បុណ្យ​ចូល​ព្រះវស្សា

បុណ្យចូល​ព្រះវស្សា​ក៏ជា​បុណ្យ​ដ៏ធំមួយ​ដែលអាច​ចាត់ទុក​ថា ជា​បុណ្យ​ដែលមាន​សារៈសំខាន់​ណាស់​នៅក្នុង​ចំណោម​បុណ្យ​ផ្សេងៗ​នៅក្នុង​ព្រះពុទ្ធ​សាសនា។ ជារៀង​រាល់ឆ្នាំ​នៅពេល​ដល់ថ្ងៃ​ខែដែល​ត្រូវប្រារឰ​ពីធី​បុណ្យ​ចូល​ព្រះវស្សា ប្រជាពលរដ្ឋ​ដែល​ជាអ្នក​កាន់​ព្រះពុទ្ធ​សាសនា​ក៏បាន​នាំគ្នា​ជ្រះថ្លា​រៀបចំ​គ្រឿង​សក្ការៈ និង​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេងៗ​សម្រាប់​ឧបត្ថម្ភ​ដល់​ភិក្ខុ​សង្ឃឆាន់ និង ប្រើប្រាស់​ក្នុង​រដូវកាល​ចូលកាន់​ព្រះវស្សា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​កាន់តែ​ជ្រាប​ច្បាស់ ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​តំណាល​រឿង​ខ្លះៗនៃ​ប្រវត្ដិ​ពិធីបុណ្យ​ចូល​ព្រះវស្សានេះ​មក​ជម្រាប​ជូន​ក្រោម​ការ​បកស្រាយ​របស់​ភិក្ខុ ហ៊ុំ សុទ្ធា ព្រះគ្រូ​សូត្រ​ឆ្វេង​គង់នៅ​វត្ដ​សំពៅមាស។

ដើម​កំណើត​នៃបុណ្យ​ចូល​ព្រះវស្សា

ទាក់ទង​ទៅនឹង​បុណ្យ​ចូលព្រះ​វស្សានេះ​ដែរ គឺមាន​ដើមកំណើត​តាំងពី​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ​ទ្រង់​គង់នៅ​មានព្រះ​ជន្ម​នៅឡើយ។ នៅក្នុង​សម័យកាល​នោះ​គឺមាន​រឿងរ៉ាវ​កើតឡើង​ក្នុង​ព្រះពុទ្ធ​សាសនា ទើប​ព្រះអង្គ​ទ្រង់​បញ្ញត្ដិ​នូវពិធី​បុណ្យចូល ព្រះវស្សា​នេះឡើង។ ដូចនេះ​សូម​លើកយក​ប្រវត្ដិ​ត្រួសៗ​នៃពិធី​បុណ្យ​ចូលព្រះ​វស្សា​ដែល​ស្ថិត​នៅក្នុង​គម្ពីរ​ព្រះត្រៃបិដក វិន័យ​បិដក ភាគ​២លេខ៧ ដែលមាន​សម្ដែង​នៅក្នុង​វស្សូ​បនាយិកក្ខន្ធកំ នៅ​ទំព័រ​ទី១។

នៅក្នុង​សម័យ​កាលនោះ ព្រះពុទ្ធ​មាន​ព្រះភាគ​ទ្រង់​គង់នៅ​វត្ដ​វេឡុវន​ជាវត្ដ​ដែល​សម្បូរ​ទៅដោយ​ដើម​ឫស្សី ឬក៏​ហៅថា​ព្រៃឫស្សី​(កលន្ទកនិវាបស្ថាន​ទៀប​ក្រុង​រាជគ្រឹះ)។ គ្រានោះ​ឯង ការ​នៅចាំ​វស្សា​ព្រះមាន​ព្រះភាគ​មិនទាន់​បាន​បញ្ញត្ដិ​នៅឡើយ​ទេ មានន័យ​ថា មិនទាន់​មាន​ពិធី​បុណ្យ​ចូល​ព្រះវស្សា​នៅឡើយ​ទេ។ ពួក​ភិក្ខុ​ទាំងឡាយ​នៅក្នុង​ព្រះពុទ្ធ​សាសនា​តែងតែ​ត្រាច់​ទៅកាន់​ចារិក​ផ្សេងៗ មានន័យ​ថាធ្វើ​ដំណើរ​ទៅតាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួនឯង ដោយ​ភិក្ខុខ្លះ​ធ្វើ​ដំណើរ​អស់​ហេមន្ដ​រដូវខ្លះ អស់​គិម្ហ​រដូវខ្លះ និង​អស់​វស្សាន​រដូវខ្លះ ដោយ​មិនមាន​ពេល​សម្រាក​ខែណា​មួយឱ្យ​ពិតប្រាកដ​នៅកន្លែង​ណាមួយ​នោះទេ ដោយ​ត្រាច់​ទៅតាម​ចិត្ដចង់។ ដូចនេះ​ហើយ​ពួក​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​តិះដៀល​ដល់ភិក្ខុ​នោះថា ពួក​ភិក្ខុ​ទាំងអស់​នេះ​ជាសមណៈ​ជាសក្យបុត្ដិយ៍ មិនសម​នឹងត្រាច់​ទៅកាន់​ចារិក​អស់​ហេមន្ដ​រដូវខ្លះ អស់​គិម្ហ​រដូវ​ខ្លះ អស់​វស្សា​រដូវខ្លះ ដោយ​មិនមាន​ពេល​សម្រាក​នោះទេ។ ហើយ​ការ​ត្រាច់នេះ​គឺ​ត្រាច់​ទៅដើរ​ជាន់ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀន​នូវវត្ថុ​ដែលមាន​ជីវិត​មាន​ឥន្ទ្រីយ​តែ១ ញ៉ាំង​ឱ្យសត្វ​តូចៗ​ជាច្រើន​ឱ្យដល់​នូវសេចក្ដី​វិនាស​សោះ សូម្បី​ពួក​បរិព្វាជក​មាន​លទ្ធិ​ដទៃ(ពួក​ដែលកាន់​សាសនាផ្សេងៗ)​ក៏គេមាន​រដូវ​ចូល​វស្សា​ដែរ។ សូម្បី​តែ​ពួកសត្វស្លាប​នេះទៀត​សោត​ក៏គង់​ធ្វើ​សម្បុក​លើចុងឈើ​ទាំងឡាយ​ហើយ​នឹង​សម្ងំ​ឈប់​សម្រាក​នៅចាំ​វស្សា​ដែរ ចម្លែក​តែពួក​សមណៈ​ជា សក្យបុត្គិយ៍​នេះ​មិនមាន​ចាំវស្ស​សោះ​អ៊‌ីចឹង។ កាល​មនុស្ស​ទាំងនោះ​កំពុង​ពោលពាក្យ​តិះដៀល​បន្ដុះបង្អាប់ ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮច្បាស់ ហើយ​ក៏បាន​យកពាក្យ​ទាំងនោះ​ទៅ​ក្រាប​ទូលសេចក្ដីនុ៎ះ​ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះមាន​ព្រះភាគ​ទ្រង់​ធ្វើនូវ​ធម្មី​កថា​ក្នុងវេលា​នោះឯង​រួចហើយ ទើប​ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកអនុញ្ញាត​ថា ម្នាលភិក្ខុ​ទាំងឡាយ​តថា​គតអនុញ្ញាត​ឱ្យភិក្ខុ​ចូល​វស្សា ប៉ុន្ដែ​ទ្រង់​មិនទាន់​បាន​កំណត់​ថាពេលណា​ឱ្យចូល​វស្សា​នោះទេ។ ក្រោយមក​ទៀត​ភិក្ខុ​ទាំងឡាយ​ក៏នាំគ្នា​ឆ្ងល់ថា រដូវ​មានតែ​បីនោះ​ទេ តើ​ត្រូវ​ចូលរដូវ​មួយណា? ភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ​ព្រះត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ​តថាគត​អនុញ្ញាត​ឱ្យអ្នក​ទាំងឡាយ​ចូល​វស្សា​នៅក្នុង​វស្សាន​រដូ​វ​(រដូវភ្លៀង)។ ហើយ​ថ្ងៃចូល​វស្សា​គឺមាន​២ដង គឺថ្ងៃ​បុរិមិកាវស្សា (ចូល​វស្សាមុន)និងថ្ងៃ​បច្ឆិមិកាវស្សា​(ចូលវស្សា​ក្រោយ) ភិក្ខុ​គួរចូល​វស្សា​ក្នុងថ្ងៃ​បន្ទាប់នៃ​ថ្ងៃពេញបូណ៍មី​ខែអាសាធ​(ថ្ងៃ១រោចខែ អាសាធ)​ចូលវស្សា​មុន ហើយ​ថ្ងៃដែល​ចូលវស្សា​ទី២​គឺពេញបូណ៍មី​ខែអាសាធ​(ថ្ងៃ១រោច​ខែស្រាពណ៍) ដោយ​ត្រូវ​ចូល​ជារៀង​រាល់ឆ្នាំ ភិក្ខុណា​ដែល​មិនចូល​គឺត្រូវ​អាបត្ដិទុក្កដ​(ទោស) ហើយ​រយៈពេល​ដែល​ចូល​វស្សានេះ​គឺមាន​បីខែ​(ខែខ្មែរ)។ ចំពោះ​មូលហេតុ​ដែលចូល​ព្រះវស្សា​ចែកចេញ​ជាពីរ​នេះគឺ​ដោយសារ​តែភិក្ខុ​ខ្លះមាន​ធុរៈ​សំខាន់​ដែល​មិនអាច​ចូលវស្សា​លើកទី១​បាន។ ដូចនេះ​ត្រូវលើក​ទៅ ចូល​វស្សា​លើកទី២​វិញ​ដែលមាន​រយៈពេល​បីខែ​ដូចគ្នា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សារៈ​សំខាន់​នៃបុណ្យ​ចូល​ព្រះវស្សា

ពិធី​បុណ្យចូល​ព្រះវស្សា​មានសារៈ​សំខាន់​ណាស់​ចំពោះ​ភិក្ខុសង្ឃ សាមណេរ​ដែល​បានចូល​បួស​ជាសមណៈ ព្រោះ​ថាកាល ព្រះវស្សា​ដែល​ព្រះពុទ្ធ​ទ្រង់​បញ្ញាត្ដិ​កាលត្រីមាស​៣ខែនេះ​ដូចជា ៖

  • ធ្វើឱ្យ​ភិក្ខុ​សាមណេរ​ទទួលបាន​សង្រួម​នៅក្នុង​ឥន្ដ្រី​សំវរៈ
  • បានផ្ដល់​ឱកាស​ដល់ភិក្ខុ​មាន​សិទ្ធិ​ទទួល​អនុមោទនា​នៃទាយក​ទាយិកា
  • ទទួល​បាន​អានិសង្ឃ​នៃការ​កាន់​ព្រះវស្សា
  • បង្កើន​សេចក្ដី​ជ្រះថ្លា​ដល់ពុទ្ធ​បរិស័ទ​ទាំងអស់
  • អាចបង្កើត​សាមគ្គីភាព​រវាងភិក្ខុ និង​ភិក្ខុ​នៅក្នុង​អាវាស។

តើភិក្ខុ​ដែលចូល​ព្រះវស្សា​អាច​និមន្ដ​ចេញក្រៅ​បានដែរ​ឬទេ?

តាម​ព្រះពុទ្ធ​បញ្ញត្ដិ ព្រះអង្គ​ទ្រង់​ហាម​មិនឱ្យ​ភិក្ខុ​សង្ឃ​ទាំងអស់​ដែលគង់​ក្នុង​អារាមនីមួយៗ​ចេញពី​វត្ដ​ដោយ​កន្លង​រាត្រី​បាន​នោះទេ ក្នុងកាល​នៃការ​ចូលកាន់​ព្រះវស្សា​៣ខែ​នោះ។ ប៉ុន្ដែ​ដោយមាន​ការទូល​សុំពី​ពួក​បរិស័ទ និងភិក្ខុ​សង្ឃ ព្រះមាន​ព្រះភាគ​ទ្រង់​អនុញ្ញាត​សត្ដហៈ​ចំនួន​៧ថ្ងៃ ដោយ​មានហេតុ​កើតឡីង​ចំពោះ​ភិក្ខុ​ដូចជា ៖

  • មាតា ឬ​បិតាឈឺ
  • គ្រូ​ឧបជ្ឈយ៏​មាន​អាពាធ
  • មានការ​និមន្ដ​ពីពួក​បរិស័ទ។

បើមិន​មានហេតុ​ទាំងអស់​ខាងលើ​នោះទេ ភិក្ខុ​មិនអាច​និមន្ដ​ចេញពី​អារាម​ដោយ​កន្លង​រាត្រី​បាន​នោះទេ។

ពិធី​បុណ្យ​ចូល​ព្រះវស្សា

ពិធី​បុណ្យ​ចូល​ព្រះវស្សា​នេះគេ​ប្រារឰ​ដោយ​ចែកចេញ​ជាពីរ​ផ្នែក គឺ​ផ្នែក​ពុទ្ធបរិស័ទ និងផ្នែក​ព្រះសង្ឃ។

1 . ផ្នែក​ពុទ្ធ​បរិស័ទ ៖ នៅល្ងាច​ថ្ងៃ១៥កើត​ខែជេស្ន នាំគ្នា​ប្រារឰ​កិច្ចថ្វាយ​បង្គំ​ព្រះសមាទាន​សីល បន្ទាប់មក​និមន្ដ​ព្រះសង្ឃ ចំរើន​ព្រះបរិត្ដ និង​សម្ដែង​ធម៌​ទេសនា។ លុះព្រឹក​ឡើង​ថ្ងៃ១រោច​ខែអាសាធ ពេកព្រឹក​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ ហើយ​ថ្ងៃត្រង់​វេរចង្ហាន់​បិណ្ឌបាទ​ព្រមទាំង​សំពត់​សាដក និង​បរិក្ខារ​ផ្សេងៗ​មាន​ទាន ធូប ប្រេង តែ ស្ករ​ជាដើម ប្រគេន​ព្រះសង្ឃ​ដោយ​ឆ្លង​ជាកិច្ច​បង្ហើយ​បុណ្យ។

2 . ផ្នែក​ព្រះសង្ឃ ៖ នៅល្ងាច​ថ្ងៃ១រោច​ខែអាសាធ​វេលា​ម៉ោង​៦យប់​ព្រះសង្ឃ​ទាំងអស់ក្នុង​វត្ដអារាម​ផ្សេងៗ បានជួប​ជុំគ្នា​នៅក្នុង​ព្រះវិហារ ដើម្បី​ប្រារឰ​ពិធី​ចូលកាន់​ព្រះវស្សា ដោយមាន​ព្រះគ្រូ​ចៅអធិការ​ជាអ្នក​ដឹកនាំ​កិច្ចនោះ។ ជាដំបូង​ភិក្ខុ​ទាំងអស់​នាំគ្នា​ថ្វាយ​បង្គំ​ព្រះបន្ទាប់​មកធ្វើ​ពិធី​កំណត់​ការ​ចូលកាន់​ព្រះវស្សា​តែម្ដង។

ដំបូន្មាន​អ្នក​ប្រឹក្សា

ឆ្លងតាម​ការ​បរិយាយ​ខាងលើ​នេះ អាច​បញ្ជាក់​បានថា​បុណ្យ​ចូលកាន់​ព្រះវស្សា​នេះជាបុណ្យ​មួយដែល​សំខាន់​មួយ​នៅក្នុង​ព្រះពុទ្ធ​សាសនា។ ដូចនេះ​សូមឱ្យ​ប្រជាពលរដ្ឋ​យកចិត្ដ​ទុកដាក់​ចំពោះ​បុណ្យ​ចូលព្រះ​វស្សានេះ​ឱ្យដូចជា​បុណ្យ​ធំៗ​ដទៃទៀត​ផងដែរ សម្រាប់​ព្រះសង្ឃ​មិនមាន​អ្វីជា​ទីពឹង​ក្រៅពី​ពុទ្ធបរិស័ទ​នៅពេល​ដែល​គង់ចាំ​ព្រះវស្សា​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Google Analytics Alternative