របៀប​ជួយ​សង្គ្រោះ​នៅពេល​បាក់ឆ្អឹង

ការ​បាក់ឆ្អឹង គឺជា​ការដាច់​ឆ្អឹង​ជាកំណាត់​ពីសន្លាក់​ទាំងឡាយ។ យើង​ស្គាល់ឆ្អឹង​បាក់​តាម​អាការ​សញ្ញា​ផ្សេងៗ ៖ ការ​ឈឺចាប់ យ៉ាង​ខ្លាំង មិនអាច​កម្រើកបាន ឡើងប៉ោង និង​ជួនកាល​ខុសទម្រង់​ដើម។ បើការ​បាក់ឆ្អឹង​ធ្វើការ​អប​មិនបាន​ត្រឹមត្រូវ​ទេនោះ​វានឹង​ធ្វើ ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ និង​បង្កើត​ឱ្យមាន​របួស​នៅខាង​ក្នុង។ បើការ​បាក់ឆ្អឹង​មិនបាន​ព្យាបាល​ត្រឹមត្រូវ​ទេ នោះ​ជនរង​គ្រោះ​នឹងក្លាយ​ជាជន ពិការ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ស្វែងយល់​ពីការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ជំហាន​ដំបូង​នៃការ​ជួយ​សង្គ្រោះ

1 . ហាម​កម្រើក​កន្លែង​ដែលបាក់ ឬ​សន្លាក់​នៅខាង​លើ និង​នៅខាង​ក្រោម​ឆ្អឹងបាក់។

2 . បើអាច​សូមដោះ​នាឡិកា ចិញ្ចៀន និង​សម្លៀកបំពាក់​នៅពេល​អវយវៈ​មិនទាន់​ឡើងហើម។

3 . សូម​បញ្ជូន​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខភាព​តាមដែល​អាចធ្វើ​ទៅបាន។
ក្នុង​ករណីនេះ​លោកអ្នក​ហាម​កម្រើក​ជើង​ដែលបាក់​ហើយ មិន​ត្រូវកែ​តម្រង់​ឆ្អឹងបាក់​ទេ ព្រោះ​វាអាច​ធ្វើឱ្យ​ឆ្អឹង​ខូចនោះ​ខូច ទម្រង់​ដើម។

ការអប​ឆ្អឹង​បឋម

ជានិច្ចកាល​ការអប​ឆ្អឹង​បញ្ចៀស​ភាពធ្ងន់ធ្ងរ នឹង​បន្ថយការ​ឈឺចាប់ លោកអ្នក​គួរប្រើ​ក្រណាត់​រាង​ត្រីកោណ​សម្រាប់​អវយវៈ លើ និង​ជួនកាល​ប្រើ​រណប (កំណាត់ឈើ ឬក៏​ឫស្សី​ជាដើម)។ លោកអ្នក​មិនត្រូវ​សង្កត់​លើកន្លែង​បាក់ឆ្អឹង និង​មិនត្រូវ​សាកល្បង​ទាញ តម្រង់​អវយវៈ​បាក់​ដែលខុស​ទម្រង់​ដើម។ ក្នុង​ករណី​ពិសេស ការ​បាក់ឆ្អឹង​កងខ្នង​ធ្វើឱ្យ​យើង​ដឹងបាន​ដោយសារ​ការ​ឈឺចាប់​នៅខាង​ខ្នង មិនអាច​កម្រើក​ជើងបាន ជួនកាល​រមាស់​ឈីបៗ ឬក៏​ស្ពឹកចុង​ដៃចុង​ជើង។ បើគេ​លើក​ជនរងគ្រោះ​ម្នាក់​ដោយគ្មាន​ការ​ប្រុងប្រយ័ត្ន នោះ​បណ្ដាល​ឱ្យខ្វិន​បាន ហេតុនេះ​ត្រូវជួយ​ជនរងគ្រោះ​ដោយកាយ​វិការ​ថ្នមៗ។

1 . ប្រាប់ទៅ​ជនរងគ្រោះ​កុំឱ្យ​កម្រើក

2 . ទ្រ និង​ទប់ក្បាល​ជនរងគ្រោះ​ឱ្យនឹង

3 . ដោយមាន​ជំនួយ​ពីមនុស្ស​ច្រើននាក់ ជួយលើក​ជនរងគ្រោះ​ដោយ​ប្រុងប្រយ័ត្ន និងដាក់​គាត់​ទៅលើ​បន្ទះក្ដាររឹង (ដូចជា ក្ដារ​ទ្វារ​ជាដើម)

4 . ចងខ្លួន​ជនរងគ្រោះ​ឱ្យជាប់​នឹងគ្រែ​ស្នែង កល់​ចន្លោះ​ក្បាល និង​កឱ្យបាន​ល្អ

5 . បញ្ជូន​ជនរងគ្រោះ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ទៅកាន់​មណ្ឌល​សុខភាព។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​លើកដាក់ និង​ការ​ដឹកជញ្ជូន​ជនរងគ្រោះ

កាលណា​អ្នក​សង្គ្រោះ​ខាងវិជ្ជាជីវៈ​មិនអាច​មកដល់ អ្នក​សង្គ្រោះ​បន្ទាន់​ជាអ្នក​ទទួល​ខុសត្រូវ​ខាងការ​ដឹកជញ្ជូន​ជនរងគ្រោះ​ទៅ មណ្ឌល​សុខភាព។ ជានិច្ចកាល​ត្រូវតែ​ព្យាយាម​បញ្ជូន​ជន​រងគ្រោះ ដើម្បី​តាម​ពិនិត្យ​ពីសភាព​អ្នក​រងគ្រោះ និង​ធ្វើ​របាយការណ៍​ទៅ​គ្រូពេទ្យ។ សូម​ចាំថា ការ​ដឹកជញ្ជូន​ជនរងគ្រោះ​មិនល្អ អាច​ធ្វើឱ្យ​សភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ។ ហេតុនេះ​សូមស្វែង​យល់​ពីរបៀប​នៃការ​ដឹកជញ្ជូន​ជន​រងគ្រោះ។

1 . ការដឹក​ជញ្ជូន​ក្នុង​ស្ថានភាព​អង្គុយ ៖ ជន​រងគ្រោះ​ខ្លះអាច​ដឹក​ទៅក្នុង​ជំហរ​អង្គុយបាន បើសិន​សភាព​ជនរងគ្រោះ​មិនសូវ ធ្ងន់ធ្ងរ​(ជាឧទាហរណ៍ បាក់ដៃ របួស រលាក ដោយ​មិន​សន្លប់​ជាដើម)។

2 . ការដឹក​ជញ្ជូន​ក្នុង​ស្ថានភាព​ដេក ៖ សម្រាប់​ជនរងគ្រោះ​ទាំងអស់​ដែល​បាត់បង់​ស្មារតី ឬក៏​ជនរងគ្រោះ​ដែល​មិន​អាច អង្គុយ​បានត្រូវ​ប្រើ​គ្រែស្នែង​ដែល​រៀបចំ​ធ្វើភ្លាមៗ ដោយយក​ភួយមួយ និង​ដំបង​វែងពីរ សម្លៀក​បំពាក់ ឬ​អង្រឹង។ ចំពោះ​ជន រងគ្រោះ​ដែលមាន​ការ​បាក់ឆ្អឹង​ខ្នង ឬ​ឆ្អឹង​កញ្ចឹងក បាក់ឆ្អឹង​ត្រគាក ឬ​បាក់ភ្លៅ ដាច់ខាត​គឺត្រូវ​ដាក់​ជនរងគ្រោះ​លើ​បន្ទះក្ដារ​រឹង(ទ្វារ ក្ដារ)។ ជាទូទៅ​ការលើក​ដាក់លើ​គ្រែស្នែង​ជាការ​ចាំបាច់​ណាស់ អ្នក​សង្គ្រោះ និង​អ្នក​ចូលរួម​ជួយពីរ ឬ​បីនាក់​ទៀត​ត្រូវ​ពន្យល់គ្នា​ឱ្យបាន​ច្បាស់នូវ​តួនាទី​របស់​គេម្នាក់ៗ។

  • លើកដាក់​ធម្មតា​(របៀប​ជាស្ពាន) ៖ បច្ចេកទេស​នេះ ប្រសើរ​ជាងគេ​ទាំងអស់ ព្រោះ​ធ្វើឱ្យ​ជនរងគ្រោះ​រំកិល​តែបន្ដិច។ អ្នក​សង្គ្រោះ​ដែល​នៅខាង​ក្បាល​ជនរងគ្រោះ​ជាអ្នក​ចេញបញ្ជា​ទៅគេ​គ្រប់គ្នា ដើម្បី​រម្លឹក​ជនរងគ្រោះ​ព្រមៗគ្នា​ក្នុងពេល​តែមួយ។
  • លើកដាក់​តាម​របៀប​នេអ៊ែរឡង់ដេ ៖ បច្ចេកទេស​នេះគេ​ធ្វើបាន​ដោយងាយ កាលណា​មានអ្នក​សង្គ្រោះ​៣នាក់ និង​ជនរង គ្រោះ​ម្នាក់ និង​កាលណា​គ្មានកន្លែង​ដាក់​គ្រែស្នែង ដើម្បី​លើក​ជនរង​គ្រោះ។
  • ការ​លើកដាក់​របៀប​ចូកដូច​ស្លាបព្រា ៖ បច្ចេកទេស​នេះ​ចាំបាច់​ត្រូវមាន​មនុស្ស​៣នាក់​ធ្វើឱ្យ​ជនរងគ្រោះ​កម្រើក​ខ្លាំង ដូច្នេះ មិន​ត្រូវធ្វើ​បច្ចេកទេស​នេះ​ទៅលើ​ជនរងគ្រោះ​ដែលបាក់​ឆ្អឹងខ្នង និង​កញ្ចឹងក​ទេ។ ប៉ុន្ដែ​វាងាយ​ស្រួល​អាចលើក​ជនរងគ្រោះ​ពីលើ​គ្រែ ឬ​ពីកន្លែង​ចង្អៀត ដើម្បី​ដាក់លើ​គ្រែស្នែង។

បណ្ដាំ​ផ្ញើ

លោកអ្នក​គ្រប់គ្នា​ចាំបាច់​ត្រូវតែ​ជ្រាប​អំពី​វិធី​នៃការ​ជួយ​សង្គ្រោះ​នេះ ព្រោះវា​មិនមែន​ជាការ​ឥតប្រយោជន៍​នោះទេ។ លោក អ្នក​អាចយក​វិធី​ទៅសង្គ្រោះ​អ្នកដទៃ បងប្អូន​សាច់ញាតិ ឬក៏​ធ្វើដើម្បី​កាតព្វកិច្ច​មនុស្សធម៌​ក៏ជាការ​មួយយ៉ាង​ប្រពៃ ដែល​ពលរដ្ឋ​គ្រប់គ្នា​គួរតែ​មាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative