បទ​ពិសោធន៍​អ្នកជម្ងឺ​មហារីក​ស្បូន

ជម្ងឺ​មហារីក​ស្បូន​ជាជម្ងឺ​ដ៏កាច​សាហាវ​បំផុត​ដែល​កើតមាន​ចំពោះ​ស្ដ្រី​ដែល​ធ្លាប់​ឆ្លងកាត់​ការ​រួមភេទ ជាពិសេស​ស្ដ្រី​វ័យចំណាស់​តែម្ដង។ ជម្ងឺនេះ​បើមិន​ធ្វើការ​ព្យាបាល​ឱ្យ​ទាន់ពេល​វេលា​ទេនោះ អ្នកជម្ងឺ​អាច​ប្រឈម​មុខនឹង​អាការ​ធ្ងន់ធ្ងរ រហូត​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកស្រី គង់ សារឿន អាយុ​៥៣ឆ្នាំ មុខ​របរ​ជាកសិករ រស់នៅ​ភូមិ​ពពាល ឃុំស្វាយធំ ស្រុកស្វាយ​ជ្រំ ខេត្ដស្វាយរៀង​បាន​ចូលរួម​ចំណែក​ផ្ដល់នូវ​ទុក្ខ​លំបាក​ក្រោយពេល​ដែល​គាត់​កើតជម្ងឺ​មហារីក​ស្បូន ដើម្បី​ឱ្យស្ដ្រី​ទូទៅ​បានជ្រាប​ច្បាស់ ហើយ​ធ្វើការ​ការពារ និង​ទប់ស្កាត់​ចៀសវាង​ឱ្យមាន​នូវជម្ងឺ​នេះ​ជាយថាហេតុ។ ខាងក្រោម​នេះ​គឺជា​សម្ដី​របស់​អ្នកស្រី គង់ សារឿន ដែលបាន​រៀបរាប់​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង នៅមន្ទី​រពេទ្យ​មិត្ដភាពខ្មែរ-សូវៀត នៅ​អគារ​ជម្ងឺ​មហារីក។

អ្នកស្រី គង់ សារឿន បាន​រៀបរាប់​ឱ្យដឹង​ថា មុនដំបូង​អ្នកស្រី​មិនបាន​ដឹងថា​ខ្លួនឯង​មានជម្ងឺ​មហារីក​ស្បូន​នោះទេ។ រយៈពេល​ជាងមួយ​ឆ្នាំ​ហើយ​ដែល​អាការ​នៅក្នុង​ខ្លួន​អ្នកស្រី​ចេះតែ​ចុកសៀត​ផ្នែក​ខាងឆ្វេង​នៃ​អាងត្រគាក ហើយ​ឈឺចាប់​គ្រប់​ពេលវេលា រហូតដល់​ទ្រាំ​លែងបាន​ក៏អ្នកស្រី​ដាច់ចិត្ដ​ធ្វើ​ដំណើរ​ពីស្រុកកំណើត​នៅឯ​ខេត្ដស្វាយរៀង ដើម្បី​មក​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ។ កន្លងមក​នៅពេល​ដែល​អ្នកស្រី​និយាយ​អំពី​អាការ​បែបនេះ​ អ្នក​ជិតខាង​អ្នកស្រី​តែងតែ​ផ្ដល់​ជាយោបល់​ថាជា​ជម្ងឺ​ធម្មតា​ទេ។ នៅពេល​ចុកសៀត​ហើយ អ្នកស្រី​តែងតែ​ទិញថ្នាំ​សង្កូវ​លេប​ក៏បាត់​មួយរយៈ។ ក្រោយមក​អាការ​បែបនេះ​ចេះតែ​ឈឺខ្លាំង​ឡើងៗ​រហូត មិនអាច​ទ្រាំទៀត​បាន ហើយ​ការលេប​ថ្នាំនោះ​ក៏​មិន​អំណោយ​ផលទៀត ក៏​សម្រេច​​ចិត្ដ​ធ្វើដំណើរ​មក​កាន់​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត ដើម្បី​ធ្វើការ​ពិនិត្យ​ចំពោះ​អាការ​នេះ។ លោក​គ្រូពេទ្យ​ជំនាញ​មហារីក​បាន​ប្រាប់ថា​លោកស្រី​មានជម្ងឺ​មហារីក​ស្បូន។

ស្ថិត​នៅក្នុង​ទឹកមុខ​ក្រៀមក្រំ​ជាមួយ​នឹង​ភាសា​ខ្សាវៗ ដែល​អ្នកស្រី គង់ សារឿន និយាយ​មកកាន់​ទស្សនាវដ្ដី សុខភាពយើង លោកស្រី​បាន​បន្ដថា“ខ្ញុំមិន​នឹក​ស្មានថា ខ្ញុំមាន​ជម្ងឺ​មហារីកស្បូន​ឡើយ ព្រោះ​អាការ​ដំបូងៗ​នោះ វាហាក់​បីដូចជា​មិនមាន​ភាព​ធ្ងន់ធ្ងរ​នោះទេ ដូចជា​អាការ​ចុកឈឺ​ក្នុង​រង្វង់​ពោះ ជាពិសេស​អាង​ត្រគាក​ផ្នែក​ខាងឆ្វេង​តែម្ដង ចុកខ្លាំង​រហូត​ដល់​ដេក​មិនលក់​នៅ​ថ្ងៃខ្លះ មាន​ហូរទឹក​ពណ៌​សរាវ​តាម​ទ្វារមាស​ផងដែរ មិនមែន​ជាធ្លាក់ស​នោះទេ”។ មិនតែ​ប៉ុណ្ណោះ ទោះបីជា​មិនមាន​អាការ​ចុក ឬ​ឈឺចាប់​ក៏ដោយ​ក៏ការ​ទទួលទាន​ដំណេក​នោះ​មិន​ស្កប់ស្កល់ មានយប់​ខ្លះ​ដេក​មិនលក់​តែម្ដង រហូត​ក្លាយ​ទៅជា​មានអាការ​ឈឺ​ក្បាល វិលមុខ ល្ហិតល្ហៃ ធ្លាក់​ទម្ងន់ ចុះស្គម​យ៉ាងលឿន​បំផុត ហើយ​ការ​ទទួលទាន​ចំណី​អាហារ​ហាក់​បី​ដូចជា​មិនសូវ​មាន​រសជាតិ​ឆ្ងាញ់​ទៀតផង។

យោបល់​អ្នក​ជំនាញ

លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា អ្នក​ឯកទេស​ជម្ងឺ​មហារីក​បានមាន​ប្រសាសន៍​ថា ស្ដ្រី​ដែល​ប្រឈម​មុខនឹង​ជម្ងឺ​មហារីកស្បូន ភាគច្រើន​មិន​យកចិត្ដ​ទុកដាក់​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ អ្នកជម្ងឺ​អាច​ប្រឈម​មុខនឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដ៏​ឆាប់រហ័ស។ លោក​វេជ្ជបណ្ឌិត​បាន​បន្ដថា ជម្ងឺ​មហារីក​មាត់ស្បូន​នេះច្រើន​កើតឡើង​ចំពោះ​ស្ដ្រី​ដែល​មាន​វ័យ​ចាប់ពី​អាយុ២៨ឆ្នាំ​រហូតដល់​អាយុ​៨២ឆ្នាំ។ ជម្ងឺនេះ​ជាជម្ងឺ​មួយដែល​ប្រឈមមុខ​យ៉ាងខ្លាំង​ចំពោះ​ស្ដ្រី​ទូទៅ ព្រោះ​វាអាច​កើតមាន​ចំពោះ​ស្ដ្រី​គ្រប់ពេល​វេលា។ ស្ដ្រី​ទាំងឡាយ​ត្រូវធ្វើការ​ដុសលាង​តំបន់​ទ្វារមាស​ឱ្យបាន​ស្អាត​ជាប្រចាំ ទោះបី​ស្ដ្រីនោះ​គ្មានការ​រួមភេទ​ក៏ដោយ ឬ​មុននឹង​ក្រោយពេល រួមភេទ​ក៏ត្រូវ​ដុសលាង​ជម្រះនូវ​មេរោគ​បាត់តេរី​ផ្សេងៗ​ទៀត​ផងដែរ ចៀសវាង​ការ​ជ្រៀតចូល​នូវ​មេរោគ​អ្វីមួយ​ដែល​យើង​មិនបាន​ចាប់អារម្មណ៍។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Google Analytics Alternative