សិស្ស​ស្រី​បោះបង់​ការ​សិក្សា​កំពុង​កើនឡើង​នៅកម្ពុជា

យោងតាម​មន្ដ្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានឱ្យ​ដឹងថា អត្រា​នៃសិស្ស​ស្រី​ដែលចាប់ផ្ដើម​ពីថ្នាក់​អនុវិទ្យាល័យ​និង​វិទ្យាល័យ​ប្រឈមមុខ​នឹងការ​បោះបង់​ការ​សិក្សា​ច្រើន ដោយសារ​តែ​ជីវភាព​និងសង្គម​បច្ចុប្បន្ន។ ព្រោះថា​បច្ចុប្បន្ន​នេះ​ក្រុម​គ្រួសារ​មួយចំនួន​បាន​ចាត់ទុក​ថា កម្រិត​ជីវភាព​មិនអាច​បន្ដឱ្យ​កូនស្រី​សិក្សា​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​បាន​ដូចគេ​ដូចឯង​នោះទេ។ ដូច្នេះ​នៅពេល​ដែល​កូនស្រី​របស់ខ្លួន​ធំដឹង​ក្ដី ហើយ​មាន​អាយុ​កាល​គ្រប់គ្រាន់​គឺជំរុញ​ឱ្យរក​ការងារ​ធ្វើ ឬទៅ​បម្រើ​អ្នកដទៃ​ដើម្បី​យកកម្រៃ​មក​ផ្គត់ផ្គង់ ក្រុមគ្រួសារ​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ឪពុកម្ដាយ​ឱ្យប្អូនៗ​បន្ដការ​សិក្សា ឬបន្ដ​ជំរុញ​ឱ្យកូន​ប្រុស​សិក្សាបន្ដ​យកថ្នាក់​ធំទៅមុខ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មន្ដ្រី​ក្រសួង​អប់រំ​ដែលសុំ​មិនបញ្ចេញ​ឈ្មោះ​នោះបាន​លើកឡើង​ទៀតថា ការ​ថមថយ​នៃអត្រា​សិស្ស​ស្រីនេះ បាននឹង​កំពុង​ឱ្យសង្គម​ជួប​ប្រទះ​នូវវិបត្ដិ​ច្រើន ព្រោះ​ស្ដ្រី​បច្ចុប្បន្ននេះ​ងាយ​នឹងរងគ្រោះ​ដោយសារ​តែការ​បោក​បញ្ឆោត​របស់​ក្រុមសង្គម​ងងឹត​ដែលបាន​ឆ្លៀត​ឱកាស​ឆក់យក​ពលកម្ម​របស់ស្ដ្រី​ដើម្បី​ស្វែងរក​លាភសក្ការៈ ក៏ព្រោះ​តែស្ដ្រី​ទាំងនោះ​ខ្វះនូវ​ចំណេះដឹង ការ​ពិចារណា​នៅក្នុង​សង្គម នៅមាន​កម្រិត​ទាប ហើយ​ចុងក្រោយ​នារី​ទាំងនោះ​ក្លាយទៅ​ជាទាសី​ដាច់ថ្លៃ​គ្មានថ្ងៃ​ភ្លឺស្វាង​បាន​ឡើយ។ ការ​ថយចុះ​នៃ​ចំណេះដឹង​ទូទៅ របស់​សិស្ស​ស្រី​ចាប់ពីអនុវិទ្យាល័យ​រហូតដល់​វិទ្យាល័យ​ក៏ជា​សញ្ញា​គ្រោះថ្នាក់​មួយដ៏​ធ្ងន់ធ្ងរ​ថែមទៀត​ទៅលើ​វិស័យ​អប់រំ​សកល និង​បញ្ហា​សង្គម​ដែលជា​អ្នកទាញ​ទម្លាក់​ដល់​ពួកគេ​ឱ្យ​ជ្រើសរើស​ផ្លូវដើរ​ខុស ដោយ​បោះបង់​ការ​សិក្សា​ចោល ហើយ​សុខចិត្ដ​ទៅធ្វើ​ការបម្រើ​គេ ដើម្បី​ទទួល​កម្រៃ​តិចតួច​យកមក​ចាយវាយ ឬ​ផ្គត់ផ្គង់​គ្រួសារ។ ផលប្រយោជន៍​ដែល​ទទួលបាន​នោះ​ហាក់មិន​សមនិង​អាច​ទប់ទល់​ជីវភាព​បាន​នោះទេ។

ស្ដ្រី​មួយចំនួន​នៅតែ​ចាត់ទុក​ខ្លួនឯង​ថា ជាមនុស្ស​វិលមិន​ជុំចង្ក្រាន

ឪពុកម្ដាយ​និង​ស្ដ្រីមួយ​ចំនួន​ហាក់​នៅប្រកាន់​ខ្ជាប់នូវ​ពាក្យ​អត់​ប្រយោជន៍​មួយឃ្លា ដែល​គ្រាន់តែ​បន្លឺឡើង​មិនមែន​ជាផ្លូវ​ការ​នោះថា ស្ដ្រី​គ្រប់រូប​មិនអាច​វិលជុំ​ចង្ក្រាន​ឡើយ។ ពាក្យនេះ​ហើយ​បានជំរុញ​ស្ដ្រី​មួយចំនួន​ត្រូវ​បោះបង់​ការ​សិក្សា​ចោល​ទាំងវ័យ​ក្មេង ហើយ​យកពេល​វេលា​ដ៏មាន​តម្លៃនេះ​ទៅចំណាយ​ពេលអត់​ប្រយោជន៍​ដោយ​ប្រកាន់​យកឆន្ទៈ​ចាស់​គម្រិល ធ្វើឱ្យ​ខូចខាត​នូវ​សេចក្ដី ថ្លៃថ្នូរ​និងកិត្ដិយស​ដែលអាច​ទទួលបាន​ទៅថ្ងៃ​អនាគត។ ម្យ៉ាងទៀត​ឪពុកម្ដាយ​មួយចំនួន​បានដាក់​បន្ទុក​ឱ្យកូនស្រី​របស់ខ្លួន​ដើរ​តួជាអ្នក​រកលុយ​មកចិញ្ចឹម​គ្រួសារ​តែម្ដង ដោយ​មិនគិត​ពីផល​លំបាក​និងតម្លៃ​របស់កូន​ទៅលើ​ការងារ​មួយចំនួន​នោះ ដោយ​សម្អាង​ថា ធ្វើ​យ៉ាងណា​ឱ្យមាន​លុយ​សម្រាប់​គ្រួសារ​មានមុខ​មានមាត់ ឬ​កាត់បន្ថយ​ការខ្វះខាត​បាន ទោះបី​ការងារ​នោះ​ជះឥទ្ធិពល​មិនល្អ​ពីសង្គម​ក៏ដោយ។

សិស្សស្រី​មួយចំនួន​បាន​បោះបង់​ការ​សិក្សាចោល​កណ្ដាល​ទី ពួកគេ​បានលើក​ឡើង​ដោយចោទ​ប្រកាន់​ទៅលើ​បញ្ហា​ជីវភាព ទើប​ជំរុញ​ឱ្យរូបគេ​ត្រូវធ្វើ​យ៉ាងនេះ។ ម្យ៉ាងទៀត​សង្គម​បច្ចុប្បន្ន​គឺជា​សង្គម​ដែល​ចាយលុយ តើ​ពួកគេ​មានលុយ​ឯណា​សម្រាប់​បន្ដការ​សិក្សា​នោះ បើក្រុម​គ្រួសារ​របស់គេ​មិនអាច​ទំនុក​បម្រុង​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​បានល្អ​ផងនោះ។ ដូច្នេះ​ពួកគេត្រូវ​សម្រេច​ចិត្ដ បោះបង់​ចោលការ​សិក្សា​ដើម្បី​រក​ការងារ​ធ្វើយក​លុយ​មក​ចិញ្ចឹម​គ្រួសារ​វិញ។ ព្រោះថា​បើយក​ពេលវេលា​សិក្សា​មានតែ​ចំណាយ​លុយ​ផ្ទះ ហើយ​លទ្ធផល​នៃការ​សិក្សា​ក៏មិន​អាច​ទទួលបាន​ផ្លែផ្កា​ល្អដូចគេ​បានដែរ ដោយសារ​តែការ​ខ្វះខាត​ក្នុងការ​ចំណាយ​លុយ​សិក្សា ផ្សេងៗ​និង​សម្ភារៈ​មួយចំនួន​ប្រើប្រាស់​ក្នុងពេល​សិក្សា។

មន្ដ្រី​នាយកដ្ឋាន​ផែនការ​នៃការិយាល័យ​ស្ថិតិ​បានឱ្យ​ដឹងថា អត្រា​ធ្លាក់ចុះ​នៃសិស្ស​ស្រីចាប់​ពីអនុវិទ្យាល័យ​ដល់​វិទ្យាល័យ​នេះ គឺមាន​ការកត់​សម្គាល់​ថា មូលហេតុ​ចម្បង​នោះគឺ​ស្ដ្រីវ័យក្មេង​បច្ចុប្បន្ន​នេះមាន​ការ​ភ្លើតភ្លើន​ច្រើន​មិនសូវ​ចាប់​អារម្មណ៍​ក្នុងការ​សិក្សា​នោះទេ គឺ​ពួកគេចូលចិត្ដ​រក​ចំណូល​ចាយវាយ​ដោយ​ខ្លួនឯង ប្រសិនបើ​គ្រួសារ​នោះ​ជួប​ប្រទះ​នូវការ​ខ្វះខាត។ ចំពោះ​គ្រួសារ​អ្នក​ធូរធារ និង​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​វិញ ក៏ជា​សញ្ញាចុះ​ខ្សោយ​នូវកម្រិត​អប់រំ​ផងដែរ ប្រសិនបើ​ក្រុម​គ្រួសារ​នោះ​បណ្ដែត​បណ្ដោយ​ឱ្យ​កូនស្រី​របស់​ខ្លួន សិក្សា​នៅក្នុង​ស្រុក។ ចំពោះអ្នក​មាន​លុយ គេច្រើន​តែបញ្ជូន​កូន​របស់ខ្លួន​ទៅសិក្សា​នៅក្រៅ​ប្រទេស ព្រោះវា​អាចផ្ដល់​ចំណេះដឹង​​ច្រើន ហើយ​ជាការ​បញ្ចៀស​នូវការ​ដើរហើរ​ដោយ​សេរី​ជាមួយ​នឹង​ក្រុម​បក្សពួក​ដែល​ជាមិត្ដភក្ដិ​ក្នុង​សាលា​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អត្រា​ស្ថិតិ​របស់​សិស្សស្រី​សម្រាប់​ឆ្នាំ២០០៨-​២០០៩

យោងតាម​ស្ថិតិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​បានធ្វើ​ការ​ប្រៀបធៀប​ឃើញ​ថា អត្រា​រួមនៃ​ការចូល​រៀនថ្មី​របស់​សិស្សស្រី​មានការ​កើនឡើង​ជាងសិស្ស​ប្រុស​នៅថ្នាក់​ដំបូង​រហូតដល់​១៣៣.៦ ហើយ​សិស្សប្រុស​មាន​ត្រឹមតែ​២.៧​ប៉ុណ្ណោះ។ ចំពោះ​អត្រាពិត ចូលរៀន​ថ្មី​សរុប​ទាំងអស់​ទាំងសិស្ស​ប្រុស​និងសិស្ស​ស្រី​មានចំនួន​៩១.៩ ក្នុងនោះ​អត្រា​ចូលរៀន​ថ្មី​របស់​សិស្សស្រី​មាន​៩១.៧ នេះជា​កំណើន​មួយដែល​ខ្ពស់​បំផុត​សម្រាប់​សិស្សស្រី​ក្នុងឆ្នាំ​២០០៨-២០០៩​កន្លងមក​នេះ។ ដោយឡែក​អត្រា​រួមនៃ​ការសិក្សា​ដែលមាន​ចាប់ពី បឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ អត្រា​រួម​សរុប​មាន បឋម​សិក្សា​មាន​១២០.២ អនុវិទ្យាល័យ​៦១.៦ និង​វិទ្យាល័យ​២៨.២។ ហើយ​អត្រារួម​នៃការ​សិក្សា​សិស្សស្រី នៅ​បឋមសិក្សា​មាន​១១៨.២ អនុវិទ្យាល័យ​មាន​៥៩.២ និង​វិទ្យាល័យ​មាន​២៤.២។ រីឯ​អត្រាពិត​នៃការ​សិក្សា​សរុប​នៅ​បឋម​សិក្សា​៩៤.៤ អនុវិទ្យាល័យ​៣៣.៩ និង​វិទ្យាល័យ​មាន​១៦.៤។ អត្រាពិត​នៃការ​សិក្សា​សិស្សស្រី នៅ​បឋមសិក្សា​មាន​៩៤.០ អនុវិទ្យាល័យ​មាន​៣៥.០ និង​វិទ្យាល័យ​១៥.៧។ ចំពោះ​សិស្សស្រី​ឆ្លង​ភូមិសាស្ដ្រ​មកសិក្សា​សរុប​៧៨.៣ មាន​នៅ​បឋមសិក្សា ហើយ​អនុវិទ្យាល័យ​មាន​៧១.៣។

ចំនួន​សិស្សស្រី​និង​ភាគរយ​ដែលបាន​ចូលរៀន​ក្នុងឆ្នាំ​២០០៨-​២០០៩

ដោយឡែក​សម្រាប់​ស្ថិតិ​ភាគរយ​របស់​សិស្សស្រី​ដែលបាន​ចាប់ផ្ដើម​ចូលសិក្សា​ចាប់ពី​មត្ដេយ្យសិក្សា​រហូតដល់​វិទ្យាល័យ សម្រាប់​ឆ្នាំ​២០០៨​-២០០៩ មាន​ជារួម​មត្ដេយ្យ​សិក្សា​មានចំនួន​៤៥.០១២​នាក់ មានចំនួន​៤៩.៩៩​ភាគរយ បឋម​សិក្សា​មាន​ចំនួន ១.០៧៣.២៩២​គិតជា​ភាគរយ ៤៧.៤៣​ភាគរយ អនុវិទ្យាល័យ​មានចំនួន​២៨៧.១០៥ គិតជា​ភាគរយ​មាន​៤៧.៤០​ភាគរយ ចំពោះ​វិទ្យាល័យ​វិញមាន​ចំនួន​១២៣.៣៣៤​គិតជា​ភាគរយ​៤២.១៨​ភាគរយ។ សរុប​ទាំងអស់​ចំនួន​សិស្សស្រី​ដែលបាន​ចូលរៀន​ចាប់ពី​ថ្នាក់​មត្ដេយ្យ​រហូតដល់​វិទ្យាល័យ​មានចំនួន​១.៥២៨.៧៤៣​ស្មើនឹង​៤៧.០២​ភាគរយ។ មន្ដ្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បញ្ជាក់​ថា សិស្ស ស្រី​មានការ​កើនឡើង​នៅថ្នាក់​មត្ដេយ្យ​ក្នុងឆ្នាំ​២០០៩​នេះបើ​ធៀបទៅ​នឹងឆ្នាំ​២០០៨។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា​មន្ដ្រី​ក្រសួង​អប់រំ​យុវជន និងកីឡា​មានការ​ព្រួយបារម្ភ​ចំពោះ​សិស្សស្រី​ដែល​ស្ថិតក្នុង​កម្រិត​វប្បធម៌​ចាប់ពី​អនុវិទ្យាល័យ​រហូតដល់​វិទ្យាល័យ ដែល​បាន​បោះបង់​ការសិក្សា​ចោល​ដើម្បី​ទៅរក​ការងារ​ធ្វើដោយ​ខ្វះ​ចំណេះដឹង​ទូទៅ ដែល​ងាយឈាន​ទៅរក​ការ​ប្រឈម​មុខនឹង​គ្រោះថ្នាក់​ដល់​ខ្លួនឯង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative