វីតាមីន (ត) ៖ វីតាមីន​បេ១២

ពពួក​វីតាមីន​បេចំនួន​៧មុខ​ហើយ​ដែលបាន​លើកមក​បង្ហាញ​ជូន​អស់​លោកអ្នក​ឱ្យបាន​ទទួល​ជ្រាប​អំពី​តួនាទី និង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត។ នៅលេខ​នេះ ទស្សនាវដ្ដី សុខភាពយើង សូមបន្ដ​លើកយក​វីតាមីន​បេ១២​ដែលជា​វីតាមីន​បេចុងក្រោយ​គេមក​ជម្រាប​ជូន។ សូម​បញ្ជាក់​ថាមាន​វីតាមីន​ផ្សេងទៀត​ដែលត្រូវ​លើកមក​ជម្រាប​ជូន​នៅលេខ​ក្រោយទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​វីតាមីន​បេ១២

វីតាមីន​បេ១២ ឬ​ហៅជា​ភាសា​គីមីសាស្ដ្រ​ថា កូឡាបាម៉ីន ឬ​វីតាមីន​ប្រឆាំង​ការ​អស់​កម្លាំង មាន​តួនាទី​ពិសេសៗ​ដូចតទៅ។

  • ជួយ​ផលិត​គ្រាប់ឈាម​ក្រហម និង​កោសិកា ៖ វីតាមីន​បេ១២​ដើរតួនាទី​សំខាន់​នៅក្នុង​ដំណើរការ​ផលិត​គ្រាប់ឈាម​ឬ គុលលិកា​ក្រហម នៅក្នុង​ដំណើរ​ការ​សំយោគ​អាដេអ៊ិន​(ឬឌីអ៊ិនអេ) និង​ក្នុងការ​ផលិត​កោសិកា​នានា។
  • ចូលរួម​មេតា​ប៉ូលិស ៖ វីតាមីន​បេ១២​ចូលរួម​នៅក្នុង​មេតាប៉ូលិស​(ប្រតិកម្ម​ជីវសាស្ដ្រ)​របស់សារជាតិ​ដែក វីតាមីន​បេ៥ បេ៩ និង​វីតាមីនសេ ព្រមទាំង​នៅក្នុង​មេតាប៉ូលិស​សារធាតុ​កូលីន។
  • ជួយ​ប្រព័ន្ធ​ប្រសាទ ៖ ជា​ចុងក្រោយ​វីតាមីន​បេ១២​ដើរ​តួនាទី​មិនអាច​ខ្វះបាន​នៅក្នុង​ការ​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​មាន​សុខភាពល្អ ពីព្រោះ​ថាវីតាមីន​បេ១២​ធ្វើ​អន្ដរាគមន៍​នៅក្នុង​ការ​ផលិត​សារធាតុ​មីញ៉េលីន​ដែលជា​ស្រោម​ពណ៌ស​រុំព័ទ្ធ​ជុំវិញ​សារធាតុ សរសៃ​របស់​ប្រព័ន្ធ​ប្រសាទ។

របប​អាហា​រូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​វីតាមីន​បេ១២

ខ្លួនប្រាណ​មនុស្ស​ត្រូវការ​ទទួលទាន​ចូលជា​ប្រចាំ​នូវ​វីតាមីន​បេ១២​ក្នុង​បរិមាណ​ចំនួន២,៤​មីក្រូក្រាម​ជាមធ្យម។ តួលេខ​នេះ អាចកើន​ឡើងដល់​ទៅ២,៦​មីក្រូក្រាម​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ ចំនួន​២,៨មីក្រូក្រាម​សម្រាប់​ស្ដ្រី​បំបៅដោះ​កូន រីឯ​ចំពោះ​មនុស្ស​វ័យចំណាស់​អាច​ទទួលទាន​ចូលក្នុង​១ថ្ងៃ​ចំនួន២,៤​មីក្រូក្រាម។

កង្វះ​វីតាមីន​បេ៩​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

ប្រសិនបើ​មនុស្ស​យើង​ទទួលទាន​វីតាមីន​បេ១២​មិនបាន​គ្រប់គ្រាន់​ទេ អាចនាំ​ឱ្យ​ប៉ះពាល់​ដល់សុខភាព​គួរឱ្យ​កត់​សម្គាល់។ ផល​ប៉ះពាល់​ទាំងនោះ​រួមមាន ដូចជា​ស្លេកស្លាំង មិនឃ្លាន​អាហារ អស់​កម្លាំងទន់ខ្លួន ដង្ហើម​ញាប់ ឈឺចាប់​តាម​សរសៃ និង​សាច់ដុំ វិបត្ដិ ការ​ចងចាំ និង​ភាព​រហ័សរហួន វិបត្ដិ​អត្ដចរិត វិបត្ដិ​លំនឹង​រាងកាយ​ជាដើម។

ចំណី​អាហារ​ដែលមាន​ជាតិវីតាមីន​បេ១២

វីតាមីន​បេ១២​មាន​នៅលើ​ចំណី​អាហារ​មួយចំនួន​ដូចតទៅ ៖

  • សាច់​សត្វ ដូចជា​សាច់មាន់ ឬ​ត្រី
  • ស៊ុត​សត្វ
  • អាហារ​សាច់ស្រស់
  • និង​អាហារ​មានដើម​កំណើត​ពីសាច់​សត្វ​នានា។

ពេលដែល​គួរ​ប្រើប្រាស់​ថ្នាំ​វីតាមីន​បេ១២

ជំពូក​មនុស្ស​ដែល​គួរតែ​ប្រើប្រាស់​ថ្នាំ​វីតាមីន​បេ១២​បន្ថែម​មាន​ដូចតទៅ ៖

  • មនុស្ស​ដែលមាន​ស្ដ្រេស្ស​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវចិត្ដ និង​មាន​សភាព​ឆ្លេឆ្លា​ខ្លាំង
  • អ្នក​ដែលចង់​តម្លើង​សាច់ដុំ ឬ​បង្កើន​ម៉ាស​សាច់ដុំ​(ក្នុង​ករណី​នេះ​គួរ​ជ្រើសរើស​អង់ស៊ីម​វីតាមីន​បេ១២ ឬ​សារធាតុ​ឌីបង់កូ ហ្ស៊ីដ)។

តម្រូវការ​ថ្នាំ​វីតាមីន​បេ១២​ជាប្រចាំ​ថ្ងៃ

លោកអ្នក​អាច​ប្រើប្រាស់​វីតាមីន​បេ១២​នេះ​ប្រមាណ​ជា២,៤ទៅ២,៦​មីក្រូក្រាម​ក្នុង​ករណី​ធម្មតា។ កម្រិត​ប្រើប្រាស់​អាចកើន​ឡើង​លើស​នេះ ជា​អាទិ​អាចចាក់​ដល់ទៅ​១០០០​មីក្រូក្រាម។
អត្ថបទ​ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative