បទពិសោធន៍​អ្នកជម្ងឺ​គាំង​បេះដូង

លោកអ្នក​ដឹងហើយ​ថា ជម្ងឺ​បេះដូង​ជាជម្ងឺ​កាចសហាវ​បំផុត អាចផ្ដាច់​យកជីវិត​យើង​បានតែ​មួយប៉ប្រិច​ភ្នែក​តែប៉ុណ្ណោះ។ ស្របពេល​ដែល​សម្ពាធ​ឈាម​នៃចលនា​បេះដូង​ដើរ​មិនល្អ ហើយ​ជួបនូវ​បញ្ហា​ជម្ងឺផ្សេងៗ​ទៀត ដែលជា​កត្ដា​ជំរុញ​ដល់​សរសៃ​ឈាម​បេះដូង​ដើរខុស​សង្វាក់​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាមួយគ្នា​នេះដែរ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ផ្ទាល់​ជាមួយ​នឹងអ្នក​ជម្ងឺគាំង​បេះដូង ដែលធ្លាប់​តែជួប​ប្រទះ​នូវ​ផលលំបាក និង​អំពីភាព​គ្រោះថ្នាក់​ដែលតាម​ប្រកិតប្រកើយ​នឹងជីវិត​របស់​គាត់ ដើម្បី​បង្ហាញ​ជូនដល់​មិត្ដ​អ្នកអាន​ដូចតទៅ។

លោក អ៊ូ ឡា អាយុ​៥៤ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង ឃុំ​អណ្ដូង ស្រុក​បទមសាគរ ខេត្ដ​កោះកុង បាន​រៀបរាប់​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង​ថា ជម្ងឺ​គាំងបេះដូង​ជាជម្ងឺ​ពិបាក​ទ្រាំបំផុត ហើយ​ក្នុងការ​រស់នៅ​ក៏ពិបាក​ដែរ ព្រោះថា​ត្រូវតម​ធ្វើ​ការងារ​ធ្ងន់ តម​ចំណី​អាហារ ត្រូវរក្សា​លំនឹង​សម្ពាធ​ឈាម​ឱ្យបាន​ល្អ ហើយ​និងហាត់​ប្រាណ​ទៀត​សោតមិន​អាចឱ្យ​លើស​ពីកម្លាំង​របស់​ខ្លួន​ឡើយ។ ត្រូវទៅ​ពិនិត្យ​ជម្ងឺ​ជាប្រចាំ និង​លេបថ្នាំ​ផងដែរ ដើម្បី​កែសម្រួល​សង្វាក់​បេះដូង​ឡើង​វិញ ឱ្យមាន​ភាពប្រក្រតី។ លោក អ៊ូ ឡា បានបន្ដ​ថា ជម្ងឺ​ប្រភេទនេះ​ត្រូវ​ការពារ មិនមាន​ភាពរន្ធត់ ឬ​ភ័យ​ស្លន់ស្លោ​ឡើយ ហើយ​ម្យ៉ាងទៀត​បើគិត​ច្រើន​ធ្វើឱ្យ​ស្ទះម្ដងៗ​ផងដែរ។

លោក អ៊ូ ឡា បានមាន​ប្រសាសន៍​បន្ដទៀត​ថា មុនពេល​ដែល​លោកមាន​ជម្ងឺ​គាំងបេះដូង​នេះ គាត់​ធ្លាប់មាន​ជម្ងឺ​លើស​ឈាម “១៣-១៤”​ម្ដងរួច​មកហើយ។ លោក​ចាំបាន​ថា នៅថ្ងៃ​មួយ​វេលាម៉ោង​៣និង៣០នាទី​ទៀប​ភ្លឺ លោក​មានអារម្មណ៍​ស្ទះ​ដង្ហើម​បេះដូង ដើរខុស​ប្រក្រតី រហូតដល់​សន្លប់​បាត់ស្មារតី។ ពេលនោះ​ក្រុមគ្រួសារ​បាន​ដឹក​មកកាន់​គ្លីនិក​ឯកជន​មួយក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សង្គ្រោះ​បន្ទាន់ តែដោយ​សារ​សភាព​ជម្ងឺ​លោក​ធ្ងន់ធ្ងរ​ពេក គេក៏​បញ្ជូន​មក​កាន់មន្ទីរពេទ្យ​កាល់ម៉ែត​អគារ​បេះដូង។ ក្រោយមក​វេជ្ជបណ្ឌិត ជំនាញ​នៅទីនោះ​បានយក​ចិត្ដទុក​ដាក់​ព្យាបាល​លោក​ឱ្យ​ចៀសផុត​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ហើយ​បាន​ប្រាប់​លោកថា លោកមាន​ជម្ងឺ​គាំង​បេះដូង។ ចាប់តាំង​ពី​ពេលនោះ​មក លោកបាន​ទទួលទាន​ថ្នាំ​ជាប្រចាំ​មាន​រយៈពេល​ប្រហែល​៣-៤​ឆ្នាំមក​ហើយ តែជម្ងឺ​នេះ​នៅតែ​មិនអាច​ព្យាបាល​ឱ្យជា​សះស្បើយ​ដាច់ឡើយ វា​គ្រាន់តែ​អន់ថយ​ជាងមុន​តែ​ប៉ុណ្ណោះ។ លោកមក​ភ្នំពេញ​ធ្វើការ​ពិនិត្យ​ជាប្រចាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ។

ដំបូន្មាន​អ្នក​ជំនាញ

លោក​វេជ្ជបណ្ឌិត សុខ ជួរ ឯកទេស​ជម្ងឺ​បេះដូង​សរសៃ​ឈាម និង​ជម្ងឺ​ទូទៅ បានមាន​ប្រសាសន៍​ថា ជម្ងឺ​គាំង​បេះដូង​ជាជម្ងឺ​ដែល​កាចសាហាវ​បំផុត អាច​ស្លាប់​មនុស្ស​ជាច្រើន​លើពិភព​លោក ក្នុងមួយ​ឆ្នាំ​មនុស្ស​ជាង៧លាននាក់​បានស្លាប់​ដោយសារ​ជម្ងឺ​គាំង​សរសៃ​ឈាម​បេះដូង។ ជម្ងឺ​សរសៃ​ឈាម​បេះដូង​ធ្វើឱ្យ​អ្នកជម្ងឺ​ឆាប់ហត់ អស់កម្លាំង​ល្ហិតល្ហៃ ឈឺខ្លួន​ប្រាណ​ជាដើម។ ជម្ងឺ​គាំង​បេះដូង ធ្វើឱ្យ​មនុស្ស​ប្រឈម​មុខនឹង​ការ​ស្លាប់ភ្លាមៗ ប្រសិន​បើគ្មាន​ការ​ការពារ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ។ មនុស្ស​មួយចំនួន​ដែល​សង្ស័យ​ថា​ខ្លួនឯង​មានជម្ងឺ​បេះដូង​ត្រូវ​ឧស្សាហ៍​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ​រកមើល​សម្ពាធ​សរសៃឈាម​ផ្សេងៗ ព្រោះវា​អាច​ធ្វើឱ្យ​លោកអ្នក​មានជម្ងឺ​បេះដូង​ដោយ​មិនដឹង​ខ្លួន។ លោក​វេជ្ជបណ្ឌិត សុខ ជួរ បានបន្ដ​ទៀត​ថា មនុស្ស​ប្រុស​លើសពី​៤៥ឆ្នាំ និង​មនុស្សស្រី​លើសពី​អាយុ៥០ឆ្នាំ​ត្រូវទៅ​ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ យ៉ាង​ហោចណាស់​ពីរឆ្នាំ​ទៅពិនិត្យ​ម្ដង​ផងដែរ ដើម្បី​ស្វែងរក​ជម្ងឺ​ផ្សេងៗ ជាពិសេស​ជម្ងឺ​បេះដូង​នេះតែ​ម្ដង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative