ខ្ញុំពេញ​កំលោះ

ក្មេងស្រី​នៅពេល​ឈានដល់​វ័យ​គ្រប់ការ​គឺអាច​បញ្ជាក់​បានតាម​រយៈការ​មានរដូវ​ប្រចាំ​ខែ។ ដោយ​ឡែក​ក្មេងប្រុស​មានអ្វីមក​បញ្ជាក់​បាន​បើគេ​គ្មាន​រដូវដូច​ក្មេងស្រី? តាមពិតទៅ​មិនមាន​អ្វីខុសគ្នា​នោះទេ​ទៅលើ​លក្ខណៈ​វេជ្ជសាស្ត្រ ព្រោះ​បុរស​ក៏ត្រូវ​ឆ្លងកាត់​ការធ្លាក់​រដូវ​ដែរ គ្រាន់តែ​មិនមាន​ជារៀង​រាល់ខែ​ដូចស្ត្រី​ទេ មានតែ​ម្តង​ប៉ុណ្ណោះ ហើយ​ដែលអាច​បញ្ជាក់​បានថា​គេ​ចាប់ផ្តើម​ពេញ​កំលោះ​ហើយ​អាច​រួមភេទ​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូមស្វែង​យល់​អំពី​បម្រែ​បម្រួល​ផ្សេង​នៅលើ​រាងកាយ​បុរស​នៅពេល​ដែលគេ​ឈានដល់​វ័យពេញ​កំលោះ​ជាមួយ​ទស្សនាវដ្ដី​សុខភាព​យើង ដូច​តទៅ ៖

ការ​វិវឌ្ឍន៍​របស់​រាងកាយ​ក្មេងប្រុស

ក្មេងប្រុស​មានលិង្គ​(វាមាន​លក្ខណៈ​ជាបំពង់ ឬ​សាច់ក្រក) និង​ពងស្វាស​ពីរ(មូល)​ដែល​ប្រហែល​ជាមិនមាន​ទំហំ​ស្មើគ្នា​នោះទេ។ ពងលិង្គ​មួយអាច​ស្ថិត​នៅទាប​បន្ដិច​ជាង​ពងស្វាស​មួយទៀត។ លិង្គអាច​ត្រូវ​បាំង​ដោយ​ផ្នែក​ខាងឆ្វេង ឬ​ខាងស្ដាំ​នៃរាងកាយ។ ជាធម្មតា​វាមាន​រាងកោង​បន្ដិច​នៅផ្នែក​ខាងចុង។ ចុងលិង្គ​មាន​រន្ធតូច​មួយ​សម្រាប់​បញ្ចេញ​ទឹកនោម និង​ទឹក​រំអិល​ផ្លូវភេទ (ហៅថា​ទឹកកាម)​ចេញមក​ខាងក្រៅ។ ស្រទាប់​ផ្នែក​ខាងក្រៅ​គ្របលើ​លិង្គ គឺជា​ស្បែក​ស្រោមលិង្គ។ ស្បែកនេះ​អាច​បំលាស់​ទីចុះ ក្រោម​បន្ដិច​ដើម្បី​បង្ហាញ​ចុង​ឬក្បាលលិង្គ​(ដែលមាន​ពណ៌​ស៊ីជម្ពូ)។ ស្បែកនេះ​ផ្លាស់ទី​ចុះក្រោម​បន្ដិច​ផង ជាពិសេស​នៅពេល​ដែល​ក្មេង ប្រុស​មានអារម្មណ៍​ផ្លូវភេទ​(នៅពេល​ដែល​លិង្គ​ឡើងរឹង) ធ្វើដូចនេះ​លោកអ្នក​អាច​សម្អាត​កំអែល​ដែល​ប្រមូល​ផ្ដុំ​នៅក្រោម​ស្បែកចេញ​បាន​ដោយ​ងាយ។ ប្រសិន​បើមិន​អាច​សម្អាត​ដូច្នេះ​ទេ លោកអ្នក​អាចមាន​អារម្មណ៍​ថា​រមាស់ និង​មិនមាន​ផាសុកភាព។ នៅពេល​រីក​លូតលាស់ រាងកាយ​របស់លោកអ្នក​ចាប់ផ្ដើម​ផ្លាស់ប្ដូរ ទាំង​ទំហំ និង​ទ្រង់ទ្រាយផ​ងដែរ។ ការ​ចាប់ផ្ដើម​នេះ​នៅក្នុង​អំលុង​អាយុ​១០ឆ្នាំ។ ការ​ផ្លាស់ប្ដូរ​នេះអាច​កើតមាន​លឿន ឬ​យឺត​ជាងនេះ។ លោកអ្នក​អាចដឹង​ភ្លាមៗ​ថាស្បែក​ជើង និង​សម្លៀកបំពាក់​មិនត្រូវ​នឹងខ្លួន​ទៀតទេ។ រោម​ចាប់ផ្ដើម​ដុះ​នៅត្រង់​ក្លៀក​របស់លោកអ្នក ត្រង់ជើង និង​ប្រដាប់​ភេទ។
យប់​ម៉ិញ​ភ្លៀងធំ​នៅពេល​ក្មេងប្រុស​មានការ​រីក​លូតលាស់ រាងកាយ​របស់​ពួកគេ​ប្រែក្លាយ​ទៅជា​មាន​សាច់ដុំ។ សម្លេង​របស់​ពួកគេ​អាច​គ្រលរ។ ពេលខ្លះ​សម្លេង​អាចមាន​លក្ខណៈ​ធំវែង ពេលខ្លះ​មាន​លក្ខណៈ​ស្រួយខ្លី។ រោម​ចាប់ផ្ដើម​ដុះ​នៅលើ​មុខ ជាពិសេស​នៅលើ​បបូរមាត់។ រាងកាយ​ចាប់ផ្ដើម​ផលិត​នូវ​ទឹកកាម ដោយ​សារតែ​ក្មេងប្រុស​ចាប់ផ្ដើម​ពេញវ័យ។ ទឹកកាម​គឺជាធាតុ​ស្អិតពណ៌ស​ថ្លាម្យ៉ាង ដែល​ចេញមក​តាមរយៈ​លិង្គ។ ទឹកកាម​ត្រូវបាន​បង្កើត​ឡើង​នៅក្នុងពងស្វាស​ជាបន្ដ​បន្ទាប់ ហើយ​មានផ្ទុក​នូវ​មេជីវិត​ឈ្មោល។ ចលនា​ធ្លាក់ចេញ​នៃ​ទឹកកាម​នៅកំពុង​ពេល​រួមភេទ ហៅថា​ការចេញ​ទឹកកាម។

បរិមាណ​នៃ​ទឹកកាម​ដែលចេញ​មក​ខាងក្រៅ​អាចមាន​ចំនួន​ខុសៗគ្នា​ទៅតាម​ពេល​ផ្សេងៗ។ វាជារឿង​មួយ​ធម្មតា​ទេ ដែល​បរិមាណ​ទឹកកាម​ចេញមក​ក្រៅ​មាន​បរិមាណ​ខុសៗគ្នា ពីពេល​មួយ​ទៅពេល​មួយទៀត​នោះ។ ពេលខ្លះ​ទឹកកាម​ចេញមក​ក្រៅរាងកាយ​នៅពេល​យប់​ក្នុង​កំលុង​ពេល​កំពុង​គេងលក់។ នេះ​ហៅថា“សុបិន​សើម ឬ​ចរាចរ​ពេល​រាត្រី”។ សុបិនសើម​មិនមែន​ជានិច្ចកាល​កើតមាន​ឡើង​ដោយសារ​តែអារម្មណ៍​ផ្លូវភេទ ឬ​សុបិន​ពីការ​រួមភេទ​នោះទេ។ ក្មេង​ប្រុស​ចាប់ផ្ដើម​សុបិន​សើមនេះ​ប្រហែល​ជាក្នុង​កំលុងពេល​ពេញវ័យ​កំលោះ​(នៅក្នុង​រយៈពេល​អាយុ​១០ឆ្នាំ​ឡើង) ហើយ​ក្មេងប្រុស​ខ្លះ​ទទួល​អារម្មណ៍​ខ្វល់ខ្វាយ​ដោយ​ស្ងៀមស្ងាត់ និង​ព្រួយបារម្ភ​ពីរឿង​នេះ។ សុបិន​សើម​ជារឿង​ធម្មជាតិ ហើយ​ការសុបិន​សើម​នេះគឺ​មិននាំ​ឱ្យក្មេង​ប្រុស​មាន​សុខភាព​ចុះខ្សោយ​នោះទេ។ នៅពេល​បត់ជើង​តូច ក្មេងប្រុស​ប្រហែល​ជាអាច​ឃើញ​២-៣​តំណក់នៃ​ទឹករំអិល​ថ្លាៗ​ចេញមក​ក្រៅ​នៅមុន​ពេល​ទឹកនោម​ចេញតែ​បន្ដិច​តែ​ប៉ុណ្ណោះ។ ទាំង​ទឹកកាម និង​ទឹកនោម​គឺចេញ​មកក្រៅ​តាមរយៈ​បំពង់ និង​រន្ធ​តែមួយ។ ដូច្នេះ​ហើយ​នៅពេល​ទឹកកាម​មានវត្ដ​មាននៅក្នុង​បំពង់​នោះ វាមាន​លក្ខណៈ​ធម្មជាតិ​ដោយ​ស្វ័យ​ប្រវត្ដ គឺថា​ទឹកកាម​នឹងចេញ​មកមុន​ទឹកនោម។ ការ​ឡើងរឹង​អាច​ចាប់ផ្ដើម​មានជាញឹកញាប់​ផងដែរ ជាពិសេស​នៅពេល​បុរស​មាន​អារម្មណ៍​រំភើប។ ប្រសិនបើ​លោកអ្នក​ដឹងថា​លោកអ្នក​មានការ​ឡើងរឹង​នៅក្នុង​ពេលមួយ​គួរឱ្យ​អៀនខ្មាស​(ឧទាហរណ៍ ៖ នៅក្នុង​ថ្នាក់រៀន ឬកន្លែង​លេង​កីឡា) ចូរ​លោកអ្នក​សម្រួល​ឥរិយាបថ​ខ្លួនអ្នក ហើយ​ការ​ឡើងរឹង​នោះនឹង​ស្រក់​ទៅវិញ​ដោយ​ខ្លួនឯង។ នៅពេល​ដែល​ក្មេងប្រុស​មានការ​រំភើប​ផ្លូវភេទ លិង្គ​របស់​គេ​ចាប់ផ្ដើម​រឹង​ហើយ​ងើបឡើង។ នេះ​ត្រូវបាន​ស្គាល់​ថាជាការ​ឡើងរឹង ហើយ​កើតមាន​ឡើង​ដោយសារ​តែការ​កើនឡើង​នៃចរន្ដ​ឈាម​ហូរចូល​ទៅក្នុង​លិង្គ។ ពេលខ្លះ​ការ​ឡើងរឹង​កើតឡើង​ដោយ​ឯងៗ មិន​ចាំបាច់​មានអារម្មណ៍​ផ្លូវភេទ​នោះទេ។ ក្មេងប្រុស​ជាច្រើន​មានការ​ឡើងរឹង​នៅពេល​ព្រឹក និង​ក្នុងអំឡុង​ពេល​គេង​ផងដែរ។ នេះ​គឺជាលក្ខណៈ​ធម្មជាតិ​ដ៏អស្ចារ្យ និង​ជារឿង​ធម្មតាទេ។ ការ​ឡើងរឹង​បែបនេះ​មិនមែន​មាន​ន័យថា ពួកគេ​“ត្រូវតែ​ស្វែងរក​ការ​រួមភេទ​នោះទេ”។

អនាម័យ​ប្រដាប់​ភេទ​របស់​ក្មេងប្រុស

បើទោះ​បីជា​ប្រដាប់ភេទ​របស់បុរស​មិនមាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន​ដូច​ប្រដាប់ភេទ​របស់​ស្ត្រី​ក៏ដោយ ក៏​ត្រូវតែ​មានអនាម័យ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​បញ្អា​សុខភាព​កើតឡើង។ ការធ្វើ​អនាម័យ​គឺសំដៅ​ទៅលើ​ចំណុច​មួយចំនួន​ដូចជា ”

  • លាងលិង្គ​ថ្នមៗ​ជារៀង​រាល់ថ្ងៃ​ជាមួយ​ទឹក មិនប្រើ​សាប៊ូ។ ថ្នាំ​សម្លាប់​មេរោគ ឬថ្នាំ​បំបាត់ក្លិន​ជាដើម អាច​ត្រូវការ​នៅពេល​ខ្លះ។
  • ធូលី​អាច​ប្រមូល​ផ្តុំ​ជាសារធាតុ​ស្អិត​ហៅថា​កែ្អល នៅក្រោម​ស្បែក​លិង្គ។ ទាញស្បែក​ក្រោម​លិង្គ​ចុះក្រោម​ដោយ​ថ្នមៗ​ហើយ​លាង​សម្អាត​ចុង ឬក្បាល​លិង្គ។ មាន​លក្ខណៈ​ងាយស្រួល​នៅក្នុង​ការ​សម្អាត​បែប​នេះ​នៅពេល​ដែល​មិនមាន​ការឡើង​រឹង។
  • នៅពេល​លាង​សម្អាត​ក្រោយពេល​បត់​ជើងធំ​រួច ត្រូវលាង​វាតាម​ទម្រង់​ប្រអប់​ដៃ គឺចេញ​ពីលិង្គ​ទៅផ្នែក​ខាងក្រោយ ធ្វើ​ដូច្នេះ​ដើម្បី​ការពារ​ទប់ស្កាត់​ការឆ្លង​មេរោគ។
  • ផ្លាស់ប្ដូរ​ខោទ្រនាប់​ឱ្យបាន​ទៀងទាត់​(យ៉ាងហោច​ណាស់​មួយដង​មួយថ្ងៃ) ហើយ​ចៀសវាង​ទុក​ខោទ្រនាប់​ឱ្យស្ងួត​ដោយ ឯងៗ។
  • សម្អាត​ខោទ្រនាប់​យ៉ាង​ប្រុងប្រយ័ត្ន ដើម្បី​ធានា​ថា​លោកអ្នក​សម្អាត​សាប៊ូ​ចេញអស់។
  • ហាល​ខោទ្រនាប់​នៅក្រាម​ពន្លឺ​ព្រះអាទិត្យ។ កម្ដៅ​ថ្ងៃ​អាច​សម្លាប់​មេរោគ។

បណ្ដាំ​ផ្ញើ

ដោយសារ​រយៈពេល​នេះ លោកអ្នក​កំពុងតែ​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស ដូច្នេះ​តម្រូវការ​ម្ហូប​អាហារ​អាចកើន​ឡើងដែរ។ ការ​ហូបចុក​ឱ្យបាន​សមស្រប ដោយ​មាន​ផ្លែឈើ បន្លែ ទឹកដោះគោ នោះនឹង​ជួយឱ្យ​លោកអ្នក​មាន​ស្មារតី​វាងវៃ និង​មិនឡើង​ទម្ងន់។ គួរតែ​ចៀសវាង​អាហារ​ចៀន ឬ​បំពង ដូចជា​ដំឡូង​កំប៉ុង អាហារ​មាន​ខ្លាញ់ ឬ​ប្រេងច្រើន ហើយធ្វើ​លំហាត់​ប្រាណ​ឱ្យបាន​ទៀងទាត់ ដើម្បី​ការពារ​សុខភាព​ឱ្យបាន​មាំមួន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Google Analytics Alternative