ក្បួន​ថែរក្សា​គភ៌ ៖ ការ​វិវត្ដន៍​របស់​ទារក​ក្នុងផ្ទៃ (ត)

លោកអ្នក​បាន​ជ្រាប​ហើយ​អំពីការ​ធ្លាក់​មេជីវិត​ស្ដ្រី ដែលអាច​ឈានដល់​ការ​បង្ក​កំណើត​ជាកូន​ពូនជា​ចៅ។ នៅលេខ​នេះ ទស្សនាវដ្ដី សុខភាព​យើង សូម​បន្ដ​លើកមក​ជម្រាប​ជូននូវ​ការបង្ក​កំណើត និង​ការធ្វើ​តេស្ដ​គភ៌​ជាបន្ដ​ទៅទៀត។ ប៉ុណ្ណេះ​ពិត​ជាមិនទាន់​គ្រប់គ្រាន់​នោះទេ នៅមាន​ព័ត៌មាន និង​ចំណេះ​ជាច្រើន​ផ្សេង​ទៀត ដែលមាន​អត្ថ​ប្រយោជន៍​ជាខ្លាំង​សម្រាប់​ការ​ថែទាំ​ទារក​ក្នុងផ្ទៃ និង​សុខភាព​របស់​ម្ដាយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង នឹង​លើកមក​ជម្រាប​ជូនអំពី​ការ​ថែរក្សា​គភ៌​នេះ ចាប់តាំង​ពីបង្ក​កំណើត​រហូត​ដល់​ប្រសូត ជាអាទិ ការ​លូតលាស់​របស់​គភ៌ ការ​ថែទាំ និង​ពិនិត្យ​សុខភាព​ពេលមាន​គភ៌ ការ​ធ្វើ​អនាម័យ និងការ​ថែទាំ​សម្រស់​ពេលមាន​គភ៌ ជម្ងឺ និង​ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​គភ៌ ការ​រៀបចំ​ខ្លួន​មុនពេល​សម្រាល និងការ​ថែទាំ​សុខភាព​របស់​ម្ដាយ និង​ទារកពេល​សម្រាល។ ប៉ុន្ដែ​នៅ​លេខនេះ យើងខ្ញុំ​សូម​ជម្រាប​ជូនអំពី​ការបង្ក​កំណើត និងការ​ធ្វើតេស្ដ​រកគភ៌​សិន។

ការ​កកំណើត បង្កើត​ជីវិត

ការ​កកំណើត ឬការ​ជួបគ្នា​រវាង​មេជីវិត​ស្ដ្រី​អូវុល និង​មេជីវិត​បុរស​ស្ពែមម៉ាតូ​សូអ៊ីដ​គឺជាការ​ប្រជែង​យ៉ាងវែង​អន្លាយ និង​ប្រកប​ដោយការ​ផ្សង​ព្រេង។

1 . ការ​ប្រកួត​ប្រជែង ១កោដ​សំណាង

ពេលមាន​ការបាញ់​ចេញ​ទឹកកាម​ម្ដង មាន​ស្ពែមម៉ាតូ​សូអ៊ីដ​ឬមេជីវិត​បុរស​ប្រមាណ​ជា៤០០លាន​ដែល​ចាប់ផ្ដើម​ប្រកួត​ប្រជែង​ក្នុង​ដំណើរ​ផ្សងព្រេង​រាប់លាន​សំណាង ឬ​១កោដ​សំណាង។ គោលបំណង​នៃការ​ប្រជែង​គឺមេជីវិត​បុរស​ឬ​ស្ពែមម៉ាតូ​សូអ៊ីដ​តែមួយ​គត់ត្រូវ​ទៅដល់​គោលដៅ​ជួបមេជីវិត​ស្ដ្រី ឬ​អូវុល​នៅលើ​ដៃស្បូន​ឬ​ប្រមោយ​ស្បូន។ នៅក្នុង​ការ​ប្រកួត​ប្រជែង​រត់ប្រណាំង​ទាំងហ្វូង​នេះ មេជីវិត​បុរស​ដែល​ចាញ់​ត្រូវ​រងនៅ​ការស្លាប់​នៅ​កណ្ដាល​ផ្លូវ។ មាន​ស្ពែមម៉ាតូ​សូអ៊ីដ​ប្រមាណ​តែពី​១០០០​ទៅ២០០០​តែ​ប៉ុណ្ណោះ ដែលអាច​ទៅដល់​ជួប​មេជីវិត​ស្ដ្រី​ឬអូវុល។ ស្ពែមម៉ាតូ​សូអ៊ីដ​ដែលរួច​ពីងាប់​បានទៅ​ព័ទ្ធជុំ និង​រិតរួត​ព័ន្ធ​អូវុល​ដែលមាន​ទំហំធំ​ជាងពួកខ្លួន​ដល់​ទៅ៤០ដង​ឯណោះ។ ក្នុង​ចំណោម​ស្ពែមម៉ាតូ​សូអ៊ីដ​ទាំងនេះ​មានតែ​មួយ​ប៉ុណ្ណោះ ដែលអាច​ចូលទៅ​ក្នុង​អូវុល​បាន។ ពេលដែល​ស្ពែមម៉ាតូ​សូអ៊ីដ​ចូលទៅ​ដល់ក្នុង​អូវុល​ណ្វៃយ៉ូរបស់​វាបាន​ទៅភ្ជាប់​ជាមួយ​នឹង​ណ្វៃយ៉ូ​របស់​អូវុល ពេលនោះ​ហើយ​ដែលការ​កកំណើត​កើតមាន​ឡើង។ ការ​កកំណើត​នេះ បង្កើត​ជាពងតូច​ល្អិត​មួយដែល​ជាអនាគត​ទារក។

2 . ពងជា​អនាគត​ទារក ស្វែងរក​សម្បុក​ផាសុកភាព

ក្រោយពី​ការជួប​គ្នាបង្ក​ជាកំណើត​ដោយសារ​មេជីវិត​ស្ពែមម៉ាតូ​សូអ៊ីដ និង​អូវុល ពងនោះ​មិនបាន​សម្រាក​នោះទេ គឺបាន​ចាកចេញ​ពីដៃស្បូន​ឆ្ពោះទៅ​តួស្បូន​ឬ​ប្រអប់​ស្បូន។ ការ​ធ្វើដំណើរ​ពីដៃស្បូន​ទៅប្រអប់​ស្បូន​របស់ពង​នេះត្រូវ​ចំណាយ​ពេល​ពី៣ទៅ​៤ថ្ងៃ។ ពង​ដែលជាអនាគត​ទារក​នោះបាន​ទៅដល់​សម្បុក​ក្នុងក្ដី​សុបិន្ដ​របស់​ខ្លួន។ វាបាន​ជ្រមុជ​បង្កប់​ទៅក្នុង​ភ្នាសមុយ​កឺរបស់​ស្បូន​ដែលមាន​លក្ខណៈ​ទន់ល្មើយ នោះគឺជា​ការចាក់​សម្បុក។ ពងទារក​នេះបាន​ភ្ជាប់​នៅទីនេះ​យ៉ាង​មាំ មិនមាន​កម្រើក​ទៀតទេ វា​ស្ថិតនៅ​រហូត​ដល់ ធំ​លូតលាស់ និង​ពេល​សម្រាល​ចេញ​មកក្រៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អាការ​សញ្ញា​ពេលចាប់​មាន​គភ៌

  • បាត់​រដូវ
  • អស់​កម្លាំង
  • តឹង​ដើមទ្រូង ឬ​សុដន់
  • ក្អួត​ចង្អោរ
  • ចង់តែ​ទៅជុះ​នោម។

ការ​ធ្វើតេស្ដ​គភ៌​លើកទី១

រវាង​ទារក និង​ស្ដ្រីអនាគត​ម្ដាយ គឺជា​រឿង​អាថ៌កំបាំង​បំផុត។ ហេតុនេះ​ការ​ចង់ដឹង​គឺជា​បំណង​តែមួយ​គត់។ តេស្ដគភ៌​ដែលត្រូវ​ធ្វើពិត​ជារហ័ស និង​ងាយស្រួល​ប្រើ។ ចាប់ពី​ពេលបាត់​រដូវ​ថ្ងៃដំបូង លោក​ស្រីអ្នក​នាង​អាច​ប្រើប្រាស់​តេស្ដ​ទាំងនេះ។ ដោយ​លោកស្រី​អ្នកនាង​គ្រាន់តែយក​តេស្ដ​ដែល​ទិញមក​ពីឱសថស្ថាន យកមក​ជ្រលក់​ក្នុង​ទឹកនោម​តំណក់​ដំបូង​នៅពេល​ព្រឹកព្រលឹម​នោះនឹង​ដឹង លទ្ធផល​ថាមាន​គភ៌​ឬអត់​មានភ្លាម​នៅ​ប្រមាណ​ជាពី៣​ឬ៥នាទី​តែប៉ុណ្ណោះ។ តេស្ដគភ៌​នេះអាច​ជួយ​បំបាត់​ចម្ងល់ និង​ការ​សង្ស័យ​ព្រមទាំង​បញ្ជាក់​ទៅលើ​រោគ​សញ្ញា ដែល​ជាអាការ​សញ្ញា​ពេលចាប់​មានគភ៌​មួយចំនួន​តែ​ប៉ុណ្ណោះ។ ក្រោយ​ពីការ​ធ្វើតេស្ដគភ៌​ដោយ​ខ្លួនឯង រួចរាល់ និង​ទទួលបាន​នូវ​អារម្មណ៍​ដំបូង​នេះ លោកស្រី​អ្នកនាង​គួរតែ​ទៅជួប​ជាមួយ​គ្រូពេទ្យរោគស្ដ្រី ឬផ្នែក​សម្ភព​ដើម្បីពិ​និត្យ​វិនិច្ឆ័យ និង​ផ្ដល់​យោបល់​ទាក់ទង​នឹងការ​សង្ស័យ​ក៏ដូចជាគភ៌​របស់​លោកស្រី​អ្នកនាង។ ពួកគាត់​ពិតជា​អាចជួយ​លោកស្រី​អ្នកនាង​បាន។

ចំណាយ​ពេល​៩ខែ ដើម្បី​ក្លាយជា​ទារក

លោកអ្នក​ធ្លាប់ឮ​ពាក្យ​៩ខែ១០​ថ្ងៃ ដែលជា​រយៈពេល​ពពោះ​ឬការ​លូតលាស់​របស់​ទារក​ក្នុងផ្ទៃ រហូត​ដល់កើត​ប្រសូត​មក​លើផែនដី។ បើធ្វើ​ការគុណ​គូ​ពិតប្រាកដ គឺមាន​រយៈពេល​ជាង៤១សប្ដាហ៍​បន្ដិច ទារក​ដែលមាន​ដើម​កំណើត​ពីកោសិកា​តូច​មួយ ក្លាយខ្លួន​ជាកូន​សភាវៈ​រសពេញ​លក្ខណៈ​មួយដែល​មានទម្ងន់​ប្រហែល​៣គីឡូ​ក្រាម។ មុននឹង​រៀបរាប់​ជូន​លោកអ្នក​ជ្រាបលម្អិត​អំពី​គភ៌​នេះ ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ ពីមួយ​សប្ដាហ៍​ទៅមួយ​សប្ដាហ៍ ពីមួយខែ​ទៅមួយ​ខែ ឬ​ពីមួយត្រី​មាសទៅមួយ​ត្រីមាស សូម​ជ្រាបអំពី​សេចក្ដី​សង្ខេប​ដូចតទៅ ៖

1 . គភ៌​ពីខែ​ទី១​ទៅខែ​ទី៣ ៖ ក្នុង​រយៈពេល​នេះ ទារក​ចំណាយ​ពេល​ដើម្បី​បង្កើត និង​រៀបចំ​ជាលិកា និង​សរីរាង្គ​ទាំងឡាយ។

2 . គភ៌​ពីខែ​ទី៤​ដល់ខែ​ទី៦ ៖ ទារក​បាន​រីកធំ​លូតលាស់​បន្ដិចម្ដងៗ​នូវ​សារធាតុ និង​ធាតុផ្សំ​នៃសព៌ាង្គកាយ​ទាំងមូល។

3 . គភ៌​ពីខែទី៧​ដល់ខែ​ទី៩ ៖ ពេលនេះ​ទារក​ធ្វើការ​អភិវឌ្ឍន៍​ចលនា​រាងកាយ និង​បំពេញ​សម្រស់​រាងកាយ​របស់​ខ្លួន។ ទាំងនេះ​ជាការ​វិវឌ្ឍន៍ និង​កែតម្រូវ​ទាំងឡាយ​ត្រៀម​ប្រសូត្រ​ចេញមក​ពិភពលោក​ខាងក្រៅ ដើម្បី​រស់រាន​ជាមួយ​សង្គម​មនុស្ស​ពេញវ័យ។

(សូម​បន្ដអាន​នៅលេខ​ក្រោយ)

អត្ថបទ​ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative