បទពិសោធន៍អ្នកជម្ងឺភ្លឺ

ជម្ងឺភ្លឺគឺជាជម្ងឺមួយប្រភេទដែលមិនមាន​លក្ខណៈ​​កាច​សាហាវ​​ដូចជា​​ជម្ងឺ​ដទៃ​​​ទៀតទេ ហើយក៏​​មិនបង្ក​​ឱ្យមាន​​ផល​ប៉ះពាល់​​ដល់​អាយុ​​ជីវិត​​របស់​​លោកអ្នក​​ឡើយ។ ប៉ុន្ដែ​​ប្រសិន​​បើ​​លោកអ្នក​​មិនធ្វើ​​ការ​ព្យាបាល​​ឱ្យបាន​​ទាន់ពេល​​វេលាទេ​ វានឹង​​បណ្ដាលឱ្យ​​​មេរោគ​ផ្សិត(មេរោគជម្ងឺភ្លឺ) មានសភាព​កាន់តែ​រីករាល​ដាល​ពីកន្លែង​មួយទៅ​កន្លែងមួយ​ជា​មិនខាន និងធ្វើ​ឱ្យ​លោកអ្នក​បាត់បង់​នូវថវិកា ​និង​ពេលវេលា​ទៀតផង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក គ្រី ធី អាយុ២៩ឆ្នាំ មានស្រុក​កំណើតនៅ​ស្រុកស្អាង ខេត្ដកណ្ដាល ប្រកប​របរ​រកស៊ី​នៅទី​ក្រុងភ្នំពេញ។ លោកបាន​រៀបរាប់​អំពីផល​លំបាក​នៃជម្ងឺភ្លឺ ដើម្បីឱ្យ​មិត្ដអ្នក​អាន​បានជ្រាប។

លោក គ្រី ធី បានរៀប​រាប់ប្រាប់​ទស្សនាវដ្ដី សុខភាពយើង ឱ្យដឹងថា លោកមិន​ដឹងថា​លោកកើត​មានជម្ងឺ​នេះតាំង​ពីពេលណា​នោះទេ។ ដោយរោគ​សញ្ញាមុន​ដំបូងកើត​មាននៅ​លើខ្នង​ហើយមាន​ពណ៌ស និងមាន​អារម្មណ៍​ថា​ស្កៀបៗ ដូចជាបែក​ញើសដែរ។  ដោយមិន​មានការ​អើពើ​យកចិត្ដ​ទុកដាក់​ចេះតែ​បណ្ដោយ​ទៅៗ ទើបវា​កាន់តែ​មាន​សភាព​រីករាល​ដាល​ពី​កន្លែង​មួយទៅ​កន្លែងមួយ ឬ ចេញត្រង់​នេះបន្ដិច​ត្រង់នោះ​បន្ដិច ទើបលោក​សម្រេចចិត្ដ​ទៅពិនិត្យ​រោគ​សើស្បែក​នៅ​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត ដើម្បីឱ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ។ បន្ទាប់ពី​ពិនិត្យ គ្រូពេទ្យបាន​ឱ្យថ្នាំលេប​និងលាប ហើយឃើញ​ថា​សភាព​នៃជម្ងឺ​នេះកាន់​តែមាន​សភាព​អន់ថយ​បន្ដិច​ម្ដងៗ​រហូតទាល់​តែជា​បាត់។

លោក គ្រី ធី បានបន្ថែម​ទៀតថា កាលដែល​លោកមាន​ជម្ងឺភ្លឺ​ប្រហែល​ជាអាច​បណ្ដាល​មកពី​សាច់គោ សាច់ជ្រូក ងាវ មឹក  ព្រោះលោក​ជាមនុស្ស​ម្នាក់ដែល​ចូលចិត្ដ​ទទួលទាន​សាច់។

យោបល់របស់អ្នកជំនាញ

លោកស្រីវេជ្ជបណ្ឌិត ហាង មុំ ឯកទេស​ជម្ងឺ​សើស្បែក នៅគ្លីនិក​ស្បែក និងកាមរោគ បានមាន​ប្រសាសន៍​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង ថា ជម្ងឺភ្លឺ​នេះកើត​ឡើង​ដោយសារ​មេរោគ​ផ្សិត។ ប្រសិន​បើអ្នក​ជម្ងឺ​ព្យាបាល​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​ហើយ វានឹង​ជា ក៏ប៉ុន្ដែ​ប្រសិន​បើអ្នក​ជម្ងឺ​ទទួលទាន​ថ្នាំមិនបាន​គ្រប់គ្រាន់ ឬមិនគ្រប់​កម្រិត​នៃ​ថ្នាំទេ អាចបណ្ដាល​ឱ្យ​មេរោគ​ផ្សិតកើត​សារជា​ថ្មីបាន។ ជាទូទៅ​នៅពេល​ដែលឃើញ​ពណ៌សម្បុរ​សឬខ្មៅ​មិនទាន់​រលុបបាត់ មានន័យថា​នៅមាន​ស្លាកស្នាម លោកអ្នក​កុំគិត​ថាភ្លឺ​ជាឱ្យ​សោះ។ ដូចបាន​រៀបរាប់​ខាងដើម វានឹង​កើតឡើង​សារជា​ថ្មីជា​មិនខាន។ ដើម្បី​ការពារ​កុំឱ្យ​កើតនូវ​បញ្ហានេះ លោកអ្នក​គួរតែ​ប្រើប្រាស់​វិធី ដូចខាង​ក្រោមនេះ ៖​

– ទី១ ៖ អ្នកជម្ងឺ​គួរតែ​ប្រើប្រាស់​សាប៊ូ​ដុសខ្លួន​ដែល​ប្រឆាំង​នឹងពពួក​បាក់តេរី​ឬផ្សិត មួយសប្ដាហ៍​យ៉ាងតិច​ពីរដង ដើម្បី ​ការពារ​កុំឱ្យ​ពពួក​​​​​​​​​មេរោគ​​​​​​​​​​​​​ផ្សិតកើតឡើង​វិញ(កម្ចាត់មេរោគផ្សិតឱ្យងាប់)

– ទី២ ៖ អ្នកជម្ងឺគប្បីកុំផ្អាប់​ញើសនៅ​ជាប់នឹង​ខ្លួន​យូរពេក ដោយ​ជួនកាល​លោកអ្នក​ត្រឡប់​មកពី​លេង​កីឡាវិញ លោកអ្នក ​មិនទាន់​ងូតទឹកភ្លាមៗ​នោះទេ ​រវល់តែ​ធ្វើនេះ​បន្ដិចនោះ​បន្ដិច ទើបធ្វើ​ឱ្យញើស​ស្ងួតទើប​អាចនឹង​បណ្ដាលឱ្យ​កើត​ជម្ងឺភ្លឺ។

លោកស្រីវេជ្ជបណ្ឌិត ហាង មុំ បានមាន​ប្រសាសន៍​បន្ដ​ទៀតថា ចំពោះ​លោកអ្នក​ដែលនិយម​ទទួលទាន​របប​អាហារ​សាច់ ដែលមាន​ដូចជា​សាច់គោ សាច់ជ្រូក សាច់មាន់ ងាវ ឬមឹក។ អាហារ​ទាំងនេះ​មិនមែន​ជាបញ្ហា​ចោទដែល​បង្កឱ្យ​លាកអ្នក​កើតមាន​នូវ ជម្ងឺ​ភ្លឺនោះ​ទេ។ ព្រោះជម្ងឺ​ភ្លឺកើត​មាន​ដោយ​សារ​ពពួក​មេរោគ​ផ្សិតដែល​ជាអ្នក​បង្កហេតុ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative