ពលរដ្ឋ​ប្រមាណ​៣០ភាគរយ​ក្នុងខេត្ដ​ចំនួន៣​នៅកម្ពុជា​មិនទាន់​ទទួលយក​ឥរិយាបថថ្មី​ស្ដី​ពីវិធានការ​បង្ការ ទប់ស្កាត់​ជម្ងឺ​គ្រុនផ្ដាសាយ​បក្សី H5N1

យោងតាម​ការ​អង្កេត​ស្រាវជ្រាវ​ថ្មី​របស់​អង្គការ​ឃែរ​កម្ពុជា ដែល​ទស្សនាវដ្ដី សុខភាពយើង បាន​ទទួល​កាលពីថ្ងៃ​ទី៣០ មិថុនា​នេះបាន​ឱ្យដឹង​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ច្រើន​ជាង​១០ម៉ឺននាក់​នៅក្នុង​ខេត្ដ​ចំនួន​៣នៅ​កម្ពុជា ដែលមាន​ខេត្ដ​ស្វាយរៀង ព្រៃវែង និង​កោះកុង មាន​ប្រជាពលរដ្ឋ​ប្រហែល​តែ៣០​ភាគរយ​ប៉ុណ្ណោះ ដែល​មិនទាន់​ទទួល​យកការ​អនុវត្ដន៍​នូវ​វិធានការ​ថ្មី​ដែល​និយាយ អំពី​ការ​បង្ការ​ទប់ស្កាត់​ជម្ងឺ​គ្រុន​ផ្ដាសាយ​បក្សី​​(H5N1)​នៅឡើយ​ទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក សុក សីហា មន្ដ្រី​សម្រប​សម្រួល​ថ្នាក់ខេត្ដ​នៃអង្គការ​ឃែរ (Care) បាន​ប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពី​ថ្ងៃទី ២៩ ខែ​មិថុនា​ថា តាមរយៈ​គម្រោង​កាត់បន្ថយ​ហានិភ័យ​នៃការ​ចម្លង​ជម្ងឺ​ផ្ដាសាយ​បក្សី​ត្រូវបាន​ជ្រើសរើស​មនុស្ស​ច្រើនជាង​១០ម៉ឺននាក់​នៅក្នុង​ខេត្ដចំនួន៣​ឱ្យ​ចូលរួម​អនុវត្ដ​ជាមួយ​គម្រោង​នេះ ហើយ​មនុស្ស​១០ម៉ឺន​នាក់នេះ គឺ​សុទ្ធតែ​ជាគ្រួសារ​ប្រកប​អាជីវកម្ម​ចិញ្ចឹម​មាន់។ លោក​បន្ដថា មុននឹង​ចាប់ផ្ដើម​ជ្រើសរើស​ចំនួន​មនុស្ស​ទាំងអស់នេះមក​ធ្វើការ​សាកល្បង អង្គការ​ឃែរ​បាន​ចាប់ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​មួយ​នៅឆ្នាំ​២០០៦ ដើម្បីធ្វើការ​វាស់ស្ទង់​ទៅលើ​កម្រិត​យល់ដឹង​ពាក់ព័ន្ធ​ទៅនឹង​វិធានការ​ទប់ស្កាត់ ក៏​ដូចជាការ​ចម្លង​ជម្ងឺគ្រុនផ្ដាសាយ​បក្សី​របស់​អ្នក​រស់នៅ​ក្នុង​តំបន់​ទាំងនោះ។ ក្រោយមក​ពួកគេ​បាន​រកឃើញ​ថា ការ​យល់ដឹង​របស់​អ្នក​រស់នៅ​តំបន់នោះ​នៅមាន​កម្រិត​ទាប​នៅឡើយ​ទេ។ ដូច្នេះ​អង្គការ​ឃែរ​បាន​រៀបចំ​គម្រោង​មួយ​ដែលមាន​ឈ្មោះ​ថា គម្រោង​កាត់​បន្ថយ​ហានិភ័យ​នៃការ​ចម្លង​ជម្ងឺ​ផ្ដាសាយ​បក្សី។ លោក​ថ្លែងថា យើង​ចង់ផ្ដល់​ឱ្យ​ពួកគេ​នូវ​ចំណេះដឹង​ដែល​និយាយ​អំពី​គ្រោះថ្នាក់​នៃការ​ចម្លង​ជម្ងឺ​បណ្ដាល​មកពី​សត្វបក្សី ព្រមទាំង​ផ្ដល់ឱ្យ​ពួកគេ​នូវ​ចំណេះដឹង​ស្ដីពីការ​ចិញ្ចឹម​មាន់ដែល​ប្រកប​ទៅដោយ​សុវត្ថិភាព និង​បាន​ទិន្នផល​ខ្ពស់​ថែមទៀត​ផង។

គម្រោង​កាត់បន្ថយ​ហានិភ័យ​នៃការ​ចម្លង​ជម្ងឺ​គ្រុនផ្ដា​សាយបក្សី​ត្រូវបាន​ចាប់ផ្ដើម​អនុវត្ដ​ចាប់ពី​ឆ្នាំ​២០០៦​ដល់ឆ្នាំ​២០០៩ និងបាន​ចំណាយ​អស់ថវិកា​ប្រមាណ​១៤១,៥០៤៨​ដុល្លារ សម្រាប់​ការ​អនុវត្ដន៍​ទៅលើ​ខេត្ដ​ទាំង៣​នេះ។ លោក​ថ្លែងថា​មនុស្ស​ច្រើន ជាង​១០ម៉ឺននាក់​ត្រូវបាន​ទទួល​អត្ថប្រយោជន៍​ពីគម្រោង ដែល​អត្ថប្រយោជន៍​នោះមិន​ត្រឹមតែ​ផ្ដល់ឱ្យ​ពួកគេ​នូវ​ចំណេះដឹង​តែមួយ​ផ្នែក​ទេ ប៉ុន្ដែ​ត្រូវបាន​ដាក់​បញ្ជូល​នូវការ​ឧបត្ថម្ភ​ផ្សេងៗ​ទៀត ដូចជា​ការផ្ដល់​មាន់​ដោយ​ឥតគិតថ្លៃ​ទៅកាន់​កសិករ​ដែលមាន​បំណង​បន្ដអាជីវកម្ម​ចិញ្ចឹម​មាន់ ការផ្ដល់​វ៉ាក់សាំង​បង្ការជម្ងឺ​មាន់ និងការ​ផ្ដល់​វត្ថុធាតុ​ដើម និងទុន​សម្រាប់​ធ្វើជា​ចំណី​មាន់​ថែមទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

បើតាម​លោក សុក សីហា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​៣០ភាគរយ​នេះ​មិនទាន់​ទទួល​យកនូវ​វិធានការ​ថ្មី​របស់​គម្រោង​នេះ គឺ​ដោយសារ​តែអ្នកខ្លះ​ខ្ជិល​មិន​ចូលរួម​ជាមួយ​ភ្នាក់ងារ​អនុវត្ដ​គម្រោង​ទេ រីឯ​អ្នកខ្លះ​ទៀត​មិនបាន​ធ្វើការ​ផ្លាស់ប្ដូរ​ទម្លាប់​ចាស់ ដោយ​នៅតែ​អនុវត្ដ​ការ​ចិញ្ចឹម​បែប​ផែនដដែលៗ ពិសេស​ទៅទៀត​នោះ ការ​ខូចទ្រង់​មាន់ និង​កត្ដា​មាន់ងាប់​ក៏ជា​មូលហេតុ​ធ្វើឱ្យ​ពួកគេ​មិនចង់​បន្ដ​អាជីវកម្ម​នេះ​ទៅមុខ​ទៀត។

អ្នកស្រី ជែកកឺលីន​ពីណាត់ អ្នក​សម្រប​សម្រួល​គម្រោង​ថ្នាក់​តំបន់​អង្គការ​ឃែរ​បានមាន​ប្រសាសន៍​នៅក្នុង​សិក្ខាសាលា​កាល ពីថ្ងៃទី២៨ មិថុនាថា មូលហេតុ​ដែល​អង្គការ​ឃែរ​ធ្វើការ​ជ្រើសរើស​ខេត្ដ​ទាំង៣​នេះមក​ធ្វើការ​អនុវត្ដន៍​គម្រោង​នេះ គឺ​ដោយសារ​តែ ខេត្ដព្រៃវែង និង​ស្វាយរៀង គឺជា​តំបន់​ដែលមាន​ព្រំប្រទល់​ជាប់នឹង​ប្រទេសវៀតណាម រីឯ​ខេត្ដកោះកុង​មាន​ព្រំប្រទល់​ជាប់នឹង​ប្រទេសថៃ។ ដូច្នេះ​តំបន់​ទាំង៣នេះ​អាចមាន​ឱកាស​ច្រើន​នៅក្នុង​ការ​នាំចូល​នូវប្រភេទសត្វ​ស្លាបថ្មីៗ​ដែលអាច​ចម្លងនូវ​មេរោគ​ផ្ដាសាយ​បក្សី H5N1 បាន។ អ្នកស្រី​ថាអ្វី​ដែលជាការ​រំពឹងទុក​គឺថា យើងបាន​ចាប់ផ្ដើម​អនុវត្ដ​គម្រោង​នេះ គឺ​គ្រាន់តែ​ចង់ឱ្យ​ប្រជា ពលរដ្ឋ​មានការ​ផ្លាស់ប្ដូរ​នូវ​ឥរិយាបថ​ទាក់ទង​និងការ​ការពារ​សត្វ​ចិញ្ចឹម​របស់​ពួកគេ​ដើម្បី​ធ្វើការ​ទប់ស្កាត់​នូវជម្ងឺផ្សេងៗ​ប៉ុណ្ណោះ។

ផ្អែក​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​អង្គការ​ឃែរ​ដែលបាន​បង្ហាញ​នៅក្នុង​សិក្ខាសាលាដោយ​ធ្វើការ​បាន​សប្រៀប​ធៀប​រវាង ការ​អង្កេត​ឆ្នាំ២០០៦​និងឆ្នាំ​២០០៩​បានបង្ហាញ​ថា នៅក្នុង​រយៈពេល​៤ឆ្នាំ​(២០០៦-២០០៩)​អត្រា​នៃការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ ក្នុងការ​អនុវត្ដន៍​ទៅលើការ​បង្ខាំងមាន់​ថ្មីទុក​ដោយឡែក​ពីមាន់​ចាស់​ក្នុង​រយៈពេល​១៤ថ្ងៃ ដើម្បី​បង្ការ​ការឆ្លង​ជម្ងឺ​ផ្ដាសាយ​ពីមាន់​ថ្មីទៅ​មាន់ផ្សេងៗ​ទៀត មានការ​កើនឡើង​ចាប់ពី​៣៨%​ទៅ៥៩%​ ចំពោះ​ខេត្ដព្រៃវែង និងខេត្ដ​ស្វាយរៀង។ ដោយឡែក​ខេត្ដ​កោះកុង​វិញ នៅក្នុង​រយៈពេល​ដូចគ្នា​នេះ អត្រា​ប្រជាពលរដ្ឋ​អនុវត្ដ​ការ​បង្ខាំង​មាន់​ទុកមាន​ពី៦៩%-​៧៣%។ ទាក់ទង​ទៅនឹង​ការ​រាយការណ៍​អំពី​បក្សីងាប់​និង​ឈឺ មាន​ប្រជាពលរដ្ឋ​ចាប់ពី​៥%ទៅ​៤០%​នៅក្នុង​ខេត្ដព្រៃវែង​បាន​រាយការណ៍។ ពី១០%​ទៅ៤០%​នៅក្នុង​ខេត្ដកោះកុង បាន​រាយការណ៍។ ទាក់ទង​ទៅនឹង​ការ​សម្លាប់​សត្វ និងការ​រៀបចំ​សត្វ​ដើម្បី​ធ្វើម្ហូប​អាហារ ឃើញថា​មានការ​ថយចុះ​ទៅវិញ​នៅពេល​ដែលការ​អង្កេត​លើកដំបូង​ក្នុងឆ្នាំ​២០០៦ មានការ​កើតមាន​រហូតដល់​ទៅ៤៣%​ ប៉ុន្ដែការ​អង្កេត​បញ្ចប់​គម្រោង​បាន​រកឃើញ​ថា មានការ​ធ្លាក់ចុះ​រហូត​សល់២៣%​ទេ។ រីឯខេត្ដ​កោះកុង​វិញ លើកដំបូង​មាន៤% ​រីឯចុង​បញ្ចប់​ធ្លាក់មក​នៅក្រោម​២%​ប៉ុណ្ណោះ។

លោក លី សុវណ្ណ អនុប្រធាន​ប្រយុទ្ធ​នឹងជម្ងឺ​ឆ្លងនៃ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថា លោក​ពិតជា​ដឹងថា មកដល់​ពេលនេះ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​ពាក់ព័ន្ធ​ទៅនឹង​វិធានការណ៍​ការពារ​ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​នៃជម្ងឺ​គ្រុនផ្ដាសាយបក្សី ប៉ុន្ដែ​អ្វីដែល​ជាការ​ព្រួយបារម្ភ​នោះ គឺការ​អនុវត្ដន៍​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ទៅវិញ​នោះទេ។ លោក​ថ្លែងថា យើង​នៅតែ​ជំរុញ ទៅកាន់​ថ្នាក់​មូលដ្ឋាន ដើម្បី​អ្នក​រស់នៅ​ក្នុង​សហគមន៍​បាន​យល់ដឹង​ច្រើនជាង​នេះ​ទាក់ទង​នឹងការ​រាតត្បាត​នៃជម្ងឺ​ផ្ដាសាយ​បក្សី។

បើតាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹងជម្ងឺ​ឆ្លងបាន​ឱ្យដឹង​ថា គិត​ចាប់ពីឆ្នាំ​២០០៥​រហូតមក​ដល់ថ្ងៃ​ទី៣០ ខែ​មិថុនា​នេះ អ្នកកើត​ជម្ងឺ​គ្រុន​ផ្ដាសាយ​បក្សី​​(H5N1)​​មាន​១០ករណី ក្នុងនោះ​ស្លាប់​៨នាក់ និង​២នាក់​ផ្សេងទៀត​ត្រូវបាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា។

យោងតាម​អង្គការ​សុខភាព​ពិភព​លោក​បានឱ្យ​ដឹងថា បើទោះបី​ជាចំនួន​មនុស្ស​នៅកម្ពុជា​បានឆ្លង​ជម្ងឺនេះ​មាន​ត្រឹមតែ​១០នាក់ ហើយ​អត្រា​ស្លាប់​វាមាន​ដល់ទៅ​៨នាក់​ក៏ដោយ​ប៉ុន្ដែស្ថានភាព​រងគ្រោះ​នេះ វា​មិនទាន់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​សម្រាប់​កម្ពុជា​នោះ។ ប៉ុន្ដែ​សម្រាប់​ប្រទេស​វៀតណាម​វិញ​បានកើត​មាននូវ​សភាព​ឈឺ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ករណី​បានឈាន​រហូត​ដល់ទៅ​១១៩ករណី​ឯណោះ រីឯការ​ស្លាប់​មាន​រហូត​ដល់ទៅ​៥៩ករណី។

លោកស្រី Cecilia Dy មន្ដ្រី​សម្រប​សម្រួល​គម្រោង​កម្មវិធី​ជម្ងឺគ្រុន​ផ្ដាសាយបក្សី​របស់អង្គការ​ឃែរ​កម្ពុជា​បានមាន​ប្រសាសន៍​ថា តាមរយៈ​ការ​ខិតខំ​ជំរុញ​នៅក្នុង​កម្មវិធី​នៅពេល​ខាងមុខ​ទៀត លោកស្រី​នៅមាន​ការ​ជឿជាក់​ថា និង​មានការ​កើនឡើង នូវការ​ផ្លាស់ប្ដូរ​ឥរិយាបថ។ លោកស្រី​ថ្លែងថា ៖ “ប្រសិន​បើអ្នក​ប្រៀបធៀប​ជាមួយ​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា និង​ស្ថានភាព​ក្នុងប្រទេស​វៀតណាម​នោះ វាមិន​ធ្ងន់ធ្ងរ​នោះទេ”។ លោកស្រី​ថា ៖ “យើង​គ្រាន់តែ​កើតមាន​ករណី​ជម្ងឺគ្រុន​ផ្ដាសាយ​នេះតែ​មួយ​ករណី​ប៉ុណ្ណោះ​ក្នុងមួយ​ឆ្នាំ ប៉ុន្ដែ​យើង​នៅតែ​មានការ​ប្រុងប្រយ័ត្ន​ទៅលើ​ជម្ងឺនេះ​ដដែល”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative