គ្រោះថ្នាក់​ពេល​រួមភេទ

ជម្រាប​សួរ​លោក​វេជ្ជបណ្ឌិត ខ្ញុំមាន​សំណួរ​មួយចង់​ជម្រាប​សួរលោក។ មិត្ដភក្ដិ​របស់ខ្ញុំ​ម្នាក់​បាន​រងគ្រោះ​ថ្នាក់ពេល​រួមភេទ ជាមួយ​នារីម្នាក់ ប៉ុន្ដែ​គាត់បាន​ការពារ​ខ្លួនគាត់។ ឥឡូវនេះ​គាត់​ធ្វើតេស្ដ​ឈាម​រួចហើយ លទ្ធផល​បង្ហាញថា​គាត់គ្មាន​ផ្ទុក​មេរោគអេដស៍​នោះទេ។ ប៉ុន្ដែ​គាត់​ដូចជាមិន​ទុកចិត្ដ​លើ​តេស្ដ​ទាល់តែ​សោះ។ ហ៊ឺ! ខ្ញុំបារម្ភ​តែពេល​ណាមួយ​ចេញ​រោគសញ្ញា​ទេដឹង? តើពេល​ដែលធ្វើ​តេស្ដយើង​អវិជ្ជ​មាន អាច​ជឿ​ទុកចិត្ដ​បានដែរ​ឬទេ? តើយើង​ត្រូវធ្វើ​តេស្ដ​នេះម្ដងទៀត​ឬយ៉ាង​ណា? សូម​អរគុណ​ទុកជា​មុន និង​សូមគោរពលា។ លោក ញ. ស. វ. ស ភ្នំពេញ (តាម​អ៊ីម៉ែល)

វេជ្ជ. លី ចេងហ៊ុយ ៖ ជម្រាប​សួរ​ប្អូនប្រុស សំណួរ​របស់ប្អូន​ប្រុស​ហាក់​ដូចជា​ចង់សួរ​សម្រាប់​ខ្លួនឯង​ឬ​សម្រាប់​មិត្ដភក្ដិ។ ចំណុច​មួយទៀត ខ្ញុំ​មិនទាន់​ច្បាស់ថា តើ​គ្រោះថ្នាក់​ផ្លូវភេទ​ពេលរួមភេទ​នេះគឺ​ជាការ​រួមភេទ​ដោយ​ចៃដន្យ​ឬ​ជាការ​រហែក​ស្រោម​អនាម័យ ឬដោយ​ប្រការ​នានាផ្សេង​ទៀត។ ខ្ញុំសូម​ឆ្លើយ​ជូន​ទាំងពីរ​ករណី។ ទោះបី​ការ​រួមភេទ​ដោយ​ចៃដន្យ​ឬ​ជាមួយ​នារី​ដែលមាន​ផ្ទុកមេរោគ​អេដស៍​ក្ដី បើសិនជា​គាត់​បាន​ប្រើប្រាស់​ស្រោម​អនាម័យ​ការពារ​ត្រឹមត្រូវ​នោះ គាត់មិន​អាចឆ្លង​មេរោគអេដស៍​នោះទេ។ ផ្ទុយ​ទៅវិញ បើ​ករណី​គាត់បាន​ប្រើប្រាស់ស្រោម​អនាម័យ​ដែរ តែ​រហែក​ស្រោម​ឬរបូត​ស្រោម​អនាម័យ និង​ករណី​គាត់​មិនបាន​ប្រើស្រោម​អនាម័យ​នោះ គាត់អាច​ប្រឈម​មុខនឹង​ការ​ឆ្លង​មេរោគ​អេដស៍។ ករណី​លទ្ធផល​តេស្ដ​ឈាម​ពេលនេះ​ថាគ្មាន​មេរោគ​អេដស៍ គឺមាន​ន័យថា​ការ​ទំនាក់​ទំនង​ស្នេហា​របស់​គាត់​កន្លងមក​មិនមាន​ឆ្លង​មេរោគ​ទេ ប៉ុន្ដែ​លទ្ធផល​នេះមិន​បានឆ្លុះ​បញ្ចាំង​ការឆ្លង​ឬមិន​ឆ្លង​នៃការ​រួមភេទ​លើក នេះ​នោះទេ។ លទ្ធផល​នៃការ​ធ្វើតេស្ដ​ឈាម​យកជាការ​បានគឺ​នៅកំឡុង​ពេល​បីខែ​ក្រោយ​ទៀត​ក្រោយ​ការរួមភេទ​នេះ។ ករណី​មិត្ដ ភក្ដិ​របស់​ប្អូន​ប្រុស​នេះ គឺ​ត្រូវទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ផ្ដល់ប្រឹក្សា ឬ​បើ​រហែក​ស្រោម​ភ្លាមៗ​ត្រូវជួប​គ្រូពេទ្យ​ព្យាបាល ដែល​អាច​វាយ​តម្លៃ​ថាត្រូវ​ប្រើថ្នាំ​ព្យាបាល​ទប់ស្កាត់​ការឆ្លង​នេះឬ​ក៏អត់។

ទាក់ទង​នឹង​សំណួរ​របស់ប្អូន​ប្រុស​អំពី​លទ្ធផល​នៃតេស្ដ​ឈាម​រកមេរោគ​អេដស៍​ថា គួរ​ទុកចិត្ដ​បានឬ​ក៏អត់ គឺវា​អាស្រ័យ​ទៅលើ​ពេលវេលា​នៃការ​ប៉ះពាល់​ដែលអាច​សង្ស័យ​ថា ឆ្លង និង​ពេលធ្វើ​តេស្ដ​ត្រូវមាន​គម្លាត​លើសពី​៣ខែ។ លទ្ធផល​នៃការ​ធ្វើតេស្ដ​សព្វថ្ងៃ​នេះ មិនបាន​ធានា​គុណភាព​លទ្ធផល​១០០%​នោះទេ ប៉ុន្ដែ​កម្រិត​ប្រសិទ្ធភាព​អាច​ទទួលយក​បាន បើសិន​ទៅធ្វើ​តេស្ដ​នៅតាម​មណ្ឌល​ធ្វើតេស្ដ​ឈាម​ត្រឹមត្រូវ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​សុខាភិបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative