ខ្ញុំ​ទល់នោម

ទល់​នោម គឺជា​រោគសញ្ញា​មួយ​ប្រភេទ​ដែល​ធ្វើឱ្យ​អ្នកជម្ងឺ​មានការ​ពិបាក​នៅក្នុង​ពេលនោម ដែល​បណ្ដាល​មកស្ទះ​នៅខាង​ចុង​ប្លោកនោម។ ហើយ​ការ​ស្ទះនេះ​អាច​បណ្ដាល​មកពី​មូលហេតុជាច្រើន ដូចជា​លោកអ្នក​អាច​កើតមាន​ជម្ងឺ​ដុំគ្រួស​នៅក្នុង​តម្រង​នោម ដុះសាច់​នៅក្នុង​ក្រពេញ​ប្រូស្ដាត មានការ​រលាក ឬក៏​លោកអ្នក​ធ្លាប់ធ្វើ​ការ​វះកាត់​ក្រពេញ​ប្រូស្ដាត។ ជម្ងឺនេះ​បាន​បង្កឱ្យ​អ្នកជម្ងឺ​មាន​ផលលំបាក​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ពិបាក​ពេលនោម ដែល​ធ្វើឱ្យ​មានការ​ឈឺចាប់​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក​វេជ្ជបណ្ឌិត ថុង សុខហ៊ាន ឯកទេស​វះកាត់​ប្រព័ន្ធ​ម៉ូត្រ​សាស្ដ្រ និងជា​អនុប្រធាន​នៃមន្ទីរពេទ្យ​ព្រះកុសុមៈ ពន្យល់​ឱ្យ​លោកអ្នក​បាន​ជ្រាប​ឱ្យកាន់តែ​ច្បាស់​អំពី​ជម្ងឺ​ទល់នោម​នេះ។

ទល់​នោម

ទល់​នោម គឺជា​រោគសញ្ញា​ឬជម្ងឺ​មួយ​ប្រភេទ​ដែលធ្វើ​ឱ្យ​អ្នកជម្ងឺ​មាន​ការពិបាក​នៅក្នុង​ពេលនោម ដូចជា​នោម​មិនចេញ ដោយ​មាន​ទឹកនោម​នៅក្នុង​ប្លោកនោម ទោះបី​អ្នកជម្ងឺ​ប្រឹងនោម​នៅតែ​នោម​មិនចេញ ជួនកាល​នោម​រួចហើយ​តែចង់​នោម​ម្ដងទៀត ព្រោះ​អ្នកជម្ងឺ​មាន​អារម្មណ៍​ថា នោម​មិនទាន់​អស់​ទឹកនោម។

មូលហេតុ​ទល់នោម

ជម្ងឺ​ទល់នោម​នេះ​បណ្ដាល​មកពី​មូលហេតុ​ជាច្រើន ដូចជា​ដោយសារ​មានការ​ស្ទះ​នៅចុង​របស់​ប្លោកនោម​ដែលធ្វើ​ឱ្យ​ទឹកនោម មិនអាច​ចេញមក​បាន។ ជម្ងឺ​ទល់នោម​នេះក៏​អាច​បណ្ដាល​មកពី​អ្នកជម្ងឺ​មានជម្ងឺ​ដុំគ្រួស ជម្ងឺ​ដុំសាច់​ក្រពេញ​ប្រូស្ដាត ឬក៏​ជម្ងឺ​ស្ទះផ្លូវនោម​ខាងក្រោម ដែលគេ​ហៅថា​(រូតេរា) ឬក៏​មានការ​រលាក និង​ធ្វើឱ្យ​ស្ទះ​ដែលបង្ក​ឱ្យកើត​មានជម្ងឺ​ទល់នោម ហើយ​ការ​រលាក​នោះ គឺ​បណ្ដាល​មកពី​មេរោគ។ លោកអ្នក​ដែលធ្លាប់​ធ្វើការ​វះកាត់​ក្រពេញ​ប្រូស្ដាត​ក៏អាច​ធ្វើឱ្យ​រលាកបាន​ដែរ ចំណែក​ឯការ​វះកាត់​ទៅលើ​អ្នកជម្ងឺ​គ្រោះថ្នាក់​ចរាចរ​ដោយ​បាក់ឆ្អឹង​ត្រគាក​ក៏ជា​មូលហេតុ​ដែលធ្វើ​ឱ្យមាន​ជម្ងឺ​ទល់នោម​បានដែរ។

រោគ​សញ្ញា​ជម្ងឺ​ទល់នោម

ដោយ​អ្នកជម្ងឺ​មាន​អារម្មណ៍​ថា ចង់នោម​តែពេល​ដែល​នោម​គឺនោម​មិនចេញ នៅពេល​ប្រឹងនោម​ក៏នោម​មិនចេញ​ដែរ ហើយ​ម្យ៉ាងទៀត​នៅពេល​នោម​គឺមាន​អារម្មណ៍​ថា តឹង​នៅថ្ងាស​ខាងក្រោម​ផ្ចិត។

ការ​ធ្វើរោគ​វិនិច្ឆ័យ

បើសិនជា​អ្នកជម្ងឺ​មកជួប​ជាមួយ​គ្រូពេទ្យ ដែលធ្វើ​ការ​ពិនិត្យ ដោយ​ស្ទាប​នៅក្រោម​ផ្ចិត​គឺមានប៉ោង ដោយសារ​ទឹកនោម​នៅកន្លែង​ប្លោកនោម​ច្រើន។ ហើយ​នៅពេល​ដែល​គោះ​មានអារម្មណ៍​ដូចជា​គោះ​ប៉ោងប៉ោង​ដែល​ដាក់ទឹក ជាពិសេស​នៅពេល​ដែល​សង្កត់ ខ្លាំង​ធ្វើឱ្យ​អ្នកជម្ងឺមាន​អារម្មណ៍​ឈឺនោម។ ដើម្បី​ឱ្យដឹង​ច្បាស់ អ្នក​ជម្ងឺ​ត្រូវតែ​ទៅមើល​អេកូ​ដើម្បី​បញ្ជាក់​កាន់តែច្បាស់។

ផល​ប៉ះពាល់​នៃជម្ងឺ​ទល់នោម

ជម្ងឺ​ទល់នោម​នេះបាន​បង្កឱ្យ​មានផល​ប៉ះពាល់​ដោយ​ចែកចេញ​ជាពីរ ដូចជា​ទីមួយ​ផល​ប៉ះពាល់​ភ្លាមៗ​មានន័យ​ថា បន្ទាប់​ពី​ទល់នោម​ធ្វើឱ្យ​អ្នកជម្ងឺ​ពិបាក​ទ្រាំ ឈឺចាប់​នៅថ្ងាស​ខាងក្រោម ឬ​ឡេះឡះ។ ទីពីរ​ផលប៉ះពាល់​នៃជម្ងឺ​ទល់នោម​រ៉ាំរ៉ៃ បើសិន​ជាជម្ងឺ​ទល់នោម ហើយ​មិនបាន​មកជួប​ជាមួយ​គ្រូពេទ្យ​អាចធ្វើ​ឱ្យសម្ពាធ​រុញ​ឡើង​ទៅលើ​ដែលអាច​ធ្វើឱ្យ​ខ្សោយ​តម្រង​នោម ឬ​ខូចតម្រង​នោម នេះ​នៅក្នុង​ករណី​ទល់នោម​រ៉ាំរ៉ៃ ជាពិសេស​អាចធ្វើ​ឱ្យខូច​ក្រលៀន​នៅខាងលើ​ថែមទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​ទល់នោម

វិធី​ព្យាបាល​ជម្ងឺ​ទល់នោម​គឺមាន​ពីរ​ដំណាក់ ទីមួយ​ត្រូវដាក់​សុង ឬ​ទុយោ​តាមផ្លូវ​នោម​ខាងក្រោម។ ទីពីរ​បើសិន​ជាអ្នក​ជម្ងឺ មិនអាច​ដាក់សុង ឬ​ទុយោ​បាន គឺត្រូវ​ចោះចូល​ទៅក្នុង​ប្លោកនោម​ដើម្បី​ឱ្យ​ទឹកនោម​ចេញមក​ក្រៅ។ ហើយ​វិធី​ព្យាបាល​គឺត្រូវ​ទាមទារ គ្រូពេទ្យ​ឯកទេស​ច្បាស់លាស់​និងមាន​អនាម័យ ចៀសវាង​កើតមាន​បញ្ហា​ក្រោយពេល​ដែលធ្វើ​ការ​ព្យាបាល។

វិធី​ការពារ​ដើម្បី​កុំឱ្យ​កើតមាន​ជម្ងឺ​ទល់នោម

វិធី​ការពារ​ដើម្បី​កុំឱ្យ​កើតមាន​ជម្ងឺ​ទល់នោម​ស្រាល និង​កើតមាន​ជម្ងឺ​ទល់នោម​ធ្ងន់ធ្ងរ មាន​ដូចជា ៖

  • នៅក្នុង​ករណី​ដែលអ្នក​ជម្ងឺ​ពិបាកនោម​(នោមប្រឹង ចេញ​ទឹកនោម​តិចៗ នៅពេល​នោម​អ្នកជម្ងឺ​មានអារម្មណ៍​នៅសល់​ទឹកនោម​នៅក្នុង​ប្លោកនោម ឬនោម​មិនអស់​ទឹកនោម​នៅក្នុង​ប្លោកនោម) អ្នកជម្ងឺ​ត្រូវមក​ជួប​គ្រូពេទ្យ​ដើម្បី​រកមូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើតមាន​ជម្ងឺនេះ។
  • ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជម្ងឺ​ទល់នោម លោកអ្នក​ត្រូវមក​ជួប​គ្រូពេទ្យ​ផ្នែក​តម្រងនោម​ដើម្បីរក​រោគវិនិច្ឆ័យ ឧទាហរណ៍ ដូចជា​មនុស្ស​ប្រុស​អាយុ​លើសពី​៥០ឆ្នាំ ត្រូវមក​ពិនិត្យ​មើលថា តើលោកអ្នក​មានជម្ងឺ​ដុះ​ក្រពេញ​ប្រូស្ដាត​ដែរឬ​ក៏អត់។
  • នៅក្នុង​ករណី​ដែល​លោកអ្នក​ធ្លាប់​វះកាត់​នៅលើ​ក្រពេញ​ប្រូស្ដាត បើសិនជា​លោកអ្នក​ថាពិបាក​នៅក្នុង​ពេលនោម​និងនៅក្រោយ​ពេល​វះកាត់ ត្រូវ​ត្រឡប់​ទៅជួប​គ្រូពេទ្យ។
  • បើសិនជា​លោកអ្នក​ធ្លាប់​កើតមាន​គ្រោះថ្នាក់​ចរាចរ​បាក់ឆ្អឹក​ត្រគាក ឬក៏​អ្នកជម្ងឺ​ធ្លាប់​ដាច់​អង្រឹង​អុកគូទ ហើយ​ក្នុង​រយៈពេល​ពី៥​ទៅ៦ខែ​បន្ទាប់មក លោកអ្នក​មាន​អារម្មណ៍​ថាពិបាក​នោម ដូចនេះ​ត្រូវទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ចៀងវាង​កើតមាន​ជម្ងឺ​ទល់នោម។
  • ចំពោះ​លោកអ្នក​ដែលមាន​អារម្មណ៍​នោមឈឺ ដែល​កើតឡើង​ដោយ​សារការ​រលាក​ដែល​បង្កឡើង​ពីមេរោគ លោកអ្នក​ត្រូវ​ប្រញាប់​ទៅជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​ចៀសវាង​កើតមាន​ជម្ងឺ​ទល់នោម។ ជាពិសេស​ដើម្បី​កុំឱ្យ​កើតមាន​ការ​រលាក​នេះ លោកអ្នក​ត្រូវតែយល់​ថាការ​រលាក​កើតឡើង​ដោយសារ​ជម្ងឺ​ឆ្លងមក​ពីការ​រួមភេទ ដូចនេះ​មិនត្រូវ​ទៅរួម​ភេទ​នៅខាង​ក្រៅនោះទេ​(ដៃគូ​ច្រើន)។ បើសិនជា​មានដៃគូ​ច្រើន ត្រូវមាន​វិធានការ​ការពារ​ដោយ​ប្រើស្រោម​អនាម័យ។ ហើយការ​ប្រើស្រោម​នេះគឺ​មានសារ​ប្រយោជន៍​ណាស់​ដែលអាច​ជួយ​ការពារ​ជម្ងឺ​ឆ្លង ជាពិសេស​ជម្ងឺ​កាមរោគ​និង​មេរោគ​អេដស៍​ថែមទៀត​ផង។
  • ទឹក​គឺជា​ឱសថ​ដែលអាច​ជួយ​ការពារ​ការកើត​មាន​ដុំគ្រួស​នៅក្នុង​តម្រងនោម ដែលជា​ហេតុធ្វើ​ឱ្យកើត​មានជម្ងឺ​ទល់នោម។ ដូចនេះ​ដើម្បី​ចៀស​ផុតពី​ជម្ងឺនេះ លោកអ្នក​ត្រូវតែ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន។

ដំបូន្មាន​អ្នក​ជំនាញ

ជម្ងឺ​ទល់នោម គឺជា​ជម្ងឺ​ដែលធ្វើ​ឱ្យ​លោកអ្នក​មានការ​លំបាក​នៅក្នុង​ការ​នោម ដូចនេះលោកអ្នក​ត្រូវតែ​ទៅជួប​ជាមួយ​គ្រូពេទ្យ បើសិនជា​លោកអ្នក​កើតមាន​ករណី​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ។ ចំពោះ​បុរស​ដែលមាន​អាយុ​ពី៤៥​ឡើងទៅ ដោយ​លោកអ្នក​មាន​អារម្មណ៍​ថា នោម​ញាប់​នៅពេល​យប់​គឺត្រូវ​ទៅធ្វើ​រោគវិនិច្ឆ័យ​ជាមួយ​គ្រូពេទ្យ​ថាតើ​លោកអ្នក​មានជម្ងឺ​នៅលើ​ក្រពេញ ប្រូស្ដាត​ដែរ​ឬអត់។ តែបើ​សិនជា​មិនបាន​ទៅធ្វើ​រោគវិនិច្ឆ័យ​នោះ នៅថ្ងៃណា​មួយ​លោកអ្នក​អាចនឹង​កើតមាន​ជម្ងឺ​ទល់នោម ដែលអាច​ធ្វើឱ្យ​មានការ​លំបាក​ប្រសិន​បើជម្ងឺ​នេះកើត​ឡើង​នៅយប់​ព្រលប់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative