ជា សុវណ្ណារិទ្ធ មាន​រូបរាង​ស្រស់​សង្ហា សុខភាព​ត្រូវ​មាំមួន

ប្រុសស្អាត​ឆ្នាំ២០០៧​ធ្វើឱ្យ​មហាជន​ជាច្រើន​បាន​ទទួល​ស្គាល់​កេរ្ដិ៍ឈ្មោះ​របស់​លោកក្នុង​ឆ្នាំ២០១០​នេះ​កាន់តែ​ច្រើន​នោះគឺ លោក ជា សុវណ្ណារិទ្ធ តួឯក​ប្រុស​ក្នុងរឿង ត្រៀមចិត្ដ​សម្រាប់​ឈឺ។ តែ​រយៈពេល​ជាង​ពីរឆ្នាំ កំលោះ​សង្ហា​រូបនេះ​បាន​ក្លាយជា​តារា​សម្ដែង​កំពុងរះ​មាន​ពន្លឺ​មិនចាញ់​តារា​សម្ដែង​រៀមច្បង​ប៉ុន្មាន​នោះទេ។ សព្វថ្ងៃ តារា​សម្ដែង​រូបនេះ​កំពុង​មមាញឹក​ច្រើន​ជាមួយ​នឹង​ការងារ​ជាពិធីករ​ផង និងជា​តារា​សម្ដែង​ស្ពត​ពាណិជ្ជកម្ម ខារ៉ាអូខេ និង​ខ្សែភាពយន្ដ​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ជា សុវណ្ណារិទ្ធ បានចូល​ខ្លួន​មកប្រាប់​ពីវិធី​ថែទាំ​សុខភាព និង​សម្រស់​របស់លោក​ផ្ទាល់​ជូនដល់​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់ ពិសេស​ប្រិយមិត្ដ​ដែលមាន​ការ​គាំទ្រ​ចំពោះ​រូបលោក​ទទួល​ជ្រាប​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុន​ឈានជើង​ចូល​សិល្បៈ

មុននឹង​ចូល​ជាអ្នក​សិល្បៈ ជា សុវណ្ណារិទ្ធ ជាសិស្ស​ម្នាក់​ដែល​ស្នេហា​វិស័យ​កីឡា​តៃក្វាន់ដូ។ តែ​ដោយសារ​មានការ​ជំរុញ​ពី​សំណាក់​មិត្ដភក្ដិ និង​ទេពកោសល្យ​ល្អ​ខាងវិស័យ​សិល្បៈ គួបផ្សំ​នឹងរូប​សម្បត្ដិ​ផង សុវណ្ណារិទ្ធ​ក៏បាន​ប្រឡង​ជាប់​ជាហ្វ្រេសស៊ីប៊យ​ក្នុងឆ្នាំ​២០០៧។ លោក​បាន​ក្លាយជា​អ្នកសិល្បៈ​ក្រោយពេល​បាន​ប្រឡង​ជាប់​ហ្វ្រេសស៊ីប៊យ​ក្នុងឆ្នាំ​២០០៧។ រយៈពេល​ភ្លាមៗ​នោះ លោកក៏​ត្រូវបាន​ស្ថានីយទូរទស្សន៍​ប៉ុសិ៍្ដ​បាយ័ន​ផ្ដល់​ឱកាស​ឱ្យថត​សម្ដែង​ជាតួឯក​ក្នុងរឿង ក្រោមមេឃ​បើគ្មាន​អូន។ មកដល់់​ពេលនេះ សុវណ្ណារិទ្ធ​បានថត​ចំនួន​៦រឿង​រួចមក​ហើយ រួមមាន​រឿង​ក្រោមមេឃ​បើគ្មាន​អូន កែចិត្ដ​ស្អប់បង បាត់ខ្លួន វិមាន​សុបិន ពិភព​ក្រឡាប់​ចក្រ និង រឿង​ត្រៀមចិត្ដ​សម្រាប់​ឈឺ។ សព្វថ្ងៃ​នេះ លោកបាន​ធ្វើការ​ប្រចាំ​នៅស្ថានីយ​ទូរទស្សន៍​បាយ័ន។

ការ​ថែរក្សា​សម្រស់

ជាតារា​សម្ដែង​មួយរូប ត្រូវធ្វើ​យ៉ាងណា​ឱ្យទស្សនិកជន​ចូលចិត្ដ​នូវ​អត្ដចរិត​ក៏ដូចជា​រូប​សម្បត្ដិ​ផងដែរ។ ចង់បាន​រូបរាង​ស្រស់សង្ហា សុខភាព​ត្រូវតែ​មាំមួន ព្រោះ​សុខភាព​ជារឿង​ដ៏សំខាន់។ ការងារ​ទាំងអស់​អាចទៅ​ដោយ​រលូនក៏​អាស្រ័យ​ទៅលើ​សុខភាព។ រីឯ សម្រស់​ក៏ជាចំណុច​ទាក់ទាញ​មួយ​សម្រាប់​សុវណ្ណារិទ្ធ​ដែលជា​តារា​សម្ដែង​មួយរូប។ ខាងក្រោមនេះ​គឺជា​វិធីនៃ​ការ​ថែរក្សា​សម្រស់ និង ការ​ថែទាំ​សុខភាព​របស់​តារា​សម្ដែង ជា សុវណ្ណារិទ្ធ ដែលបាន​អនុវត្ដ​ជាប្រចាំ។

  • ការ​ថែរក្សា​ស្បែកមុខ ៖ រាល់ពេល​ចេញ​ដំណើរ​ទៅណា​ម្ដងៗ សុវណ្ណារិទ្ធ​តែងតែ​មាន​ក្រដាស​ផ្ដិត​ធូលីដី និង​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ​ជាប់ខ្លួន​ជានិច្ច ដើម្បី​ផ្ដិត​សម្អាត​រៀង​រាល់ពេល​ដែល​ផ្ទៃមុខ​ពោរពេញ​ដោយ​ធូលីដី និង​ជាតិខ្លាញ់។ សុវណ្ណារិទ្ធ​ក៏​ឧស្សាហ៍ លាងសម្អាត​ផ្ទៃមុខ​ផងដែរ ដើម្បី​ចៀសផុត​ពីបញ្ហា​ទាំងឡាយ​ដែល​កើតមាន​នៅលើ​ផ្ទៃមុខ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ស្បែក​ដងខ្លួន​ក៏ជា​បញ្ហា​សម្រាប់​សុខភាព​ផងដែរ។ សុវណ្ណារិទ្ធ​តែង​ចំណាយ​ពេល​យ៉ាង​តិចពីរដង​ក្នុងមួយ​ថ្ងៃ ដើម្បី​ងូតទឹក​សម្អាត​ខ្លួនប្រាណ ផ្ដល់​ផាសុកភាព​ដល់​រាងកាយ។
  • ការ​ថែរក្សាសក់ ៖ សុវណ្ណារិទ្ធ​តែងតែ​កក់សក់​ជាប្រចាំ ក្នុងមួយ​សប្ដាហ៍​លោក​កក់​សឹងតែ​ជារៀង​រាល់ថ្ងៃ ក្នុងមួយ​ថ្ងៃម្ដង។ ជួនពេល​ខ្លះ​សុវណ្ណារិទ្ធ​កក់​ក្នុងមួយ​ថ្ងៃពីរ​ដង។
  • ការ​ថែរក្សា​ភ្នែក ៖ ជាអ្នក​សម្ដែង ចៀស​មិនផុត​ពីការ​ការពារ​ភ្នែក​នឹងពន្លឺ​រាល់ពេល​ថតសម្ដែង​នោះទេ។ ជាពិសេស​រាល់ពេល​ដែលធ្វើ​ដំណើរ​ទៅណា​ម្ដងៗ សុវណ្ណារិទ្ធ​តែងតែ​ពាក់​វ៉ែនតា​ការពារ​ពន្លឺថ្ងៃ ឬ​របាំង​ការពារ​ធូលីដី​រាល់ពេល​ធ្វើដំណើរ។ បើសិន​ជាភ្នែក​មាន​បញ្ហា ការងារ​ជាតារា​សម្ដែង​ក៏​មិនប្រសើរ​ទៅតាម​នោះដែរ។ ដូចនេះ​ការ​គិតគូរ​សុខភាព​ភ្នែក​ជារឿង​ដ៏សំខាន់។
  • ការ​ថែរក្សា​ធ្មេញ ៖ ក្នុងមួយ​ថ្ងៃ​សុវណ្ណារិទ្ធ​សម្អាត​ធ្មេញ​ចំនួន​ពីរដង។ សុខភាព​មាត់ធ្មេញ​ជាបញ្ហា​សំខាន់​ក្នុងការ​ប្រាស្រ័យ​ទាក់ទងគ្នា សុវណ្ណារិទ្ធ​មិន​ធ្វេសប្រហែស​ឱ្យកើត​បញ្ហា​សុខភាព​មាត់ធ្មេញ​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែទាំ​សុខភាព​រាងកាយ

  • ការ​ទទួលទាន​ដំណេក ៖ ការ​គេង​ជាបញ្ហា​សំខាន់​សម្រាប់​សុវណ្ណារិទ្ធ​ដែល​ត្រូវ​គិតគូរ​ជាចាំបាច់ ព្រោះ​បើគេង​មិនបាន​គ្រប់គ្រាន់ គឺអាច​ប្រឈម​មុខនឹង​បញ្ហា​ជាច្រើន។ ដូចនេះ​សុវណ្ណារិទ្ធ​គេង​៨ម៉ោង​ក្នុងមួយ​ថ្ងៃ ដើម្បី​ឱ្យបាន​គ្រប់គ្រាន់​កុំឱ្យ​សុខភាព​មានបញ្ហា។
  • ការ​ទទួលទាន​អាហារ ៖ សុវណ្ណារិទ្ធ​ចូលចិត្ដ​ទទួលទាន​អាហារ​ជាលក្ខណៈ​អាហារ​រហ័សៗ ដូចជា​នំប៉័ង ឬ​សាន់វិច​ជាដើម។ សុវណ្ណារិទ្ធ​មិនមាន​ការ​តមប្រភេទ​អាហារ​អ្វីនោះ​ទេ សំខាន់ឱ្យ​តែអាច​ទទួលទាន​បានហើយ​ផ្ដល់នូវ​ថាមពល​ដល់​រាងកាយ។
  • លំហាត់​ប្រាណ ៖ ដោយ​មានការ​មមាញឹក​ច្រើន​នឹង​ការងារ សុវណ្ណារិទ្ធ​មិនសូវ​ជាបាន​ធ្វើការ​ហាត់ប្រាណ​នោះទេ។ ប៉ុន្ដែ​សព្វថ្ងៃ​នេះ​សុវណ្ណារិទ្ធ​បាន​ហ្វឹកហាត់​តៃក្វាន់ដូ​ចំនួន​មួយថ្ងៃ​ក្នុងមួយ​សប្ដាហ៍។

បំណង​ទៅថ្ងៃ​អនាគត

ក្រៅពី​អាជីព​ជាតារា​សម្ដែង​ហើយ​នោះ សុវណ្ណារិទ្ធ​ក៏នៅមាន​បំណង​ប្រាថ្នា​សម្រាប់​ទៅថ្ងៃអនាគត​ផងដែរ គឺ​លោកមាន​បំណង​ចង់​បើកក្លឹប​កីឡា​មួយ​ដោយ​ខ្លួនឯង។

បណ្ដាំ​ផ្ញើ​របស់ ជា សុវណ្ណារិទ្ធ

លោកអ្នក​គ្រប់រូប​តែងតែ​ចង់បាន​សុខភាព​ល្អ ដូចនេះ​មានការ​ទាមទារ​ជាចាំបាច់​ក្នុងការ​គិតគូរ​ថែទាំ​ចំពោះ​សុខភាព សូមកុំ​ឱ្យមាន​ការ​ធ្វេសប្រហែស​ក្នុងការ​ថែទាំ​ឱ្យសោះ។ ការ​ទទួលទាន​អាហារ និង​ដំណេក​ឱ្យបាន​គ្រប់គ្រាន់ នឹងអាច​ធ្វើឱ្យ​សុខភាព​របស់​លោកអ្នក​កាន់តែ​ប្រសើរ ហើយអ្វី​ដែល​ពិសេស​សម្រាប់​សុខភាព​ទៀតនោះ​គឺការ​ហាត់ប្រាណ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ ជា សុវណ្ណារិទ្ធ
  • អាយុ ៖ ២៤ឆ្នាំ
  • ថ្ងៃ.ខែ.ឆ្នាំកំណើត ៖ ១៥ មិថុនា ១៩៨៦
  • ទីកន្លែង​កំណើត ៖ ខេត្ដ​សៀមរាប
  • កម្ពស់ ៖ ១,៧៣ម៉ែត្រ
  • បងប្អូន ៖ ៥នាក់​(ប្រុស៤ ស្រី១ ជាកូន​ទី៣)
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ អ្នក​សិល្បៈ
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative