សាប៊ូ​កក់សក់ ៖ ផល​ប្រយោជន៍ និង​ផលអាក្រក់

អ្នកណាៗ​ក៏ចង់​បានស្បែក​ក្បាល​ស្អាត សក់​ស្អាត មិនមាន​ក្លិន​អាក្រក់ មិនមាន​អង្គែ​ដែរ។ ដូចនេះ​ទើប​ស្វែងរក​នូវ​សាប៊ូ​កក់សក់​ណាមានគុ​ណភាព​ល្អ មិនធ្វើ​ឱ្យសក់​ជ្រុះ​ជាដើម។ សាប៊ូ​កក់សក់​ពិតជា​មានសារៈ​ប្រយោជន៍​ណាស់។ ប៉ុន្ដែ​ក៏​នៅមាន​លោកអ្នក​មួយចំនួន​ដែល​មិនបាន​យល់ដឹង​អំពី​សារៈប្រយោជន៍​នៃសាប៊ូកក់​សក់នេះ​នៅឡើយ​ទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​ជួប​ជាមួយ​លោក ហោ លីហាក់ អ្នក​គ្រប់គ្រង​ផ្នែក​ព្យាបាល និង​ថែរក្សា​សម្ផស្ស​នៃសម្អាងការ​លុច្ស ដើម្បី​ពន្យល់​អំពីសារៈ​ប្រយោជន៍​នៃសាប៊ូ​កក់សក់់។

ប្រភេទ​សាប៊ូ​កក់សក់

សាប៊ូ​ដែល​ប្រើ​នៅលើ​ស្បែកក្បាល​ជាសាប៊ូ​សម្រាប់​កក់សក់ សាប៊ូ​សម្រាប់​អប់សក់ សាប៊ូ​សម្រាប់​បន្ទន់​សក់ និង​សាប៊ូ​សម្រាប់ លាប​នៅលើ​សក់​ជាដើម។ សាប៊ូ​កក់សក់​ត្រូវបាន​ចែកចេញ​ជាពីរ​ប្រភេទ គឺ​សាប៊ូ​កក់សក់ កក់​ហើយ​លាងចេញ និង​សាប៊ូលាប ទុក​នៅលើ​ស្បែកក្បាល។

សារៈប្រយោជន៍​នៃសាប៊ូ​កក់សក់

សាប៊ូ​កក់សក់​មានសារៈ​ប្រយោជន៍​ច្រើនណាស់​សម្រាប់​ស្បែកក្បាល និង​សរសៃសក់ បើជា​សាប៊ូ​ដែលមាន​គុណភាព​ល្អ។ ម្យ៉ាងទៀត​សា​ប៊ូ​កក់សក់​មានតួនាទី​នៅក្នុង​ការជម្រះ​នូវធូលីដី ជម្រះ​ស្បែកក្បាល បំបាត់​អង្គែ ការពារ​ការ​កើតចៃ កមរមាស់ ជម្រះ​ជាតិខ្លាញ់ ជម្រះ​មេរោគ និងជួយ​លម្អ​សរសៃសក់ ហើយជួយ​សម្រួល​ទៅដល់​ការ​លូតលាស់​នៃសរសៃសក់​ជាដើម។ ជាមួយ​សារៈប្រយោជន៍​ច្រើន​បែបនេះ ដែល​លោកអ្នក​មិនអាច​ខ្វះសាប៊ូ​បានទេ។

ផល​ប៉ះពាល់​នៃសាប៊ូ​កក់សក់

ក្រៅពីផល​ប្រយោជន៍​ជាច្រើន សាប៊ូ​កក់សក់​ក៏ផ្ដល់​ផលវិបាក នៅពេល​ដែល​លោកអ្នក​ប្រើខុស​ក្បួនខ្នាត​នៃការ​ប្រើប្រាស់ ឬក៏​ប្រើប្រាស់​សាប៊ូ​គ្មាន​គុណភាព​ជាដើម។ ចំណុច​ដែល​សំខាន់ជាងគេ​បណ្ដាល​ឱ្យជ្រុះ​សក់ និង​កើតអង្គែ ហើយ​ក៏អាច​បង្កឱ្យ​រមាស់។ ប៉ុន្ដែ​បើសិនជា​លោកអ្នក​ប្រើឱ្យ​ត្រូវតាម​ប្រភេទ​សាប៊ូ ភាគតិច​ណាស់​ដែលមាន​បញ្ហា។

ប្រការ​គួយល់​ដឹងអំពី​សាប៊ូ​កក់សក់

ការ​ថែរក្សា​សរសៃសក់​ក៏ដូចជា​ការ​កក់សក់​មិនអាច​ប្រើ​ជារៀង​រាល់ថ្ងៃ​បាន​ពេកនោះទេ តែអាច​ប្រើបាន​បើស្បែក​របស់ លោកអ្នក​មានខ្លាញ់​ច្រើន ឬក៏អាច​ប្រើសាប៊ូ​កក់សក់​ដែលមាន​កម្រិត​ស្រាល​មិនមាន​សារជាតិ​គីមី ប្រើដើម្បី​លាង​ជម្រះ​ធូលី និង​ក្អែល ដែល​នៅលើ​ក្បាល​គឺអាចប្រើ ប៉ុន្ដែ​មិនត្រូវ​ប្រើ​ញឹកញាប់​ពេកនោះ​ទេ។ ប្រសិនបើ​ស្បែកក្បាល​មាន​ជាតិខ្លាញ់ លោកអ្នក​គួរប្រើ​ផលិតផល​ដែលមាន​តួនាទី​បង្ហួត​ជាតិខ្លាញ់​នៅលើ​ស្បែកក្បាល និង​សរសៃសក់។ នៅពេល​ដែល​លោកអ្នក​ប្រើ​ដំបូង អាចមាន ប្រសិទ្ធភាព ហើយ​បើប្រើ​យូរពេក​អាចធ្វើ​ឱ្យសរសៃ​ហួតខ្លាំង អាច​បណ្ដាល​ឱ្យ​សរសៃសក់​ស្ងួត​តែម្ដង ឬក៏​អាចធ្វើ​ឱ្យជ្រុះ​សក់​បានដែរ។ ដូចនេះ​គ្រប់ផលិតផល​សុទ្ធតែ​មានការ​កំណត់​ពេលវេលា​នៃការ​ប្រើប្រាស់។

ដំបូន្មាន​អ្នក​ជំនាញ

សាប៊ូ​មានសារៈ​ប្រយោជន៍ ក៏មាន​ផលប៉ះពាល់​ច្រើនដែរ ដោយ​សារតែ​សាប៊ូ​នោះ​មិនមាន​គុណភាព​ល្អ ឬក៏​ប្រើខុស​នឹងមុខងារ​របស់​សាប៊ូ។ ដូចនេះ​មុននឹង​សម្រេច​ចិត្ដ​ជ្រើសរើស​នូវ​ផលិតផល​ណាមួយ​មកប្រើ លោកអ្នក​គួរតែ​គិតដល់​ផល​ប៉ះពាល់​ជានិច្ច ហើយអ្វី​ដែលល្អ​លោកអ្នក​គួររក​កន្លែង​ដែល​ជំនាញ ដើម្បី​ការពារ​កុំឱ្យកើត​មាន​បញ្ហា​ផ្សេងៗ ចៀសវាង​ចំណាយ​ថវិកាឥត​ប្រយោជន៍។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Google Analytics Alternative