សំណង់​ផ្ទះតាម​វប្បធម៌

វប្បធម៌​នៃប្រទេស​នីមួយៗ​តែងមាន​លក្ខណៈ​ខុសពី​គ្នា ទាំងការ​រស់នៅ ចំណីអាហារ និង​សម្លៀក​បំពាក់​ជាដើម។ យ៉ាងណា​មិញ​សម្រាប់​សំណង់​ផ្ទះ​ក៏មាន​លក្ខណៈ​វប្បធម៌​ប្លែកៗ​ពីគ្នាទៅ​តាម​តំបន់ ឬ​ប្រទេស​រៀងៗខ្លួន​ផងដែរ។ សំណង់​ផ្ទះ​ទៅតាម​លក្ខណៈ ​វប្បធម៌​គឺមាន​ដើម​កំណើត​សម្រាប់​ប្រទេស​នីមួយៗ​ដែលមាន​ជាទំនៀម​ទម្លាប់​តាំងពី​បុរុម​បុរាណ​មកម្ល៉េះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បកស្រាយ​ពីសំណង់​ផ្ទះ​ទៅតាម​វប្បធម៌​ជូន​ប្រិយមិត្ដ​ឱ្យ​កាន់តែ​ជ្រាប​ច្បាស់​ជាងនេះ​ទៅទៀត​នោះ ទស្សនាវដ្ដី សុខ ភាពយើង បានបន្ដ​ជួប​ជាមួយ​លោក ជា សារិន នាយក​ក្រុមហ៊ុន​គ្រីនហ្គោល។

សំណង់​ផ្ទះ​វប្បធម៌​ខ្មែរ

ប្រទេស​នីមួយៗ​តែងមាន​ការ​សាងសង់ និង​ចម្លាក់​ក្បាច់ក្បូរ​រចនាម៉ូត​ផ្ទះ​ប្រចាំ​ប្រទេស​ឬ​តំបន់របស់​ខ្លួន ដូចជា​ប្រទេស​កម្ពុជា​ដែរ។ ការ​សាងសង់​តាម​លក្ខណៈ​វប្បធម៌​អាច​កកើតឡើង​ដោយសារ​មាន​ទាក់ទង​ទៅនឹង​ការ​ទប់ស្កាត់​កត្ដា​អាកាសធាតុ​ដែល​ចាំបាច់​ត្រូវតែ​សាងសង់​ទៅតាម​លក្ខណៈ​នៃតំបន់​ទាំងនោះ។ ដូចជា​តំបន់​វាល​ទំនាប ការ​សាងសង់​ផ្ទះ​នៅតំបន់​នេះគឺ​ត្រូវមាន​លក្ខណៈ​ឱ្យផុត​ពីដី។ រីឯ​សម្រាប់​តំបន់​ខ្ពង់រាប ការ​សាងសង់​ផ្ទះគឺ​ត្រូវមាន​លក្ខណៈ​ជាប់​ផ្ទាល់ពីដី​តែម្ដង ហើយ​ជាសំណង់​ទាបៗ ដើម្បី​គេចពី​បញ្ហា​អាកាសធាតុ និង​តំបន់មាត់​សមុទ្រ​ជាដើម។ ផ្ទះគឺ​សាងសង់​ដោយ​មិនឱ្យ​ខ្យល់​រត់ឆ្លងកាត់​ក្នុង​អគារ ឬ​ផ្ទះច្រើន​នោះទេ។ ការ​សាងសង់ផ្ទះ​ដែលផ្ដោត​ទៅលើ​បញ្ហា​អាកាសធាតុ​បាន​ក្លាយទៅ​ជាវប្បធម៌​មួយដែល​ប្រជាពលរដ្ឋ​ត្រូវតែសាងសង់​ក្នុង​លក្ខណៈ​ដូចៗគ្នា​ទាំងអស់។ ការ​សាងសង់​ផ្ទះ​ទៅតាម​លក្ខណៈ​វប្បធម៌​ក៏អាច​កើតមាន​ដោយសារ​អត្ថប្រយោជន៍​ដ៏យូរ​អង្វែង​នៃ​សំណង់ផ្ទះ​នោះ​ផងដែរ ហើយ​យូរៗក៏​ក្លាយជាវប្បធម៌​តែម្ដង។

សំណង់​វប្បធម៌​ខ្មែរ​មានពីរ​បែប

ការ​សាងសង់​ផ្ទះ​ដែលមាន​លក្ខណៈ​វប្បធម៌​គឺចែក​ជាពីរ ដែលអាច​សម្គាល់​បានថា​នេះជា​សំណង់​វប្បធម៌ខ្មែរ​ដែល​មិនអាច​មាន​អ្នកណា​លួចចម្លង​រូបរាង ចម្លាក់ ក្បូរក្បាច់ និង​ធាតុពិត​នៃស្នាដៃ​របស់ខ្មែរ​បាន​នោះទេ។

1 . វប្បធម៌​មើលឃើញ ៖ គឺជា​រូបរាង​ផ្ទះខ្មែរ មាន​ដូចជា​ផ្ទះប៉ិត ផ្ទះកន្ដាំង ផ្ទះ​រោងដឿន និង​ផ្ទះរោង​ដោល​ជាដើម ដូចនេះ​ទម្រង់​ដែលបាន​ឃើញ​គឺអាច​កំណត់​សម្គាល់​បានថា​ជាសំណង់​ផ្ទះនៅក្នុង​ស្ថាបត្យកម្ម​ខ្មែរ​ដែល​កំណត់​ទៅតាម​រូបរាង​ដំបូល។ កាលណា​ដំបូល​មាន​ប៉ិតបួន​ជ្រុង ឃើញ​ក្បឿង​ទាំងបួន​ជ្រុង គេហៅ​ថាផ្ទះ​ប៉ិត ប៉ិត១ខ្នង ប៉ិត២ខ្នង ឬ​ប៉ិត៣ខ្នង​ជាដើម។ ផ្ទះ​កន្ដាំង​មាន​ហោជាង មាន​ដំបូល​ពីរ ផ្ទះ​រោងដឿន​មាន​រូបរាង​ដូចផ្ទះ​កន្ដាំង​តែមាន​ស្លាប​ចំហៀង។

2 . វប្បធម៌​មើល​មិនឃើញ ៖ គឺជា​ដួងព្រលឹង​ទាក់ទង​ទៅនឹង​អបិយ​ជំនឿ​ដែលថា​ផ្ទះខ្មែរ​មានហោណាំង ល្វែងច័ន្ទ ល្វែងជ័យ និង​បន្ទប់​កូន​ក្រមុំ ហើយ​ផ្ទះបាយ​ត្រូវ​សាងសង់​នៅខាង​ក្រៅ។ ការ​សាងសង់​ទាំងនេះ​គឺជា​បញ្ហា​ដែល​ទាក់ទង​ទៅនឹង​ជំនឿ​របស់ខ្មែរ​តាំងពី​ជំនាន់មុន​មកម្ល៉េះ។ កត្ដា​ទាំងអស់​នេះហើយ​ដែលបាន​បង្ហាញ​ចេញឱ្យ​ឃើញ​ជាចរិត​លក្ខណៈ​នៃ​សំណង់ផ្ទះ​វប្បធម៌​ខ្មែរ។

ដំបូន្មាន​អ្នក​ជំនាញ

សព្វថ្ងៃ​មាន​សំណង់ផ្ទះ​ជាច្រើន​ដែលមាន​លក្ខណៈ​វប្បធម៌​លាយឡំ​គ្នា ដូចជា​វីឡាកូនកាត់ វីឡាតឿ ឬ​ផ្ទះ​ដែលមាន​ក្បាច់ក្បូរ​ចម្លាក់ខ្មែរ​លាយនឹង​ម៉ូត​អឺរ៉ុប​ជាដើម។ បើសិន​ជាយើង​និយាយ​ពីការ​សាងសង់​ទៅតាម​លក្ខណៈ​វប្បធម៌​នីមួយ​គឺ​មិនអាច​រៀបរាប់​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះទេ ដោយសារ​តែការ​បញ្ចេញ​ស្ថាបត្យកម្ម​ទំនើប​កាន់តែ​វិវឌ្ឍន៍​ដោយ​មានការ​បូកបញ្ចូល​ម៉ូត​វប្បធម៌​ដែលមាន​តាំងពី​យូរយារ​មកហើយ។
(សូមអាន​បន្ដ​នៅលេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative