ខ​ជើងទា​ឆ្នាំងដី

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួលទាន ៤នាក់
  • រយៈពេល​ចម្អិន ៣ម៉ោង
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ៥នាទី

គ្រឿង​ផ្សំ

  • ជើងទា ៣ខាំ​កន្លះ
  • ស្ករ ៣​ស្លាបព្រា​កាហ្វេ
  • ប៊ីចេង ៣​ស្លាបព្រា​កាហ្វេ
  • ម្សៅស៊ុប ២​ស្លាបព្រា​កាហ្វេ
  • អំបិល ១​ស្លាបព្រា​កាហ្វេ
  • ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ
  • ប្រេងខ្យង ៤​ស្លាបព្រា​បាយ
  • ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ
  • ម្សៅឆា កន្លះ​ខាំ
  • ការ៉ុត ១​មើម
  • ផ្សិតខ្មៅ ១​ខាំ
  • ខ្ទឹមស ១​មើម​ចែកជា២
  • ម្ទេស​ដៃនាង ទៅតាម​តម្រូវការ
  • ជីវ៉ាន់ស៊ុយ ៣​ដើម
  • ប្រេងឆា ១​ស្លាបព្រា​បាយ
  • ទឹកស៊ុប ១​វែកសម្ល
  • ប្រេងល្ង ១ចឹប

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​រៀបចំ​គ្រឿង​ផ្សំ

  • ជើងទា​កាត់​ក្រចក​ជើងចេញ ហើយ​លាងទឹក​ឱ្យស្អាត បន្ទាប់មក​យកទៅ​ប្រឡាក់​ជាមួយ​គ្រឿងផ្សំ ដូចជា​ស្ករកន្លះ​ស្លាបព្រា​កាហ្វេ ប៊ីចេង​កន្លះ​ស្លាបព្រា​កាហ្វេ ម្សៅស៊ុប​កន្លះ​ស្លាបព្រា​កាហ្វេ ទឹកស៊ីអ៊ីវ​១ស្លាបព្រា​បាយ។
  • ម្រេច​បុកឱ្យ​ម៉ដ្ឋ
  • ការ៉ុត​លាង​ទឹកឱ្យ​ស្អាត​ចិតជា​ម៉ូត​ហើយ​ហាន់​បញ្ឆិតៗ
  • ផ្សិតខ្មៅ​យកទៅ​ត្រាំទឹក ហើយ​កាត់​ជាពីរ បើសិនជា​ធំពេក
  • ម្ទេស និង​ជីវ៉ាន់​ស៊ុយ លាងទឹក​ឱ្យស្អាត
  • ម្សៅឆា​យកទៅ​លាយទឹក តែកុំ​ឱ្យ​រាវពេក
  • ខ្ទឹមស​យកទៅ​ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋពេក

របៀប​ធ្វើ

ជាដំបូង​ត្រូវយក​ជើងទា​ដែល​ប្រឡាក់​រួចយក​ទៅបំពង​ជាមួយ​ខ្លាញ់​ឱ្យក្រៀម​ល្មម ហើយ​យកទៅ​ត្រាទឹក​ឱ្យរីក​ស្បែក។ បន្ទាប់​មកទៀត​ត្រូវយក​ទៅធ្វើ​ជាផាក់​ឡូវ ដោយ​ជាដំបូង​ត្រូវដាក់​ដាំទឹក​ឱ្យពុះ​ដោយ​ប្រើទឹក​១លីត្រ។ បន្ទាប់មក​ទៀត​ត្រូវដាក់​ជើងទា ដែល​ត្រាំទឹក​ចូលរួច​សឹម​ដាក់​ប៊ីចេង​១ស្លាបព្រា​កាហ្វេ ស្ករស​២ស្លាបព្រា​កាហ្វេ ម្សៅស៊ុប​កន្លះ​ស្លាបព្រា​កាហ្វេ អំបិល​១ស្លាបព្រា​កាហ្វេ ប្រេងខ្យង​២ស្លាបព្រា​បាយ ដោយ​ត្រូវ​រម្ងាស់​ឱ្យផុយ​ដោយប្រើ​រយៈពេល​២ម៉ោង។ បន្ទាប់​ពីផុយ​ហើយ​ត្រូវ​ស្រង់​ជើងទា​យកមក​ឆា​មួយសាទៀត ដោយ​ជាដំបូង​ត្រូវ​ដាក់​ខ្ទះឱ្យក្ដៅ​ហើយ​ដាក់​ប្រេងឆា​១ស្លាបព្រា​បាយ​ចូលឱ្យ​ក្ដៅ ហើយ​ត្រូវដាក់​ខ្ទឹមស​ចិញ្ច្រាំ​១ស្លាបព្រា​បាយ​ចូល​បំពង​ឱ្យឡើង​ជើង​អង្ក្រង។ បន្ទាប់​មកទៀត​ដាក់ជើង​ទា​ចូលទុក​បន្ដិច រួចហើយ​ដាក់​ការ៉ុត ផ្សិតខ្មៅ ប៊ីចេង១​ស្លាបព្រា​កាហ្វេ ម្សៅស៊ុប​១ស្លាបព្រា​កាហ្វេ ដាក់​ម្រេច ប្រេងខ្យង​១ស្លាបព្រា​បាយ និង​ដាក់ទឹក​ស៊ីអ៊ីវ​កន្លះ​ស្លាបព្រា​កាហ្វេ។ បន្ទាប់មក​ត្រូវដាក់​ទឹកស៊ុប កន្លះ​វែក​រម្ងាស់​ឱ្យចូល​ជាតិ​ប្រហែល​១នាទី​ឱ្យរីង​ទឹកល្មម ទើបដាក់​ម្សៅឆា​ដែល​លាយ​ជាមួយ​ទឹកច្របល់​ចូល ហើយ​ដាក់ប្រេង​ល្ង១ ចឹប។ បន្ទាប់មក​ដាក់​ឆ្នាំង​ឱ្យក្ដៅ​ហើយ​ចាក់ជើង​ទាចូល​ទៅក្នុង​ឆ្នាំង ដាក់​ជីវ៉ាន់ស៊ុយ និង​ម្ទេសចូល​ដើម្បី​លម្អ​ជាការ​ស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស និង​ធ្វើជា​គ្រឿង​ក្លែម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative