ជម្ងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី AH1N1 ផ្ទុះឡើង​ជាថ្មី

ក្នុងខែ​សីហា​ឆ្នាំ២០១០​កន្លងមក​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​អាសន្ន​ចំពោះជម្ងឺ​ផ្ដាសាយ​ប្រភេទថ្មី AH1N1 ចាប់ផ្ដើម​កក្រើក​ឡើងវិញ​ដែលបាន​ចម្លង​ទៅឱ្យ​មនុស្ស​ចំនួន​៧១នាក់។ ហើយ​រហូតមក​ទល់ពេល​នេះ​នៅប្រទេស​កម្ពុជា​ជម្ងឺ​ផ្ដាសាយ​ប្រភេទ​ថ្មីនេះ​បាន​ចម្លង​ទៅឱ្យ​មនុស្ស​ចំនួន​៧២១​ករណី នឹង​បណ្ដាល​ឱ្យមាន​អ្នកស្លាប់​ចំនួន​៦នាក់​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹងជម្ងឺ​ឆ្លងនៃ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ប្រាប់ ទស្សនាវដ្ដី សុខភាពយើង​ថា ជម្ងឺ​ប្រភេទ​ផ្ដាសាយ​ថ្មីបាន​ចម្លងទៅ​ប្រជាពលរដ្ឋ​ចំនួន​១៩ខេត្ដ​-រាជធានី​ហើយ បើទោះ​បី​ក្រសួង​បាន​ខិតខំ​ផ្សព្វផ្សាយ​អំពីផល​ប៉ះពាល់​មួយចំនួន​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​នេះក្ដី។ ប៉ុន្ដែ​ប្រជាពលរដ្ឋ​មួយចំនួន​ហាក់​មិនទាន់ជ្រាប​ទៅនឹង​ផែនការ​ទប់ស្កាត់​ការឆ្លង​រាលដាល​អំពី​ជម្ងឺ​ផ្ដាសាយ​ប្រភេទថ្មី​នៅឡើយ។ នៅក្នុង​ខែសីហា​ថ្មីៗនេះ ជម្ងឺ​ផ្ដាយសាយ​បក្សី​បានចម្លង​ទៅមនុស្ស​ចំនួន​៤៣ករណី​បន្ថែម​ទៀត សរុប​ទាំងអស់​មានចំនួន​អ្នកឆ្លង​រហូត​ដល់​៦៩៣​ករណី​ហើយ។ ជម្ងឺ​ផ្ដាសាយ​ប្រភេទថ្មី​នេះ កាលពី​អំឡុង​ខែមករា​ដល់ខែ​ឧសភា​មានការ​ថយចុះ​តែ​នៅក្នុង​ខែមិថុនា និង​ខែកក្កដា​ឆ្នាំ២០១០​នេះ គឺមាន​ការ​កើនឡើង​វិញ។ លោក លី សូវ៉ាន់ បាន​បញ្ជាក់​អំពី​មូលហេតុ​នូវការ​ឆ្លង​នូវជម្ងឺ​ប្រភេទ​ថ្មី AH1N1 នេះថា គឺកើត​ចេញ​ដោយ​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​យកចិត្ដ​ទុកដាក់​ធ្វើការ​អនាម័យ​ឱ្យបាន​ល្អ នៅពេល​កណ្ដាស់​ត្រូវយក​ក្រមា​ឬយក​កន្សែង​ខ្ទប់មាត់​មុននឹង​កណ្ដាស់ ហើយ​ត្រូវលាង​សម្អាត​ជាមួយ នឹង​ទឹកសាប៊ូ និងទៅ​មណ្ឌល​សុខភាព​បើ​ដឹងខ្លួន​ថាមាន​ជម្ងឺ​ផ្ដាសាយ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ធ្វើការ​ប្រៀបធៀប​ថា ចន្លោះ​ពេល​ដែលមាន​ការ​ថយចុះ​នាអំឡុង​ដើមឆ្នាំ​រហូត​ដល់ខែ សីហា​នេះ ជម្ងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី AH1N1 កើនឡើង​ចំនួន​៤៤​ករណី បន្ទាប់​ពីខែ​កន្លង​ទៅមាន​អត្រា​ត្រឹមតែ​២៧​ករណី​នោះ។ អ្នកដែល​ឆ្លង​ជម្ងឺ​នេះ ភាគច្រើន​ជាប្រជាជន​ដែល​រស់​នៅតាម​ជាយរាជធានី​ភ្នំពេញ និង​ក្នុងខេត្ដ​មួយចំនួន​ទៀត​នៃ​ប្រទេសកម្ពុជា។ នៅ​ប្រទេស​កម្ពុជា​មាន​ខេត្ដ-រាជធានី​ចំនួន១៩​ហើយ​ដែលបាន​ឆ្លងនូវ​ជម្ងឺនេះ។

គេ​នៅចាំ​បានថា​កន្លងមក​មន្ដ្រី​របស់​រដ្ឋាភិបាល​ចំនួន​៦នាក់​បានឆ្លង​ជម្ងឺ​ផ្ដាសាយ​ប្រភេទថ្មី AH1N1 នេះ​ផងដែរ កាលពីចុង ខែ​មិថុនា​ឆ្នាំ២០១០​កន្លង​ទៅនេះ។ ប៉ុន្ដែ​ទោះបីជា​ជម្ងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី AH1N1​នេះ​កំពុងតែ​រាតត្បាត​យ៉ាងណា​ក្ដី ក្រសួង សុខាភិបាល​បាន​ដុតដៃ​ដុតជើង​បើក​យុទ្ធនាការ​ចាក់ថ្នាំ​វ៉ាក់សាំង​ការពារ​ទប់ស្កាត់​ជម្ងឺនេះ​ជាបន្ដ​បន្ទាប់​នៅទូទាំង​២៤​ខេត្ដ-រាជធានី ដែលមាន​វ៉ាក់សាំង​ចំនួន​១.៨លាន​ដូស ដែល​អង្គការ​សុខភាព​ពិភព​លោក​បាន​ផ្ដល់ឱ្យ​ប្រទេស​កម្ពុជា​ដើម្បី​ទប់ស្កាត់​ជម្ងឺនេះ​ផងដែរ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​បញ្ជាក់​បន្ថែម​ថា ជម្ងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី AH1N1 បាន​ឆ្លងចូល​ប្រទេស​កម្ពុជា​តាមរយៈ​និស្សិត​ខ្មែរ​អាមេរិក​ម្នាក់​មកធ្វើ​កម្មវិធី​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី២៤​ខែមិថុនា​ឆ្នាំ២០០៩​កន្លងទៅ។ នៅ​ទូទាំង​ពិភពលោក​មាន​ប្រទេស​ចំនួន​២១៤​ហើយបាន​ឆ្លង​ជម្ងឺ AH1N1 និងមាន​អ្នកស្លាប់​យ៉ាងតិច​១៨.៣៩៨​នាក់។ លោក លី សូវ៉ាន់ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ទាំងអស់​ត្រូវតែ​ធ្វើ​អនាម័យ​ខ្លួនប្រាណ​ឱ្យបាន​ល្អ ហើយ​ការ​ខាកស្ដោះ និង​កណ្ដាស់​ផ្សេងៗ ដែល​ជាមេរោគ ផ្ដាសាយ​ត្រូវមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈពេល​ដែលអ្នក​យល់ថា អ្នក​កំពុង​តែមាន​ជម្ងឺ​ផ្ដាសាយ​ហើយ​នោះ។ ដូច្នេះ​ប្រសិន​បើ លោកអ្នក​សង្ស័យ​ថា មាន​ជម្ងឺនេះ​ត្រូវ​ប្រញាប់​រួសរាន់​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​នៅក្បែរ​ខ្លួន ដើម្បី​ទទួលការ​ពិនិត្យ​និង ព្យាបាល​ឱ្យទាន់​ពេលវេលា ចៀសវាង​ជម្ងឺនេះ​រីករាល​ដាល​ទៅលើ​អ្នកដទៃ​ផ្សេង​ទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative