កម្ពុជា​បាន​បើក​យុទ្ធនាការ​ផ្ដល់ឈាម​នៅ​រាជធានី​ក្នុង​ទិវា​អន្ដរជាតិ​បរិច្ចាគ​ឈាម​ពិភពលោក

ជារៀង​រាល់ឆ្នាំ ទិវា​ផ្ដល់ឈាម​អន្ដរជាតិ​ពិភពលោក​ត្រូវបាន​ប្រារឰ​ធ្វើនៅ​ប្រទេស​កម្ពុជា​នៅថ្ងៃ​ទី១៤ ខែមិថុនា ក្នុង​គោលបំណង​ជំរុញ​ដល់មនុស្ស​រាប់លាន​នាក់​នៅលើ​ផែនដី រួមទាំង​ប្រជាជន​កម្ពុជា​រាប់ពាន់​នាក់​ទៀត​ឱ្យមាន​សេចក្ដី​ក្លាហាន​ក្នុងការ​ចូលរួម​បរិច្ចាគឈាម​ជាចាំបាច់ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ក្នុង​បុព្វហេតុ​គ្រោះថ្នាក់ ឬ​ជម្ងឺផ្សេងៗ​ដែល​បណ្ដាល​ឱ្យមាន​ការ​បាត់បង់​ឈាម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ញ៉ែម ធួក នាយក​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់ឈាម​បាន​ថ្លែង​នៅក្នុង​ទិវា​ពិភពលោក​នៃអ្នក​បរិច្ចាគ​ឈាម​បានថ្លែង​នៅក្នុង​ទិវា​ពិភពលោក​នៃអ្នក​បរិច្ចាគ​ឈាម​បានឱ្យ​ដឹងថា ទិវានេះ​បាន​ចាប់ផ្ដើម​ប្រារឰ​ធ្វើ​ចាប់តាំង​ពីឆ្នាំ​២០០៤​មកម្ល៉េះ ហើយ​ឆ្នាំនេះ​គឺជា​លើក​ទី៧ ដែល​មានការ​ចូលរួម​អបអរសាទរ និង​ស្ម័គ្រចិត្ដ​ផ្ដល់ឈាម​ពីយុវជន​ច្រើនជាង​៥០០នាក់​ក្នុង​ទិវា​នេះផង​ដែរ។ លោក​បន្ដថា “សម្រាប់​ឆ្នាំនេះ ទិវា​ផ្ដល់ឈាម​បាន​ផ្ដោត​យ៉ាងសំខាន់​ទៅលើ​គោលដៅ​ជាយុវជន​ស្ម័គ្រចិត្ដ​ដែល​ស្ថិតក្រោម​ប្រធានបទ “អ្នក​បរិច្ចាគ​ឈាម” ដែល​នេះជា​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ដើម្បី​ជំរុញឱ្យ​យុវជន​យកចិត្ដ​ទុកដាក់​ធ្វើ​អំណោយ​ឈាម​ស្ម័គ្រចិត្ដ​ឱ្យបាន​កាន់តែ​ច្រើន​ឡើងថែម​ទៀត”។

គិតមក​ដល់ពេល​បច្ចុប្បន្ន​នេះ មជ្ឈមណ្ឌល​ផ្ដល់ឈាម​ខេត្ដ​មានចំនួន​២១​កំពុង​ដំណើរការ​ព្រមទាំង​មណ្ឌល​ស្ដុកឈាម​មាននៅ​តាម​មន្ទីរពេទ្យ​ស្រុក​ចំនួន១១​កន្លែង​ដែលត្រូវ​ប្រើប្រាស់​ឈាម​ដើម្បី​ដំណើរ​ការ​វះកាត់ និងជួយ​សង្គ្រោះ​បន្ទាន់។ ដូច្នេះ​សេវាកម្ម​ផ្ដល់ឈាម​អាច​គ្រប​ដណ្ដប់ និង​ផ្គត់ផ្គង់​ឈាមបាន​ស្ទើរតែ​គ្រប់ទីកន្លែង​ព្យាបាល​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ឆ្នាំ២០០៩​កន្លង​ទៅនេះ មជ្ឈមណ្ឌល​ផ្ដល់ឈាម​បាន​ប្រមូល​ឈាម​សរុប​មានចំនួន​៣៥៨៩៥​ប្លោក។ ប៉ុន្ដែ​អត្រា​នៃការ​ធ្វើ​អំណោយ​ឈាម​ក្នុង​ចំណោម​ប្រជាជន​១០០០​នាក់គឺមានតែ​៣នាក់​ប៉ុណ្ណោះ​(អ្នក​ស្ម័គ្រចិត្ដ)​ដែល​អត្រានេះ​នៅទាប​នៅឡើយ​ទេ។ លោក ញ៉ែម ធួក បាន​បន្ថែម​ថា បើតាម​ការ​សិក្សា​បានបង្ហាញ​ឱ្យដឹង​ថា កាលណា​មាន​ប្រជាជន​២នាក់​ផ្ដល់​ឈាម ក្នុងចំណោម​ប្រជាជន​១០០នាក់ ទើបអាច​ធានា​នូវការ​ផ្គត់ផ្គង់​ឈាម​បាន​គ្រប់គ្រាន់។

លោក​ជំទាវ អ៊ុក ម៉ុណ្ណា រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថា ដើម្បី​លើកកម្ពស់​ការផ្ដល់​សេវា​ឈាម សុខាភិបាល​ឱ្យ​កាន់តែ​ល្អ​ប្រសើរ មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ត្រូវធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ជាសាធារណៈ​ឱ្យកាន់តែ​ទូលំទូលាយ​ថែមទៀត អំពី​ការធ្វើ​អំណោយ​ឈាម​ស្ម័គ្រចិត្ដ ដើម្បី​ឱ្យ​ប្រជាជន​យុវជន​ក្នុង​សហគមន៍​ក៏ដូចជា​មន្ដ្រី​រាជការ​ទាំងអស់​នៅតាម​អង្គភាព មន្ទីរ ក្រសួង​ទាំងឡាយ​បាន​យល់ដឹង និង​ចូលរួម ពិសេស​យុវជន​នៅតាម​វិទ្យាល័យ មហាវិទ្យាល័យ គ្រឹះស្ថាន​ឧត្ដម​សិក្សា​នានា ដើម្បី​ឱ្យ​មនុស្ស​ទាំងអស់​បានយល់​ដឹង​កាន់តែច្បាស់ ដើម្បី​ធ្វើការ​អប់រំ​បន្ដ។

កញ្ញា ឌិត គីមមាន តំណាង​សប្បុរជន​ស្ម័គ្រចិត្ដ​បរិច្ចាគ​ឈាម​បានមាន​ប្រសាសន៍​ថា តាមរយៈ​ការផ្ដល់​ឈាម​ជាច្រើន​ដង​នៅ​មជ្ឈមណ្ឌល​ផ្ដល់​ឈាម ខ្ញុំបាន​ជួប​ជាមួយ​អ្នក​ផ្ដល់ឈាម​ដទៃទៀត​ជាច្រើន​នាក់ ដែល​ភាគច្រើន​ជាអ្នក​ផ្ដល់ឈាម​នៅពេល​គ្រួសារ​គាត់​ត្រូវ​ការ​ឈាម ដូច្នេះ​ពួកគាត់​មានការ​ភ័យព្រួយ​បារម្ភ​ចំពោះ​សមាជិក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​យ៉ាងខ្លាំង។ ប៉ុន្ដែ​ពួកគេ​មិនហ៊ាន​ផ្ដល់ឈាម​ម្ដងណា​ឡើយ ព្រោះ​ពួកគេ​មានការ​ភ័យខ្លាច ប៉ុន្ដែ​បន្ទាប់​ពីពួកគេ​បានដឹង​ថាមាន​មនុស្ស​មួយចំនួន​មាន​សេចក្ដី ក្លាហាន​នៅក្នុង​ការ​ផ្ដល់​ឈាម និង​មិនមាន​ផល​ប៉ះពាល់​នោះ ទើបធ្វើ​ឱ្យពួកគេ​មាន​អារម្មណ៍​ក្លាហាន​នៅក្នុង​ការបរិច្ចាគ​ឈាម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Google Analytics Alternative