ពងស្វាស ៖ របួស និង​ផលប៉ះពាល់

ពងស្វាស​ជាកន្លែង​សំខាន់​សម្រាប់​ផលិត​ទឹកកាម បើសិន​ជាមាន​បញ្ហា​ដូចជា​ការ​ប៉ះទង្គិច​នឹងអ្វីមួយ​នោះ នឹងអាច​បង្កឱ្យ​ផល​លំបាក​ចំពោះ​ដំណើរ​ក្នុងការ​ផលិត​ទឹកកាម។ ដូចនេះ​ដើម្បីចៀសវាង​នូវ​បញ្ហា​ទាំងនេះ សុភាព​បុរស​ទាំងឡាយ​គប្បី​ស្វែងយល់​ឱ្យបាន​ច្បាស់​ពីបញ្ហា​នៃការ​ប៉ះទង្គិច ឬការ​រងរបួស​ចំពោះ​ពងស្វាស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ស្វែងយល់​ពីបញ្ហា​ការរង​របួស និងការ​ផលិត​ទឹកកាម​នេះ ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊ិន ស៊ីណាត គ្រូពេទ្យ​ព្យាបាល​ផ្នែក​សុខភាព​បន្ដពូជ​បុរស​នៅសមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​(រ៉ាក់)។

ពងស្វាស​ជាកន្លែង​ផលិត​ទឹកកាម

ពងស្វាស​ជាក្រពេញ​សម្រាប់​ផលិត​មេជីវិត​ឈ្មោល​ដែលមាន​ការ​បែងចែក​ជាក្រពេញ​បញ្ចេញ​ក្រៅ និង​ក្រពេញ​បញ្ចេញ​ក្នុង ដែលមាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ផលិត​មេជីវិត​ឈ្មោល ផលិត​អ័រម៉ូន​បុរស ផលិត​កោសិកា​សម្រាប់​ផលិត​កោសិកា​ផ្សេងៗ​ទៀត ដូចជា​កោសិកា​ខ្លាញ់ កោសិកា​គ្រាប់​ល្អិត​តូចៗ និង​កោសិកា​ពណ៌។ ការ​បញ្ចេញ​ទឹកកាម​ពឹងផ្អែក​ទៅលើ​ដំណើរ​ការ​នៃការ​ផលិត​មេជីវិត ឈ្មោល​នៅក្នុង​ពងស្វាស។ ពងស្វាស​ក៏ជាកន្លែង​ដែលមាន​ទំនាក់​ទំនង​ទៅនឹង​ថង់​ទឹកកាម ក្រពេញ​ប្រូស្ដាត បំពង់​បង្ហូរ​ទឹកកាម បង្ហួរ នោម និង​លិង្គ​ផងដែរ។

ការ​រងរបួស​លើ​ពងស្វាស

ការ​រងគ្រោះ​ទៅលើ​ពងស្វាស​ម្ខាង​ឬ​ទាំងសង​ខាង​អាចជា​របួស​គ្រាំគ្រា ធ្លុះធ្លាយ ឬ​បែក​ខ្ទេចខ្ទី។ ពងស្វាស​ងាយនឹង​ទទួល​រងការ​ប៉ះពាល់​ជាខ្លាំង ដោយសារ​តែ​ពងស្វាស​ស្ថិត​នៅក្នុង​ប្លោកពង​ជាសរីរាង្គ​ដែល​នៅក្រៅ​ដងខ្លួន​គ្មាន​សាច់ដុំ ឬ​ឆ្អឹង ដើម្បី​ការពារ ដែលជា​ហេតុ​ងាយស្រួល​នឹង​រងគ្រោះ​ថ្នាក់​ពីការ​វាយ​ប្រហារ ប៉ះទង្គិច ទាត់ធាក់ ឬ​ធ្វើឱ្យ​ខ្ទេចខ្ទាំ ជាពិសេស​នៅពេល​លេង​កីឡា។ ការ​ធ្វើឱ្យ​មានផល​ប៉ះពាល់​ទៅលើ​ពងស្វាស​អាច​បណ្ដាល​ឱ្យមាន​ការ​ឈឺចាប់ខ្លាំង ធ្វើឱ្យ​មាន​ជាំឈាម ឬហើម​ជាដើម។ ករណី​កម្រ​នៃការ​ប៉ះទង្គិច​ខ្លះ គឺ​ធ្វើឱ្យ​បែករយះ ដែល​បណ្ដាល​មកពី​ការ​រងគ្រោះ​ដោយ​ផ្ទាល់ ដូចជា​ត្រូវបាន​ច្របាច់ ឬ​គាបនឹង​ឆ្អឹង​ដ៏រឹង​នៃអាង ត្រគាក។

ផល​ប៉ះពាល់​របស់​របួស​លើ​ពងស្វាស

ការ​រងគ្រោះ​ទៅលើ​ពងស្វាស​នឹង​បណ្ដាល​ឱ្យមាន​ឈាម​ហូរចូល​ទៅក្នុង​ប្លោកពង។ ករណី​ធ្ងន់ធ្ងរ វិធី​មានតែ​មួយគត់​គឺត្រូវ​ធ្វើការ​វះកាត់​ដើម្បី​សង្គ្រោះ​ពងស្វាស​ជាការ​ចាំបាច់។ ហើយ​មាន​ចំនួន​៨០ភាគរយ​ដែលអាច​ជួយ​សង្គ្រោះ​បាន បើធ្វើការ​វះកាត់​ឱ្យបាន​មុន ៧២ម៉ោង​ក្រោយពេល​រងរបួស។ ការ​ប៉ះទង្គិច​ទៅលើ​ពងស្វាស​អាច​បណ្ដាល​ឱ្យមាន​ការ​រលាក ខូចខាត​កោសិកា ប៉ះពាល់​ដល់​បំពង់ សម្រាប់​ផលិត​ទឹកកាម និង​ប៉ះពាល់​ទៅដល់​ចរន្ដឈាម​សម្រាប់​ចិញ្ចឹម​ពងស្វាស ហើយ​ក៏អាច​ធ្វើឱ្យ​វាខូច ឬ​ខ្វះលទ្ធភាព​ក្នុង​ការ​ផលិត​ទឹកកាម​ទៀតផង។ ពងស្វាស​មានលក្ខណៈ​ដូចជា​អេប៉ុង អាច​ស្រូបយក​នូវភាព​ប៉ះទង្គិច​ជាំឈាម​បានដោយ​មិន​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ ប៉ុន្ដែ​បើក្នុង​ករណី​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ក្រោយពី​ពងស្វាស​ហើម​ហើយ នៅពេល​ដែលជា​ទៅវិញ ពងស្វាស​នឹង​ប្រែទៅជា​ទ្រោម ឬ​រួមតូច​ធ្វើឱ្យ​ខូចលែង​ដំណើរ​ការ​ក៏មាន​ដែរ។ ប្រសិនបើ​បុរស​ដែល​រងរបួស​ឬមាន​ការ​ប៉ះទង្គិច​ពងស្វាស​តែម្ខាង ហើយ​ម្ខាងទៀត​នៅល្អ​វិញនោះ គឺ​មិនធ្វើ​ឱ្យ​ប៉ះពាល​ទៅដល់​ការ​រួមភេទ និង​បង្កើតកូន​នោះទេះ។

ការ​ការពារ​ការ​រងរបួស​លើ​ពងស្វាស

ពងស្វាស​ជាអវយវៈ​ភេទមួយ​ដែលជា​វត្ថុ​អាថ៌កំបាំង​សម្រាប់​បុរស​ដែល​មិនអាច​បញ្ចេញ​ឱ្យឃើញ​ដោយងាយ​នោះទេ ហើយក៏​មិនដែល​មាន​របាំងអ្វី​សម្រាប់​យកមក​ពាក់​ការពារ​នោះទេ។ ពងស្វាស​ជាសរីរៈ​រំញោច​អាចគេច​ពីការ​វាយ​ប្រហារ ពោល​គឺនៅពេល​មាន​សកម្មភាព​វាយតប់​វានឹង​ភ្ញោចឡើង​ទៅលើ​តែម្ដង។ ក្រៅពីនេះ​នៅពេល​ដែលមាន​ភាព​ត្រជាក់ ឬ​នៅពេល​ដែល​រួមភេទ ពងស្វាស​នៅរួញ​ឡើងទៅ​លើ។ ទោះបីជា​ពងស្វាស​អាចគេច​ពីការ​វាយ​ប្រហារ ពេលខ្លះ​ក៏មាន​ការភ្លាត់​ស្នៀត​ផងដែរ ដូចជា​ការ​ច្របាច់ គាបសង្កត់ ធាក់​ចំពងស្វាស និង​ជាពិសេស​គឺ​នៅពេល​កំពុង​លេងកីឡា។ សម្រាប់​អ្នក​កីឡា​បុរស​ទាំងឡាយ​អាច​ការពារ​បាន​ដោយពាក់ ប្រដាប់​ការពារ​ពងស្វាស​ដែល​ជាឯកសណ្ឋាន​កីឡា​ត្រឹមត្រូវ។

កាំរស្មី​ប៉ះពាល់​ដល់ការ​ផលិត​ទឹកកាម

ការ​ពិនិត្យ​ថត​ដោយការ​ប្រើ​កាំរស្មី បើសិនជា​មិនមាន​ការ​ការពារ​នៅពេល​ថត​នោះទេ កាំរស្មីអ៊ិច​នឹងអាច​សម្លាប់​កោសិកា ផលិត​មេជីវិត​ឈ្មោល ប៉ុន្ដែ​មិនមាន​ការ​ប៉ះពាល់​ទៅដល់​កោសិកា​បញ្ចេញ​ក្នុង​នោះទេ។ មួយវិញ​ទៀត ចំពោះ​លោកអ្នក​ដែល​ទទួល​រងការ​ប៉ះពាល់​ជាមួយ​កាំរស្មី ឬ​ពន្លឺថ្ងៃ​ជាប្រចាំ​គួរកត់​សម្គាល់​នៅពេល​ដែលយូរៗ​ទៅគឺ​អាចនឹង​ធ្វើឱ្យ​ទៅជា​គ្មានកូន​ឬ​បាត់បង់ សមត្ថភាព​រួមភេទ​នោះទេ ប៉ុន្ដែនេះ​ជាករណី​ដែល​កម្រ​កើតមាន​ណាស់​ចំពោះ​បុរស។

វ័យអាច​បង្កផល​ប៉ះពាល់​ដល់ការ​បញ្ចេញ​ទឹកកាម

មនុស្ស​ចាស់​ដែលបាន​បាត់បង់​នូវ​សមត្ថភាព​ផ្លូវភេទ​គឺដោយ​សារតែ​ក្រពេញ​បញ្ចេញ​ទ្រោម ធ្វើឱ្យ​បាត់បង់​ចំណង់​ផ្លូវភេទ ដែលផ្ទុយ​ពីមនុស្ស​វ័យក្មេង​គឺក្រពេញ​បញ្ចេញ​ក្នុងមាន​សភាព​ខ្លាំង មានចំណង់​ផ្លូវភេទ​ខ្លាំងក្លា។ អ័រម៉ូន​បុរស​អង់ឌ្រូសែន និង តេស្ដូស្ដេរ៉ូន​មាន​តួនាទី​បង្ហាញ​នូវ​លក្ខណៈ​ជាបុរស ដូចជា​បុគ្គលិក​លក្ខណៈ​បុរស ការ​រីកធំ​ធាត់​ប្រដាប់​ភេទ ការ​លូតលាស់​នៃសភាវៈ​គតិ ភេទ និង​ឆ្អឹង។ ការ​ថយចុះ ឬ​បាត់បង់​នៃសភាវៈ​គតិភេទ​ចំពោះ​មនុស្ស​ចាស់​ជរា គឺមាន​ទំនាក់ទំនង​ជាមួយ​សរីរៈ​វិទ្យានៃ​ក្រពេញ បញ្ចេញ​ក្នុង​ដោយ​កោសិកា​បាន​បាត់បង់​គ្រាប់ល្អិតៗ និង​កោសិកា​ខ្លាញ់។ ប្រដាប់​ភេទ​មាន​សភាព​ទ្រោមស្វិត ធ្វើឱ្យ​បុរស​ដែលមាន​វ័យចាស់ជរា​បាត់បង់​នូវ​សមត្ថភាព​ផ្លូវភេទ ក៏ដូចជា​ការ​ថមថយ​ក្នុងការ​ផលិត​ទឹកកាម។

ដំបូន្មាន​អ្នកជំ​នាញ

បុរស​ត្រូវធ្វើ​យ៉ាងណាកុំ​ឱ្យ​មានការ​ប៉ះទង្គិច​ធ្វើឱ្យ​មាន​របួស​ទៅលើ​ពងស្វាស​ឱ្យសោះ ព្រោះបើ​មានការ​ធ្វេសប្រហែស​ធ្ងន់ធ្ងរ នឹងអាច​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព​ផ្លូវភេទ។ សុខភាព​បន្ដពូជ​សម្រាប់​បុរស​ជារឿង​ដ៏សំខាន់​ក្នុងការ​ការបន្ដ​ពូជ និង​រួមរស់​ជាមួយ​ប្រពន្ធ​កូន ដែល​ស្ទើរតែ​បុរស​គ្រប់រូប​មិនអាច​បាត់បង់​សុភមង្គល​នេះបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative