វិធីពន្លាសក់

សក់អាចជួយលើកទម្រង់មុខ និងលើក​សម្រស់​ឱ្យ​ស្រស់ស្អាត។ មាន​លោកអ្នក​មិនតិច​ទេដែល​ប្រាថ្នា​ចង់បាន​សក់ទន់​ ភ្លឺរលោង ត្រង់រាបស្មើ និងចង់​បំបាត់ចោល​សក់ដែល​មានសភាព​រួញក្រញង់​ជាប់លលាដ៍​ក្បាល។ នៅពេល​នេះសូម​ឈប់ព្រួយ​បារម្ភ ទៀតទៅ ព្រោះបច្ចុប្បន្ន​នេះ​វិទ្យាសាស្ដ្រ​កាន់តែ​មានការ​រីកចម្រើន​ទៅមុខ​ជានិច្ច។ ក្ដីប្រាថ្នា​បំបាត់​សរសៃ​សក់រួញ​ក្រញង់ ចាប់យក​ សរសៃសក់​ទន់ភ្លឺ​ត្រង់រាប​ស្មើ​របស់​លោកអ្នកពិតជា​អាចធ្វើ​ទៅបាន​តាម​បច្ចេកទេស​​​​ទំនើប។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីដោះស្រាយនូវ​​បញ្ហានេះ អ្នកនាង ស្រីម៉ៅ នឹង​រៀបរាប់​ជូនលោកអ្នក តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ការស្វែងយល់ទៅលើសរសៃសក់

មុននឹងសម្រេចចិត្ដពន្លាសក់ លោកអ្នក​គួរ​គប្បីពិនិត្យ​មើល​ទៅលើ​ប្រភេទ​សរសៃសក់​ជាមុន​សិន តើត្រូវ​ជ្រើសរើស​យក ផលិតផលណា​មួយមក​ប្រើ។ ផលិតផល​សម្រាប់​ពន្លាសក់​ធ្វើឱ្យ​ត្រង់រាប​ស្មើ ភ្លឺរលោង​មានច្រើន​ប្រភេទ​ណាស់។ ដូចនេះ ដើម្បីចៀស​ វាងនូវ​ការខូច​សរសៃសក់ ឬឆេះនោះ លោកអ្នក​គួរគប្បី​ប្រុងប្រយ័ត្ន​ក្នុងការ​ជ្រើសរើស​ទឹកថ្នាំ​ឱ្យបានល្អ។​

របៀបអ៊ុតពន្លាសក់

នៅក្នុងវិធីសាស្ដ្រនៃការពន្លាសក់ត្រូវបាន​ចែកចេញ​ជាពីរ​ដំណាក់​កាល ៖

– ដំណាក់កាលទី១ ក្រោយពីបានពិនិត្យ និង​ជ្រើសរើស​នូវ​ប្រភេទ​ថ្នាំរួច ជាដំបូង​លោកអ្នក​ត្រូវ​កក់លាង​សម្អាតសក់ឱ្យ បានស្អាត​ជាមុន​សិន។ បន្ទាប់មក​ត្រូវផ្លុំ​សម្ងួត​សក់ឱ្យ​ស្ងួត ទើបយក​ប្រភេទថ្នាំ​ពន្លាសក់​ម្យ៉ាងដែល​ត្រូវទៅនឹង​ប្រភេទ​សរសៃសក់​ និង​ស្បែកក្បាល មកលាង​ឱ្យសព្វ​សរសៃសក់​ទាំងអស់​ពីគល់​រហូតដល់​ចុង រួចផ្អាប់ទុក។ ចំពោះ​រយៈពេល​នៃការ​ផ្អាប់ទុក គឺអាស្រ័យ ទៅតាម​ប្រភេទ​នៃ​សរសៃសក់។ ប្រសិនបើ​សក់ដែល​មាន​សរសៃស្ដើង ត្រូវផ្អាប់​រយៈពេល​ប្រមាណ​ជា១៥-២០នាទី ហើយត្រូវ​លាង សម្អាត​ចេញម្ដង។ ប៉ុន្ដែចំពោះ​សរសៃសក់​ដែលក្រាស់ គប្បីត្រូវ​ផ្អាប់​រយៈពេល​ប្រមាណជា​៣៥-៥០នាទី ទើបធ្វើ​ការលាង​សម្អាត​ចេញ។ ក្រោយពី​បានធ្វើ​ការលាង​សម្អាតរួច ហើយត្រូវ​ធ្វើការ​ផ្លុំសក់​ឱ្យស្ងួត​ម្ដងទៀត ទើបគាប​ចម្អិន​សរសៃសក់​សាជាថ្មី។

– ដំណាក់កាលទី២ បន្ទាប់ពីបាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ទី១រួច ត្រូវប្រើ​ផលិតផល​ពន្លាសក់​មួយប្រភេទ​ទៀត ដើម្បី ថែរក្សា និងធ្វើឱ្យ​សក់ត្រង់ល្អ។ ត្រូវយកផលិតផលទីពីរនេះ លាបសក់ឱ្យសព្វរួចចំហុយសក់ប្រមាណជា២០-៣០នាទី ទើបលាង សម្អាតចេញ។ ក្រោយមកសូមធ្វើការផ្លុំសម្ងួតសក់ម្ដងទៀត ហើយគាបចម្អិនសក់ជាលើកទីពីរជាការស្រេច។

វិធីការថែរក្សា

ក្រោយពីបានឆ្លងកាត់នូវការពន្លាសក់រួច លោកអ្នកគួរតែយកចិត្ដទុកដាក់ទៅលើការថែទាំវិញម្ដង។ ដើម្បីឱ្យសរសៃ សក់មានសុខភាពល្អ ត្រង់រាបស្មើ មានទម្ងន់ លោកអ្នកត្រូវតែកក់សក់ជាមួយប្រភេទសាប៊ូដែលត្រូវនឹងសុខភាពស្បែកក្បាល និង សរសៃសក់ចំនួន​៣ដង​ក្នុងមួយ​សប្ដាហ៍ ព្រមទាំង​ធ្វើការ​អប់សក់​ចំនួន២-៣ដង​ក្នុងមួយខែ។ ធ្វើបែបនេះ សរសៃសក់​របស់លោក​អ្នក ពិតជា​អាចរក្សា​នូវសម្រស់ និងភាពទន់​រលោង ត្រង់រាប​ស្មើល្អ​បានយូរ​ជាក់ជា​មិនខាន។

ប្រការគួរចៀសវាង

អ្វីដែលសំខាន់នោះ លោកអ្នក​គួរតែ​ចៀសវាង​នូវការ​ច្នៃម៉ូត​សក់​ញឹកញាប់​ពេក។ ចូរ​ថែរក្សា​សក់របស់​លោកអ្នក​កុំឱ្យ​ប៉ះជា​ មួយ​កម្ដៅខ្លាំង ដូចជា​ការគាប​សក់ដោយ​ម៉ាស៊ីន ការផ្លុំ​សម្ងួត ការចង​ដោយ​កៅស៊ូ ឬដោយ​តង្កៀប។ ព្រោះទង្វើ​ទាំងអស់​នេះ អាច​ធ្វើឱ្យ​សរសៃសក់​របស់លោក​អ្នកវិល​ត្រឡប់មក​រកភាព​រួញ​ដូចដើម​វិញបាន។

បណ្ដាំផ្ញើអ្នកជំនាញ

លោកអ្នកត្រូវចងចាំថា ទោះបីជាការ​ពន្លាសក់​ឱ្យត្រង់​អាចធ្វើ​បាននៅ​គ្រប់ទី​កន្លែង​ក្ដី។ ប៉ុន្ដែលោក​អ្នក​ត្រូវតែ​ជ្រើសរើស​ ឱ្យបាន​ត្រឹមត្រូវ ព្រោះសក់​ក៏ជា​ផ្នែកមួយ​សំខាន់នៅ​ក្នុងការ​ជួយលើក​កម្ពស់​សម្រស់។ ក្នុងករណី​ដែលលោក​អ្នកជ្រើស​រើស​ទីកន្លែង​ខុស ឬពុំ​មានការ​ថែទាំ​ត្រឹមត្រូវ មិនត្រឹមតែ​ធ្វើឱ្យ​បំណង​របស់​លោកអ្នក​មិនបាន​សម្រេច​នោះទេ ថែមទាំង​រឹតតែ​ធ្វើឱ្យ​សក់របស់​លោកអ្នក​ឆេះខូច​ថែម​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative