បទពិសោធន៍​​​អ្នកជម្ងឺស្រែង

បញ្ហាអនាម័យជារឿងមួយដ៏សំខាន់​សម្រាប់​មនុស្ស​ទូទៅ។ ប្រសិន​បើការ​រស់នៅ និងការ​ស្លៀក​សម្លៀក​បំពាក់​របស់​លោកអ្នក​មិនមាន​អនាម័យ​ទេនោះ វានឹង​បណ្ដាលឱ្យ​លោកអ្នក​ជួបនឹង​បញ្ហាផ្សេងៗ​ដែលអាច​នឹងកើត​មានឡើង ជាពិសេស​ជម្ងឺស្រែង​នេះតែម្ដង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក ជួប សុដា អាយុ២៧ឆ្នាំ រស់នៅ​ទីក្រុងភ្នំពេញ។ លោកបាន​រៀបរាប់​អំពី ផលលំបាក​នៃជម្ងឺ​ស្រែង។ លោក សុដា បានរៀប​រាប់​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង ឱ្យដឹងថា កាលពីរ​ឬបីឆ្នាំមុន​លោកធ្លាប់​បានកើត​ នូវជម្ងឺ​ម្យ៉ាង ដែល​ប្រជាពលរដ្ឋខ្មែរ​ទូទៅ​និយម​ហៅថា​ស្រែង។ ជាដំបូង​លោកមិន​ដឹងថា​កើត​ជម្ងឺ​នេះទេ ដោយចាប់​អារម្មណ៍​ថានៅ​ ត្រង់ម្ដុំ​ក្រលៀន​របស់លោក​មាន​អារម្មណ៍​ថា​រមាស់ និងកន្ទួល​តូចៗ។ លោកមិន​ចាប់​អារម្មណ៍​ថាវា​ជាជម្ងឺ​ស្រែងទេ លុះ​ប្រហែល​ ជាពីរបី​ថ្ងៃក្រោយ​មកកាន់​តែមាន​សភាព​រមាស់​ទៅៗ ពិបាក​នឹងទ្រាំ​រហូតលែង​បានក៏​អេះទាល់​តែបែក​ទឹករងៃ និងចេញ​ឈាម។ ចាប់​តាំងពី​ចេញទឹក​រងៃ និងចេញ​ឈាមមក នៅត្រង់​កន្លែងនោះ​ចេះតែ​រីករាល​ដាល​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ(ពីតូចទៅធំ) ទើបលោក សុដា សម្រេច​ចិត្ដទៅ​ពិនិត្យ​នៅគ្លីនិក​សើស្បែក​មួយកន្លែង​នៅជិត​ផ្សារដេប៉ូ។ នៅពេល​ដែលលោក​បានទៅ​ពិនិត្យ និង​ពិគ្រោះ​យោបល់ ជាមួយ​គ្រូពេទ្យ​ គ្រូពេទ្យ​ថាលោក​កើត​ជម្ងឺស្រែង បន្ទាប់ពី​ដឹង​អាការៈ​នៃជម្ងឺ​នោះរួចមក គ្រូពេទ្យ​បានឱ្យ​ថ្នាំ​សម្រាប់​លេប និងលាប រហូតដល់​អាការៈ​បានធូរ​ស្បើយ និងជា​ដាច់។

លោក ជួប សុដា បានមាន​ប្រសាសន៍​បន្ថែម​ទៀតថា ជម្ងឺស្រែង​នេះកើត​ឡើង​ដោយការ​ងូតទឹក​ហើយបន្សល់​នូវជាតិ សំណើម(មិនជូតខ្លួនឱ្យបានស្ងួត) និងស្លៀក​សម្លៀកបំពាក់​ដែលមាន​សំណើម ជាពិសេស​ខោទ្រនាប់ និងមិន​មាន​អនាម័យ​ក្នុងការ​រស់នៅ​ ជាពិសេស​ខ្លួនឯង​ផ្ទាល់។

យោបល់របស់អ្នកជំនាញ

លោកស្រីវេជ្ជបណ្ឌិត ហាង មុំ ឯកទេស​​​​ជម្ងឺសើ​ស្បែកនៅ​គ្លីនិក​សើស្បែក និងកាមរោគ បានមាន​ប្រសាសន៍​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង ថា ជម្ងឺស្រែង​នេះកើត​ឡើងដោយ​ពពួក​មេរោគ​ផ្សិត។ ពពួកផ្សិត​នេះមាន​នៅនឹងដី និងនៅលើ​សត្វឆ្កែ​ចម្លង​ទៅលើ ស្បែក​របស់មនុស្ស។ ជាទូទៅ​មេរោគផ្សិត​កើតនៅ​លើក្រឡុក​ក្រលៀត​ណាដែល​មានសំណើម​ហើយផ្អាប់​ជាតិសើម​ដោយ​មិនមាន​ ការសម្អាត​ចេញ។ ដើម្បីព្យាបាល​ឱ្យបានជា លោកអ្នក​គួរតែ​រក​ប្រភេទ​ថ្នាំណា​ដែលប្រឆាំង​នឹងពពួក​មេរោគ​ផ្សិត។ វិធី​ការពារ​ដែល ទទួល​បាន​ប្រសិទ្ធភាព​គឺអនាម័យ​ខ្លួនប្រាណ​របស់លោក​អ្នកឱ្យ​បានជា​ប្រចាំ សំខាន់​បំផុត​កុំឱ្យ​មាន​សំណើម ឬផ្អាប់​ញើស​នៅជាប់​នឹងខ្លួន យូរពេក​ ព្រោះថា​បើ​លោកអ្នក​អនាម័យ​ខ្លួនប្រាណ​បានល្អ វាមិន​កើតឡើង​នោះទេ។

ប្រសិនបើលោកអ្នកកើត​មានជម្ងឺ​ស្រែង​ហើយ​បាន​ទទួល​ការ​ព្យាបាល​ជាក្ដី​ក៏វា​អាចកើត​ឡើងវិញ​បានដែរ។ ជម្ងឺស្រែង​នេះ ទៀត​សោត​ឧ​ស្សាហ៍​កើតនៅ​ត្រង់​ក្រលៀន​ណាស់ ព្រោះជា​កន្លែងដែល​មានការ​ផ្អាប់ញើស​ដោយការ​ស្លៀកខោ​ទ្រនាប់។ លោកអ្នក​គួរ ជ្រើសរើស​ខោទ្រនាប់​ណាដែល​មានមាន​លក្ខណៈទូលាយ មានខ្យល់​ចេញចូល​បានល្អ និងប្រើ​ខោទ្រនាប់​ដែលមាន​សាច់ក្រណាត់​កូតុង​ (សាច់អំបោះ) ហើយសម្អាត​ខ្លួនប្រាណ​ឱ្យបាន​ស្អាតជា​ប្រចាំ។ ជួនកាល​លោកអ្នក​លេបថ្នាំ​បានតែ​បួនប្រាំ​ថ្ងៃ ឬមួយ​សប្ដាហ៍​លែង រមាស់(មេរោគលែងធ្វើសកម្មភាព) ប៉ុន្ដែមិន​ប្រាកដ​ថាមេរោគ​ងាប់​ទាំងស្រុង​នោះទេ។ ករណី​លោកអ្នក​លេបថ្នាំ​មិនបាន​ដិតដល់​ មេរោគ​អាចនឹង​កើតសារ​ជាថ្មី ដោយសារ​ការព្យាបាល និងការ​លេបថ្នាំ​មិនគ្រប់​កម្រិត ឬការ​ស្លៀក​ខោទ្រនាប់​មិនបាន​ត្រឹមត្រូវ ទើបបាន​ជាមេរោគ​កើតជាថ្មី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative