ក្រុម​ប្រឈម​មុខខ្លាំង​នឹងការ​ឆ្លងជម្ងឺ​អេដស៍​ថ្មី​នៅកម្ពុជា

ការ​ស្រាវជ្រាវ​រកឃើញ​ថា ជម្ងឺអេដស៍​នៅតែ​បញ្ហា​ចម្បង​សម្រាប់​ប្រជាពលរដ្ឋខ្មែរ​ទូទៅ ដែល​នឹង​កំពុងតែ​ពង្រីក​សក្ដានុពល​ដដែល។ មន្ដ្រី​ជាន់ខ្ពស់​នៃអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងជម្ងឺ​អេដស៍​បាន​អំពាវនាវ​ឱ្យមាន​នូវបទ​អន្ដរាគមន៍​ឱ្យមាន​ប្រសិទ្ធភាព ទៅលើ​ក្រុម​ប្រជាជន​ដែល​ប្រឈម​មុខខ្ពស់ ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដោយ​សារ​មេរោគ​អេដស៍ និង​ជម្ងឺ​អេដស៍ តាម​រយៈការ​ចូលរួម ពី​ពហុវិស័យ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​បង្កើត​បទអន្ដរាគមន៍​ទប់ស្កាត់​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍​គឺជា​ទិសដៅ​របស់​អាជ្ញាធរ​ប្រយុទ្ធនឹង​ជម្ងឺ​អេដស៍

លោក តែង គន្ធី អគ្គលេខា​ធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹងជម្ងឺ​អេដស៍​បានមាន​ប្រសាសន៍​ឱ្យដឹង​ថា “កម្ពុជា​ត្រូវតែ​បង្កើន​បទ​អន្ដរាគមន៍​ឱ្យមាន​ប្រសិទ្ធភាព​ទៅលើ​ក្រុម​ដែល​ប្រឈម​មុខខ្ពស់​នៃការ​ឆ្លង​រីករាល​ដាល​មេរោគ​អេដស៍ ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍ តាមរយៈ​ការ​ចូលរួម​ពីពហុវិស័យ​ដ៏ពេញ​លេញ”។ លោក​បន្ដថា យើងនឹង​ធ្វើការ​លើក​ទឹកចិត្ដ​ឱ្យមាន​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​នៅក្នុង​ទំនាក់ទំនង​ទាំងឡាយ​ណាដែល​មានការ​ប្រឈម​មុខខ្ពស់ គឺជា​គន្ល៉ឹះ​សំខាន់​សម្រាប់​កម្មវិធី​ការពារ ទប់ស្កាត់​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​សារៈសំខាន់​សម្រាប់​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​មេរោគអេដស៍​ដែល​ឆ្លងកាត់​តាមរយៈ​ការ​រួម ភេទ។

លោក តែង គន្ធី បានបន្ដ​ទៀតថា ប្រសិនបើ​យើងចង់​កាត់​បន្ថយ​នូវករណី​ចម្លង​ថ្មីៗ​ទាំងឡាយ និង​ដើម្បី​ចៀសវាង​នូវ​រលកទី២​នៃការ​រីករាល​ដាល​នៃមេរោគ​អេដស៍​ដែលអាច​កើតឡើង អ្វីជា​អាទិភាព​ចម្បង​គឺការ​ពង្រីក​កម្មវិធី​ការពារ​ទប់ស្កាត់ ដោយ​ផ្ដោតលើ​ប្រជាជន​ប្រឈម​មុខខ្ពស់​ទាំងអស់។ លោក​បន្ថែមថា យើង​ត្រូវតែ​មានការ​ឈ្លាសវៃ​នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន​ពាក់ព័ន្ធ ទៅនឹង​អាកប្បកិរិយា​និងការ​រួមភេទ​ផ្សេងៗ ដោយ​យើង​មិនអាច​ពឹងផ្អែក​ទៅលើ​កម្មវិធី​ប្រើប្រាស់​ស្រោម​អនាម័យ​មួយរយ​ភាគរយ និង​មិនមែន​ផ្ដោតតែ​ផ្ទះបន​នោះទេ។ ដើម្បី​បញ្ចប់​នូវការ​ឆ្លងថ្មី​នៃមេរោគ​អេដស៍ ត្រូវធ្វើ​យ៉ាងណា​ឱ្យសារ​អប់រំ​របស់​យើង​បាន​ផ្សព្វ ផ្សាយ​ទៅលើ​ក្រុមប្រជាជន​ដែល​ប្រឈម​មុខខ្ពស់​ឱ្យមាន​ប្រសិទ្ធភាព។ បុរស​ជាច្រើន​ជាអ្នក​មានឥទ្ធិពល​ក្នុងការ​សម្រេចចិត្ដ​នៅពេល​រួមភេទ ជាមួយ​នារី​បម្រើ​សេវា​ផ្លូវភេទ ឬ​ជាមួយ​គូសង្សារ ទោះជា​នៅផ្ទះ​សំណាក់ ឬ​ផ្ទះបន​ក៏ដោយ។

អង្គការ​ដែល​ពាក់ព័ន្ធ​គួរតែ​បើកយុទ្ធនា​ការ​អប់រំ​ឱ្យបាន​ញឹកញាប់

ដោយឡែក​លោក ឡាន វណ្ណសេង មន្ដ្រី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជម្ងឺ​សើស្បែក កាមរោគ និង​អេដស៍៍​បានលើក​ឡើងថា “យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ថ្មីមួយ​សំដៅ​លើកកម្ពស់​ការ​ប្រព្រឹត្ដ​ផ្លូវភេទ​ដែលមាន​សុវត្ថិភាព​ក្នុង​ចំណោម​បុរស​ដែលជា​អតិថិជន នារី បម្រើ​សេវា​ផ្លូវភេទ គឺត្រូវ​បានយក​ចិត្ដទុក​ដាក់ពី​អង្គការ ឬក៏​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ។ លោកបន្ដ​ទៀតថា យុទ្ធនាការ​នេះផ្ដោត​សំខាន់​ទៅលើ​ការ​បង្កើន​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់ ក្នុង​ចំណោម​បុរស​ដែល​រួមភេទ​ជាមួយ​នឹង​ដៃគូ។

អង្គការ​​PSI​បង្កើនការ​ផ្សព្វផ្សាយ​ក្រោម​ប្រធានបទ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ ទើបជា​បុរស​ចេះទទួល​ខុសត្រូវ

ចំណែក​លោក គ្រីស ចូន នាយក​អង្គការ​​PSI​បានឱ្យ​ដឹងថា អង្គការ​បានធ្វើ​យុទ្ធនា​ការ​ស្ដីពី “​ការ​ប្រើប្រាស់​ស្រោម​អនាម័យ ទើបជា​បុរសចេះ​ទទួល​ខុសត្រូវ”។ ហើយ​កម្មវិធី​នេះបាន​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ភោជនីយដ្ឋាន​រាត្រី​៦ថ្ងៃ​ក្នុងមួយ​សប្ដាហ៍ តាមទី​កន្លែង គ្រឹះស្ថាន​រាត្រី ហាង​សាច់អាំង និង​បៀរហ្គាឌិន ដែលជា​កន្លែង​ដែល​បុរសចូ​លចិត្ដ​ទៅជួប​ជុំគ្នា។ លោក​បន្ដថា មូលដ្ឋាន​គ្រឹះ​នៃ​យុទ្ធនា ការនេះ​គឺ​ស្ថិតនៅ​លើក្រុម​ផ្សព្វផ្សាយ​ផ្ទាល់​ដែលមាន​សមាជិក​២៤គូ ធ្វើការ​ជាដៃគូ​នារី និង​បុរស។ ក្រុមនេះ​បានធ្វើ​ការ​ផ្សព្វផ្សាយ​ដល់់ក្រុម​បុរស​ដែល​ប្រឈម​មុខខ្ពស់ ដោយ​មានការ​លើក​ទឹកចិត្ដ និង​បង្កើត​បរិយាកាស​សប្បាយ​រីករាយ។ លោកបាន​បន្ថែម​ថា ក្រុម​ការងារ​នេះធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​គ្រឹះស្ថាន​កម្សាន្ដ​ជាង៨២០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ខេត្ដ​បាត់ដំបង ខេត្ដ​ព្រះសីហនុ និង​ខេត្ដសៀម រាប។ ជាទូទៅ​ការ​ប្រព្រឹត្ដ​ខាងផ្លូវ​ភេទ​របស់​បុរស​ជាមួយ​ដៃគូ​សង្សារ ជាមធ្យម​មានដៃគូ​១.៨នាក់​មាន​៦៨ភាគរយ​បង្ហាញ​ថា​ខ្លួនមាន​ដៃគូ​សង្សារ​ក្នុងពេល​តែមួយ​ជាមួយ​អ្នកដែល​អ្នកបាន​រួមភេទ ជាមធ្យម​៤.០៥​សកម្មភាព​រួមភេទ​ជាមួយ​ដៃគូសង្សារ​ក្នុងខែ​ចុងក្រោយ​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative