ក្បួន​សម្រករាង

រូបរាង​ធាត់ គឺ​អាក្រក់​មើល​ណាស់។ ភាពធាត់​អាចធ្វើ​ឱ្យ​លោកអ្នក​ពិបាក​ចិត្ដ ព្រោះ​មិន​ពេញចិត្ដ​នឹង​រូបរាង​របស់​ខ្លួនឯង។ បញ្ហា​ធាត់​អាច​កើតបាន​លើ​មនុស្ស​គ្រប់វ័យ មិនថា​ក្មេង​ឬចាស់​នោះទេ ហើយ​អាច​បង្ក​ឱ្យមាន​ជម្ងឺ​ផ្សេងៗ​ជាច្រើន​ដែល​ស្មាន​មិនដល់។ នេះជា​មូលហេតុ​ដែល​ធ្វើឱ្យ​លោកអ្នក​រិះរក​គ្រប់វិធី​ដើម្បី​ធ្វើការ​សម្រក​រាង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក ហោ លីហាក់ អ្នក​គ្រប់គ្រង​ផ្នែក​ព្យាបាល និង​ថែរក្សា​សម្ផស្ស​នៃ​សម្អាង​ការលុច្ស ដើម្បី​ពន្យល់​អំពី​វិធី​សម្រក​ជាតិខ្លាញ់​លើ​រាងកាយ។

វិធី​សម្រក​ជាតិខ្លាញ់​លើ​រាងកាយ

ទាក់ទង​ទៅនឹង​ការ​សម្រក​ជាតិខ្លាញ់​លើ​រាងកាយ មាន​លក្ខណៈ​ខុសៗគ្នា ហើយ​មាន​វិធី​យ៉ាង​សម្រាប់​លោកអ្នក​ជ្រើសរើស។

1 . ការ​សម្រក​ដោយការ​ប្រើប្រាស់​ផលិតផល ៖ ដើម្បី​បំបែក​ជាតិខ្លាញ់​នៅលើ​រាងកាយ ព្រោះ​ជាតិខ្លាញ់​ដែល​នៅលើ​ខ្លួន មាន​ប្រភេទ​ខ្លះ​ជាខ្លាញ់​កក ហើយ​ប្រភេទ​ខ្លាញ់​ខ្លះទៀត​ជាប្រភេទ​រាវ។ ការ​សម្រក​ជាតិខ្លាញ់​ដែលមាន​ប្រសិទ្ធភាព​ជាងគេ​គឺការ​សម្រក​នៅលើ​ដងខ្លួន ក្បាល​ពោះ ដើមដៃ កំភួន​ជើង ភ្លៅ ព្រោះ​បំណែក​នេះជា​កន្លែង​ដែលមាន​ជាតិខ្លាញ់​ច្រើន​ជាងគេ។

2 . ការ​សម្រក​រាងដោយ​ប្រើ​ជាតិក្រែម ៖ ការ​ប្រើក្រែម​សម្រាប់​ត្រាំ​នៅក្នុង​ទឹកក្ដៅឧណ្ហៗ ដោយ​ឱ្យអ្នក​ដែល​សម្រករាង គេង​នៅក្នុង​អាងទឹក ហើយ​ការ​គេងត្រាំ​នៅក្នុង​ទឹកនេះធ្វើក្នុង​រយៈពេល​ដែលអ្នក​ជំនាញ​បាន​កំណត់ ធ្វើបែប​នេះ​ក្នុងមួយ​សប្ដាហ៍​ពី២ ទៅ​៣ដង នោះរាង​កាយ​របស់​លោកអ្នក​អាចប្រែ​ទៅជា​រាងស្រឡូន​ស្អាត។

4 . ការ​សម្រក​ដោយ​ឱសថ ៖ បាន​ន័យថា​នៅពេល​ដែល​លោកអ្នក​លេបថ្នាំ​ទៅមិន​សូវធ្វើ​ឱ្យ​លោកអ្នក​ឃ្លាន​អាហារ។ លោកអ្នក​ដែល​មិនសូវ​ឃ្លាន​អាហារ​នេះ​បណ្ដាល​មកពី​ថ្នាំ​ដែល​លោកអ្នក​ទទួលទាន​នេះគឺ​មានជាតិ​អាហារ​ស្រាប់។ ដូចនេះ​នៅពេល​ដែល​លោកអ្នក​ទទួលទាន​អាហារ​ចូល​ទៅធ្វើ​ឱ្យ​លោកអ្នក​ឆាប់​ឆ្អែត ដែលជា​ហេតុធ្វើ​ឱ្យ​លោកអ្នក​អាច​រក្សា​លំនឹង និង​ធ្វើឱ្យ​លោកអ្នក​ស្រកទម្ងន់​បាន។

4 . ការ​សម្រក​ដោយ​វះកាត់ ៖ ចំពោះ​ការ​វះកាត់​យក​ជាតិខ្លាញ់​ចេញនេះ​ភាគច្រើន​គឺទទួល​បានផល​យ៉ាង​ឆាប់រហ័ស។ ប៉ុន្ដែការ​វះកាត់​នេះគឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​សម្រាប់​វះកាត់។ ការ​វះកាត់​នេះ​ភាគច្រើន​មិនសូវ​មានអ្នក​អនុវត្ដន៍​ឡើយ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​សារតែ​លោកអ្នក​មួយចំនួន​មានការ​ភ័យខ្លាច និង​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​នៅពេល​វះកាត់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សារៈ​ប្រយោជន៍​នៃការ​សម្រករាង

ការ​សម្រករាង​មានសារៈ​ប្រយោជន៍​ណាស់​សម្រាប់​សុខភាព។ បើតាម​ការ​សិក្សា​ស្រាវជ្រាវ​បានឱ្យ​ឃើញ​ថា ចំពោះ​អ្នកដែល​ធាត់​ភាគច្រើន​អាចមាន​ជម្ងឺ​ច្រើន​ជាងអ្នក​ស្គម រួមមាន​ជម្ងឺ​លើសឈាម ទឹកនោម​ផ្អែម ខ្សោយ​បេះដូង រលាក​សន្លាក់​ជាដើម។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការ​សម្រករាង​គឺបាន​ផ្ដល់ឱ្យ​លោកអ្នក​មាន​សម្ផស្ស​កាន់តែ​ស្អាត​មួយ​កម្រិត​ថែមទៀត ព្រោះ​លោកអ្នក​មាន​រូបរាង​ស្រឡូន​ស្អាត។

ផល​ប៉ះពាល់​នៃការ​សម្រករាង

ចំពោះ​លោកអ្នក​មួយចំនួន​ដែលមាន​រូបរាង​ធាត់ លោកអ្នក​តែងតែ​ធ្វើការ​សម្រក​រាង​ដោយធ្វើ​ការ​សម្រេចចិត្ដ​ដោយ​ខ្លួនឯង ដូចជា​កាត់​បន្ថយការ​ទទួលទាន​អាហារ​ជាដើម ដែល​នាំឱ្យ​មានជម្ងឺ​ក្រពះ។ ដោយ​ឡែក​លោកអ្នក​មួយចំនួន​ទៀត​ក៏បាន សម្រករាង​ដោយ​ប្រើប្រាស់​ថ្នាំ​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ក៏អាច​មានបញ្ហា​ចំពោះ​សុខភាព ដូចជា​អស់កម្លាំង​ឆាប់​វិលមុខ ទទួលទាន​ដំណេក​មិនសូវ​បានឆាប់​បាក់​កម្លាំង ឬក៏​ធ្វើឱ្យ​រាករូស​ជាដើម។ បើ​និយាយ​ចំពោះ​សម្ផស្ស នៅពេល​ដែល​លោកអ្នក​ធ្វើការ​សម្រករាង​ដោយ​ប្រើប្រាស់​ថ្នាំ​ដែល​មិនមាន​ការ​ទទួលស្គាល់​ពី​វេជ្ជបណ្ឌិត​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ អាច​ធ្វើឱ្យ​លោកអ្នក​មានបញ្ហា​ចំពោះសម្ផស្ស ដូចជា​ធ្វើឱ្យ​ស្បែក​សភាព​យារធ្លាក់​ជ្រីវជ្រួញ ស្លេកស្លាំង​ជាដើម។

វិធី​ការពារ​ការឡើង​ទម្ងន់

ចំពោះ​លោកអ្នក​ដែល​ពេញចិត្ដ​នឹង​រូបរាង​ខ្លួនឯង ហើយ​គ្រាន់តែ​ចង់រក្សា​ទម្ងន់​ឱ្យ​នៅដដែល​នោះ លោកអ្នក​គួរតែ​កំណត់​របប​អាហារ ដោយ​ជ្រើសរើស​អាហារ​ណាដែល​សម្បូរ​ទៅដោយ​ជាតិ​វីតាមីន មិនមាន​ជាតិខ្លាញ់​ច្រើនពេក។ គប្បី​កាត់​បន្ថយ​ចំពោះ​អាហារ​ណាដែល​មាន​សារជាតិ​បំប៉ន​ខ្លាំងពេក ព្រោះ​អាហារ​ដែលមាន​សារជាតិ​បំប៉ន​អាច​បណ្ដាល​ឱ្យ​លោកអ្នក​ឡើង​ទម្ងន់។ លោកអ្នក​មិនត្រូវ​ទទួលទាន​អាហារ​ឱ្យឆ្អែត​ពេក​នោះទេ ជាពិសេស​ត្រូវ​ទទួល​ទាន​ផ្លែឈើ និង​បន្លែឱ្យ​បានច្រើន។ លោកអ្នក​គួរតែ​ប្រើក្រែម​សម្រាប់​ម៉ាស្សា​នៅលើ​ដងខ្លួន ដើម្បី​កាត់បន្ថយ​ការឡើង​ជាតិខ្លាញ់ ព្រោះ​កាលណា​លោកអ្នក​មាន​សុខភាព​ល្អ ទទួលទាន​ដំណេក​ច្រើន នេះក៏​ជាហេតុ​ដែលធ្វើ​ឱ្យ​លោកអ្នក​ធាត់​បានដែរ វិធី​ដែលល្អ​លោកអ្នក​ត្រូវតែ​ប្រើក្រែម​សម្រាប់​លាប​ការពារ​ការឡើង​ទម្ងន់។

ដំបូន្មាន​អ្នក​ជំនាញ

រូប​សម្ផស្ស​ស្អាត​គឺមាន​ការ​ផ្ដុំគ្នា​ដោយ​ធាតុ​ទាំងបី គឺផ្នែក​ដងខ្លួន ផ្នែក​ផ្ទៃមុខ និង​ផ្នែកសក់។ បើ​លោកអ្នក​ចង់បាន​រូបរាង​ស្អាត លោកអ្នក​គួរតែ​ជ្រើសរើស​នូវ​ចំណី​អាហារ​ណាដែល​ទទួលទាន​ទៅមិន​ធ្វើឱ្យ​លោកអ្នក​ឆាប់ធាត់។ លោកអ្នក​ត្រូវតែ​ឆ្លៀត​ពេល​ហាត់ប្រាណ​ដើម្បី​ជួយឱ្យ​លោកអ្នក​អាច​រក្សា​ទម្ងន់​បានល្អ ជាពិសេស​ការ​ហាត់ប្រាណ​អាចធ្វើ​ឱ្យ​លោកអ្នក​មាន​សុខភាព​ល្អ​ថែមទៀត​ផង។ ចំពោះ​លោកអ្នក​មួយចំនួន​ដែលមាន​បញ្ហា​ឡើង​ទម្ងន់ គួរតែ​ទៅពិភាក្សា​ជាមួយ​អ្នក​ជំនាញ ជាពិសេស​គឺត្រូវ​ជ្រើសរើស​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​មានការ​ទទួល​ស្គាល់​ពីវេជ្ជបណ្ឌិត ដើម្បី​ចៀសវាង​ការ​កើតឡើង​នូវ​បញ្ហា​ផ្សេងៗ​ដែល​លោកអ្នក​មិនអាច​ស្មានដល់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative