បរិស្ថាន​ទេសចរណ៍ និង​ទិវា​ទេសចរណ៍

តំបន់​ទេសចរណ៍​គឺជា​ផ្នែកមួយ​យ៉ាង​សំខាន់​បំផុត​សម្រាប់​ប្រទេសជាតិ​នីមួយៗ ដែល​តម្រូវ​ឱ្យមាន​ការ​យកចិត្ដ​ទុកដាក់​យ៉ាងខ្លាំង ព្រោះថា​ប្រទេស​ដែលមាន​តំបន់​ទេសចរណ៍​ទាក់ទាញ​ច្រើន គឺជា​អ្នកផ្ដើម​ឱ្យមាន​ប្រភព​ចំណូល​យ៉ាងច្រើន​ជួយដល់​ប្រទេស​ខ្លួនឯង។ ដូច្នេះ​ហើយ​តំបន់​ទេសចរណ៍​គឺជា​មាសពេជ្រ​ដែល​ថ្នាក់​ដឹកនាំ​នីមួយៗ​ចាប់​អារម្មណ៍​ជាងគេ ដើម្បី​លើក​គម្រោង​អភិវឌ្ឍន៍​សម្រាប់​ស្រូបយក​ភ្ញៀវជាតិ​និង​អន្ដរជាតិ​ឱ្យ​ចូលមក​ទស្សនា ជាការលើក​កម្ពស់​ដល់​វិស័យ​វប្បធម៌ ជាពិសេស​វិស័យ​ទេសចរណ៍ មានការ​រីក​លូតលាស់​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ហេតុនេះ​ហើយ​ទើបតាម​បណ្ដា​ប្រទេស​នីមួយៗ​បានបង្កើត​ឱ្យមាន​ទិវា​ទេសចរណ៍​​អន្ដរជាតិ​ឡើង​ដើម្បី​អភិរក្ស​តំបន់​ទេសចរណ៍​ទាំងនោះ​ឱ្យក្លាយ​ទៅជា​ទីតាំង​ដែលមាន​ទីឋាន​មនោរម្យ​គួរឱ្យ​គយគន់ និងជា​កន្លែង​ដែលមាន​រមណីយដ្ឋាន​ល្អ​បរិសុទ្ធ​សម្រាប់ លំហែកាយ​នឹង​ស្រូបយក​ក្លិនពី​ធម្មជាតិ។

ខាងក្រោម​នេះ​ទស្សនាវដ្ដី សុខភាពយើង បាន​លើកយក​ចំណុច​សំខាន់​ខ្លះៗ​មក​បង្ហាញ​ជូន​មិត្ដអ្នកអាន​អំពី​បរិស្ថាន​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ដែលបាន​ចូលរួម​ចំណែក​លើក​ស្ទួយ​ក្នុង​ទិវា​ទេសចរណ៍​អន្ដរជាតិ ដើម្បី​ពង្រឹង​និង​ពង្រីក​សក្ដា​នុពល​ទេសចរណ៍​តាម​តំបន់​និង​ប្រទេស​នីមួយៗ​ដើម្បី​ទាក់ទាញ​ភ្ញៀវជាតិ​និង​អន្ដរជាតិ​ឱ្យចូល​មក​ទស្សនា​កាន់តែ​ច្រើនឡើង​នោះ។

ទិវា​ទេសចរណ៍​អន្ដរជាតិ

នៅតាម​បណ្ដា​ប្រទេស​នីមួយៗ ជាពិសេស​ប្រទេស​កម្ពុជា​បាន​កំណត់​ថ្ងៃទី​២៧ ខែកញ្ញា ជាថ្ងៃដ៏​ពិសិដ្ឋ​មួយ​សម្រាប់​ប្រារឰ​ទិវា​ទេសចរណ៍​អន្ដរជាតិ។ ព្រោះថា គឺជា​ការក្រើន​រម្លឹក​មួយដល់​មន្ដ្រី​អភិរក្ស​តំបន់​ទេសចរណ៍​ឱ្យមាន​ការ​យកចិត្ដ​ទុកដាក់​លើការ​ថែរក្សា​តំបន់​ធម្មជាតិឱ្យមាន​សភាព​ស្រស់​បំព្រង ទុក​សម្រាប់​ជាធ្នាក់​ដល់​ភ្ញៀវ​អន្ដរជាតិ​ដែលបាន​ចូលមក​ទស្សនាហើយ​មិនចង់​ចាកចេញ​ទៅវិញ​នោះ។ ទិវា​ទេសចរណ៍​អន្ដរជាតិ គឺ​បង្កើត​ឡើង​ដើម្បី​អភិរក្ស​តំបន់​ទេសរណ៍ និង​ជំរុញ​ឱ្យ​មនុស្ស​គ្រប់គ្នា​មានការ​យល់ថា ក្នុង​ប្រទេស​មួយដែល​មាន​តំបន់ទេសចរណ៍​កាន់តែ​ច្រើន​កាន់តែ​ប្រសើរ​សម្រាប់​ប្រទេស​របស់​ខ្លួន។

បរិស្ថាន​និង​ទេសចរណ៍

ព្រះរាជា​ណាចក្រ​កម្ពុជា ជារដ្ឋ​មួយ​ដែលមាន​ប្រវត្ដិ​សាស្ដ្រ​ដ៏​យូរលង់​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ដោយសារ​អំណោយ​ផលនូវ​ស្ថានភាព​ភូមិសាស្ដ្រ កម្ពុជា​ជារដ្ឋ​មួយ​សម្បូរ​ទៅដោយ​ភោគផល​ធម្មជាតិ​ច្រើនយ៉ាង​ទាំង​លើដី ក្នុង​ដី ក្នុង​ទឹក ទាំង​ទឹកសាប និង​ទឹកប្រៃ។ ពិសេស​ជាងនេះ​ទៀត ដោយសារ​ដំណើរ​វិវត្ដន៍នៃ​ប្រវត្ដិ​សាស្ដ្រដ៏​យូរលង់​នេះ កម្ពុជា​មាន​លក្ខណៈ​អំណោយ​ផលល្អ​ផ្នែក​លំនឹង បរិស្ថាន​ធម្មជាតិ​ដែល​ពុំបាន​ទទួលរង​នូវ​គ្រោះ​ធម្មជាតិ​ធំៗ ដូច​បណ្ដា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ ក៏ដូចជា​លើ​សកល​លោក​ឡើយ តួយ៉ាង​ដូចមាន​ការ​រញ្ជួយដី ការផ្ទុះ​ភ្នំភ្លើង គ្រោះ​ទឹកជំនន់ ឬ​គ្រោះរាំង​ស្ងួត ព្យុះ​សង្ឃរា​ជាដើម។ ទាំងនេះ​គឺជា​ប្រការ​មួយ​គួរឱ្យ​មោទនភាព​បំផុត​សម្រាប់​មនុស្សខ្មែរ​គ្រប់រូប ដែលបាន​រស់នៅ​លើ​ទឹកដី​មួយដ៏​ពិសិដ្ឋ។ ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា មាន​តំបន់​មួយចំនួន​មាន​ទេសភាព​ធម្មជាតិ​យ៉ាងល្អ​ប្រណិត​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ធម្មជាតិ ដូចជា​នៅ​តំបន់​គិរីរម្យ ខេត្ដ​កំពង់ស្ពឺ តំបន់បូកគោ ខេត្ដកំពត ភ្នំ​គូលែន ខេត្ដ​សៀមរាប បឹង​យក្សឡោម ខេត្ដ​រតនគីរី​ជាដើម។ តំបន់​ទាំងនេះ​ហើយ​ដែល​ជាអ្នក​អូសទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ឱ្យមាន​ការ​ចាប់អារម្មណ៍​ចង់ឃើញ​និងចង់​ទស្សនា ដើម្បី​ផ្ដិតយក​រូបភាព​ប្លែកៗ​យកទៅ​បង្ហាញតៗ​គ្នាឱ្យ​មានភាព​ជ្រោតជ្រាប​អំពី​តំបន់​នីមួយៗ​ខាងលើ​នេះ។ ទាំងនេះ​ជាសក្ខីភាព​មួយ​ដែលបាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ថា ប្រទេស​កម្ពុជា​ជាប្រទេស​ដែល​សម្បូ​ទៅដោយ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ស្រស់​បំព្រង​ដើម្បី​ថ្ពក់យក​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ជាតិ​នឹង​អន្ដរជាតិ​ឱ្យ​កាន់តែ​ខិតជិត​ថែមមួយ​កម្រិត​ទៀត។ តំបន់​ទាំងនេះ​ក៏ជា​អ្នក​តំណាង​ឱ្យនូវ​មុខមាត់​ប្រទេសជាតិ​ផងដែរ។

អេកូ​ទេសចរណ៍

អេកូ​ទេសចរណ៍​ត្រូវបាន​គេកំណត់​ជាទម្រង់​នៃ​ទេសចរណ៍​ដែលផ្អែក​លើ​ធម្មជាតិ។ ប៉ុន្ដែវា​ត្រូវបាន​គេកំណត់​និង​សិក្សា​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍ និង​បណ្ឌិត​សភាថា “អេកូ​ទេសចរណ៍​ជាឧបករណ៍​អភិវឌ្ឍន៍​ដោយ​និរន្ដរ៍​ភាព”។ ពាក្យ​អេកូ​ទេសចរណ៍​គឺ​និយាយ​សំដៅ​ទៅលើ​ទស្សនៈ​ក្រោមការ​កំណត់​ជាគោល​ការណ៍ ហើយ​ម្យ៉ាង​វិញទៀត​គឺ​សំដៅ​ទៅលើ​បំណែក​ទីផ្សារ​ជាក់លាក់​មួយ។ សង្គម​អេកូ​ទេសចរណ៍​អន្ដរជាតិ​បានបង្កើត​និយមន័យ​លើក​ដំបូង​នៅក្នុង​ឆ្នាំ១៩៩១​ថា “អេកូ​ទេសចរណ៍ គឺជា​ការធ្វើ​ដំណើរ​ទទួល​ខុសត្រូវ​ចំពោះ​តំបន់​ធម្មជាតិ​ដែល​ការពារ​បរិស្ថាន និងជួយ​ទ្រទ្រង់​សុខុមាលភាព​របស់​ប្រជាជន​ក្នុង​ស្រុក”។ ដោយឡែក​សហគមន៍​អភិរក្ស​ពិភព​លោកបាន​បញ្ជាក់​នៅក្នុង​ឆ្នាំ១៩៩៦​ថា “អេកូ​ទេសចរណ៍ គឺជាការ​ធ្វើ​ដំណើរ​និង​ទស្សនា​ដែលមាន​ការ​ទទួលខុស​ត្រូវ​ចំពោះ​បរិស្ថាន និងដែល​មិន​រំខាន​ដល់​តំបន់​ធម្មជាតិ ក្នុង​គោល​បំណង​សប្បាយ​កម្សាន្ដ និង​ស្ញើច​សរសើរ​ដល់ ធម្មជាតិ​ព្រមទាំង​វប្បធម៌​ក្នុង​តំបន់​ដែរ ជំរុញ​ប្រយោជន៍​ដល់​សកម្មភាព​ពាក់ព័ន្ធ​សេដ្ឋកិច្ច​សង្គម​របស់​ប្រជាជន​ក្នុង​ស្រុក”។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រភេទ​នៃ​អេកូ​ទេសចរណ៍​កំពុង​ពេញនិយម

ជាទូទៅ​ប្រទេស​កម្ពុជា​យើងមាន​សក្ដា​នុពល​នៃការ​អភិវឌ្ឍន៍​អេកូ​ទេសចរណ៍​បាន​យ៉ាង​ច្រើន ដោយសារ​ប្រទេស​យើងមាន​ធម្មជាតិ​ស្រស់ស្អាត ដែល​លេចធ្លោ​ផ្នែក​វប្បធម៌​ប្រវត្ដិ​សាស្ដ្រ​រួមទាំង​លក្ខណៈ​អាកាស​ធាតុ ដែលផ្ដល់​ឱ្យអ្នក​ទេសចរណ៍​ងាយស្រួល​ក្នុងការ​ចេញចូល​ដើម្បី​ទស្សនា​ធម្មជាតិ​ទាំងឡាយ​មិនថា​ជាការ​ធ្វើដំណើរ​តាម​ព្រៃជ្រៅ ឬ​ទេសចរណ៍​ទៅតាម​តំបន់បុរាណ​ដែលជា​វប្បធម៌​របស់​ប្រទេស​ដែលនៅ​ពាសពេញ​ផ្ទៃប្រទេស ធ្វើឱ្យ​អ្នក​ទេសចរណ៍​ចាប់អារម្មណ៍។ ប្រភេទ​ទេសចរណ៍​បែប​អេកូ​មានច្រើន ដូចជា​អេកូ​ទេសចរណ៍​តាមព្រៃ ក្បូន​បណ្ដែតទឹក ទេសចរណ៍​មុជក្រោម​ផ្ទៃ​សមុទ្រ​ជាដើម។

ស្ថិតិ​ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ

ចាប់ពី​ឆ្នាំ​១៩៩៨​-២០០០ ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ​ដែលមក​ទស្សនា​នៅកម្ពុជាមានការ​រីកចម្រើន​ក្នុងចន្លោះ​ពី២៥​ទៅ៣០​ភាគរយ​ជារៀង​រាល់ឆ្នាំ។ នៅឆ្នាំ​២០០៣​ដោយសារ​ឥទ្ធិពល​នៃជម្ងឺ​សារពី​ក្នុងតំបន់​ធ្វើឱ្យ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មានការ​ធ្លាក់ចុះ​១០.៨៧​ភាគរយ ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០០២ ក្នុង​ខណៈពេល​តំបន់​អាស៊ាន​ទាំងមូល​មានការ​ធ្លាក់ចុះ​១៤ភាគរយ។ នៅឆ្នាំ​២០០៤​ចំនួនភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ​ដែលបាន​មក​ទស្សនា​កម្ពុជា​មានចំនួន​១.០៥៥២០២​នាក់ កើនឡើង​៥០.៥៣​ភាគរយ បើធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០០៣ ក្នុងនោះ​បើគិតតាម​សញ្ជាតិ។

ស្ថិតិ​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក

ក្នុងឆ្នាំ​២០០៤ ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​ដែលបាន​ធ្វើដំណើរ​មកទស្សនា​នៅតាម​តំបន់គោលដៅ​ទេសចរណ៍​នានា​ទូទាំង​ប្រទេស គឺមាន​សន្ទុះ​កើនឡើង​យ៉ាងខ្លាំង​រហូតដល់​៤.២៥១.២៧០​នាក់ កើនឡើង​២០៥.៦២​ភាគរយ បើធៀប​នឹងឆ្នាំ​កន្លង​ទៅ។

ក្នុងឆ្នាំ​២០០៨ ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​ដែលបាន​ធ្វើដំណើរ​មក​ទស្សនា​នៅតាម​តំបន់គោលដៅ​ទេសចរណ៍​នានា​ទូទាំង​ប្រទេស គឺមាន​សន្ទុះ​កើនឡើង​ជាង៦.៧៣​លាននាក់ កើនឡើង​១៥.៥​ភាគរយ បើធៀប​នឹងឆ្នាំ​កន្លងទៅ និង​សកម្មភាព​ទេសចរ​ក្នុងស្រុក​មានការ​កើនឡើង​ជាលំដាប់​ដល់ឆ្នាំ​២០០៩-​២០១២។ សរុប​សេចក្ដីមក​ការ​បង្កើត​ឱ្យមាន​ទិវា​ទេសចរណ៍អន្ដរ​ជាតិ គឺជាការ​សំខាន់​ណាស់​សម្រាប់​ប្រទេសជាតិ​នីមួយៗ ដែលត្រូវ​បាន​តម្រូវ​ឱ្យយក​ចិត្ដទុកដាក់​ជាទី​បំផុត ព្រោះថា​ទេសចរណ៍​គឺជា​មុខមាត់​បង្ហាញ​ដល់ការ​ទាក់ទាញ​នូវ​ប្រជាប្រិយ​ភាព​ប្រទេសជាតិ​មួយៗ​ដើម្បី​ជាដើម​ទន់​សម្រាប់​បង្កើន​ប្រភព​ចំណូល​សម្រាប់​សង្គមជាតិ​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative