ជម្ងឺមហារីកគ្រាប់ភ្នែក

ភ្នែកគឺជាសរីរៈសំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប​ដែល​ធម្មជាតិ​បាន​បង្កើត​ឡើង​ឱ្យ​មានដល់​មនុស្សសត្វ ដើម្បី​ជាផ្នែក​មួយសម្រាប់​សម្លឹង​មើល​គ្រប់​ទិសទី​ដែលមាន​នៅ​ជុំវិញ​ខ្លួន​ទាំងអស់ ដើម្បី​បញ្ជាក់​និង​ដឹងថា​នោះ​គឺជាអ្វី ហើយ​ព្រឹត្ដិការណ៍​អ្វីកើត​ឡើង​ ផងដែរ។ ប៉ុន្ដែ​បើ​ភ្នែក​លោកអ្នក​មានបញ្ហា​អ្វីមួយ ដូចជាព្រឹល មើលអ្វី​មិនច្បាស់ និងងងឹត ឬមានជម្ងឺ​អ្វីមួយ​ហើយនោះ លោកអ្នក​ កំពុង​តែជួប​បញ្ហា​ប្រឈម​មុខយ៉ាង​ច្រើន​បាត់បង់​នូវ​ឱកាស​គ្រប់​បែបយ៉ាង​ក្នុង​ឆាក​ជីវិត។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជាមួយគ្នានេះដែរ ទស្សនាវដ្ដី សុខភាពយើង បានលើក​យក​បញ្ហា​ជម្ងឺ​មហារីក​ភ្នែក​យកមក​បកស្រាយ ដោយមាន​ការផ្ដល់​ ប្រឹក្សា​យោបល់​ដោយ​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជម្ងឺមហារីក នៃមន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត ធ្វើការ​បកស្រាយ​ដូច  តទៅ។​

ជម្ងឺមហារីកគ្រាប់ភ្នែកជាអ្វី?

ជម្ងឺមហារីកភ្នែកគឺជាជម្ងឺធ្ងន់ធ្ងរ​មួយដែល​ភាគច្រើន​កើតមាន​នៅលើ​មនុស្ស​វ័យក្មេង​ច្រើនជាង​ទៅលើ​មនុស្សចាស់។ ជម្ងឺ​ នេះច្រើន​កើតមាន​ដោយសារ​មានការ​បម្រែបម្រួល​ហ្សែន​ខុសធម្មតា តាំងពី​កុមារ​ចាប់​កំណើត​នៅក្នុង​ពោះ​មាតា​ដែល​មិនទាន់​ក្លាយ​ ទៅជា​មនុស្ស​មិនទាន់​ពេញ​លក្ខណៈ​មកម្ល៉េះ។ ហើយ​ភាសា​វេជ្ជសាស្ដ្រ​គេហៅថា រ៉េហ្ស៊ីណូប្លាសស្ដូម មានន័យ​ថាជម្ងឺ​មហារីក​គ្រាប់ភ្នែក​  កើតនៅ​លើ​ស្រទាប់​រ៉េទីន ហើយ​រ៉េទីន​គឺជា​កន្លែង​កោសិកា​វិភាគ​រូបភាព​ដែលឱ្យ​ភ្នែកយើង​មើលឃើញ។

មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺមហារីកគ្រាប់ភ្នែក

រហូតមកទល់ពេលនេះខាងវេជ្ជសាស្ដ្រ​មិនទាន់​ដឹងថា ជម្ងឺ​មហារីកភ្នែក​នេះកើត​ឡើង​ដោយសារ​អ្វីឱ្យ​ពិត​ប្រាកដ​នោះទេ​  ប៉ុន្ដែ​គេអាច​ដឹងបានថា គឺកើតឡើង​ដោយសារ​មានការ​បម្រែបម្រួល​ហ្សែន​នៅពេល​ទារក​ចាប់​ផ្ដើម​បង្កកំណើត​នៅក្នុង​ផ្ទៃម្ដាយ ហើយ ការ​ប្រែប្រួល​ហ្សែន​ឈានដល់​ចុងក្រោយ​បំផុត គឺអាចធ្វើ​​ឱ្យក្មេង​ដែលកើត​មកនោះ អាចកើត​ជម្ងឺ​មហារីក​គ្រាប់ភ្នែក ព្រោះដល់​ពេលជម្ងឺ​នេះចាប់​​ផ្ដើមកើត​មាន​ហើយដុំ​នៅក្នុង​បាតភ្នែក​រីកធំ​ឡើងៗ គ្រាប់ភ្នែក​លៀន​ចេញក្រៅ។ រោគសញ្ញា​បែបនេះ​ហើយ​គេកត់​សម្គាល់ថាជា​ជម្ងឺមហារីក​គ្រាប់ភ្នែក។

រោគសញ្ញាជម្ងឺមហារីកគ្រាប់ភ្នែក

មុនដំបូងជម្ងឺមហារីកភ្នែកនៅពេលកើតតិចៗ វាមិន​បាន​បង្ហាញនូវ​អាការៈ​ឬរោគសញ្ញា​អ្វីផ្សេង​ឡើយ។ លុះត្រា​តែវា​កើត ឡើង​ធំ ហើយអ្នក​ជម្ងឺលៀន​គ្រាប់ភ្នែក​ចេញមក​ក្រៅ។ បន្ទាប់មក​អ្នកជម្ងឺ​ចាប់ផ្ដើម​ចុះ​ថមថយ​មិនអាច​សម្លឹង​មើលឱ្យ​កាន់តែ​ ច្បាស់​នោះឡើយ។ អ្នកជម្ងឺ​ចាប់ផ្ដើម​មានការ​ឈឺចាប់​កើតមាន​ជា​បន្ដបន្ទាប់​ខ្លាំងឡើងៗ ហើយចេញ​រោគសញ្ញា​លៀនគ្រាប់​ភ្នែកចេញ​ ​មកក្រៅ។ ​

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីព្យាបាលជម្ងឺមហារីកគ្រាប់ភ្នែក

ដើម្បីព្យាបាលជម្ងឺនេះ មុនដំបូង​គ្រូពេទ្យ​បានចាប់​ផ្ដើម​ច្រឹប​យក​សាច់បាត​ភ្នែកយក​ទៅ​ពិសោធន៍​មើល បន្ទាប់ពី​ដឹងថាជា ជម្ងឺ​មហារីកភ្នែក​ហើយ គ្រូពេទ្យ​ចាប់ផ្ដើម​ព្យាបាល​ដោយចាក់​ថ្នាំគីមី និងលេប​ថ្នាំមួយ​ចំនួន ក្រោយមក​អាការៈ​លៀនគ្រាប់​ភ្នែកចេញ មកក្រៅ​នេះក៏​ស្រកអស់ ក្រោយពី​រលាយដុំ​មហារីក​នៅក្នុង​បាតភ្នែក។ ជម្ងឺនេះភាគ​ច្រើន​ព្យាបាល​ទទួលបាន​លទ្ធផលល្អ​ជាងគេ។​ មានន័យថា ការព្យាបាល​មានកម្រិត​ភាគរយ​ខ្ពស់ក្នុង​ការ​ជាសះស្បើយ។ តែជម្ងឺ​នេះបើ​ព្យាបាល​មិនទាន់ទេ ក៏អាច​មាន​គ្រោះថ្នាក់​ដល់ អាយុ​ជីវិត​ផងដែរ។ ព្រោះថា ប្រសិនបើ​មេរោគ​មហារីកនេះ​ស៊ីដល់ក្នុង ឬបាត​ខួរក្បាល​វាធ្វើ​ឱ្យអ្នក​ជម្ងឺមាន​គ្រោះថ្នាក់​តែម្ដង មិនអាច​ ស្រោចស្រង់​បានឡើយ បើទោះ​បីប្រឹង​ព្យាបាល​ចាក់ថ្នាំ​រំលាយ​ដុំមហារីក​ឱ្យរលាយ​ក៏ដោយ។

វិធីការពារជម្ងឺមហារីកគ្រាប់ភ្នែក

មកទល់ពេលនេះមិនទាន់រកឃើញ​មធ្យោបាយ​ការពារ​ជម្ងឺ​មហារីក​គ្រាប់ភ្នែក​បាននៅ​ឡើយទេ។ ព្រោះគេ​មិនអាច​ស្វែងរក​  ការចាក់​វ៉ាក់សាំង​ការពារ ឬរក​​ឃើញ​មធ្យោបាយ​ការពារ​ដំណាក់កាល​ដំបូងៗ​បាននោះទេ ដោយតែ​ជម្ងឺនេះ​កើតឡើង​នៅក្នុង​បាត គ្រាប់ភ្នែក​គឺមិនអាច​រកឃើញ​ថាវា​នឹងកើត​ជម្ងឺមហារីក​នេះនៅ​ពេលណា​ឡើយ។ ម្យ៉ាងទៀត​ជម្ងឺនេះ​កើតនៅ​ដំណាក់កាល​តិចៗ​វាមិន បង្ហាញ​នូវរោគ​សញ្ញា​អ្វីគួរ​ឱ្យកត់​សម្គាល់​នោះទេ ដូច្នេះ​ការកំណត់​រោគសញ្ញា​មហារីកភ្នែក​នេះគឺ​ជារឿង​មួយពិបាក​បំផុត។ លុះត្រាតែ​ ដល់់កម្រិត​លៀន​គ្រាប់ភ្នែក​ទើបដឹងថា វាជាជម្ងឺ​មហារីក​គ្រាប់ភ្នែក​តែម្ដង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលប៉ះពាល់ចំពោះជម្ងឺមហារីកគ្រាប់ភ្នែក

នៅពេលដែលលោកអ្នកកើត​ជម្ងឺមហារីក​គ្រាប់ភ្នែក​ហើយ ផលប៉ះពាល់​មុនដំបូង​នោះគឺភ្នែក វាអាច​ធ្វើឱ្យខ្វាក់ភ្នែក ព្រោះ វាកើត​នៅលើ​ស្រទាប់វិភាគ​រូបភាព​របស់ភ្នែក បន្ទាប់មក​វាបាន​នាំពន្លឺ​ភ្នែកចូល​ទៅបាត​ភ្នែកដល់​ចំណុចដុំ​មហារីកនេះ ធ្វើឱ្យភ្នែក​ងងឹត មើល​មិនច្បាស់ ឬអាចខ្វាក់​ភ្នែកតែម្ដង។ ជម្ងឺ​មហារីក​គ្រាប់ភ្នែក​នេះ ៨០ភាគរយ​គឺវាស៊ី​ហើយលៀន​ចេញមក​ខាងមុខ។ ប៉ុន្ដែរោគ​ សញ្ញាបង្ហាញ​មកបែប​នេះគឺ​ងាយស្រួល​ក្នុងការ​ព្យាបាល ភាគច្រើន​អ្នកជម្ងឺ​អាចព្យាបាល​ជាសះស្បើយ។ ដោយឡែក​ប្រសិន​បើវាស៊ី ​ចូលទៅ​ខាងក្នុង​វិញ វាពិបាក​ព្យាបាល​ជាទីបំផុត ហើយអ្នក​ជម្ងឺអាច​ប្រឈមមុខ​នឹងការ​បាត់បង់​ជីវិត​ផងដែរ។ ព្រោះថា​ដុំសាច់​ មហារីក​បានកាត់​ផ្ដាច់​ប្រព័ន្ធ​ចលនា​ធ្វើដំណើរ​របស់​សរសៃឈាម ដែលមាន​ទំនាក់ទំនង​គ្នាក្នុង​ការចិញ្ចឹម​ខួរក្បាលនោះ ធ្វើឱ្យ​រាំងស្ទះ​ និងចាប់​ផ្ដើមធ្វើ​ឱ្យអាការៈ​ជម្ងឺកាន់​តែធ្ងន់​ទៅៗ​តែម្ដង រហូតដល់​មិនអាច​ព្យាបាល​ជា​សះស្បើយ។

ដំបូន្មានអ្នកជំនាញ

ឪពុកម្ដាយទាំងឡាយ ប្រសិន​បើឃើញ​កូនខ្លួន​ឯងមាន​ភ្នែកមួយ​ចំហៀង​ខុសប្លែក​ពីធម្មតា ទោះបី​កូនមិន​ទាន់ឈឺ មិនទាន់​ ខ្វាក់ភ្នែក​ក៏ដោយ គឺត្រូវ​ប្រញាប់​យកកូន​ទៅមន្ទីរ​ពេទ្យឱ្យ​លឿន ឬទៅ​រកពេទ្យ​ភ្នែកតែម្ដង ដើម្បី​ឱ្យគ្រូ​ពេទ្យឆ្លុះ​មើលបាតភ្នែក។ ពេល នោះ​គេអាច​រកឃើញ​ដំណាក់កាល​ដំបូងៗ ហើយធ្វើ​ការ​ព្យាបាល​ឆាប់ជា​សះស្បើយ មិនអាច​បង្កឱ្យ​មានជម្ងឺ​ធ្ងន់ធ្ងរ​រហូតដល់​ថ្នាក់មាន​ ជម្ងឺ​មហារីកឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *