ត្រីដុត​អំបិល

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួលទាន ៣នាក់
  • រយៈពេល​ចម្អិន ២៥នាទី
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ៣នាទី

គ្រឿង​ផ្សំ

  • ត្រីរ៉ស់ ៧ខាំ
  • ប៊ីចេង ២ស្លាបព្រា​កាហ្វេ
  • អំបិល ១​ស្លាយព្រា​កាហ្វេ
  • ស្ករស ២​ស្លាបព្រា​កាហ្វេ
  • ទឹកត្រី ១​ស្លាបព្រា​កាហ្វេ
  • មើមខ្ទឹម ៣​កំពឹស
  • ប៊ឺរ ១​ស្លាបព្រា​បាយ
  • គល់​ស្លឹកគ្រៃ ២គល់
  • ស្លឹក​ក្រូចសើច ៤សន្លឹក
  • ជី​គ្រប់មុខ កន្លះខាំ
  • សាលាដ កន្លះខាំ
  • ត្រសក់ ៣០​ក្រាម
  • សណ្ដែក​បណ្ដុះ កន្លះខាំ
  • ប៉េងប៉ោះ ១ផ្លែ
  • ម្ទេស ២ផ្លែ
  • នំបញ្ចុក ១​ចាន
  • អំពិល​ទុំ ១ខាំ
  • ស្លឹកខ្ទឹម ១​ដើម
  • ក្រដាស​អាលុយ​មីញ៉ូម ១​បន្ទះ

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​រៀបចំ​គ្រឿងផ្សំ

  • ត្រីរ៉ស់​លាង​ឱ្យស្អាត​ជាមួយ​ទឹកអំបិល ដើម្បី​កុំឱ្យ​ឆ្អាប
  • ប៊ឺរ​យកទៅ​លាបលើ​ក្រដាស​អាលុយ​មីញ៉ូម
  • គល់ស្លឹកគ្រៃ​លាងទឹក​ឱ្យស្អាត ១ដើម​យកទៅ​ញាត់ចូល​មាត់ត្រី ហើយ​មួយ​ដើមទៀត​ហាន់​បញ្ឆិត​ស្ដើងៗ
  • ស្លឹកក្រូច​សើច​លាងទឹក​ឱ្យស្អាត
  • មើមខ្ទឹម​បកសម្បក​ចេញ ហើយ​លាងទឹក​ឱ្យស្អាត យកទៅ​ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋពេក
  • អំពិល​ទុំច្របាច់​យក​គ្រាប់ចេញ
  • សាលាដ និង​សណ្ដែក​បណ្ដុះ លាងទឹក​ឱ្យស្អាត ហើយ​រៀបដាក់​ចាន
  • ត្រសក់​លាងទឹក​ឱ្យស្អាត ចិតបញ្ឆិតៗ​ឱ្យក្រាស់​ល្មម​រៀប​ដាក់ចាន
  • ប៉េងបោះ​លាងទឹក​ឱ្យស្អាត ចិតបញ្ឆិតៗ​ឱ្យក្រាស់​ល្មម​រៀបដាក់​ចាន
  • ជី​គ្រប់មុខបេះ ហើយ​យកទៅ​លាងទឹក​ឱ្យស្អាត រៀប​ដាក់ចាន
  • ម្ទេសលាង​ទឹក​ឱ្យស្អាត
  • ស្លឹកខ្ទឹម​លាងទឹក​ឱ្យស្អាត ហើយ​កាត់ជា​កង់ៗល្មម
  • នំបញ្ចុក​រៀប​ដាក់ចាន

របៀបរៀប​ចំគ្រឿង​ផ្សំ​ទឹកអំពិល​ទុំ

ជាដំបូង​យកសាច់​អំពិល​ទុំសុទ្ធ​លាយ​ជាមួយ​ស្ករស​២ស្លាបព្រា ទឹកត្រី​១ស្លាបព្រា ប៊ីចេង​១ស្លាបព្រាបាយ ហើយ​ដាក់​មើមខ្ទឹមដែល​ចិញ្ច្រាំ​ចូល រួចលាង​ជាមួយ​គ្នាឱ្យ​សព្វហើយ​យកស្លឹកខ្ទឹម​រោយ​ពីលើ​ជាការស្រេច។

របៀប​ធ្វើ

ជាដំបូង​យកត្រីរ៉ស់​ដែលលាង​ឱ្យស្អាត​យក​ទៅរុំ​ជាមួយ​នឹង​ក្រដាស​អាលុយ​មីញ៉ូម​ដែលលាប​ប៊ឺរហើយ។ បន្ទាប់មក​ត្រូវយក​គល់ស្លឹកគ្រៃ​ទៅញាត់​ចូលមាត់​ត្រី ហើយដាក់​ប៊ី​ចេង១​ស្លាបព្រាកាហ្វេ អំបិល១​ស្លាបព្រា​កាហ្វេ បន្ទាប់មក​ត្រូវយក​ស្លឹកក្រូចសើច និង​គល់ស្លឹកគ្រៃ​ដែលហាន់​ហើយ​យកទៅ​រោយពីលើ​ត្រីហើយ​រុំឱ្យជិត រួចយក​ទៅដុត​ដោយត្រូវ​យកចិត្ដ​ទុកដាក់​បន្ដិច ដុតឱ្យ​ឆ្អិនល្មម រួចយក​ដាក់ចាន​ជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស ឬ​នំបញ្ចុក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Google Analytics Alternative