វីតាមីន (ត) ៖ វីតាមីន​បេ៦

សូម​លោកអ្នក​បន្ដស្វែង​យល់អំពី​វីតាមីន​បេ៦​ជាបន្ដ​ទៅទៀត នៅលើ​ទំព័រទស្សនាវដ្ដី សុខភាពយើង លេខនេះ។ សង្ឃឹម​ថា លោកអ្នក​បាន​ទទួល​នូវការ​យល់ដឹង​ជាច្រើនអំពី​វីតាមីន​ទាំងឡាយ​នេះ សម្រាប់​ជាទុន​ថែទាំ​សុខភាព និង​សម្រស់​ផ្ទាល់ខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​វីតាមីន​បេ៦

វីតាមីន​បេ៦​គ្របដណ្ដប់​សារធាតុ​បីយ៉ាង ដែលមាន​លក្ខណៈ​សម្បត្ដិ​ប្រហាក់​ប្រហែល​គ្នា គឺពី​រីដុកស៊ីន ពីរីដុកសាល់ និង​ពីរីដុកសាមីន។ វីតាមីន​បេ៦ ឬ​ហៅជា​ភាសាគីមី​សាស្ដ្រ​ថា ពីរីដុកស៊ីន ឬ​វីតាមីន​សាច់ដុំ មាន​តួនាទី​ពិសេស​ដូចតទៅ។

  • ចូលរួម​ក្នុង​មេតាបូលីស ៖ វីតាមីន​បេ៦​មានតួនាទី​សំខាន់​នៅក្នុង​ដំណើរ​ការ​មេតាបូលីស​របស់​សារធាតុ​ប្រូតេអ៊ីន និង អាស៊ីដអាមីនេ ដែល​ប្រើប្រាស់​ជាសារធាតុ​ដើម​ក្នុងការ​បង្កើត​ជាសារធាតុ​ប្រសាទ​នីរ៉ូត្រង់​ស្មែតទ័រ។
  • ជួយ​បង្កើត​ថាមពល ៖ វីតាមីន​បេ៦​ជាអ្នក​បំបែរ​សារធាតុ​គ្លីកូហ្សែន​(ជាតិស្ករ​ដែល​ស្ដុកទុក)​ឱ្យទៅជា​ថាមពល។
  • ជួយ​ប្រព័ន្ធ​ការពារ​រាងកាយ ៖ ម្យ៉ាងទៀត​វីតាមីន​បេ៦​ជួយធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​នៃប្រព័ន្ធ​ការពារ​រាងកាយ ដោយ​សម្រួល​ដល់ការ​ផលិត​អង្គ​បដិបក្ខ​ប្រាណ​សម្រាប់​ការពារ​រាងកាយ។
  • ជួយ​សាច់ដុំ ៖ វាមាន​តួនាទី​សំខាន់​បំផុត​មួយទៀត ដូច​ដែលបាន​ហៅថា ជា​វីតាមីន​សាច់ដុំ គឺជួយ​កាត់បន្ថយ​កម្រិត​តានតឹង និង​បរិមាណ​នៃការ​កន្ដ្រាក់​សាច់ដុំ និងការ​ឈឺចាប់​សាច់ដុំ​នៃសារពាង្គកាយ​របស់​យើង។

របប​អាហារូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​វីតាមីន​បេ៦

ខ្លួនប្រាណ​មនុស្ស​ត្រូវ​ទទួលទាន​ចូលជា​ប្រចាំថ្ងៃ​នូវជាតិ​វីតាមីន​បេ៦ ក្នុង​បរិមាណ​ចំនួន១,៨មីលីក្រាម​សម្រាប់​បុរស ១,៥ មីលីក្រាម​សម្រាប់​ស្ដ្រី និងចំនួន​២,២មីលីក្រាម​សម្រាប់​មនុស្ស​វ័យ​ចំណាស់។ ហើយ​តួលេខ​នេះអាច​កើនឡើង​ដល់ទៅ​២៥មីលីក្រាម ទៅតាម​ករណី​ដោយ​ឡែក​ផ្សេងទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កង្វះ​វីតាមីន​បេ៦​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

បើសិនណា​មនុស្ស​យើង​ទទួលទាន​វីតាមីន​បេ៦​មិនបាន​គ្រប់គ្រាន់​ទេ អាច​នាំឱ្យ​ប៉ះពាល់​សុខភាព​គួរឱ្យ​កត់​សម្គាល់។ ផល​ប៉ះពាល់​ទាំងនេះ​រួមមាន ដូចជា​អស់​កម្លាំង ស្លេកស្លាំង វិលមុខ តានតឹង​អារម្មណ៍ ប្រកាច់ ព្រមទាំង​វិបត្ដិ​ប្រព័ន្ធ​ប្រសាទ​ខ្លាំង​ឬតិចតួច​ជាដើម។

ចំណី​អាហារ​ដែលមាន​វីតាមីន​បេ៦

វីតាមីន​បេ៦​មាន​នៅលើ​ចំណី​អាហារ​មួយចំនួន​ដូចតទៅ ៖

  • សាច់ត្រី
  • គ្រាប់​ធញ្ញជាតិ
  • បន្លែ​បៃតង និង​ផ្លែឈើ
  • ស្រូវសាឡី
  • មេស្រាបៀរ។

ពេលដែល​គួរ​ប្រើប្រាស់​គ្រាប់​ថ្នាំវីតាមីន​បេ៦

ជំពូក​មនុស្ស​ដែល​គួរតែ​ប្រើប្រាស់​គ្រាប់​ថ្នាំវីតាមីន​បេ៦​បន្ថែម មាន​ដូចតទៅ ៖

  • ស្ដ្រី​ដែល​កំពុងតែ​ប្រើប្រាស់​ថ្នាំគ្រាប់​ពន្យារ​កំណើត
  • ស្ដ្រីមាន​ផ្ទៃពោះ​ដែលមាន​អាការ​ចង្អោរ ឬ​ក្អួត
  • អ្នក​ដែលមាន​កើត​ក្រួស​ក្នុង​តម្រងនោម​(គួរប្រើ​ភ្ជាប់​ជាមួយ​ពួកសារជាតិ​ម៉ាញ៉េស្យូម)។

តម្រូវការ​ថ្នាំ​វីតាមីន​បេ៦​ជាប្រចាំថ្ងៃ

លោកអ្នក​អាច​លេបថ្នាំ​វីតាមីន​បេ៦​ជាប្រចាំថ្ងៃ​ចំនួន​ពី២​ទៅ២៥​មីលីក្រាម​ក្នុងករណី​ធម្មតា។ តែបើក្នុង​ករណី​មាន​កង្វះ​វីតាមីន​នេះ លោកអ្នក​ត្រូវ​បង្កើនការ​ប្រើប្រាស់​ដល់ទៅ​១០០មីលីក្រាម ដោយ​លេបក្នុង​១ថ្ងៃ​៣ដង ពេលព្រឹក ពេលថ្ងៃត្រង់ និង​ពេលល្ងាច។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative