ទិវា​ប្រឆាំង​គ្រឿងញៀន​អន្ដរជាតិ

គ្រឿងញៀន​គឺជា​សត្រូវ​សួពូជ និង​ជាដើមចម​បំផ្លាញ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ នៅពេល​ដែល​សារធាតុ​ញៀន​ទាំងនេះ បាន​វិវឌ្ឍន៍​ចូល​ទៅក្នុងខ្លួន​ហើយ​នោះ។ គ្រឿងញៀន​ក៏ជា​មេឈ្មួញ​ដ៏ធំដែល​ផ្ដល់នូវ​សក្ដានុពល​ដល់​សង្គម​ទាំងមូល​ឱ្យជួប​ប្រទះនូវ​បញ្ហា ប្រឈម​មិន​ចេះចប់ ដែលបាន​នឹងកំពុង​យកចិត្ដ​ទុកដាក់​ដោយ​រាជរដ្ឋាភិបាល ដើម្បី​ធ្វើការ​ទប់ស្កាត់​ការហូរ​ចូល និងការ​ផលិត​ផ្សេងៗ ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ក្រុម​យុវវ័យ​មួយចំនួន​ដែល​កំពុងតែ​ប្រព្រឹត្ដ​និង​សេព​គ្រឿងញៀន​ទាំងនេះ​ឱ្យុ​យល់ច្បាស់ ពីផល​ប៉ះពាល់​ទូទៅ ជាពិសេស​បញ្ហា​សង្គម បញ្ហា​សុខភាព និង​បញ្ហា​ជីវភាព។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មន្ដ្រី​រដ្ឋាភិបាល​បាន​ជ្រើស​ថ្ងៃទី២៦ ខែឧសភា បង្កើតជា​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​អន្ដរជាតិ ព្រោះ​ចង់​បញ្ជ្រាប​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យគេច​ផុតពី​បញ្ហានេះ។ ជាមួយ​គ្នានេះ​ដែរ ក៏មាន​អង្គការ មជ្ឈមណ្ឌល សមាគម និង​សហគមន៍ ប្រឆាំង​គ្រឿងញៀន​បង្កើត​ឡើង​ជាបន្ដបន្ទាប់​ផងដែរ ដើម្បី​រួម​ចំណែក​កាត់បន្ថយ​អត្រា​នៃអ្នក​ប្រើប្រាស់​គ្រឿងញៀន។

ដើម្បី​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នេះដែរ លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា បាន​ចូលរួម​ផ្ដល់​កិច្ចសម្ភាសន៍​ផ្ទាល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង អំពីផល​ប៉ះពាល់​ចំពោះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​មូលហេតុ​ដែលមាន​ការ​បង្កើតឱ្យ​មាន​ទិវាប្រឆាំង​គ្រឿងញៀន​នេះ​កើតឡើង។

ទិវា​ប្រឆាំង​គ្រឿងញៀន​បង្កើត​ឡើង​ដើម្បីអ្វី?

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​កម្ពុជា ហៅ​កាត់ថា “DARAC” បានមាន​ប្រសាសន៍​ថា “ទិវានេះ​បង្កើតឡើង​ដើម្បី​ផ្ដោត​ទៅលើការ​អប់រំ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​បានដឹង​បាន​យល់​អំពី​សារធាតុ​ញៀន ទាំង​ឥទ្ធិពល និង​សេវា​ចរាចរណ៍​គ្រឿងញៀន​ពិភពលោក ដើម្បី​បញ្ជ្រាប​អំពី​ផល​ប៉ះពាល់ និង​គ្រោះមហន្ដរាយ​ដោយ​គ្រឿងញៀន ចំពោះ​បញ្ហា​សុខភាព បញ្ហាសង្គម និង​បញ្ហា​ជីវភាព​ទាំងមូល”។ លោក មាស សុវណ្ណ បាន​លើកឡើង​ទៀតថា “ការ​បង្កើត​ទិវាប្រឆាំង​គ្រឿងញៀន​នេះ គឺជាការ​ចូលរួម​ចំណែក​ក្នុងសង្គម​ដ៏ប្រពៃ​បំផុត ព្រោះ​ទិវានេះ​បាន​បំផុស​ឱ្យ​មហាជន​ទូទៅ មិន​ត្រឹមតែ​ក្នុង​ប្រទេស​មួយៗ​នោះទេ គឺ​ទូទាំង​ពិភពលោក ដើម្បី​ជំរុញ​ដល់ការ​អភិវឌ្ឍន៍​ប្រទេស​ខ្លួនឯង ទប់ស្ក្កាត់​ការធ្វើ​ចរាចរណ៍​គ្រឿងញៀន។ ព្រោះ​បញ្ហា​គ្រឿងញៀន​នេះ​ហើយ​អាចជាបញ្ហា​មួយ​រាំងស្ទះ​ដល់ការ​អភិវឌ្ឍន៍​សង្គម​ឬតំបន់​ផ្សេងៗ ដែល​ប្រទេស​នីមួយៗ​មានការ​យក ចិត្ដ​ទុកដាក់​យ៉ាងខ្លាំង រហូត​បង្កើតនូវ​កម្មវិធី​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្ដរជាតិ ដើម្បី​ផ្ដល់នូវ​ចំណេះដឹង​ពីផល​ប៉ះពាល់​នានា និង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើតចេញ​ដោយ​សារ​គ្រឿងញៀន។

លោក មាស សុវណ្ណ បាន​បន្ដថា ដោយសារ​តែបញ្ហា​គ្រឿងញៀន​ជាបញ្ហា​ស្មុគស្មាញ ដែល​ពលរដ្ឋ​ក្នុងតំបន់​មួយចំនួន​នៅមិនទាន់​ជ្រាបច្បាស់​អំពី​ផល​ប៉ះពាល់​នោះ រាជរដ្ឋាភិបាល​ក្នុង​ប្រទេសកម្ពុជា​បានយក​ចិត្ដទុក​ដាក់យ៉ាង​ខ្លាំង ជំរុញ​ឱ្យ​អង្គការ សមាគម សហគមន៍ ឬ​មជ្ឈមណ្ឌល​នានា​ឱ្យយក​ចិត្ដទុក​ដាក់ជួយ​អប់រំ​ផ្សព្វផ្សាយ​ពីការ​សេព​គ្រឿងញៀន និងការ​ហូរចូល​ពីបណ្ដា​តំបន់​ផ្សេងៗ ដោយ​តម្រូវឱ្យ​សមត្ថកិច្ច​ត្រូវមាន​កាតព្វកិច្ច​ទប់ស្កាត់​ឱ្យ​ខាងតែ​បាន។ ព្រោះ​បញ្ហា​គ្រឿងញៀន​ជាបញ្ហា​រាំងស្ទះ​ក្នុងការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស សង្គម​ធ្លាក់ចុះ និង​បង្កភាព​អាណា​ធិបតេយ្យ​ផ្សេងៗ​ដែល​កើតចេញ​ពីបញ្ហា​គ្រឿងញៀន។ ដូច្នេះ​ហើយ​បានជា​ប្រទេសកម្ពុជា​យើង​រហូតមក​ទល់ពេល​នេះមាន​អង្គការ​មជ្ឈមណ្ឌល សមាគម និង​សហគមន៍ដើម្បី​ជួយ​បន្សាប​ទប់ស្កាត់​គ្រឿងញៀន​ចំនួន ១៤​នៅទូទាំង​ប្រទេស។ ក្នុងនោះ​មាន​មណ្ឌល​កាត់ផ្ដាច់​គ្រឿងញៀន​របស់​រដ្ឋមាន​ចំនួន១១ និង​អង្គការ​សង្គម​ស៊ីវិល​មានចំនួន៣។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចំនួនអ្នក​ប្រើប្រាស់​គ្រឿងញៀន​កំពុង​ថយចុះ?

“ថ្ងៃទី២៦ ឧសភា ជាថ្ងៃ​ប្រារឰ​ទិវាប្រឆាំង​គ្រឿងញៀន” និងជា​ថ្ងៃមួយ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​ទទួលការ​ជ្រាបច្បាស់​ចំពោះការ​ប្រើប្រាស់​គ្រឿងញៀន និង​គ្រោះមហន្ដរាយ​ផ្សេងៗ​របស់​គ្រឿងញៀន ជាមួយ​នឹងផល​ប៉ះពាល់​នៅក្នុង​សង្គមជាតិ​ទាំងមូល។ ទិវានេះ​បង្កើតឡើង​មានការ​សមស្រប​ទៅនឹង​សង្គម​បច្ចុប្បន្ន ដែលបាន​ផ្ដោត​ទៅលើ​កត្ដា​សំខាន់ៗ​ជាច្រើន ជំរុញ​ដល់ពលរដ្ឋ​ទូទៅ និង យុវវ័យ​ទាំងឡាយ​ដែល​កំពុងតែ​ងប់ងល់​ឱ្យមាន​ការ​ថយក្រោយ និងតាំង​សតិអារម្មណ៍​លុបបំបាត់​ទិសដៅ​ដែល​ឆ្ពោះទៅរក​ថ្នាំញៀននាពេល​ដ៏ខ្លី​ខាងមុខ។ មានអ្នក​ញៀន​ថ្នាំក្នុង​ប្រទេសកម្ពុជា​មិនតិច​នោះទេ ដែលធ្វើ​ឱ្យជីវភាព​គ្រួសារ​មានការ​ធ្លាក់ចុះ និង​ប្រឈម​នឹងបញ្ហា​សុខភាព​ដែលអាច​ឈាន​ទៅរក​គ្រោះមហន្ដរាយ​ដ៏​ធំធេង ដែល​សង្គម​ទាំងមូល​មិនមាន​ការ​ពេញចិត្ដ ជាពិសេស​សមាជិក​គ្រួសារ ត្រូវរង​នូវភាព​អាម៉ាស់​និង​ខាតបង់​នូវទ្រព្យសម្បត្ដិ​ជាហូរហែ​ផងដែរ។

លោក មាស សុវណ្ណ បាន​បន្ដថា បន្ទាប់​ពីមាន​អង្គការ និង​សមាគម​សង្គ្រោះជន​រងគ្រោះ​ដោយសារ​គ្រឿងញៀន​នៅក្នុង​ប្រទេសកម្ពុជា​ជាច្រើន​បានបង្កើត​ឡើងមក លទ្ធផល​នៃអ្នក​ប្រើប្រាស់​ចាប់ផ្ដើម​ធ្លាក់ចុះ​ជាលំដាប់ ហើយក៏​មានពលរដ្ឋ​មួយចំនួន​បញ្ឈប់ការ​ប្រើប្រាស់ និង​ផ្ដាច់​គ្រឿងញៀន​ដោយ​ខ្លួនឯង​ផងដែរ។ លោក មាស សុវណ្ណ បានបន្ដ​ទៀតថា ទិវា​ប្រឆាំង​គ្រឿងញៀន​នេះមាន​សារៈសំខាន់​ណាស់​ចំពោះ​បងប្អូន​ទូទៅ និង​សម្រាប់​សង្គមជាតិ​ទាំងមូល ព្រោះថា​ក្រោយពេល​ដែល​ទិវានេះ​បង្កើតឡើង​មាន​អង្គការ សង្គម​ស៊ីវិល និង​ជនរួម​ជាតិ​មានការ​ចូលរួម​ចំណែក​កាត់បន្ថយ។ លោកបាន​សង្កត់ថា “មានការ​ថយចុះ​អ្នក​ប្រើប្រាស់​ថ្មី” មាន​ន័យថា អ្នកដែល​ចង់​សាកល្បង​ក្នុងការ​ប្រើប្រាស់​នោះត្រូវ​បោះបង់​ចោល ព្រោះ​គេបាន​យល់អំពី​ផល​ប៉ះពាល់​ចំពោះ​គ្រឿងញៀន ដោយមាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សារព័ត៌​មានផ្សេងៗ ឬ​ចុះទៅ​អប់រំ​តាមតំបន់ និង​តាម​សហគមន៍ ដោយ​មន្ដ្រី​ពាក់ព័ន្ធ​ដល់​ទីកន្លែង។ ដូច្នេះហើយ​អ្នក​ប្រើប្រាស់​ឬអ្នក​ដែលមាន​ចេតនា​ចង់​សាកល្បង​នោះ ត្រូវបាន​យល់ដឹង​ជ្រាប​ច្បាស់អំពី​ផល​ប៉ះពាល់​ដែលកើត​ចេញពី​បញ្ហា​គ្រឿងញៀន ចាប់ផ្ដើម​បន្ថយ​រហូត​ដល់កាត់​ផ្ដាច់​តែម្ដង។

បណ្ដាំ​ផ្ញើ

យុវវ័យ​ទាំងអស់​ដែលធ្លាប់​តែ​ប្រីប្រាស់​គ្រឿងញៀន និង​កំពុង​ប្រើប្រាស់ គួរតែ​បោះបង់ចោល​ឱ្យដាច់​ស្រឡះ ព្រោះ​គ្រឿងញៀន​គឺជា​សត្រូវ​សួពូជ​របស់​សុខភាព និង​សង្គម។ វាគ្មាន​អ្វីផ្ដល់​នូវអត្ថ​ប្រយោជន៍​ខ្ពស់ដល់​ជីវភាព​ឬសុខភាព​ឡើយ ហើយក៏​មិនមែន ជា​គ្រាប់ពេជ្រស​ម្រាប់​ឱ្យយើង​គ្រប់គ្នា​ប្រឡែង​លេង​នោះទេ។ ម្យ៉ាងទៀត​គ្រឿងញៀន​ជាសារធាតុ​បំផ្លាញ​អាយុ​ជីវិត និង​បំផ្លាញ​សុខភាព​លោកអ្នក ធ្វើឱ្យ​មានការ​ថមថយ​នូវ​សតិសម្បជញ្ញៈ និង​ជាដើម​ហេតុជំរុញ​ឱ្យ​លោកអ្នក​ក្លាយ​ទៅជា​ជនល្មើស​ដោយ​មិនដឹង​ខ្លួន​ទៀតផង។ ដូច្នេះ​ហើយ​យុវវ័យ ឬ​ប្រជាពលរដ្ឋ​ទាំងឡាយ​មិនត្រូវ​យកពេល​ទំនេរ​ទៅសេព​គ្រឿងញៀន​បំបាត់​អារម្មណ៍​អផ្សុក​នោះទេ គួរតែ​យក​ពេលវេលា​ទាំងនោះ​ទៅអាន​សៀវភៅ ឬ​ស្ដាប់ប​ទចម្រៀង​ផ្សេងៗ ទើប​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative