របប​សន្ដិសុខ​សង្គម​កំពុង​រួមចំណែក​ជួយ​សង្គ្រោះ​ហានិភ័យ​ការងារ​ដល់​កម្មករ​ក្នុង​សហគ្រាស

បេឡាជាតិ​នៃរបប​សន្ដិសុខ​សង្គម​នៅកម្ពុជា​កំពុង​ដើរតួ​យ៉ាង​សំខាន់នៅ​ក្នុង​ការដាក់​កំហិត​ឱ្យនិយោជក់​នៅតាម​សហគ្រាស​ទូទាំង​ប្រទេស​ត្រូវមាន​ការ​ចូលរួម​បង់ភាគទាន​ទៅតាម​ទំហំ​ប្រាក់ខែ និង​បរិមាណ​នៃចំនួន​កម្មករ​ដែលមាន​នៅក្នុង​សហគ្រាស​នីមួយៗ នោះ​ដើម្បី​ចូលរួម​ចំណែក​ជួយ​សង្គ្រោះ​ដល់​កម្មករ​ដែលបាន​រងគ្រោះ​ថ្នាក់​ដោយសារ​​​ការងារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ស៊ុំ សោភ័ណ នាយក​រងបេឡាជាតិ​របប​សន្ដិសុខ​សង្គម​(បសស)​បាន​​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង​ថា ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​ដល់​សុខភាព​កម្មករ​នៅក្នុង​សហគ្រាស​រដ្ឋាភិបាល​បានបង្កើត​នូវ​របប​នេះ។

ច្បាប់នៃ​បសស​ឬ​របប​សន្ដិសុខ​សង្គម​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ២០០២ និង​ចាប់ផ្ដើម​បង់ភាគទាន​នៅខែ​វិច្ឆិកា​ឆ្នាំ២០០៨​មកម្ល៉េះ បើគិត​មកដល់​ពេលនេះ​គឺមាន​រយៈពេល​ជាង២ឆ្នាំ​ហើយ។ លោក​ថ្លែងថា​បសស​ត្រូវបាន​ផ្ដោត​ទៅលើ​ខាង​វិស័យ​ឯកជន​ទាំងអស់​ដែល​ស្ថិតនៅ​ក្រោមច្បាប់​ស្ដីពី​ការងារ។ លោកថា “អ្នកណា​ក៏ដោយ​ដែល​ស្ថិតនៅ​ក្រោម​មន្ដ្រីរាជ​ការ​ស៊ីវិល ឬ​ក៏ លក្ខន្ដិកៈទូត យើង​មិនធ្វើ​ការ​គ្រប់គ្រង​ទេ ឧទាហរណ៍​ដូចជា​ធនាគា​រ​ADB World Bank អង្គការ WHO និង​ស្ថាប័ន​ធំៗ​មួយចំនួន​ទៀត។ ក្រៅពី​នោះ អង្គការ​ណាដែល​បានចុះ​បញ្ជីការ​នៅ​ក្រសួង​មហាផ្ទៃ​ស្ថិតនៅ​ក្រោម​ច្បាប់​ស្ដីពី​ការងារ គឺ​បេឡាជាតិ​ជាអ្នក​គ្រប់គ្រង”។

ជារៀង​រាល់ឆ្នាំ​កម្មករ​២លាននាក់​បានស្លាប់​ដោយសារ​គ្រោះថ្នាក់​ការងារ និងជម្ងឺ​ដែល​ពាក់ព័ន្ធនឹង​ការងារ។ នៅលើ​សកល​លោក​មាន​កម្មករ​ពី៣០​ទៅ៥០​ភាគរយ​បាន​រាយការណ៍​អំពី​គ្រោះថ្នាក់​លើ​រាងកាយ​ផល​ប៉ះពាល់​ពីជាតិ​គីមី ឬ​ជីវសាស្ដ្រ​ការងារ ធ្ងន់លើស​កម្លាំង ឬ​គ្រោះថ្នាក់​ជុំវិញ​បរិយាកាស​ការងារ​ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ។
កម្មករ​ឬនិយោជិក​ដែល​ស្ថិត​នៅក្នុង​សហគ្រាស​ដែលបាន​បង់ភាគទាន​ចូលទៅ​ក្នុង​បេឡាជាតិ ពួកគេ​នឹងបាន​ទទួល អត្ថប្រយោជន៍​ជាច្រើន​ពីរបប​នេះ។ ឧទាហរណ៍ នៅពេល​ដែល​កម្មករណា​ម្នាក់បាន​ទទួល​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​មកកាន់​សហគ្រាស ឬ​ចេញពី​សហគ្រាស​ត្រឡប់​ទៅផ្ទះ​វិញ និយោជក​ក្នុង​សហគ្រាស​នោះគឺ​មានភារៈកិច្ច​ជាអ្នក​សម្រប​សម្រួល ដោយធ្វើ​យ៉ាងណា​ឱ្យកម្មករ​ម្នាក់នោះ​បាន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​ការ​ចំណាយ​គឺខាង​បេឡាជាតិ​ជាអ្នក​រ៉ាប់រង។ លោក​ថ្លែងថា របបនេះ​មិន​ត្រឹមតែ​មានអត្ថ​ប្រយោជន៍តែប៉ុណ្ណឹង​ទេ ប៉ុន្ដែវា​មានអត្ថ​ប្រយោជន៍​ច្រើន​ទៀត ដូចជា​ពេលឈឺ​ទៅពិនិត្យ​ជម្ងឺ​នៅ​មន្ទីរពេទ្យដោយ​មិន​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ឡើយ និយាយ​រួមគឺ​ការ​ចំណាយ​ទៅលើ​គ្រោះថ្នាក់​ខាងបេឡាជាតិ​ជាអ្នក​ចេញ។

យោងតាម​របាយការណ៍​បេឡាជាតិ​របប​សន្ដិសុខ​សង្គម​ដែល​ទស្សនាវដ្ដី សុខភាពយើង ទទួលបាន​កាលពី​ថ្ងៃទី២៥​ខែមិថុនា បានឱ្យ​ដឹងថា​គិតមក​ដល់​ខែមេសាឆ្នាំ​២០១០​នេះ ចំនួនសហគ្រាស​ដែលបាន​ចុះបញ្ជីការ​មាន​ចំនួន១.៣២៤ ដែលមាន​និយោជិក​សរុប ៤១៣.២០៧នាក់ សហគ្រាស​គ្រឹះស្ថាន​បិទទ្វារ​៦១ និង​ព្យួរ​មាន៧។ ចំនួន​ភាគទាន​ដែល​បេឡាជាតិ​បាន​ទទួលមាន ៨.៨៤២.០៤២.៩០០រៀល ចំនួន​ភាគទាន​រដ្ឋឧបត្ថម្ភវិស័យ​កាត់ដេរ​ពីមក​រាដល់​វិច្ឆិកា ឆ្នាំ២០០៩ មាន​៣.១៨៥.៧៥៩.៨៥៩​រៀល។ លោក​ថ្លែងថា “យើងបាន​រកឃើញ​ថា នៅក្នុងឆ្នាំ​២០០៩​នេះចំនួន​កម្មករ​គ្រោះថ្នាក់​មាន​២.៤១៥​នាក់ ក្នុងនោះ​ស្លាប់​១៦នាក់ គ្រោះថ្នាក់​ធ្ងន់​១៧៦នាក់ ស្រាល​២.២២៣​នាក់”។

រូបភាពទស្សនាវដ្ដីសុខភាពយើង

បើតាម​លោក ស៊ុំ សោភ័ណ របបនេះ​បាន​អនុវត្ដ​ទៅកាន់​សហគ្រាស​ដែល​នៅទី​ក្រុងភ្នំពេញ ខេត្ដ​កណ្ដាល និង​ខេត្ដ កំពង់ស្ពឺ។ របបនេះ​កំពុងតែ​ចាប់ផ្ដើម​នៅក្នុង​ខេត្ដ-ក្រុង​ទាំង​៨ទៀត នៅក្នុងខែ​ឧសភា​នេះ ព្រមទាំង​ជំរុញ​ទៅកាន់​សហគ្រាស​ឱ្យបាន​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ចូលរួម។

លោក អាត ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បានឱ្យ​ដឹងថា ភាគច្រើន​មូលហេតុ​ដែល​នាំឱ្យកម្មករ​ទទួល​គ្រោះថ្នាក់​ដល់​សុខភាព​គឺ​បណ្ដាល​មកពី​ប្រាក់ឈ្នួល​របស់​ពួកគេ​ទាប ព្រោះ​វាគឺជា​បញ្ហាមួយ​ដែល​ទាំងអស់​គ្នា​ត្រូវគិត។ លោក​ថ្លែងថា “ប្រសិនបើ​ប្រាក់ខែ​កម្មករ​តិច នាំឱ្យ​មានការ​ចំណាយ​តិចតួច​បំផុត​ទៅលើ​អាហារ​ប្រចាំថ្ងៃ និង​អាហា​រូបត្ថ្ថម្ភ​ផងដែរ ដូច្នេះ​ការ​បរិភោគ​អាហារ​តិច ប៉ុន្ដែ​ពលកម្ម​ការងារ​ច្រើន​គឺវា​មិនអាច​ជួយដល់​សុវត្ថិភាព​សុខភាព​របស់​ពួកគេ​ទេ។ លោក​បន្ថែមថា “ពេលខ្លះ​កម្មករ​ខ្លះបាន​បង្ខំចិត្ដ​ធ្វើការ នៅក្នុង​រោងចក្រ​ដែល​ពោរពេញ​ទៅដោយ​សារធាតុ​គីមី កម្ដៅ និង​បរិយាកាស​ដែល​មិនល្អ​នៅក្នុង​រោងចក្រ​ដែរ។ ដូច្នេះ​សួរថាតើ​ការបង្ខំ​ចិត្ដនេះ​បណ្ដាល​មកពី​អ្វីដែរ”?

បញ្ហា​សុខភាព និង​សុវត្ថិភាព​នៅកន្លែង​ធ្វើការ​នៅក្នុង​ឧស្សាហ៍​កម្មករ​រោងចក្រ ក៏ដូចជា​គ្រោះថ្នាក់​ដោយសារ​ជាតិ​គីមី និង កង្វះការ​ការពារ​ពីគ្រោះថ្នាក់​បណ្ដាល​មកពី​ការ​ប្រតិបត្ដិ​ការ​ម៉ាស៊ីន និង​អគ្គីភ័យ ដែល​ជាញឹកញាប់​មិនបាន​យកចិត្ដ​ទុកដាក់​ចំពោះស្ដ្រី​ទេ ដែល​ភាគច្រើន​ពួកគេ​បាន​ទទួល​រងគ្រោះ​ពីបញ្ហា​សុខភាព​បន្ដពូជ ការ​បៀតបៀន​កេរ្ដិ៍ខ្មាស បញ្ហា​ផ្សេងៗ​ទៀត​បណ្ដាលមក​ពី​បរិយាកាស​ការងារ និងភាព​តានតឹង​ពាក់ព័ន្ធ​នឹង​ការងារ​ផងដែរ។

កញ្ញា សេង សុគន្ធា មន្ដ្រី​ប្រឹក្សា​សហគ្រាស​រោងចក្រ​កាន់តែ​ប្រសើរ​នៅកម្ពុជា​នៃអង្គកា​រ​ILO​បានប្រាប់​ឱ្យដឹង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ILO​បានបង្កើត​គម្រោង​ត្រួត​ពិនិត្យ​ក្នុងឆ្នាំ​២០០១​នៅតាម​សហគ្រាស​ច្រើនជាង​២០០​កន្លែង​ដែលបាន​ចុះបញ្ជី​ការជាមួយ​អង្គការ​ILO។ កញ្ញា​ថ្លែងថា “ឆ្លងកាត់​តាមការ​វាយតម្លៃ​ពាក់ព័ន្ធ​នឹងបញ្ហា​នៃ​លក្ខខណ្ឌ​ការងារ​ក៏ដូចជា​បញ្ហា​មួយចំនួន​ទៀត (សុវត្ថិភាព សុខភាព)​ជាដើម​នេះ យើងអាច​វាយ​តម្លៃ​ថា មាន​សហគ្រាស​មួយចំនួន​បានធ្វើ​ការកែ​លម្អ​ច្រើន ទៅលើ​ការ​អនុវត្ដន៍​ច្បាប់​ការងារ​បានយ៉ាង​សមរម្យ”។ កញ្ញាថា “យើងបាន​រកឃើញ​ថា ការ​អនុវត្ដន៍​លក្ខខណ្ឌ​សមរម្យ វាបាន​ឡើងខ្ពស់​រហូតដល់​ទៅ៩០%​ក្នុង​ចំណោម​សហគ្រាស​ចំនួន​២០០កន្លែង”។

កញ្ញា កែវ សម្ផស្ស កម្មការិនី​រោងចក្រ​កាត់ដេរ​យំវ៉ាង​បាននិយាយ​ឱ្យដឹង​ថា ទាក់ទង​ទៅនឹង​បញ្ហា​សុខភាព និង​សុវត្ថិភាព នៅកន្លែង​ធ្វើការ “ខ្ញុំ​ពិតជា​យល់​ដូចជា​ការ​លើកឡើង​របស់​អង្គការ​ILO​ពិតមែន ប៉ុន្ដែ​ជាក់ស្ដែង​ចំពោះ​ការចុះ​អនុវត្ដន៍​របស់​និយោជក គឺ​មិនបាន​ធ្វើឡើង​ដូចជា​ការ​វាយតម្លៃ​នោះទេ។ កញ្ញា​ថា “ជាក់ស្ដែង​ករណី​ខ្ញុំផ្ទាល់ នៅពេល​ដែល​ILO​ចុះមក​សាកសួរ​បានផ្ដោត​ទៅលើ​សំណួរ​ថា តើ​កម្មករ​កម្មការិនី​ទាំងអស់​មាន​បញ្ហា​ជួប​ប្រទះ​អីខ្លះ​នៅកន្លែង​ការងារ។ នៅពេល​នោះយើង​បាន​ប្រាប់អំពី​ការ​ឈរ​អស់​រយៈពេល​ចាប់ពី​៤ម៉ោង​នៅកន្លែង​ការងារ​ដោយ​មិនមាន​កន្លែង​អង្គុយ​សម្រាប់​ធ្វើការ​ឡើយ បន្ទាប់​មកយើង​ក៏បាន​ដាក់​សំណូមពរ​ទៅកាន់​ILO។ ប៉ុន្ដែការ​សំណូមពរ​នោះ​មិនបាន​សម្រេច​ឡើយ ដូច្នេះ​ខ្ញុំយល់​ថា បើទោះ​បីជា​មានការ​ត្រួតពិនិត្យ​ពិតមែន ប៉ុន្ដែ​រោងចក្រ​មួយចំនួន​នៅតែ​មិនទាន់​មានការ​អនុវត្ដន៍​ល្អប្រសើរ​នៅឡើយ​ទេ”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative