ជម្ងឺបូស​ដោះស្ដ្រី

សុដន់​ដែលមាន​សភាព​ហើម ក្រហម និង​មានការ​ឈឺ​ចុកចាប់ ជារោគ​សញ្ញា​ដែលអាច​បញ្ជាក់ថា​មិត្ដនារី​អាច​កើតមាន​ជម្ងឺ​បូសដោះ​បានដែរ។ ជម្ងឺ​បូសដោះ​នេះបាន​បង្កឱ្យ​មាន​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ស្ដ្រី​ដែល​ជាអ្នក​ជម្ងឺ ដូចជា​ធ្វើឱ្យ​ខូចក្រពេញ​ទឹកដោះជា​ដើម។ ដូចនេះ​ហើយស​ម្រាប់​ស្ដ្រី​ដែលជា​អ្នកជម្ងឺ​តែងតែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សុខភាព​របស់​ខ្លួន ហើយ​បានរិះរក​គ្រប់វិធី​ដើម្បី​ព្យាបាល​ជម្ងឺនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេស​ផ្នែក​សម្ពព និង​រោគស្ដ្រី​នៅមន្ទីរពេទ្យ​កាល់ម៉ែត លោកនឹង​ធ្វើការ​ពន្យល់​អំពី​ជម្ងឺ​បូសដោះស្ដ្រី ​រួមទាំង​ផលប៉ះពាល់​ដើម្បី​ឱ្យស្ដ្រី​គ្រប់រូប​បាន​យល់ និង​ជ្រាប ឱ្យ​កាន់តែ​ច្បាស់​អំពី​ជម្ងឺនេះ។

អ្វីទៅ​ជាជម្ងឺ​បូសដោះ​ស្ដ្រី?

ជម្ងឺ​បូសដោះ​ស្ដ្រី​គឺជា​ជម្ងឺមួយ​ប្រភេទ​ដែលមាន​ការ​គុំខ្ទុះ​នៅក្នុង​សុដន់ ដែល​បណ្ដាល​មកពី​ការ​ឆ្លងរោគ​ផ្សេងៗ ឬ​បណ្ដាល​មកពី​ការមាន​របួស​ស្នាម​នៅនឹង​សុដន់ ដែល​កើតឡើង​ដោយ​ប្រការ​ណាមួយ។

មូលហេតុ​ដែល​បង្កឱ្យ​កើតជម្ងឺ​បូសដោះ

ជម្ងឺ​បូសដោះ​ស្ដ្រី​នេះ អាច​បណ្ដាល​មកពី​កត្ដា​ជាច្រើន​យ៉ាង​ដូចជា ៖

  • ក្បាល​សុដន់​មាន​ស្លាកស្នាម ឬ​របួស​ដោយ​សារ​មូលហេតុ​ផ្សេងៗ​ជាច្រើន ដែល​ប៉ះទង្គិច​ជាមួយ​សុដន់
  • បណ្ដាល​មកពីការ​ឆ្លងចូល​នូវ​ពពួក​បាក់តេរី
  • ការ​ស្ទះរន្ធ​សុដន់ ដែល​ធ្វើឱ្យ​កកស្ទះ​ទឹកដោះ
  • ការ​រលាក​កន្សោម​សុដន់​រ៉ាំរ៉ៃ
  • បណ្ដាល​មកពី​អ្នកដែល​ធ្លាប់​កើតជម្ងឺ​របេងដោះ
  • អ្នកជម្ងឺ​ស្វាយ​ក្រាប​លើដោះ​ក៏អាច​បណ្ដាល​ឱ្យកើត​ជម្ងឺ​បូសដោះ​បានដែរ
  • ចំណែក​ឯអ្នក​ជម្ងឺ​មហារីក​សុដន់​ក៏អាច​បណ្ដាល​ឱ្យកើត​ជម្ងឺ​បូសដោះ​បានដូចគ្នា​ដែរ។

រោគ​សញ្ញា​ជម្ងឺ​បូសដោះ

ជាការ​ពិតណាស់​ជម្ងឺ​បូសដោះ​ស្ដ្រីបាន​បញ្ចេញ​អាការ​មួយចំនួន​ទាំង​ខាងក្នុង​សុដន់ និង​ក្រៅ​សុដន់​ដូចជា ៖

  • រលាក​ក្រពេញ​សុដន់​ស្រួចស្រាវ
  • មានការ​ឈឺ​ចុកចាប់​នៅខាងក្នុង​សុដន់
  • សុដន់​មាន​សភាព​ហើមប៉ោង ហើយ​ឡើង​ក្រហមនេះ​ជាដំណាក់កាល​នៃការ​គុំខ្ទុះ
  • បើសិនជា​អ្នកជម្ងឺ​ចុច ឬសង្កត់​លើកន្លែង​គុំខ្ទុះ​មានការ​ឈឺ​ចុកចាប់​ខ្លាំង​ហើយ​ព្រួកៗ។

វិធី​ព្យាបាល​ជម្ងឺ​បូសដោះ​ស្ដ្រី

ជម្ងឺ​បូសដោះ​ស្ដ្រី​មិនអាច​ធ្វើការ​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង​បាន​នោះទេ គឺ​ត្រូវមក​ជួប​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ ដើម្បី​ឱ្យអ្នក​ជំនាញ​ធ្វើការ​ព្យាបាល។ ហើយ​ចំពោះ​វិធីព្យាបាល​នេះ មាន​ដូចជា​ធ្វើការ​វះកាត់​រន្ធតូច​នៅកន្លែង​ដែល​កើតជម្ងឺ ដើម្បី​បង្ហូរខ្ទុះ​ចេញមក​ខាងក្រៅ ឬ​ក៏ប្រើថ្នាំ​ផ្សះ​ទៅតាម​មូលហេតុ ដែល​បង្កឱ្យ​កើតមាន​ជម្ងឺ​នេះ។

វិធី​ការពារ​ដើម្បី​កុំឱ្យ​កើតមាន​ជម្ងឺ​បូសដោះ

ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជម្ងឺនេះ ស្ដ្រី​គ្រប់រូប​ត្រូវតែ​ធ្វើការ​សម្អាត​សុដន់​ឱ្យបាន​ស្អាត​ល្អ ជាពិសេស​ចំពោះ​សម្លៀក​បំពាក់ ខាងក្នុង​ត្រូវតែ​ឧស្សាហ៍​ផ្លាស់ប្ដូរ ហើយ​នៅពេល​ដែល​ធ្វើការ​បោកសម្អាត​ត្រូវតែ​ហាល​ឱ្យត្រូវ​ពន្លឺ​ថ្ងៃជានិច្ច ដើម្បី​ការពារ​កុំឱ្យ​ឆ្លង មេរោគ​ផ្សេងៗ ជាហេតុ​ដែលបង្ក​ឱ្យកើត​មាន​ជម្ងឺនេះ។ បើសិន​ជាមាន​អាការ​មិនស្រួល​ចំពោះ​សុដន់ ស្ដ្រី​គ្រប់រូប​ត្រូវតែ​ប្រញាប់ មក​ជួប​ជាមួយ​អ្នកជំនាញ ដើម្បី​ឱ្យអ្នក​ជំនាញ​ពិនិត្យ និង​ស្វែងរក​ជម្ងឺ​ផ្សេងៗ ចៀសវាង​កើតមាន​ដំណាក់​កាល​ធ្ងន់ធ្ងរ។

ផល​ប៉ះពាល់​នៃជម្ងឺ​បូសដោះ​ស្ដ្រី

ជម្ងឺ​បូស​ដោះ​បានបង្ក​ឱ្យមាន​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ស្ដ្រី​ដែល​ជាអ្នក​ជម្ងឺ ដែល​អាច​ធ្វើឱ្យ​ខូច​ក្រពេញ​ទឹកដោះ ដែល​បណ្ដាល​ឱ្យមាន​ភាព​មិនប្រក្រតី​នៅក្នុង​ការ​ផលិត​ទឹកដោះ។ នៅពេល​បំបៅ​កូន​នឹងអាច​ធ្វើឱ្យ​ខូច​សោភ័ណភាព និង​ទ្រង់ទ្រាយ របស់​សុដន់​ជាដើម។

ដំបូន្មាន​អ្នក​ជំនាញ

សម្រាប់​ស្ដ្រី​គ្រប់រូប​បើសិន​ជាមាន​អាការ​មិនស្រួល​ដូចដែល​បាន​រៀបរាប់​ខាងលើ ត្រូវតែ​ប្រញាប់​មកជួប​ជាមួយ​អ្នកជំនាញ ដើម្បី​ឱ្យអ្នក​ជំនាញ​ពិនិត្យ និង​ធ្វើការ​ព្យាបាល​ឱ្យបាន​ទាន់​ពេលវេលា ចៀសវាង​កើតមាន​ដំណាក់​កាល​ធ្ងន់ធ្ងរ​ដែល​ពិបាក​នៅក្នុង​ការ​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Google Analytics Alternative