ទិវាយុវជន​អន្ដរជាតិ

ទិវាយុវជន​អន្ដរជាតិ​ជាទិវា​មួយ​ដែល​បង្កើតឡើង​ដើម្បី​ឱ្យមាន​ការ​ចូលរួម​ពី​សំណាក់មហាជន​ទូទៅ ជាពិសេស​យុវជន​ឱ្យមាន​ការ​ចូលរួម​ចំណែក​ធំបំផុត​ក្នុង​កាតព្វកិច្ច​ផ្សេងៗ​នៅក្នុង​សង្គម។ ទិវានេះ​ត្រូវបាន​ជ្រើសរើស​ធ្វើឡើង​នៅក្នុង​ថ្ងៃទី១២​ខែសីហា​ជាប្រចាំ ដែលមាន​ការ​ទទួល​ស្គាល់​ជាអន្ដរជាតិ គឺជា​ទិវា​ពិភពលោក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាងក្រោម​នេះ​គឺជា​ការ​រៀបរាប់​អំពី​ការបង្កើត​ទិវា​យុវជន​អន្ដរជាតិ និង​ប្រវត្ដិ​មួយ​ចំនួន ដែល​បកស្រាយ​ដោយ​កញ្ញា ម៉ៅ ពុទ្ធារ័ត្ន ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា និង​ជាអ្នក​សម្រប​សម្រួល​ដូច​ខាងក្រោម។

ប្រវត្ដិ​នៃការ​បង្កើត​ទិវា​យុវជន​អន្ដរជាតិ

ទិវា​យុវជន​អន្ដរជាតិ​បង្កើតឡើង​នៅ​អំឡុង​ឆ្នាំ​១៩៩៩ គឺ​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​បានចេញ​សេចក្ដី សម្រេច​ចិត្ដមួយ​ដើម្បី​ធ្វើការ​អនុម័ត​ទៅលើការ​ស្នើសុំ​នៅក្នុង​កិច្ចប្រជុំ “កិច្ចប្រជុំ​រដ្ឋមន្ដ្រី​របស់​យុវជន​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ” ដែល​ធ្វើឡើង​នៅទី​ក្រុង​ព័រទុយហ្គាល់ នៅក្នុង​ឆ្នាំ១៩៩៨។ កិច្ចប្រជុំ​នោះស្នើ​សុំឱ្យ​អង្គការ​សហ​ប្រជាជាតិ​អនុម័ត​នូវថ្ងៃ​១២សីហា ជាទិវា​អន្ដរជាតិ​របស់​យុវជន។ បន្ទាប់មក​នៅឆ្នាំ​១៩៩៩ ក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាតិ​ក៏យល់​ព្រម​តាមសំណើ​រដ្ឋមន្ដ្រី​របស់​យុវជន​នៅក្នុង​ឆ្នាំ១៩៩៨ថា ថ្ងៃទី១២​ខែសីហា​គឺជា​ទិវាអន្ដរជាតិ​របស់​យុវជន។

ទិវាយុវជន​អន្ដរជាតិ​បង្កើតឡើង​ដើម្បី​អ្វី?

ទិវានេះ​ផ្ដល់​នូវ​គាំទ្រ​ទៅដល់​សកម្មភាព​ផ្សេងៗ ​ដែលគេ​ធ្វើឡើង​ជំរុញ​ការយក​ចិត្ដទុក​ដាក់​ទៅលើ​យុវជន​នៅលើ​ពិភពលោក ហើយ​ជាពិសេស​នោះគឺ​ដើម្បី​គាំទ្រ​ទៅដល់​កម្មវិធី​មួយ​ដែល​គេហៅថា “កម្មវិធី​សកម្មភាព​របស់​យុវជន​នៅលើ​ពិភពលោក” ដែល​អង្គការ​សហ​ប្រជាតិ​បាន​អនុម័ត​ឡើង។ ជាទូទៅ​នៅតាម​បណ្ដាឆ្នាំ​កន្លងមក​ទិវានេះ​បានបង្កើត​ឱ្យមាន​ពីរ​ប្រធានបទ​ផ្សេងៗ​គ្នា ដើម្បី​ប្រារឰ​ទិវានេះ​ឡើង។ តែដោយ​ឡែក​ឆ្នាំនេះ​“២០១០”​គឺជាឆ្នាំ​ពិសេស​មួយ​ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​អនុម័ត​មួយទៀត នៅក្នុង​ឆ្នាំ២០០៩​ខែធ្នូ ដោយ​ប្រកាស​ថាទិវា​យុវជន​អន្ដរជាតិ​នៅក្នុង​ឆ្នាំ២០១០​គឺជា“​ឆ្នាំអន្ដរជាតិ​នៃ​យុវជន”។ ដូច្នេះ​ហើយ ត្រូវបាន​បន្ថែម​ពីលើ​ថ្ងៃ១២សីហា​ដែលយើង​មាន​ជារៀង​រាល់ឆ្នាំ ដែលជា​ទិវា​អន្ដរជាតិ​សម្រាប់​យុវជន។ ប៉ុន្ដែ​ក្នុងឆ្នាំ​២០១០​នេះគឺ​ជាឆ្នាំ​មួយថ្មី​ស្រឡាង​មួយដែល​អង្គការ​សហ​ប្រជាជាតិ​បានចេញ​នូវសេចក្ដី​សម្រេច​របស់ខ្លួន​ប្រកាស​ថា“នៅថ្ងៃ​ទី១២ សីហា ឆ្នាំ​២០១០ គឺជាឆ្នាំ​អន្ដរជាតិ​យុវជន​តែម្ដង”។ ហេតុនេះ​ឆ្នាំនេះ​ក៏ជា​ឆ្នាំមួយ​ដែល​ទើបនឹង​បើក​កិច្ច​ពិភាក្សា និងការ​យោគយល់​គ្នាថ្មី​ផងដែរ ដែល​ធ្វើឡើង​នៅ​ការិយាល័យ​ធំ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅទីក្រុង​ញូវយ៉ក។ មិន​ត្រឹមតែ​ការិយាល័យ​ធំ​នោះទេ សូម្បី​បណ្ដា​ប្រទេស​ផ្សេងៗ​ក៏ធ្វើការ​ប្រារឰ​ទិវានេះ​ឡើងដែរ ដើម្បី​អបអរសាទរ​ឆ្នាំអន្ដរជាតិ​សម្រាប់​យុវជន​ឆ្នាំ២០១០​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គោល​បំណង​នៃការ​បង្កើត​ទិវា​យុវជន​អន្ដរជាតិ

ទិវានេះ​បង្កើតឡើង​ក្នុង​គោល​បំណង​ចង់ឱ្យ​យុវជន​ទាំងអស់​មានការ​ចូលរួម​ចំណែក​ក្នុង​សង្គម និង​ដើម្បី​ឱ្យ​ពិភពល​លោក ចាប់​អារម្មណ៍​ចំពោះ​ការងារ​របស់​យុវជន ជាពិសេស​បញ្ហារបស់​យុវជន​ដូចយើង​ធ្វើ​រាល់ដង ដូចជា​ទិវា​សិទ្ធិមនុស្ស ទិវា​សិទ្ធិនារី​ជាដើម។ ទិវា​ទាំងនេះ​ធ្វើឡើង​ជាលក្ខណៈ​ជួបជុំ​គ្នាមួយ ដើម្បី​ឱ្យគេ​មានការ​ចាប់អារម្មណ៍​ចំពោះ​បញ្ហា​ដែល​ទាក់ទង​ជាមួយ​ប្រធានបទ​ដែល​បង្កើត​ឡើង។ ជារៀង​រាល់ថ្ងៃ​ទី១២សីហា អង្គការ​ជាង១០​បានជួប​ជុំគ្នា​ចូលរួម​ប្រារឰ​ទិវា​យុវជន​អន្ដរជាតិ​ដែល​យោងទៅ​តាម​ប្រធានបទ​របស់​ពិភពលោក​ដើម្បី​ឱ្យមាន​ការ​ចូលរួម​កាន់តែ​ច្រើន​របស់​យុវជន និង​ដើម្បី​ទាញនូវ​ចំណាប់​អារម្មណ៍​ជំរុញ​ដល់​រដ្ឋាភិបាល​ក្នុង​ប្រទេស​យើង​ឱ្យមាន​ការ​យល់ដឹង​អំពី​សកម្មភាព​របស់​យុវជន ហើយ​ចាប់​អារម្មណ៍​ចំពោះយុវជន។ ប៉ុន្ដែ​ចំពោះ​ទិវានេះ យុវជន​មួយចំនួន​នៅមាន​ការ​យល់ដឹង​តិចតួច​បំផុត​ថា ថ្ងៃទី១២សីហា​នេះជា​ទិវា​យុវជន​អន្ដរជាតិ បើយើង​ប្រៀបធៀប​ទៅនឹង​ទិវា​សិទ្ធិ​កុមារ អន្ដរជាតិ និង​ទិវាសិទ្ធិនារី​អន្ដរជាតិ។ ចំពោះ​ទិវាយុវជន​អន្ដរជាតិ គឺ​មានការ​ចាប់​អារម្មណ៍​តិចតួច​ណាស់។ គោល​បំណង​សំខាន់​បំផុត សម្រាប់​ទិវានេះ គឺ​កើតឡើង​គោលដៅ​ជំរុញ​លើការ​លើក​ទឹកចិត្ដ​របស់យុវជន​ចូលរួម​ក្នុង​ការងារ​ក្នុងការ​អភិវឌ្ឍន៍ និងឱ្យ​យុវជន​ចូលរួម ក្នុង​ដំណើរ​ការ​នៃការ​អភិវឌ្ឍន៍​ក្នុង​ឃុំ-សង្កាត់​របស់​គាត់​តាមរយៈ​ការ​ចូលរួម​ជាមួយ​នឹងការ​ស្វែងរក​បញ្ហា​ជាលក្ខណៈ​ដៃគូ​ក្នុងការ​អភិវឌ្ឍន៍​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដើម្បី​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ លើសពីនេះ​ទិវា​យុវជន​អន្ដរជាតិ​ក៏ជំរុញ​ឱ្យ​យុវជន ទាំងអស់​យល់ដឹង​អំពី​សុខភាព ចៀស​ផុតពី​បញ្ហាគ្រឿង​ញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ ព្រោះថា​យុវជន​គឺជា​សសរទ្រូង​តំណាង​ឱ្យ​ប្រទេស​ជាតិ​ទាំងមូល​ក្នុងកិច្ចការ​អភិវឌ្ឍន៍​ផ្សេងៗ​ផងដែរ។ សរុប​សេចក្ដី​មក ទិវា​យុវជន​អន្ដរជាតិ​មានន័យថា​គឺជា​វេទិកា​មួយ ដើម្បី​ឱ្យគេ​យល់ដឹង​អំពី​គោល​បំណង​សំខាន់ៗ​មួយចំនួន​ដើម្បី​ជំរុញ​ដល់សកម្មភាព​របស់​យុវជន​ក្នុង​ប្រទេស នូវអ្វី​ដែល​យុវជន​ធ្វើ​ទៅខាត និងអ្វី​ដែលធ្វើ​ចំណេញ។ ព្រោះថា​សកម្មភាព​ទាំងឡាយ​ដែល​យុវជន​ធ្វើនោះ គឺ​តម្រូវ​តាម​សុឆ្ឆន្ទៈ និង​ភាព​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ផងដែរ។

បណ្ដាំ​ផ្ញើ

ឆ្លៀតក្នុង​ឱកាស​ការ​រៀបចំ​នូវ​ទិវា​យុវជន​អន្ដរជាតិ​ខាងមុខ​នេះ “១២ សីហា ឆ្នាំ​២០១០” ក្នុងនាម​តំណាង​ឱ្យក្រុម​ប្រឹក្សា​យុវជន ស្នើឱ្យ​រដ្ឋាភិបាល​រៀបចំ​នូវទិវា​នេះឱ្យ​មាន​លក្ខណៈ​ធំដុំជាងមុន​ដែល​យើងអាច​ធ្វើបាន ឱ្យដូចជា​ទិវា​សិទ្ធិនារី​អន្ដរជាតិ​ជាដើម។ កន្លងមក​ឃើញថា មាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​អគ្គ​នាយកដ្ឋាន​យុវជន​ធ្លាប់បាន​ចូលរួម​ក្នុងការ​រៀបចំ​ទិវា​យុវជន​អន្ដរជាតិ​នេះដែរ តែមើល​ទៅវា​មិនមាន​ភាព​អធិកអធម​ដូចទិវា​អន្ដរជាតិ​ផ្សេងៗ​ឡើយ។ ដូច្នេះ​ហើយ​សូម​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ចូលរួម​ជ្រោ ជ្រែង​ឱ្យបាន​ច្រើន ជាពិសេស​ក្នុងឆ្នាំ​នេះតែ​ម្ដង។ ម្យ៉ាងទៀត​សូមឱ្យ​រដ្ឋាភិបាល​បន្ដការ​គាំទ្រ​ក្នុងការ​ជំរុញ​ចលនា​យុវជន​ក្នុង​ការងារ អភិវឌ្ឍន៍​របស់​យុវជន ជាពិសេស​គាំទ្រ​ទៅលើ​សង្គម​ស៊ីវិល អង្គការ​យុវជន និងការ​ចូលរួម​របស់​យុវជន​ដទៃ​ផងដែរ។ ចំពោះ​យុវជន ចូលរួម​ឱ្យបាន​ច្រើន​ក្នុងការ​យល់ដឹង​ផ្សេងៗ ជាពិសេស​ទិវាយុវជន​អន្ដរជាតិ​តែម្ដង។ ព្រោះ​នៅក្នុង​ឆ្នាំនេះ ទិវា​យុវជន​អន្ដរជាតិ​បាន​រៀបចំ​កម្មវិធី​ច្រើន​ហើយ​ប្លែក​ជាងឆ្នាំ​មុន ដោយ​មានការ​ចូលរួម​ដោយ​អង្គការ​ដទៃទៀត សូមឱ្យ​យុវជន​ចូលរួម​ក្នុង​ការងារ​នេះ ដើម្បី​លើកកម្ពស់​ទិវា​យុវជន​អន្ដរជាតិ​ឡើង​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ចូលរួម​ចំណែក​ក្នុង​សង្គម និង​ឱ្យមាន​ភាព​អធិកធម​ដូច​បណ្ដា​ទិវាអន្ដរជាតិ​ដទៃទៀត ដែល​ប្រទេស​កម្ពុជា​យើង​ប្រារឰ​ឡើង​ជាប្រចាំ​ឆ្នាំនោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative