្រុក​ខ្សាច់​កណ្ដាល​ឆ្នាំនេះមាន​ការ​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ​បំផុត ព្រោះ​វាមាន​ការ​កើតឡើង​ទ្វេដង​ជាង​បណ្ដា​ឆ្នាំ​កន្លងមក។ កុមារ​ភាគច្រើន​ដែល​ទទួលការ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ដោយសារ​ជម្ងឺ​គ្រុនឈាម​នេះ ផ្ដើមឡើង​ពីអាយុ​ចាប់ពី​២ឆ្នាំ​រហូត​៨ឆ្នាំ ដែលមាន​ការ​កើនឡើង​យ៉ាង​ខ្ពស់​បំផុត​ក្នុង​ឆ្នាំនេះ ដែល​ខាង​មន្ទីរពេទ្យ​ស្ទើរតែ​រក​ទីកន្លែង​ឱ្យអ្នក​ជម្ងឺ​ដេក​ព្យាបាល​មិនបាន។ លោក លឹម ផល្លា បានគូស​បញ្ជាក់​ថា កុមារ​ដែល​កើតមាន​ជម្ងឺ​គ្រុនឈាម​ហើយ​ទទួល​សម្ពាធ​ធ្ងន់ធ្ងរ​ជាងគេ​មកពី​៣ឃុំ គឺ​ឃុំកោះ​ចរ៉ាម ឃុំ​ព្រះ​ប្រសប់ និង​ឃុំព្រែក​តាមាក់។ ឃុំ​ទាំងនេះ​គឺ​បណ្ដាល​មកពី​ភ្នាក់ងារ​សុខាភិបាល​មិនបាន​យកថ្នាំ​ដាក់​សម្លាប់​ដង្កូវ​ទឹកឱ្យ​បាន​ទាន់​ពេលវេលា​មុនពេល​រដូវ​ភ្លៀងធ្លាក់​ចុះមក​ដល់ ទើប​ជំរុញ​ឱ្យកុមារ​នៅក្នុង​ឃុំខាង​លើជួប​ប្រទះ​នូវជម្ងឺ​នេះ។

លោក លឹម ផល្លា បានបន្ដ​ថា គ្រាន់តែ​រដូវ​ភ្លៀង​ចូលមក​ដល់ភ្លាម ចំនួន​នៃកុមារ​ដែលមាន​ផ្ទុក​ជម្ងឺ​គ្រុនឈាម​មានការ​កើនឡើង​គួរឱ្យ​កត់​សម្គាល់​នៅក្នុង​ឆ្នាំនេះ។ លោក​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ១៧ ខែឧសភា ឆ្នាំ​២០១០ រហូត​ដល់ថ្ងៃ​ទី០៤ ខែសីហា ឆ្នាំ២០១០ អត្រា​នៃកុមារ​កើតជម្ងឺ​គ្រុនឈាម​កើនដល់​២២៦​ករណី មាន​អត្រាខ្ពស់​ជាងឆ្នាំ​២០០៩ ប្រមាណ​ជាង​២០ភាគរយ។ ប៉ុន្ដែ​ទោះបីជា​មានការ​កើនឡើង​ខ្ពស់​នៅឆ្នាំ​២០១០​នេះក្ដី លោក លឹម ផល្លា បាន​បញ្ជាក់ថា មន្ដ្រី​សុខាភិបាល​នៃមន្ទីរពេទ្យ​បង្អែក​ស្រុកខ្សាច់​កណ្ដាល មានការ​ខិតខំ​ទប់ស្កាត់​យ៉ាងខ្លាំង មិនឱ្យ​កុមារ​ដែលមាន​ជម្ងឺ​នេះ​ទទួល​ផល​ប៉ះពាល់​ឬ​គ្រោះថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ឬ​អាយុជីវិត​ឡើយ ។ លោក លឹម ផល្លា បាន​បញ្ជាក់​ជាចុង​ក្រោយ​ថា ប្រសិន​បើពលរដ្ឋ​ដែល​កូនចៅ​មាន​អាការ​ក្ដៅខ្លួន​តិចៗ ឬខ្លាំង​នៅថ្ងៃ​ដំបូង ត្រូវ​រួសរាន់​ទៅ​ពិគ្រោះ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ដែល​នៅក្បែរ​ផ្ទះ​ខ្លួនឯង ឬ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ក្នុង​មូលដ្ឋាន ប្រយោជន៍​ចៀសវាង​អាការ​ក្ដៅខ្លួន​នេះ​ក្លាយ​ទៅជា​ជម្ងឺ​គ្រុនឈាម​ដោយ​មិនដឹង​ខ្លួន។

លោក ង៉ាន់ ចន្ថា អនុប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​គ្រុនចាញ់ និងជា​ប្រធាន​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​គ្រុនឈាម បានមាន​ប្រសាសន៍​ថា ជម្ងឺ​គ្រុនឈាម​ជាជម្ងឺ​ដែល​កាចសាហាវ​បំផុត ហើយ​រីក​សាយភាយ​លើ​ពិភពលោក។ ជម្ងឺ​នេះបាន​បង្ក​គ្រោះថ្នាក់ ទៅលើ​កុមារា​កុមារី​ដែលមាន​អាយុ​ក្រោម​១៥ឆ្នាំ​ជាច្រើន។ ក្រៅពី​នេះក៏​មាន​មនុស្ស​ពេញវ័យ និង​មនុស្ស​ចាស់​មួយចំនួន​ផងដែរ ដែល​កើតជម្ងឺ​គ្រុនឈាម​នេះ ហើយ​បានស្លាប់​បាត់ជីវិត​ទៀតផង។ លោក​បាន​បន្ដទៀត​ថា នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​យើង ចំនួន​នៃការ​រីករាល​ដាល​នៃជម្ងឺ​គ្រុនឈាម​បាន​កើតឡើង​ពី៣​ទៅ៥ឆ្នាំ​ម្ដង ហើយ​ឆ្នាំនេះ​គឺជា​ឆ្នាំមួយ​ដែលអាច​កើនឡើង​និងផ្ទុះ​នូវជម្ងឺ​គ្រុន ឈាម​នេះជា​ថ្មី។ ព្រោះ​កន្លងមក​យើង​ដឹងថា​នៅឆ្នាំ​១៩៩៥​ជាឆ្នាំ​ដែលផ្ទុះ​នូវជម្ងឺ​គ្រុនឈាម​ជាទ្រង់ទ្រាយ​ធំ នៅក្នុង​នោះមាន​អ្នកជម្ងឺ​១២០០​ករណី​បាន​រងគ្រោះ ហើយ​ក្នុងនោះ​បាន​ស្លាប់​៤៧៥​ករណី។ លោក​បានបញ្ជាក់​ទៀតថា នៅក្នុង​១៩៩៨​គឺមាន​អ្នកជម្ងឺ រហូតដល់​១៦២៦០​នាក់​ស្លាប់​៤៧៤នាក់។ នៅឆ្នាំ​២០០៣​មានអ្នក​ជម្ងឺ​១២០០​នាក់ ហើយ​នៅឆ្នាំ​២០០៧​គឺអ្នក​ជម្ងឺ​កើនឡើង​ទៅដល់ ៣៩៨៥១​ហើយ​ស្លាប់​៤៧៤នាក់។ ប៉ុន្ដែ​បន្ទាប់​ពីរីក​រាលដាល​នៅឆ្នាំ​២០០៧​មក ក្រសួង​សុខាភិបាល​ឃើញ​ថាមាន​ការចុះ​នៅឆ្នាំ​២០០៩ ប៉ុន្ដែ​នៅចុង​ឆ្នាំ២០០៩ និង​ដើមឆ្នាំ​២០១០​នេះ ក្រសួង​សុខាភិបាល​យល់ថា អាច​រីករាល​ដាល​នូវជម្ងឺ​គ្រុនឈាម​ជាទ្រង់​ទ្រាយធំ​ម្ដងទៀត មន្ទីរ​សុខាភិបាល​ទាំង​២៤ខេត្ដ-ក្រុង​បាន​នាំគ្នា​ធ្វើការ​ទប់ស្កាត់​ជាបន្ដ​បន្ទាប់។ ប៉ុន្ដែករណី​ដែលកើត​ឡើង​ចុងក្រោយ​នេះ មានចំនួន​១.១១១​ករណី​ហើយ​ស្លាប់​៧ករណី ដែល​កើតមាន​ទៅលើ​ខេត្ដកណ្ដាល សៀមរាប បន្ទាយ​មានជ័យ កំពង់ចាម និង​រាជធានី​ភ្នំពេញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative