វិធី​បំបាត់​ស្នាម​ក្រិន​ស្មងជើង

ក្រិនស្មង​ជើង​កើតឡើង​ដោយ​សារ​ការប៉ះ​ទង្គិច​ជាមួយ​ស្បែក និង​ឆ្អឹង​ជាញឹក​ញាប់។ ស្មងជើង​ដែល​ក្រិន​អាច​រំខាន​ដល់ការ​ស្លៀក​សម្លៀក​បំពាក់​ខ្លីៗ នាំឱ្យ​បាត់បង់​សម្រស់​មួយ​កម្រិត។ ដើម្បី​ឱ្យមាន​ភាព​ស្រស់ស្អាត​ចំពោះ​ស្មងជើង លោកអ្នក​ត្រូវ​ថែរក្សា​វាឱ្យ​បានល្អ មិនគួរ​ធ្វេសប្រហែស​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី ច័ន្ទ ស្រីណុច ម្ចាស់​ហាង​កែសម្ផស្ស​មីកាសា បាន​ចូលខ្លួន​មក​បកស្រាយ​អំពី​ស្នាមក្រិន​ស្មងជើង និង​វិធី​បំបាត់​ស្នាមក្រិន​ស្មងជើង​ជូន​លោកអ្នក​អាន​ឱ្យបាន​ជ្រាប​តាមរយៈ​ទស្សនាវដ្ដី សុខភាព​យើង។

មូលហេតុ​បង្ក​ស្នាមក្រិន​ស្មងជើង

ក្រិនស្មង​ជើង​បណ្ដាល​មកពី​ករណី​ច្រើនយ៉ាង​ដែល​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ប្រចាំថ្ងៃ ដូចជា​ការ​ដួល​ជាញឹក​ញាប់ ដោយ​មាន​ហូរឈាម ដល់ពេល​ជាសះ​ស្បើយ​អាចមាន​ស្នាម​ដំបៅធម្មតា ឬ​ដំបៅ​ក្លាយទៅជា​ក្រិន។ អ្នក​ខ្លះទៀត​បណ្ដាល​មកពី​ការ​អង្គុយ ដោយ​ពុំបាន​យកចិត្ដ​ទុកដាក់ ដូចជា​ការ​បត់ជើង​ពីរដោយ​ប៉ះ​ជាមួយ​កម្រាល​ក្រាល​ផ្ទះ ឥដ្ឋ​ការ៉ូ ស៊ីម៉ងត៍​ជាដើម។ ម្យ៉ាងទៀត​មកពី​ការ​ប៉ះទង្គិច​ស្បែក​ធ្ងន់ធ្ងរ​តែ​ពុំចេញ​ឈាម​ហើយ​បែរទៅជា​ជាំ​ទៅវិញ។ នេះ​ជាបញ្ហា​ចម្បង​ដែលធ្វើ​ឱ្យក្រិន​ស្មងជើង​បាន​យ៉ាង​ឆាប់រហ័ស។

វិធី​បំបាត់​ស្នាមក្រិន​ស្មងជើង

ចង់​បំបាត់​ស្នាមក្រិន​ស្មងជើង​មិនមែន​ជាការ​ងាយស្រួល​នោះឡើយ។ ជំហាន​ដំបូង​លោកអ្នក​គួរតែ​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ ដើម្បី​រកវិធី​ព្យាបាល​តាមរយៈ​ការ​ប្រើ​ផលិតផល​ជំនួយ ឬ​ក៏តាម​វិធី​ធម្មជាតិ ដើម្បី​ឱ្យស្បែក​ឆាប់ទន់ លោកអ្នក​ត្រូវតែ​ប្រតិបត្ដិ​ឱ្យបាន​ទៀងពេល​វេលា​ដើម្បី​បាន​លទ្ធផល​ល្អ។

វិធី​ទប់ស្កាត់​ស្នាមក្រិន​ស្មងជើង

ដើម្បី​ចៀសវាង​ក្រិន​ស្មងជើង លោកអ្នក​ត្រូវ​អនុវ​ត្ដ​តាម​វិធី​ទប់ស្កាត់​ខាងក្រោម​នេះ ៖

  • គួរតែ​ចៀសវាង​នូវការ​ប៉ះទង្គិច​ស្បែក​ជាមួយ​វត្ថុរឹង
  • ឧស្សាហ៍​ប្រើ​ផលិតផល​ជំនួយ ឬយក​ផ្លែឈើ​បិត​នៅស្បែក​ស្មងជើង
  • ធ្វើ​អនាម័យ​ជើងឱ្យ​បាន​ញឹកញាប់
  • ពេលមាន​បញ្ហា​ប៉ះទង្គិច​ស្មងជើង​ដែល​គិតថា​វាធ្ងន់ធ្ងរ ត្រូវ​ប្រញាប់​ទៅរក​គ្រូពេទ្យ​ព្យាបាល​ជាបន្ទាន់។

ដំបូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​ដែលមាន​ស្នាមក្រិន​ស្មងជើង​គប្បី​ប្រញាប់​រកវិធី​ការពារ​ឱ្យទាន់​ពេលវេលា ចៀសវាង​សាច់ដុះ​កាន់តែ​ធំ ហើយ​អាចក្លាយ​ជា​មហារីក​ក្នុង​ឆ្អឹង ឬ​ស្បែក​បាន។ ម្យ៉ាងទៀត​ស្បែក​មិនត្រឹមតែ​ក្រិនទេ ជួនកាល​ធ្វើឱ្យ​ឈឺ​បន្ដិចម្ដងៗ​ហើយ​កើនឡើង​ជាលំដាប់ ដែល​ពិបាក​ព្យាបាល​ទៅថ្ងៃក្រោយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative