ចំណង់ភេទ

ជម្រាប​សួរ​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ ស្វាមី​របស់នាង​ខ្ញុំមាន​អាយុ៦៥​ឆ្នាំហើយ ចំណង់​ផ្លូវភេទ​របស់គាត់​ហាក់ ដូចជា​ថមថយ​ខ្លាំងណាស់ ជួនគ្មាន​តែម្ដង។ តើធ្វើ​ដូចម្ដេច​ទៅទើប​អាចផ្ដល់​រសជាតិ​សុខស្រួល​ដល់គាត់​បាន? លោក​ស្រី ឡ. ស. ត អាយុ​៤២ឆ្នាំ ភ្នំពេញ

វេជ្ជ. លី ចេងហ៊ុយ ៖ អរគុណ​បងស្រី ដែលបាន​ទូរស័ព្ទ​មកសួរ​ខ្ញុំបាទ។ ជាទូទៅ​ការ​ថមថយ​ចំណង់​ភេទ​អាចកើត​មានឡើង​ទាក់ទង​នឹងការ“អស់រដូវ”​របស់​បុរស​ដូច​ករណី​ស្ដ្រីដែរ។ ពាក្យអស់​រដូវ​នេះ មិនសូវ​មាន​អ្នកប្រើ​ទេ ខ្ញុំសូម​ប្រើពាក្យ​នេះ​ដើម្បី​គ្រាន់តែ​ជាការ​ជម្រាប​ឱ្យ​ងាយយល់​តែប៉ុណ្ណោះ បើធៀប​ទៅនឹង​ការ​អស់រដូវ​របស់​ស្ដ្រី។ ការ​អស់រដូវ​របស់​បុរស​គឺសំដៅ​ទៅដល់​ការ​ថមថយ​ចុះនៃជាតិ​អ័រម៉ូន​តេស្ដូស្ដេរ៉ូន ដែល​កើតឡើង​ស្ទើរតែ​លើបុរស​ទាំងអស់​គ្នា។ ពេលដែល​អ័រម៉ូន​មួយនេះថ​យចុះ​ដល់​កម្រិត​មួយ ពេល​នោះ ចំណង់​ផ្លូវភេទ​ត្រូវ​បាត់បង់ ជួនបាត់​ទាំងស្រុង​តែម្ដង។ ករណី​ស្វាមី​របស់បង​ស្រី​អាច​ដោយសារ​វ័យ​របស់​គាត់​រាងជ្រេ ហើយ​អាចមាន​បញ្ហា​ថមថយ​ចុះ​អ័រម៉ូន។ អ្វីដែល​សំខាន់​ត្រូវនាំ​គាត់​ទៅជួប​គ្រូពេទ្យ​ជំនាញ​ផ្លូវភេទ និង​រោគ​មនុស្ស​ចាស់ ដើម្បី​ស្វែងរក​មូលហេតុ​បង្ក និង​ជម្ងឺរ៉ាំរ៉ៃ​ដែល​ពាក់ព័ន្ធ​នឹង​សុខភាព​ផ្លូវភេទ។

ការ​ព្យាបាល​ការ​បាត់បង់​ចំណង់​ត្រូវធ្វើ​តេស្ដឈាម​ជាចម្បង​សិន ដើម្បី​វាស់​កម្រិត​ជាតិអ័រម៉ូន​តេស្ដូស្ដេរ៉ូន​ក្នុង​ឈាម បន្ទាប់មក​បើលទ្ធផល​បង្ហាញ​ពីកម្រិត​អ័រម៉ូន​នោះទាប គឺ​តម្រូវ​ឱ្យមាន​ការ​ព្យាបាល​ដោយថ្នាំ​អ័រម៉ូនលេប ឬចាក់​ជាបន្ទាន់។ លទ្ធផល​ដែល​ទទួលបាន​ពីការ​ព្យាបាល​អាច​ឆាប់រហ័ស ឬ​យូរ គឺ​អាស្រ័យ​ទៅតាម​បុគ្គល​ម្នាក់ ដែល​ជួនកាល​ចំណង់​ផ្លូវភេទ​វិល​មកវិញ​នៅ​ប៉ុន្មាន​ខែក្រោយ​ឯណោះ។

ដើម្បី​ជា​ព័ត៌មាន ខ្ញុំសូម​ជម្រាប​ថា ជាទូទៅ​អាចជា​កត្ដា​ផ្លូវចិត្ដ​ផងដែរ ក្នុង​ករណី​នេះ អ័រម៉ូន​មិនដើរ​តួនាទី​សំខាន់​ទៀត​នោះ ទេ។ បើ​ករណី​នោះមែន មានតែ​គ្រូពេទ្យ​ជំនាញ​ផ្លូវភេទ​ទេ ដែល​អាចជួយ​បាន។ ករណី​ខ្លះ ស្វាមី​របស់​បងស្រី​អាចមាន​ការ​តានតឹង​អារម្មណ៍ ឬ​ស្ដ្រេស្សដោយ​សារ​វ័យ​របស់​គាត់។ បែបនេះ​ការ​ព្យាបាល​ត្រូវជួយ​លើក​កម្លាំងចិត្ដ​របស់​គាត់​ឱ្យមាន​ជីវិត​រីករាយ​ឡើងវិញ ជីវិត​គឺជាការ​សប្បាយ។ ជា​លទ្ធផល ជីវភាព​ផ្លូវភេទ​ក៏ត្រូវ​បាន​កែលម្អ​ដែរ ជួយបាន​ប្រសើរ​ជាងមុន។
បញ្ហា​ស្រដៀង​គ្នានេះ មិនមែន​កើតឡើង​តែលើ​ស្វាមី​បងស្រី​នោះទេ។ នៅក្នុង​វិជ្ជា​ជីវៈ និង​គ្លីនិក​របស់​ខ្ញុំបាទ យើងជួប ប្រជាពលរដ្ឋ​មិន​តិចទេ ដែលបាន​និង​កំពុង​ប្រឈម​នឹងការ​បាត់បង់​ចំណង់​ផ្លូវភេទ និងការ​មិនសូវ​ឡើងរឹង​នៃលិង្គ។ បញ្ហា​ទាំងអស់​នេះ ពិតជា​អាចកែ​តម្រូវ និង​ព្យាបាល​បាន បើសិនជា​យើងចង់​កែតម្រូវ​វា។ ប៉ុន្ដែក៏​មិនត្រូវ​ចេះតែ​ដោះស្រាយ​បញ្ហា​ដែល​មិនមែន​ជាបញ្ហា​របស់​គាត់​នោះទេ។ សំខាន់​បំផុត​រូបគាត់​ទើបអាច​បរិយាយ និង​សារភាព​រឿងរ៉ាវ​ពិតប្រាកដ​ប្រាប់ដល់​គ្រូពេទ្យ ដើម្បី​ដោះស្រាយ និង​ព្យាបាល​ចំគោល​ដៅ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative