វិធី​បំបាត់​ស្បែក​កន្ទួល​រមាស់

ស្បែកស្អាត​គឺជា​វត្ថុ​សំខាន់ ដែល​នរណាៗ​ក៏ចង់​បានដែរ ទោះបីជា​អ្នកនោះ​ស្ថិតក្នុង​វ័យ​កម្រិត​ណាក៏​ដោយ។ ព្រោះ​ស្បែកស្អាត​គឺជា​ចំណុច​សំខាន់​មួយដែល​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពីអ្នក​ដទៃ។ ដូចនេះ​ហើយ​ទើប​មនុស្ស​ម្នាក់ៗ​ខិតខំ​ប្រឹងប្រែង​ថែរក្សា ស្បែក​មិនឱ្យ​មាន​ស្លាកស្នាម​កន្ទួល​រមាស់ ទោះជា​ត្រូវ​ថែទាំ​ស្បែក​តាមវិធី​ណាក៏​ដោយ។ បើសិន​លោកអ្នក​មាន​ស្បែក​មិនស្អាត​ដូច​សេចក្ដី​ប៉ង​ប្រាថ្នា តើ​លោកអ្នក​មានអារម្មណ៍​យ៉ាង​ណា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខនេះ ទស្សនាវដ្ដី សុខភាព​យើង បាន​អញ្ជើញ​លោក​វេជ្ជបណ្ឌិត ថៃ គា អ្នក​ឯកទេស​ជម្ងឺ​សើស្បែក និង​កាមរោគ ធ្វើការ​បកស្រាយ​បំភ្លឺ​ពីវិធី​បំបាត់​ស្បែក​កន្ទួល​រមាស់ ជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​ស្វែងយល់។

មូលហេតុ​បង្កឱ្យ​ស្បែក​មាន​កន្ទួល​រមាស់

មាន​ជម្ងឺ​ជាច្រើន​ដែល​ធ្វើឱ្យ​ស្បែក​ចេញ​កន្ទួល​រមាស់​បណ្ដាល​ឱ្យស្បែក​មិនស្អាត ខ្លះ​ជាប្រភេទ​ជម្ងឺ​ឆ្លង ខ្លះទៀត​ជាជម្ងឺ​មិនឆ្លង និង​ខ្លះទៀត​បណ្ដាល​មកពី​ការ​ប៉ះពាល់​ទៅនឹង​សារធាតុផ្សេងៗ។

  • ជម្ងឺ​ស្រែង ៖ ជាជម្ងឺ​ដែល​កើតឡើង​ដោយ​មេរោគ​ផ្សិត​លើ​ស្រទាប់​ស្បែក​ខាងក្រៅ ហើយ​ធ្វើឱ្យ​រមាស់​ស្បែក​នៅត្រង់​កន្លែង​ដែល​កើត​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​ចង់តែ​អេះ។ ពេលនោះ​ហើយ​ជាហេតុ​ធ្វើឱ្យ​មានការ​របក​ស្បែក ឬ​ដាច់ស្បែក​មាន​ទឹករងៃ។
  • កម ឬ​អាត់ ៖ ជាជម្ងឺ​សើស្បែក​ដែល​ឆ្លង​រាលដាល​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់ទៀត រំខាន​ដល់អ្នក​ជម្ងឺ​ដោយ​សារការ​រមាស់។ ពេលនោះ​អ្នកជម្ងឺ​ទ្រាំ​នឹងការ​រមាស់​មិនបាន​ច្រើន​តែអេះ។ ក្រោយពី​អេះ​ហើយ ស្បែក​មាន​របក និង​កន្ទួល​រមាស់ អាច​ខ្ទុះ។
  • ជម្ងឺ​ត្រអក ៖ ជាជម្ងឺ​សើស្បែក​ដែលមាន​២ប្រភេទ គឺ​ត្រអក​ដែល​បណ្ដាល​មកពី​កត្ដា​ខាងក្នុង​ខ្លួន ធ្វើឱ្យ​មាន​ចេញ​កន្ទួល រមាស់​លើស្បែក ដែល​ភាគច្រើន​កើត​នៅលើ​កូនក្មេង។ ត្រអក​ដែល​បណ្ដាល​មកពី​ការ​ប៉ះពាល់​នឹង​សារធាតុ​ខាងក្រៅ ដូចជា​សាប៊ូ ជាតិដែក​ក្រូម៉េ ក្បាល​ខ្សែក្រវាត់ គ្រឿង​កាឡៃ​ជាដើម ភាគច្រើន​កើត​នៅលើ​មនុស្ស​ចាស់ នឹង​វ័យជំទង់។
  • កន្ទាល​ត្រអាក ៖ ការ​កើតកន្ទាល​ត្រអាក មិនបាន​ធ្វើឱ្យ​ស្បែក​មាន​ស្លាកស្នាម​ទេ ព្រោះវា​ជាជម្ងឺ​សើស្បែក។ ជម្ងឺ​នេះធ្វើ​ឱ្យរមាស់​ខ្លាំងណាស់​នៅលើ​ស្បែក ដែលជា​ហេតុធ្វើ​ឱ្យលោកអ្នក​អេះ​រហូត​បាត់រមាស់។ កាលណា​កាន់តែ​អេះ កាន់តែ​មានផ្ទាំង​កន្ទួល​ធំ​ឡើងៗ​នៅលើស្បែក។ បើមិន​អេះទេ វានឹង​រលុប​បាត់​ទៅវិញ​ដោយ​មិនបន្សល់​ស្លាកស្នាម​ឡើយ។
  • ប្រព័ន្ធ​ការពារ​ខ្លួន​ចុះខ្សោយ ៖ ដូចជា​អ្នកកើត​ជម្ងឺ​អេដស៍ ទឹកនោម​ផ្អែម តម្រង​នោម របេង​ជាដើម ងាយ​រងគ្រោះ​ជម្ងឺផ្សិត បណ្ដាល​ឱ្យស្បែក​ចេញជា​កន្ទួល​រមាស់​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះទាប។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​បំបាត់​ស្បែក​កន្ទួល​រមាស់

ការ​កើតកន្ទួល​រមាស់​នៅលើ​ស្បែក សុទ្ធតែ​កើតឡើង​ដោយសារ​ហេតុផល​ផ្សេងៗ​ពីគ្នា ហើយ​ជាជម្ងឺ​សើស្បែក​ទាំងអស់។ ហេតុនេះ​ការ​បំបាត់​ស្បែក​ដែលមាន​កន្ទួល​រមាស់ ត្រូវ​ព្យាបាល​ទៅតាម​មូលហេតុ​នីមួយៗ។ ការ​ថែទាំ​ដើម្បី​កុំឱ្យ​មាន​ស្លាកស្នាម​នៅលើ​ស្បែក លោកអ្នក​ត្រូវ​ចេះ​អត់ធ្មត់​កុំអេះ​តាម​ចំណង់ ព្រោះ​បើអេះ​ដាច់ស្បែក​ធ្វើឱ្យ​ដំបៅ​ក្លាយ និង​បង្កជា​សម្លាក​អាក្រក់​នៅពេល​សះស្បើយ។ ម្យ៉ាងទៀត​ទោះបីជា​លោកអ្នក​កន្ទួល​រមាស់​ដោយ​សារ​មូលហេតុ​ណាមួយ​ក៏ដោយ លោកអ្នក​ត្រូវ​ទទួលទាន​ឱសថ​ជាថ្នាំលេប ដើម្បី​បំបាត់​ការ​កន្ទួលរមាស់​នៅលើស្បែក ព្រមទាំង​ថ្នាំ​លាប​នៅលើ​ស្បែក​ទៅតាម​ទីតាំង​ដែល​កើត​កន្ទួល​រមាស់ និង​តាម​ប្រភេទ ស្បែក។

ដំបូន្មាន​អ្នក​ឯកទេស

លោកអ្នក​មួយចំនួន​នៅពេល​ដែល​ស្បែក​មានការ​រមាស់ តែងតែ​អេះ​ដោយ​មិនខ្លាច​ស្បែក​របក ឬ​ក្លាយ​ឡើយ។ ជួនកាល​តែងតែ​ទៅទិញ​ថ្នាំមក​ប្រើប្រាស់​ដោយ​ខ្លួនឯង ដើម្បី​បំបាត់​ស្បែក​កន្ទួល​រមាស់ នេះជា​ប្រការ​មួយ​ដែល​ខុសឆ្គង។ ប្រការ​ដែល​ល្អ លោកអ្នក​គួរតែ​ទៅជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ និង​ព្យាបាល​ទៅតាម​ប្រភេទ​ស្បែក និង​រក​មូលហេតុ​ដែលនាំ​ឱ្យកើតឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative