ក្រសួង​សុខាភិបាល​ចាប់ផ្ដើម​ចាត់​វិធានការណ៍​ក្ដៅ​ទៅលើ​ឱសថស្ថាន​ខុសច្បាប់

ជាថ្មី​ម្ដងទៀត​ក្រសួង​សុខាភិបាល​បាន​រៀបចំ​ផែនការ​ក្ដៅគគុក ដើម្បី​បកស្បែក​ចំពោះឱសថស្ថាន​មួយចំនួន​ខុសច្បាប់​ដែលនាំ​ឱសថ​ក្លែងក្លាយ​យកមក​ចរាចរ​លើ​ទីផ្សារ និង​ចែកចាយ​លក់​ជាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ធ្វើឱ្យ​មានផល​ប៉ះពាល់​ទៅលើ​សុខភាព​យ៉ាងខ្លាំង។ ប៉ុន្ដែ​បញ្ហានេះ​ក្រសួង​សុខាភិបាល​បានចាត់​វិធានការណ៍​ក្ដៅ​ជាបណ្ដើរៗ​ទៅលើ​សកម្មភាព​របស់ឱសថការី​នៅតាម​ឱសថស្ថាន​មួយចំនួន​ហើយ​ដែលអាច​ជំរុញ​ឱ្យ​ពួកគេ​ដឹងថា​ការ​នាំចូល​ឱសថ​ខុសច្បាប់​ធ្វើឱ្យ​ខូច​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​ពេលថ្មីៗ​នេះ​សមត្ថកិច្ច​ចម្រុះ​រួមទាំង​មន្ដ្រី​តុលាការ​បានចុះ​អនុវត្ដ​ផែនការ​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យ​លុប​បំបាត់​នូវទង្វើ​ខុសច្បាប់​របស់​ឱសថការី​ដែលបាន​នាំចូល​ឱសថ​ក្លែងក្លាយ ដែល​ពុំបាន​ឆ្លងកាត់​មន្ទីរ​ជំនាញ។ លោក វេជ្ជបណ្ឌិត សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានមាន​ប្រសាសន៍​នៅពេល​ចុះ​បង្ក្រាប​ការដាក់​តាំង​លក់ឱសថ​ហួស​ដឺឡេ​នោះថា នេះជា​ជំហាន​ចាប់ផ្ដើម​សាជាថ្មី​ទៅលើ​ឱសថស្ថាន​ដែលគ្មាន​ច្បាប់​ និង​នាំចូល​ឱសថ​ក្លែងក្លាយ​ដែល​មិនបាន​ឆ្លងកាត់​មន្ដ្រី​ជំនាញ​មុនពេល​ដាក់លក់​នៅលើ​ទីផ្សារ និង​ចែកចាយ​ជូន​ប្រជាពលរដ្ឋ។ កន្លងមក​ឱសថស្ថាន​ក្នុង​ទីក្រុង​ភ្នំពេញ​មួយចំនួន​មិនមាន​ច្បាប់ ទម្លាប់​ត្រឹមត្រូវ​នោះទេ ហើយ​បាន​បើកលក់​ដោយ​សេរី​មិនមាន​ការ​អនុញ្ញាត​ពីក្រសួង ឬ​មន្ទីរ​សុខាភិបាល​ផងដែរ។ ដូច្នេះ​ហើយ​ត្រូវតែ​ធ្វើការ​ឆែកឆេរ​នៅតាម​ឱសថស្ថាន​ទាំងនេះ ដើម្បី​ជំរុញ​ដល់​ពួកគេ​ធ្វើច្បាប់​ឱ្យបាន​ត្រឹមត្រូវ​សិនមុន​នឹង​ចរាចរណ៍​ឱសថ​ទាំងនោះ​ទៅឱ្យ​ប្រជាពលរដ្ឋ។

លោក​វេជ្ជបណ្ឌិត សុខ សុគន្ធ បានបន្ដ​ទៀតថា គ្រាន់តែ​ឱសថស្ថាន​មួយកន្លែង​សមត្ថកិច្ច​ជំនាញ​រកឃើញ​ឱសថ​នាំចូល​ខុសច្បាប់​ចំនួន​២១មុខ ដែលម្ចាស់​ឱសថស្ថាន​នាំចូល​ដោយ​មិនបាន​ឆ្លង​មន្ដ្រី​ជំនាញ​ធ្វើការ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ។ មានន័យ​ថាជា​ឱសថ​រត់ពន្ធ ដែល​ឈ្មួញ​នាំចូល​ពីក្រៅ​ប្រទេស​លក់ឱ្យ​មក​ឱសថស្ថាន​ដោយ​ខុសច្បាប់។

កន្លងមក​លោក​បណ្ឌិត ហេង ប៊ុនគៀត ប្រធាន​នាយកដ្ឋាន​ចំណី​អាហារ និង​ឱសថ​បានមាន​ប្រសាសន៍​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង​ថា ការ​នាំចូល​ឱសថ​របស់​ឈ្មួញ​ភាគច្រើន​ដែល​នាំចូល​ពីក្រៅ​ប្រទេស​ជាឱសថ​ក្លែងក្លាយ ដោយ​ពុំមាន​ការ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពីមន្ដ្រីជំនាញ​ឱ្យបាន​ត្រឹមត្រូវ​ឡើយ។ លោក​បញ្ជាក់​ទៀតថា ឱសថ​ភាគច្រើន​ជាឱសថ​ហួស​ដឺឡេ​ដែល​ធ្វើការ​នាំចូល​ដោយគ្មាន​ការ​ត្រួតពិនិត្យ​ច្បាស់​លាស់ ហើយ​ភាគច្រើន​ឈ្មួញ​បានធ្វើ​ការ​នាំចូល​តាម​ច្រកទ្វារ​ពី​ប្រទេស​ជិតខាង​តែម្ដង។ លោក​បញ្ជាក់​ទៀត​ថា ក្រោយពេល​ធ្វើ​សន្ទស្សន៍ទៅលើ​ទីផ្សារ​សុខាភិបាល​កន្លង​មកឃើញ​ថា ពលរដ្ឋ​ភាគច្រើន​បាន​រងគ្រោះ​ដោយសារ​ឱសថ​ក្លែងក្លាយ ខូច​គុណភាព ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពួកគេ។ ដូច្នេះ​ហើយ​ទើប​ក្រសួង​សុខាភិបាល​ចាប់ផ្ដើម​រៀបចំ​វិធានការណ៍​ទប់ស្កាត់ និង លុបបំបាត់​ឱសថស្ថាន​ខុសច្បាប់ និង​ពង្រឹង​ដល់ការ​នាំចូល​ឱសថ​ក្លែងក្លាយ​ខូច​គុណភាព​គ្រប់ច្រក​ល្ហក និង​គ្រប់​ពេលវេលា ដើម្បី​ជួយ​សម្រួល​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ។ ម្យ៉ាងវិញ​ទៀត​ក្រសួង​ក៏​ចាប់ផ្ដើម​ពង្រឹង​លើការ​ព្យាបាល និង​ពិនិត្យ​សុខភាព​នៅតាម​មន្ទីរ​សុខាភិបាល​ផ្សេងៗ​ផងដែរ និង​ត្រូវ​កំណត់​ហាម​មិនឱ្យ​មាន​ឱសថស្ថាន ឬ​មន្ទីរ​ព្យាបាល​ណាដែល​ខុសច្បាប់​ទៀត​ឡើយ។

គេសង្កេត​ឃើញថា នា​ចុងខែ​សីហា​នេះ មន្ដ្រី​សុខាភិបាល​ហាក់បី​ដូចជា​មាន​វិធានការណ៍​ក្ដៅយ៉ាង​ខ្លាំង​ទប់ស្កាត់​ទៅលើ​ឱសថស្ថាន​មួយចំនួន​កំពុងតែ​ចរាចរ​លើ​ទីផ្សារ ដើម្បី​ស្វែងរក​ឱសថ​ក្លែងក្លាយ និង​ឱសថ​ហួស​ដឺឡេ​ដែលបាន​ដាក់លក់​ជាសាធារណៈ​នោះ។ កន្លងមក​មន្ដ្រី​ជំនាញ​ក្រសួង​មហាផ្ទៃ​បាន​រឹបអូស​ឱសថ​ក្លែងក្លាយ​ចំនួន​១៩តោន និង​២៨០​គីឡូក្រាម​នៅតាម​ឱសថស្ថាន​នានា និង​ប្រមូល​ពីក្រុម​ឈ្មួញ​នាំចូល​ពីក្រៅ​ប្រទេស​ដោយ​មិនបាន​ពិនិត្យ​ដោយ​មន្ដ្រី​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ។ ដោយសារ​បញ្ហានេះ​ហើយ​ទើប​ក្រសួង​សុខាភិបាល​បាន​ចាត់តាំង​មន្ដ្រី​ជំនាញ​តាម​មូលដ្ឋាន ខេត្ដ រាជធានី ឱ្យ​ប្រតិបត្ដិ​ការ​ទប់ស្កាត់​លើ​ឱសថ​ដែលមាន​ឈ្មោះ កំពុង​ចរាចរ​លើទីផ្សារ​សព្វថ្ងៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative