មង្គល ទីណា មាន​​​សុខភាពល្អ​​​ទើបមាន​​​អ្វីៗ​​​គ្រប់យ៉ាង

តារាចម្រៀងមានរូបស្រស់សង្ហាដែលមានភាពគួរឱ្យទាក់ទាញ ជាពិសេសយុវវ័យនោះគឺលោក មង្គល ទីណា ដែលបានប្រឡូកចូលនៅក្នុងវិស័យសិល្បៈជាង៣ឆ្នាំមកហើយ។ សព្វថ្ងៃនេះទីណាមានការមមាញឹកច្រើន ជាពិសេសការច្រៀងឱ្យផលិតកម្ម និងនៅក្លឹបរាត្រីកម្សាន្ដផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក មង្គល ទីណា បានចូលខ្លួន​​​មកបកស្រាយ​​​ពីការថែរក្សាសម្រស់ និងសុខភាព​​​របស់លោកផ្ទាល់​​​ជូនដល់ប្រិយមិត្ដអ្នក អានទាំងអស់ ជាពិសេស​​​ប្រិយមិត្ដដែលមាន​​​ការគាំទ្រ​​​ចំពោះ​​​រូបលោក ទទួលជ្រាបតាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិមុនចូលសិល្បៈ

មុនពេលចូលសិល្បៈលោក មង្គល ទីណា បានបញ្ចប់ការសិក្សានៅវិទ្យាល័យសន្ធរម៉ុកនៅឆ្នាំ២០០៦។ គួររម្លឹកផងដែរថា នៅឆ្នាំ២០០៥ លោក​​​ទីណា​​​ធ្លាប់​​​បាន​​​ប្រឡង​​​ចម្រៀង​​​នៅបណ្ដាញ​​​ទូរទស្សន៍​​​ CTN ប៉ុន្ដែពីមុន​​​លោកទីណា​​​ធ្លាប់បានប្រឡង​​​ចម្រៀងនៅ អង្គការមួយឈ្មោះថា PS។ បន្ទាប់ពី​​​ជាប់ជា​​​តារា​​​ចម្រៀង​​​នៅអង្គការ PS លោកទីណា​​​ក៏មាន​​​ចំណាប់អារម្មណ៍​​​ទៅប្រឡង​​​នៅបណ្ដាញ​​​ទូរទស្សន៍ CTN ដោយមានកម្មវិធីមួយឈ្មោះថាយុវវ័យ។ ប៉ុន្ដែនៅជុំពាក់​​​កណ្ដាលផ្ដាច់ព្រ័ត្រ​​​លោកទីណា​​​បាន​​ធ្លាក់ពីកម្មវិធីយុវវ័យ នៅCTN​​​​​​ លុះនៅ​​​ដើមឆ្នាំ​​​២០០៦​​​លោកទីណា​​​ប្រឡង​​​ជាប់ជា​​​តារា​​​ចម្រៀង និងសម្ដែង​​​នៅស្ថានីយ​​​ទូរទស្សន៍​​​បុស្ដិ៍លេខ៥ សព្វថ្ងៃនេះ ទីណាជាតារាចម្រៀងនៅផលិតកម្មថោន។

ការថែរក្សាសម្រស់

– ការថែរក្សាស្បែកមុខ នៅក្នុងអាជីពជាអ្នកសិល្បៈមួយរូប ទីណាតែងតែធ្វើការតុបតែងមុខនៅពេលឡើងឆាកម្ដងៗ។ នៅពេលដែលច្រៀងចប់ ទីណាតែងតែធ្វើការលាងសម្អាតមុខជាមួយនឹងហ្វូមលាងសម្អាតមុខ ដើម្បីកាពារកុំឱ្យមុខឡើងខ្លាញ់ ឬមុន។

– ការថែរក្សាស្បែកដងខ្លួន នៅពេលដែលទំនេរម្ដងៗទីណាតែងតែទៅហែលទឹក និងធ្វើការស្ទីមជាមួយនឹងសាប៊ូដុសខ្លួន ដើម្បីការពារបាត់តេរី និងពពួកមេរោគផ្សេងៗ។

– ការថែរក្សាភ្នែក លោកទីណាយកចិត្ដទុកដាក់បំផុតនៅក្នុងការថែរក្សាភ្នែក ពេលដែលមានកម្ទេចកម្ទីចូលក្នុងភ្នែក ឬមានអារម្មណ៍ថាក្រហាយភ្នែកដោយការសម្លឹងមើលកុំព្យូទ័រខ្លាំងពេក លោកទីណាតែងតែយកទឹកថ្នាំមកបន្ដក់នៅក្នុងភ្នែកជាប្រចាំ។

– ការថែរក្សាធ្មេញ សុខភាពមាត់ធ្មេញជារឿងមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប មិនថារូបលោកផ្ទាល់ ឬអ្នកដទៃ ឡើយ។ ដូចនេះលោកទីណាឧស្សាហ៍ធ្វើការសម្អាតធ្មេញជាប្រចាំ និយាយរួមបន្ទាប់ពីងូតទឹកហើយលោកតែងតែសម្អាតធ្មេញ។ លោក ទីណាធ្វើការពិនិត្យមាត់ធ្មេញយ៉ាងតិច២ដងក្នុង១ឆ្នាំ។

– ការថែទាំសក់ បញ្ហាសក់ជារឿងសំខាន់សម្រាប់លោកទីណា ដូច្នេះហើយនៅពេលដែលលោកងូតទឹកលោកតែងតែ ឧស្សាហ៍កក់សក់ និងអប់សក់ជាប្រចាំ។ ជួនកាលនៅពេលដែលលោកមានអារម្មណ៍ថាសក់មានបញ្ហា ដូចជាស្ងួត ឬឡើងប្រេង ច្រើនលោកទីណាតែងតែកក់សក់់ និងអប់ជាមួយផលិតផលល្អជាប្រចាំ។

ការថែទាំសុខភាពរាងកាយ

­- ការទទួលទានដំណេក លោកទីណាមិនសូវជាមានពេលគ្រប់គ្រាន់ក្នុងការសម្រាកនោះទេ ដោយហេតុថាលោកជាប់ រវល់ក្នុងការថតបទចម្រៀង និងច្រៀងចម្រៀងនៅពេលរាត្រី ចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង១ឬម៉ោង២ភ្លឺទើបបានសម្រាក បន្ទាប់មកម៉ោងប្រហែលជា៩ឬ១០ព្រឹកទើបទីណាភ្ញាក់ពីដំណេក។

– ការទទួលទានអាហារ លោកទីណាមិនដែលធ្វេសប្រហែសនោះទេ ចំពោះការទទួលទានអាហារ។ លោកទីណាចូលចិត្ដ ទទួលទានអាហារដូចជាបន្លែ សាច់ជាដើម ព្រោះដើម្បីទ្រទ្រង់រាងកាយរបស់ទីណាឱ្យមានភាពរឹងមាំ និងមានសុខភាពល្អ។

– លំហាត់ប្រាណ ដើម្បីឱ្យសុខភាពបានល្អ នៅពេលទំនេរ ទីណាតែងតែទៅលេងបាល់ជាមួយមិត្ដភក្ដិ។

រូបភាពទស្សនាវដ្តីសុខភាពយើង

បំណងទៅថ្ងៃអនាគត

លោកទីណានឹងមានគម្រោងបន្ដការសិក្សានៅសកលវិទ្យាមួយផ្នែកច្បាប់ និងជួយរកស៊ីលក់ដូរជាមួយឪពុកម្ដាយ។

បណ្ដាំផ្ញើរបស់លោក មង្គល ទីណា

ជាចុងក្រោយនេះលោកទីណាសូមឱ្យយុវវ័យ និងយុវតីទាំងអស់ចៀសវាងនូវការសេពគ្រឿងញៀនក៏ដូចជាការប្រើប្រាស់ គ្រឿងញៀន។ ព្រោះថាគ្រឿងញៀនជាអ្វីដែលសង្គមជាតិទាំងមូលស្អប់ខ្ពើម និងបំផ្លាញអនាគតខ្លួនឯងផ្ទាល់។ បើសិនជាលោកអ្នក ចៀសបានគួរតែចៀសទៅ គប្បីចំណាយពេលវេលាដ៏មានតម្លៃនេះទៅសិក្សាស្រាវជ្រាវអ៊ីនធឺណេត ស្ដាប់ចម្រៀង តន្ដ្រី លេងកីឡា អានសៀវភៅ ចូលបណ្ណាល័យជាដើម។

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ មង្គល ទីណា
  • អាយុ ៖ ២៤ឆ្នាំ
  • ថ្ងៃខែឆ្នាំកំណើត ៖ ២៩ ០៦ ១៩៨៧
  • កម្ពស់ ៖ ១,៧១ម៉ែត្រ
  • ទម្ងន់ ៖ ៦៥គីឡូក្រាម
  • បងប្អូន ៖ ៣នាក់ ប្រុស១ ស្រី២ (ជាកូនច្បង)
  • អាជីពនាពេលបច្ចុប្បន្ន ៖ ជាតារាចម្រៀង
  • ស្ថានភាពគ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative