កុមារ​រពឹស​ជ្រុល​មាន​ជម្ងឺ​ផ្លូវចិត្ដ

មាតាបិតា​គ្រប់រូប​តែងតែ​យល់​ស្រប​ស្រដៀង​គ្នាថា នៅពេល​ដែល​ឃើញកូន​ខ្លួនឯង​លេងនេះ​លេងនោះ​ច្រើន​មិនចេះ​នឿយហត់ ក្នុង​អារម្មណ៍​យល់ថា កូននេះ​ធំឡើង​ឆ្លាត​ហើយ​មាន​ប្រាជ្ញា​ខ្ពស់ជាង​ក្មេង​ដែល​មិនចេះ​លេងអ្វី​សោះ។ តែផ្ទុយ​ទៅវិញ​សម្រាប់​គ្រូពេទ្យ​ឯកទេស​ចិត្ដសាស្ដ្រ​វិញ​យល់ថា កុមារ​ដែល​រពឹស​ច្រើន ឬ​រពឹស​ជ្រុល​ហាម​ប្រាម​មិនស្ដាប់ ឬ​មិនព្រម​ទទួល​យកការ​ទូន្មាន​ពីម្ដាយ​ឪពុក​ទេនោះ បែរ​ក្លាយជា​គេយល់​ថា កុមារ​នោះមាន​ជម្ងឺ​ផ្លូវចិត្ដ​ទៅវិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាបថា កុមារ​រពឹស​ជ្រុលនេះ​បណ្ដាល​មកពី​បញ្ហា​អ្វី ទស្សនាវដ្ដី សុខភាព​យើង បានជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ នៃ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ-សូវៀត ធ្វើការ​បកស្រាយ​ដូចតទៅ។

អត្ថ​សញ្ញាណ​កុមារ​រពឹស​ជ្រុល

កុមារ​រពឹស​ជ្រុល​ជាកុមារ​ដែល​ចូលចិត្ដ​លេងច្រើន ហើយ​វិធី​ជ្រើសរើស​លេងនោះ​ភាគច្រើន​ខុសប្លែក​ពីកុមារ​ដទៃ​ដែល​រពឹស​ធម្មតា។ កុមារ​រពឹសជ្រុល​នេះ​តែងតែ​លេងល្បែង​បង្កនូវ​ភាព​ហិនហោច​តាម​អំពើ​ចិត្ដ​ខ្លួនឯង ដោយ​គ្មានការ​ស្ដាប់បង្គាប់​តាមការ​ទូន្មាន​របស់​ឪពុកម្ដាយ​នោះឡើយ បើទោះ​បីជាមាន​ការ​គំរាម​កំហែង​យ៉ាងណា​ក៏ដោយ។ កុមារ​ប្រភេទរ​ពឹសជ្រុល​នេះ បង្ហាញ​ចរិត​មិនសូវ​ចេះខ្លាច​រអាអ្នក​ណាឡើយ ហើយ​ប្រព័ន្ធ​ខួរក្បាល​របស់​វាក៏​មិនអាច​ចងចាំបាន​យូរ​ដូចក្មេង​ដទៃ​ដែរ ហើយ​ចូលចិត្ដ​រំខាន​អ្នកផ្សេង ជាពិសេស​រំខាន​ចិត្ដ​ឪពុកម្ដាយ​ខ្លួនឯង​តែម្ដង។ លើសពី​នេះក្មេង​រពឹស​ជ្រុល បើ​តាមចិត្ដ​វិទ្យា​បានកត់​សម្គាល់​ថា គឺជា​ក្មេង​ពុំមាន​ស្មារតី​ឆ្លាតវៃ ឬ​មាន​បញ្ញា​ខ្លាំង​ពូកែ​ដូចក្មេង​រពឹស​ធម្មតា​នោះទេ។

មូលហេតុ​ដែល​កុមារ​រពឹស​ជ្រុល

កុមាររ​ពឹសជ្រុល​គឺ​បណ្ដាល​មកពី​ជម្ងឺ​ផ្លូវចិត្ដ​ម្យ៉ាង ព្រោះ​ថាការ​រពឹស​របស់​កុមារ​នោះវាកើត​ឡើង​មានភាព​មិន​ប្រក្រតី​ខុសប្លែក​ពីកុមារ​ផ្សេងទៀត ដូចជា​ពេលខ្លះ​កុមារ​ដែល​រពឹសជ្រុល​នោះ​ចូលចិត្ដ​ឡើង​លើដើម​ឈើខ្ពស់ៗ ចូលចិត្ដ​លេង​អ្វីមួយ​តែឯង មិនសូវ​រវីរវល់​ជាមួយ​អ្នកដទៃ ហើយ​ជាមនុស្ស​ដែល​មិនខ្លាច​អ្នកណា​ឡើយ។ ម្យ៉ាងទៀត​កត្ដា​ដែល​បណ្ដាល​ឱ្យ​កុមារនេះ​រពឹស គឺ​បណ្ដាល​មក ពី​ខួរក្បាល​របស់​កុមារ​នេះ​មិនមាន​ភាព​រៀបរយ​ត្រឹមត្រូវ វា​រុញឱ្យ​កុមារ​នេះចេះ​តែរពឹស​ធ្វើនេះ​ធ្វើនោះ​មិនចេះ​ទំនេរដៃ។

រោគ​សញ្ញា​កុមារ​រពឹស​ជ្រុល

រោគសញ្ញា​បាន​បង្ហាញ​ថា កុមារ​ចូលចិត្ដ​លេង​របស់​របរ​ផ្សេងៗ​ដោយ​មិនគិត​ពីបាយ​ទឹក​ជាធំ។ កុមារ​រពឹស​ចូលចិត្ដ​លេងតែ​ម្នាក់ឯង។ ហើយ​ច្រើនតែ​ខឹងច្រើន មិនចេះ​ខ្លាចមនុស្ស​ជុំវិញ​ខ្លួនឯង ចូលចិត្ដ​ដើរ​វាយគេ ពូកែ​ច្រណែន យំ​ច្រើន បោកប្រាស់​របស់​របរ​នៅពេល​ខឹងម្ដងៗ។ បើទោះ​បីជា​ឪពុកម្ដាយ​បងប្អូន​មានការ​វាយដុំ​ទៅលើ​កុមារ​ប្រភេទនេះ​ក៏មិន​អាច​ទប់ស្កាត់​នូវភាព​រពឹស​របស់​វា​បានដែរ ព្រោះ​ប្រព័ន្ធ​បញ្ជា​របស់​កុមារនេះ​មាន​លក្ខណៈ​មិន​ប្រក្រតី ធ្វើឱ្យ​កុមារនេះ​នៅស្ងៀម​មិនបាន​តែម្ដង។

វិធី​ព្យាបាល​កុមារ​រពឹស​ជ្រុល

ប្រសិនបើ​ឪពុកម្ដាយ​ដឹងថា​កូនខ្លួនឯង​រពឹស​ខុសប្លែក​ពីធម្មតា​ផ្សេង​ពីកុមារ​ដទៃ​នោះ ត្រូវយក​ទៅ​មន្ទីរពេទ្យ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្លូវចិត្ដ​ដើម្បី​ទទួលយក​ថ្នាំ​មក​ព្យាបាល ដើម្បី​រំញោច​ខួរក្បាល​កុមារ​ឱ្យមាន​ភាព​ប្រក្រតី​ឡើងវិញ ចៀសវាង​អាការ​នេះ​បណ្ដែត​បណ្ដោយ​ទៅមុខ អាចជួប​ប្រទះ​នូវ​គ្រោះថ្នាក់​ដល់ពេល​កុមារធំ​ឡើង។ លើសពីនេះ​ត្រូវ​ជ្រើស​ពេលវេលា និង​បរិយាកាស​ណាមួយ​ដែល​សមរម្យ​ដើម្បី​កែទម្រង់​នូវ​ប្រព័ន្ធ​ចិត្ដសាស្ដ្រ​របស់​កុមារ​ប្រភេទ​នេះឱ្យ​មាន​ខួរក្បាល​ប្រក្រតី​ឡើងវិញ។ ដោយ​រកអ្នក​ដែល​មើល​ថែកុមារ​មាន​អាការ​រពឹស​ជ្រុល​នេះ ធ្វើយ៉ាង​ណាត្រូវ​ចេះយក​ចិត្ដទុក​ដាក់​ចំពោះ​ពួកគេ​នៅពេល​ដែលលេង​អ្វីមួយ ឬ​ធ្វើអ្វី​មួយ ហើយ​លើក​ទឹកចិត្ដ​ជានិច្ច​ផងដែរ។ ប៉ុន្ដែ​បើ​លោកអ្នក​ប្រើប្រាស់​គ្រប់វិធី​សាស្ដ្រ ហើយ​កុមារ​នៅតែ​រពឹស​ជ្រុល​ដដែល មាន​ន័យថា​កុមារនោះ​មានជម្ងឺ​ហើយ ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ជំនាញ​ខាង​ផ្លូវចិត្ដ​ទើបអាច​ទទួល​បាននូវ​ផល​វិជ្ជមាន​មកវិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ការពារ​កុមារ​រពឹស​ជ្រុល

ដើម្បី​ការពារ​កុមារ​ដែលមាន​សភាព​រពឹស​ជ្រុល​នោះ មាតាបិតា​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះកូន​របស់​ខ្លួន ព្រោះ​កុមារ​ប្រភេទ​នេះអាច​ប្រឈម​មុខទៅ​នឹង​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​ ដូចជា​ការឡើង​ដើមឈើ ការ​កាន់​ដំបង​ទៅវាយ​គេ ឬ​បង្កម​ហន្ដរាយ​ផ្សេងទៀត ដូចជា​លេង​ភ្លើង​ជាដើម។ ប្រសិនបើ​លោកអ្នក​មានកូន​ប្រភេទ​នេះ គឺ​ត្រូវតែ​មើលថែ​ឱ្យបាន​ដិតដល់ ត្រូវរក​ទីកន្លែង​ណាមួយ ឬរក​ឧបករណ៍​សម្រាប់​ពួកគេ​លេង​នៅក្នុង​ផ្ទះឱ្យ​បានច្រើន មិនត្រូវ​ឱ្យក្មេង​នេះដើរ​ចេញទៅ​ខាងក្រៅ​តែឯង​នោះទេ ព្រោះ​ក្មេង​របៀប​នេះអាច​មានដៃ​មានជើង​យក​របស់​នេះរបស់​នោះ​របស់​អ្នកដទៃ​ទៀតផង។

ផល​ប៉ះពាល់​របស់​កុមារ​រពឹស​ជ្រុល

ប្រសិន​បើកុមារ​នេះរពឹស​ជ្រុល​រហូត​ដល់​មាន​គ្រោះថ្នាក់​ដោយ​ខ្លួន​បាន​ប្រព្រឹត្ដ​ជាញឹកញាប់ មាតាបិតា​ត្រូវតែ​បញ្ជូន​កុមារ​ប្រភេទ​នេះទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​យកទៅ​ពិភាក្សាជាមួយ​នឹង​វេជ្ជបណ្ឌិត​ជំនាញ​ឱ្យបាន​ទាន់​ពេលវេលា​ដើម្បី​ធ្វើការ​ព្យាបាល។ ព្រោះ​កុមារ​ប្រភេទនេះ​អាចមាន​ជម្ងឺ​ផ្លូវចិត្ដ ឬ​ប្រព័ន្ធ​ខួរក្បាល​បញ្ជា​មិនល្អ ជំរុញ​ឱ្យ​រូបគេ​ចេះតែ​ធ្វើនេះ​ធ្វើនោះ​រហូត​ភ្លេចបាយ​ភ្លេចទឹក​ផងដែរ។ ម្យ៉ាងទៀត​ប្រសិនបើ​លោកអ្នក​មិនយក​កូន​របស់ខ្លួន​ទៅ​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា​ទៅនោះ កុមារនេះ​ធំឡើង​អាច​ក្លាយទៅ​ជាមនុស្ស​វិកល​ចរិត ឬ​ក្លាយជា​មនុស្ស​មិនធម្មតា​មួយខុស​ប្លែក​ពីមនុស្ស​ដទៃ។ មាន​ន័យថា មនុស្ស​ប្រភេទនេះ​មិន​ចូលចិត្ដ​ធ្វើការ ឬ​ប្រកប​មុខរបរ​អ្វីមួយឡើយ ចូលចិត្ដ​ដើរ​រករឿង​គេឯង​ដែល​នៅជុំវិញ​ខ្លួនឯង។

ដំបូន្មាន​អ្នក​ជំនាញ

មាតាបិតា​គ្រប់រូប​គប្បី​ពិនិត្យ​កូនចៅ​ឱ្យបាន​ល្អទៅ​​លើ​អត្ដចរិត ផ្ដើម​ពីកុមារ​ភាពមក។ ព្រោះ​កុំយល់​ថាកូន​របស់​ខ្លួនឯង រពឹស​ច្រើន​មាន​សតិបញ្ញា​ឆ្លាតវៃ​ឱ្យសោះ ព្រោះ​កុមារ​រពឹស​មាន​របៀប ឬ​រពឹស​ធម្មតា អាច​ជាកុមារ​មានការ​ឆ្លាតវៃ​ទៅថ្ងៃ​មុខ។ ប៉ុន្ដែ​កុមារ​នោះមាន​អាការ​រពឹសជ្រុល​ហួស​ហេតុ រហូត​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដោយ​ខ្លួនឯង ឬ​ទៅលើ​កុមារ​ដទៃ​នោះ គឺជា​ក្មេង​រពឹស​ខុសប្លែក ហើយជា​កុមារ​មាន​ជម្ងឺផ្នែក​ប្រព័ន្ធ​បញ្ជា​ហើយ។ មិនតែ​ប៉ុណ្ណោះ បើមិន​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ អាច​ក្លាយជា​មនុស្ស មានជម្ងឺ​វិកល​ចរិត​នៅពេល​ដែល​ធំឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative