តេង លក្ខណា សុខភាព​រឹងមាំ​ទើប​ការងារ​ជោគជ័យ

ផ្ដើមចេញពី​ស្រីស្អាត​ក្នុងកម្មវិធី​ប្រឡង​ជ្រើសរើស​ហ្វ្រេសស៊ីហ្គើល និង​ហ្វ្រេសស៊ីប៊យ​របស់​ក្រុមហ៊ុន​សាម៉ាត០១៥ និង ០១៦​នៅក្នុង​ឆ្នាំ២០០៦ ដោយ​ទទួលបាន​នូវ​ចំណាត់​ថ្នាក់លេខ៣ កញ្ញា តេង លក្ខណា បាន​វិវឌ្ឍន៍​ទៅជាតារា​សម្ដែង និង​ពិធីការិនី ទទួលបាន​នូវភាព​ជោគជ័យ​មានការ​គាំទ្រ​យ៉ាងច្រើន​ពីសំណាក់​ទស្សនិកជន ថែមទាំង​កំពុង​បោះជំហាន​ទៅមុខ​ជាលំដាប់​ផងដែរ ជាមួយ​នឹង​សម្រស់​ដ៏ផូរផង់ និង​បទពិសោធន៍ គួបផ្សំ​ជាមួយ​នឹង​ទេពកោសល្យ​ជាច្រើន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

យ៉ាងណា​ក៏ដោយ ទោះជា​ការងារ​ជាអ្នកសិល្បៈ​មានភាព​មមាញឹក​មិនអាច​ដកឃ្លាបានក្ដី តែកញ្ញា តេង លក្ខណា នៅតែ ជ្រើសរើស​ពេលវេលា​ដ៏ចាំបាច់​មួយ​សម្រាប់​ធ្វើការ​ថែទាំ​សុខភាព និង​សម្រស់​របស់​កញ្ញា​ផងដែរ។ ជាមួយនឹង​រូបសម្រស់​ដ៏ស្រស់​ផូរផង់ដូច​សព្វថ្ងៃនេះ កញ្ញា តេង លក្ខណា បាន​ចំណាយ​ពេល​បកស្រាយ​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ជូនជ្រាប​ដល់មិត្ដ​អ្នកអាន និង​ក្រុមយុវវ័យ​ផ្សេងទៀត ជាការ​យល់ដឹង​ក្នុងការ​រៀបការចំ​ខ្លួន និង​វិធីថែទាំ​សម្រស់​និងសុខភាព​ឱ្យមាន​ភាពប្រសើរ។

ប្រវត្ដិ​ចូលសិល្បៈ

តេង លក្ខណា ចាប់ផ្ដើម​ប្រឡូក​ក្នុងវិស័យ​សិល្បៈ​នាឆ្នាំ២០០៦ ផ្ដើមចេញ​ពីស្រីស្អាត​នៅក្នុង​កម្មវិធី​ប្រឡង​ជ្រើសរើស​របស់ ក្រុមហ៊ុន​សាម៉ាត​ដែលជាប់​ចំណាត់ថ្នាក់​លេខ៣។ បន្ទាប់​ពីនាង​បានជាប់​ជាស្រីស្អាត​ភ្លាម​លក្ខណា​បានបោះជំហាន​ចូលសិល្បៈ​តាមរយៈ ការងារ​ជាពិធីការិនី ការថត​ស្ប៉ត​ពាណិជ្ជកម្ម និងដើរ​តួខារ៉ាអូខេ​ឱ្យផលិតកម្ម​ក្នុង​ស្រុក​មួយចំនួន។ ទស្សនិកជន​ចាប់​អារម្មណ៍​កាន់តែ ខ្លាំង​ទៅលើ​លក្ខណា​ដែលជា​ពិធីការិនី​ប្រចាំស្ថានីយ​ទូរទស្សន៍​ស៊ីធីអ៊ិន​នៅក្នុង​កម្មវិធី​អេវ័នខនសឺត។ បន្ទាប់មក​ឈ្មោះ​របស់នាង​ត្រូវបាន ទស្សនិកជន​ទទួលស្គាល់​រហូតមក​ដល់សព្វថ្ងៃ​នេះ។

ការ​ថែរក្សា​សម្រស់

ទោះបី​កញ្ញា តេង លក្ខណា មានភាព​មមាញឹក​ក្នុង​ការងារ​ជាអ្នកសិល្បៈ ទាំងការ​សម្ដែងរឿង និង​ពិធីការិនីក្ដី​ក៏មិន​ភ្លេច ការថែទាំ​រក្សា​សម្រស់​សុខភាព​នោះដែរ។ ខាងក្រោម​នេះ​គឺជា​វិធីថែទាំ​សម្រស់ និង​សុខភាព​របស់​លក្ខណា​ដែលបាន​ធ្វើការ​អនុវត្ដន៍​ជាប្រចាំ មុននិង​ក្រោយការ​សម្ដែង និងការ​សម្រាក​នានា។

  • ការ​ថែរក្សាសក់ ៖ ចំពោះ​សរសៃសក់​របស់​លក្ខណា​ដែលមាន​សរសៃ​ទន់ល្មើយ និងបម្រើ​ឱ្យសុខភាព និងមាន​គុណភាព ល្អ​នេះ នាងបាន​ជ្រើសរើស​យកសាប៊ូ​ដែលមាន​គុណភាព​ល្អ។ ក្នុងមួយ​សប្ដាហ៍​នាង​អប់សក់​ពីរដង ហើយ​កក់​ត្រឹមតែ​២ដង​ប៉ុណ្ណោះ ជា ពិសេស​កក់​នៅពេល​ដែលនាង​ឡើងកម្មវិធី​ម្ដងៗ។ វិធីនេះ​ធ្វើឱ្យ​សក់មាន​លក្ខណៈ​រស់រវើក​បានយូរ​និង​ការពារ​សក់​កុំឱ្យ​ខូចឬ​បែកចុង ទៀតផង។ នៅពេល​ចូលរួម​ថតសម្ដែង​ខារ៉ាអូខេ​ម្ដងៗ នាងក៏បាន​ប្រើថ្នាំ​ជំនួយ​សរសៃសក់​ផ្សេងៗ ដើម្បី​កុំឱ្យ​សក់​បែកចុង​នៅពេល​ដែលត្រូវ​កម្ដៅថ្ងៃ។
  • ការ​ថែរក្សាស្បែកមុខ ៖ ជារឿង​សំខាន់ណាស់​ចំពោះ​តារា​សម្ដែង​ស្រស់ស្អាត​រូបនេះ​គឺជាការ​ចាំបាច់​បំផុត ត្រូវតែ​លាបឡេ ដើម្បី​ការពារ​កម្ដៅថ្ងៃ​នៅពេល​ដែល​កញ្ញា​ចេញទៅ​ថតឬ​សម្ដែងម្ដងៗ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លក្ខណា​ក៏បាន​ប្រើប្រាស់​ឡេការពារម្សៅ​ទ្រនាប់​ផងដែរ កុំឱ្យ​ប៉ះពាល់​ដល់​ស្បែកមុខ។ ក្រៅពីនេះ​កញ្ញាក៏​ប្រើប្រាស់​ឡេការពារ​កម្ដៅថ្ងៃ ម្សៅ​បន្ដឹង​ស្បែកមុខ។ ដោយ​ឡែកនៅពេលយប់ លក្ខណា​មិនបាន​ប្រើប្រាស់​ម្សៅ​បន្ទន់ស្បែក​អ្វីនោះទេ តែនាង​ប្រើប្រាស់​ឡេ​ដើម្បីជួយ​ឱ្យស្បែក​ភ្លឺថ្លាតែ​ប៉ុណ្ណោះ។
  • ការ​ថែរក្សា​ដងខ្លួន ៖ ដោយឡែក​ចំពោះ​ស្បែក​ដងខ្លួន លក្ខណា​ធ្វើការ​ថែទាំ​ជាធម្មតាតែ​ប៉ុណ្ណោះ ដោយ​សាប៊ូ​ដុសខ្លួន ដែលអាច​កម្ចាត់​មេរោគ​បាន។ ប៉ុន្ដែ​ប្រភទសាប៊ូ​ដែល​លក្ខណា​ដុស​ខ្លួននោះ ជាសាប៊ូ​ដែលមាន​គុណភាព​ខ្ពស់​ដែលអាច​កម្ចាត់​បាក់តេរី បានដោយ​មិនដុស​នឹងសាប៊ូ​ដដែលៗ​ឡើយ។ នៅពេល​ថ្ងៃ លក្ខណា​មិនបាន​ជ្រើសរើស​យកឡេការពារ​កម្ដៅថ្ងៃ​មកលាប​លើ​ដងខ្លួន នោះទេ។ ទោះបី​នាងចេញ​ទៅខាងក្រៅ ឬថត​សម្ដែង​ក៏ដោយ។
  • ការ​ថែរក្សាធ្មេញ ៖ រីឯ​សុខភាពមាត់​ធ្មេញ លក្ខណា​ជ្រើសរើស​ការ​ថែទាំ​ដោយ​ដុសធ្មេញ​មួយថ្ងៃ​៣ដង ក្រោយពេល ទទួលទាន​ចំណីអាហារ មុនចូល​ទទួលទាន​ដំណេក និង​ក្រោយពេល​ងើបពីដំណេក​ម្ដងទៀត។ កញ្ញា​បញ្ជាក់ថា ការ​ជ្រើសរើស​វិធីនេះ អាច​ជួយឱ្យ​ធ្មេញ​យើងមាន​ការ​រឹងមាំ និង​ដង្កូវ​មិនស៊ី មិនឆាប់​ពុកហើយ​ក្លិនមាត់​ល្អរហូត ទោះយើង​និយាយ​ស្ដីជាមួយ​អ្នកដទៃ មិនបាច់​បារម្ភ​ចំពោះ​ក្លិនមាត់​ឡើយ។ ជាទូទៅ​ចំពោះការ​ថែរក្សា​ធ្មេញនេះ​ទៀតសោត កញ្ញា​តែងតែ​ទៅមន្ទីរព្យាបាល​ធ្មេញ​រាល់៦ខែ ម្ដង​ដើម្បីឱ្យ​ទន្ដពេទ្យ​ពិនិត្យ​ព្យាបាល និង​សម្អាត។
  • ការ​ថែរក្សាភ្នែក ៖ ភ្នែកមាន​សារៈសំខាន់​ណាស់ លក្ខណា​តែងតែ​មានការ​ការពារ​ជានិច្ច​រាល់ពេល​ថតសម្ដែង​ម្ដងៗ​នាង តែងតែ​ប្រើថ្នាំ​បន្ដក់ភ្នែក​ជានិច្ច។ ព្រោះ​ថាថ្នាំ​បន្ដក់ភ្នែក​នេះធ្វើ​ឱ្យធូលីដី​អាចចេញ​ក្រៅបាន ហើយធ្វើ​ឱ្យភ្នែក​មាន​អាការ​ស្រឡះ ឡើងវិញ។ ចំពោះ​ការពាក់​វ៉ែនតា​ដើម្បី​ការពារ​ចំណាំង​ផ្លាតអ្វីនោះ លក្ខណា​មិនដែល​ការពារភ្នែក​ដោយ​វិធី​នេះទេ។ តែ​ការពាក់​វ៉ែនតា​ពេលចេញ​ទៅណា​មកណា​នោះ​គ្រាន់ជា​ស្ដាយរបស់​នាងតែ​ប៉ុណ្ណោះ។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ លក្ខណា​តែងតែ​យកចិត្ដ​ទុកដាក់​យ៉ាងខ្លាំង​ទៅលើ​បបូរមាត់ និង​ស្វែងរក ផលិតផល​ដែលល្អ​ដើម្បី​ជំនួយ​បបូរមាត់​ដោយ​លាប​ក្រេបជានិច្ច ប្រើប្រាស់​ក្រេប​ការពារ​មុន ទើប​លាបក្រេម​ពណ៌​ខាងក្រៅ គឺ​មិនអាច ខាន​បានឡើយ ព្រោះ​ដើម្បី​បបូរមាត់​មាន​សំណើម​ជានិច្ច។ ចំពោះ​រោមភ្នែក និង​ចិញ្ចើម កញ្ញា​ជ្រើសរើស​វិធី​ថែរក្សា ដោយប្រើ​ម៉ាស្ការ៉ាជានិច្ច តែការ​រៀបចំ​កែច្នៃ​ទៅតាម​កម្មវិធី ឬតាម​ឈុតឆាក​ដែលត្រូវ​សម្ដែង។
  • ការ​ថែរក្សា​ក្រចកជើង ក្រចកដៃ ៖ ចំពោះ​ក្រចកដៃ​ក្រចកជើង លក្ខណា​មិនសូវ​ចូលចិត្ដ​ធ្វើ​ប៉ុន្មានទេ គ្រាន់តែ​កាត់សាច់​ឱ្យស្អាត និង​លាបពណ៌ យ៉ាងហោចណាស់​ពីរសប្ដាហ៍​ម្ដង​ប៉ុណ្ណោះ។ ជាពិសេស​មុនពេល​ឡើង​កម្មវិធី​ធ្វើជា​ពិធីការិនី​តាម​ទូរទស្សន៍។ ចំពោះ​ប្រអប់ដៃ​ប្រអប់ជើង កញ្ញាក៏​មិនបាន​ប្រើប្រាស់​ឡេការពារ​ផងដែរ ព្រោះ​ថែរក្សា​តាមធម្មតា​ប៉ុណ្ណោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សុខភាព​រាងកាយ​រឹងមាំ​ទើប​ការងារ​ជោគជ័យ

តារា​សម្ដែង​ស្រស់ស្អាត តេង លក្ខណា ប្រកាន់​ខ្ជាប់​ជានិច្ច​ចំពោះ​សម្រស់​រាងកាយ សុខភាព​គឺជាការ​ចាំបាច់​សម្រាប់​អាជីព ជាអ្នកសិល្បៈ។ ព្រោះថា​ក្នុងនាម​កញ្ញា​ពិធីការិនី និងជា​តារា​សម្ដែង​ផងនោះ បន្ទាប់​ពីឡើង​លើឆាក ឬ​ធ្វើជា​តួសម្ដែង​មាន​ទស្សនិកជន ច្រើន​ណាស់​ជាអ្នក​ទស្សនា​តាមកញ្ចក់​ទូរទស្សន៍ និង​ទស្សនា​ផ្ទាល់។ ដូច្នេះ​ហើយអ្នក​សិល្បៈ​ត្រូវតែ​មាន​សម្រស់​ស្រស់ស្អាត​ជានិច្ច សុខភាព​បរិបូរណ៍ និង​រាងកាយ​មាំមួន។ ក្រៅពីនេះ​កញ្ញា តេង លក្ខណា តែងតែ​ជ្រើសរើស​ពេលវេលា​ដើម្បី​ធ្វើការ​ហាត់ប្រាណ​ដើម្បី​សុខភាព​ជាប្រចាំ​ផងដែរ។ ជាពិសេស​នោះ នាង​តែងតែ​ទទួលទាន​ដំណេក​បាន​គ្រប់គ្រាន់ មួយថ្ងៃ​៨ម៉ោង​ជាកំហិត​ទៀតផង។ តែបើ​ថ្ងៃខ្លះ កញ្ញា​មិនបាន​ទទួលទាន​ដំណេក​ឱ្យបាន​៨ម៉ោង​ទេនោះ នាងនឹង​ទទួលទាន​អាហារ​ដែលមាន​ជាតិវីតាមីន​បំប៉ន​បន្ថែម​ជំនួស​ការ​ខាតបង់ ចំពោះ​ការ​មិនបាន​ទទួលទាន​ដំណេក។

បំណង​ទៅថ្ងៃ​អនាគត

ក្រៅពី​អាជីព​ជាអ្នកសិល្បៈ លក្ខណា​មានបំណង​ចង់ក្លាយ​ទៅជា​ប្រធាន​ក្រុមហ៊ុន​ឯកជន​មួយ។ តែពេលនេះ​មិនទាន់​គិតដល់នោះ​ទេ ព្រោះ​មិនទាន់​មាន​ជំហរ​ច្បាស់លាស់។ ចំពោះ​អាជីព​ជាអ្នក​សិល្បៈ​កញ្ញា​នៅតែ​បន្ដជានិច្ច​មិន​បោះបង់​ចោល​នោះទេ រហូតដល់អស់​អ្នក​គាំទ្រ។

បណ្ដាំ​ផ្ញើ​របស់​កញ្ញា តេង លក្ខណា

សម្រាប់​កញ្ញា តេង លក្ខណា យល់ថា​ស្ដ្រី​គ្រប់រូប​ចាំបាច់​បំផុត​រូបសម្រស់ និង​ចិត្ដគំនិត។ ដូច្នេះ​ក្នុងនាម​យើង​ជាកូនខ្មែរ ត្រូវចេះ​ជួយលើក​ស្ទួយ​សិល្បៈ វប្បធម៌​ខ្មែរ លើកតម្កើង​ប្រពៃណី​ខ្មែរ មិនត្រូវ​និយម​អ្វីជា​របស់​បរទេស​នោះទេ។ ជាពិសេស​ត្រូវចេះ​លើកស្ទួយ​វិស័យ​ទេសចរណ៍ តាមរយៈ​ការថែរក្សា​ទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត និង​សេវាល្អ​របស់​ប្រទេសកម្ពុជា​ឱ្យរីក​ស្រស់បំព្រង។ លើសពីនេះ​យុវវ័យ​ទាំងអស់​ត្រូវ​ចៀសឱ្យ​ផុតពីការ​ប្រើប្រាស់​គ្រឿងញៀន និង​សេពគ្រឿង​ស្រវឹង​ពេលធ្វើ​ដំណើរ​ទៀតផង។

ខាងលើនេះ​គឺជាយល់​ឃើញ និង​ជាការ​អនុវត្ដន៍​ផ្ទាល់​របស់កញ្ញា តេង លក្ខណា តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ​សម្រាប់​អនុវត្ដន៍​បានហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ តេង លក្ខណា
  • អាយុ ៖ ២១ឆ្នាំ
  • កម្ពស់ ៖ ១,៦៣ម៉ែត្រ
  • ទម្ងន់ ៖ ៤៦​គីឡូក្រាម
  • ទំហំ​ទាំងបី ៖ ៣៦ ២៧ ៣៨
  • បងប្អូន ៨នាក់ (ស្រី៤​(ជាកូន​ទី៧)
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • អាជីព​បច្ចុប្បន្ន ៖ ពិធីការិនី និង​តារា​សម្ដែង
  • កម្រិត​វប្បធម៌ ៖ បញ្ចប់​បរិញ្ញាបត្រ​ឆ្នាំទី៤​ផ្នែក​ទេសចរណ៍
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Google Analytics Alternative