សំណង់​ផ្ទះ​តាមស្ថានភាព​ដី

ស្ថានភាព​ដី​មាន​លក្ខណៈ​ផ្សេងៗ​គ្នា​ទៅតាម​តំបន់​នីមួយៗ ដូចជា​តំបន់​ខ្ពង់រាប វាលទំនាប និង​តំបន់​មាត់សមុទ្រ។ បើសិន​ជា លោកអ្នក​មិនបាន​សិក្សា​ទៅលើ​ការ​សាងសង់​នៅតាម​តំបន់​ទាំងនោះ​ទេ នៅពេល​សង់ផ្ទះ​នឹងអាច​បង្កឱ្យ​មានផល​ប៉ះពាល់​ចំពោះ​ការរស់នៅ​ដែល​បណ្ដាល​មកពី​កត្ដា​អាកាសធាតុ និង​បាតុភូត​ធម្មជាតិ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​លោកអ្នក​ជ្រាប​កាន់ច្បាស់​ដែល​ទាក់ទង​ពីបញ្ហា​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក ជា សារិន នាយក​ក្រុមហ៊ុន​គ្រីនហ្គោល។

លក្ខណៈ​សណ្ឋាន​ដី

សម្រាប់​ប្រទេស​កម្ពុជា ការ​ចែកជា​សណ្ឋានដី​ភាគច្រើន​គឺ​សំដៅ​ទៅលើ​តំបន់​វាលទំនាប ខ្ពង់រាប និង​តំបន់​មាត់​សមុទ្រ។ នៅតាម​តំបន់​ទាំំងបីនេះ​សំណង់​ផ្ទះគឺមាន​លក្ខណៈ​ខុសៗ​ពីគ្នា ដោយសារ​មានការ​ជះឥទ្ធិពល​ពីកត្ដា​ធម្មជាតិ​ដែលតម្រូវ​ឱ្យ​ការ​សាងសង់​ផ្ទះ ត្រូវ​ទៅតាម​បច្ចេកទេស​ត្រឹមត្រូវ។

  • សំណង់ផ្ទះ​នៅតំបន់​វាល​ទំនាប ៖ តំបន់​វាល​ទំនាប​នៅក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​គ្រប​ដណ្ដប់​ច្រើន ហើយ​ស្ទើរតែ​ជាតំបន់​លិចទឹក។ ដូច្នេះ​ការ​សាងសង់​ផ្ទះនៅតំបន់​វាល​ទំនាប​នេះគឺ​ត្រូវតែ​ផុតពី​ដី ដើម្បី​ទប់ស្កាត់​ការ​លិចទឹក​នៅ​រដូវវស្សា។ មួយវិញទៀត​ដើម្បី​ឱ្យផុតពី​ដី​សើម ការពារ​សំណើម​បរិយាកាស ពិសេស​គឺ​ធ្វើឱ្យ​ផ្ទះ​មាន​ទីធ្លា លម្ហ និង​ខ្យល់​អាកាស​ខាងក្រោម​ផ្ទះ ដើម្បី បំពេញ​សកម្មភាព​ការងារ​ប្រចាំថ្ងៃ និង​សម្រាក​លម្ហែកាយ ដូចជា​ការជួប​ជុំ​មិត្ដភក្ដិឬ​បងប្អូន​ជាដើម។ ទាំងនេះ​គ្រាន់តែ​ជាផល​ប្រយោជន៍​បន្ទាប់​បន្សំ​តែ​ប៉ុណ្ណោះ តែអ្វី​ដែល​សំខាន់នោះ​ការ​សាងសង់​ផ្ទះ​ខ្ពស់ពី​ដីនោះ គឺ​ដើម្បី​ចៀស​ផុតពី​ការ​លិចទឹក។
  • សំណង់​ផ្ទះ​នៅតំបន់​ខ្ពង់រាប ៖ ការ​រស់នៅ​តាម​តំបន់​ខ្ពង់រាប​ដែល​ភាគច្រើន​ជាជនជាតិ​ភាគតិច​ដែល​រស់នៅ​ខាង​ភូមិភាគ​ឦសាន។ ផ្ទះ​ក្នុង​តំបន់​នោះ​សាងសង់​ជាប់ផ្ទាល់​ពីដី​តែម្ដង ហើយ​ជាសំណង់​ទាបៗ ការ​សាងសង់​មាន​លក្ខណៈ​បែបនេះ ដើម្បី​គេចពី​កម្លាំង​ខ្យល់​បក់ខ្លាំង។ ផ្ទុយ​ទៅវិញ​បើសិនជា​សំណង់​ផ្ទះ​ផុតពី​ដី​នៅតំបន់​ខ្ពង់រាប នឹង​​បណ្ដាលឱ្យ​ខ្យល់​គួច​បក់បោក​ខូចខាត​សំណង់​នោះ​តែម្ដង។ ដូចនេះ​ការ​សាងសង់​ផ្ទះ​នៅតំបន់​ខ្ពង់រាប​គឺមាន​លក្ខណៈ​ទាប​ហើយ​មាន​ដំបូល​កោង​ស្ទើរតែ​ធ្លាក់មក​ដល់ដី​តែម្ដង ដែលជា​ផល​ប្រយោជន៍​គេច​ផុតពី​កម្លាំង​ខ្យល់​ខ្លាំង និង​ការ​ការពារ​ការ​ខូចខាត​ផ្ទះ​សម្បែង។
  • សំណង់​ផ្ទះ​នៅតំបន់​មាត់​សមុទ្រ ៖ ការ​សាងសង់​ផ្ទះនៅ​តំបន់​មាត់​សមុទ្រ​មាន​លក្ខណៈ​ខុស​ពីការ​សាងសង់​នៅ​តំបន់វាល​ទំនាប តែមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ការ​សាងសង់​ផ្ទះ​នៅតាម​តំបន់​ខ្ពង់រាប។ នៅតំបន់​មាត់​សមុទ្រ​ទទួលរង​សម្ពាធ​ខ្យល់​ខ្លាំង ហើយ​ក៏​ទទួលរង​ទឹកភ្លៀង​ខ្លាំង​ផងដែរ។ ប៉ុន្ដែ​មាន​លក្ខណៈ​ខុសមួយ​ពីតំបន់​ខ្ពង់រាប គឺ​នៅតំបន់​មាត់​សមុទ្រ​មាន​សារជាតិ​អំបិល​ច្រើន បើ​សាងសង់​ដោយ​ចង់ទាញ​យកខ្យល់​ដែលមាន​លក្ខណៈ​ដូចនៅ​តំបន់​ខ្ពង់រាប​នោះលោកអ្នក​នឹង​ទទួល​បានជាតិ​អំបិល​ចូល​ទៅក្នុង​ផ្ទះក៏ច្រើន​ដែរ នាំឱ្យ​ការ​រស់នៅ​គ្មាន​ផាសុកភាព។ ការ​សាងសង់​ផ្ទះ​នៅតំបន់​មាត់សមុទ្រ​គឺ​សាងសង់​ដោយ​មិនឱ្យ​ខ្យល់​រត់​ឆ្លងកាត់​ក្នុង​អគារ ឬ​ផ្ទះច្រើន​នោះទេ ប៉ុន្ដែ​ការ​ពង្រីក​បង្អួច​ដើម្បី​មើល​ទេសភាព​ឱ្យបាន​ធំ​នៅចំ​ទិសខ្យល់​ត្រូវ​ធំ តែការ​សាងសង់​មិនធ្វើ​ឱ្យមាន​ចរន្ដ​ខ្យល់ រត់ចេញ​ច្រើន​ពេក​នោះទេ បើ​មិនដូចនេះ​នឹង​ធ្វើខ្យល់​រត់ឆ្លងកាត់​អគារ​កាន់តែ​ខ្លាំង។ មួយវិញទៀត​ការ​ជ្រើសរើស​សម្ភារៈ​សាងសង់ សម្រាប់​នៅ​តំបន់មាត់​សមុទ្រ​នោះ គឺ​ចៀសវាង​ចំពោះ​សម្ភារៈ​ដែលមាន​លក្ខណៈ​ប្រឆាំង​នឹង​សារជាតិ​អំបិល ដូចជា​ដែក​ជាដើម។ ហើយ​សម្ភារៈ​ដែលល្អ​ជាងគេ​គឺឈើ ទើប​មិនអាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្ទះរបស់​លោកអ្នក។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​គប្បី​ជ្រើសរើស​សម្ភារៈ​ក្នុងការ​សាងសង់​ឱ្យបាន​ត្រឹមត្រូវ និងមាន​គុណភាពទើប​អាចធ្វើ​ឱ្យ​គេហដ្ឋាន​របស់​លោក អ្នក​រឹងមាំ​បានយូរ​អង្វែង។ ទោះបីជា​លោកអ្នក​សម្រេចចិត្ដ​រស់នៅ​ក្នុង​តំបន់​ណាមួយ​ក៏ដោយ ចាំបាច់​គិតគូរ​ពីបញ្ហា​បច្ចេកទេស​សាងសង់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​គេហដ្ឋាន​របស់​លោកអ្នក​មាន​ភាព​រឹងមាំ និង​សំណង់​សមស្រប​នឹង​ធម្មជាតិ​ទៅតាម​តំបន់​ដែល​រស់នៅ។
(សូម​បន្ដអាន​នៅលេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Google Analytics Alternative