ភាព​ក្រីក្រ និង​សុខភាព​ផ្លូវចិត្ដ

ភាពក្រីក្រ​ក៏ជា​ចំណែក​មួយ​ដែលងាយ​នឹងធ្វើ​ឱ្យ​កើតមាន​ជម្ងឺ​ផ្លូវចិត្ដ។ ជម្ងឺ​ផ្លូវចិត្ដ​តែងតែ​បង្កផល​លំបាក​ដល់សង្គម​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​ការ​កើតមាន​អំពើ​ហិង្សា។ បច្ចុប្បន្ននេះ​អំពើ​ហិង្សា​តែងតែ​កើតមាន​ជាញឹកញាប់ ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ ហើយ​ខ្វះ​ចំណេះដឹង ដែលជា​ហេតុធ្វើ​ឱ្យមាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​សម្រាប់​សង្គម និង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ​នៃមន្ទីរពេទ្យ​មិត្ដ ភាពខ្មែរ-សូវៀត បកស្រាយ​អំពី​ភាពក្រីក្រ និង​សុខភាព​ផ្លូវចិត្ដ ដើម្បីលោកអ្នក​បានយល់។

ទំនាក់ទំនង​ភាពក្រីក្រ និង​សុខភាព​ផ្លូវចិត្ដ

ភាពក្រីក្រ​អាច​បណ្ដាល​មកពី​កត្ដាច្រើន​យ៉ាង​ដែល​បណ្ដាល​ឱ្យមាន​បញ្ហា​សុខភាព​ផ្លូវចិត្ដ តែងតែ​កើតលើ​បុគ្គល​ដែល​រស់នៅក្នុង​ស្ថានភាព​ខ្វះខាត​ដូចជា ៖

  • ការ​ភៀសខ្លួន​មក​ទីក្រុង ៖ ជន​ភៀសខ្លួន​មក​នៅទីក្រុង ច្រើនតែ​រស់នៅ​ក្នុង​តំបន់​អនាធិបតេយ្យ ដែល​បណ្ដាញ​សង្គម​មាន​តិចតួច​ប៉ុណ្ដោះ ដែលមាន​ស្ដ្រី កុមារ និង​ចាស់​ជរា​ត្រូវក្លាយជា​ជនឯកោ​ដោយ​សមាជិក​សកម្ម​រកកម្រៃ​ចូលផ្ទះ​បាន​បាត់បង់។
  • ខ្វះខាត​ធនធាន និង​អនាម័​ក្នុងការ​រស់នៅ ៖ ស្ថានភាព​រស់នៅ​ប្រកប​ដោយ​ភាព​ខ្វះខាត​ធនធាន និង​កង្វះ​អនាម័យ​ដែលមាន​ដូចជា​កង្វះនូវ​ទឹកស្អាត​នៅក្នុង​ការ​ប្រើប្រាស់ កង្វះ​អាហា​រូបត្ថម្ភ បរិយាយកាស​អាប់អួ ចំពោះ​ការ​រស់នៅ​ក្នុងស្ថានភាព​នេះ នាំឱ្យ​អារម្មណ៍​តានតឹង​ចិត្ដ និង​មិនមាន​ភាព​រីករាយ​ឡើយ។
  • កង្វះ​ចំណេះដឹង ៖ កង្វះ​ចំណេះដឹង​ធ្វើឱ្យ​ពិបាក​នៅក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​គ្រួសារ ដែល​ជាហេតុ​មិនអាច​ឱ្យបុគ្គល​ទាំងនោះ​មិនមាន​វិធី​ចេញ​អំពី​ភាពក្រីក្រ​បាន ដែល​តែងតែ​មានចិត្ដ​អស់សង្ឃឹម​នឹង​អនាគត​របស់​ពួកគេ។
  • គ្មាន​លទ្ធភាព​ក្នុងការ​ថែទាំ​សុខភាព ៖ អ្នក​ក្រីក្រ​មានលទ្ធភាព​តិចតួច​ណាស់​នៅក្នុង​ការ​ថែទាំ​សុខភាព​ឱ្យបាន​ត្រឹមត្រូវ។ ដូចនេះ​អ្នកក្រីក្រ​តែងតែ​មានបន្ទុក​ធ្ងន់ធ្ងរ នៅពេល​ដែល​កើតមាន​ជម្ងឺ​ខាង​ផ្លូវកាយ។ ជម្ងឺ​ផ្លូវកាយ​នេះក៏​ជាហេតុ​ដែលងាយ​នឹងធ្វើ​ឱ្យកើត​មានជម្ងឺ​ផ្លូវចិត្ដជាញឹកញាប់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះពាល់​របស់​ភាពក្រីក្រ ដល់​សុខភាព​ផ្លូវចិត្ដ

បុគ្គល​ដែល​រស់នៅ​ក្នុងភាព​ក្រីក្រ​ងាយនឹង​រងគ្រោះ​ដោយ​ជម្ងឺ​ផ្លូវចិត្ដ​ណាស់ ជាពិសេស​ធ្វើឱ្យ​ប៉ះពាល់​ដល់សង្គម​ទៀតផង។ ភាពក្រីក្រ និង​សុខភាព​ផ្លូវចិត្ដ​តែងតែ​បង្កផល​លំបាក​ដល់សង្គម​ជាខ្លាំង ជាពិសេស​បង្កឱ្យ​មានភាព​រញ៉េរញ៉ៃ​ដល់សង្គម មានការ​ប្រើ​អំពើហិង្សា​(ប្លន់ សម្លាប់ រំលោភ) ការ​ជួញដូរ​ផ្លូវភេទ បង្កើត​បក្សពួក​(ក្មេងទំនើង) ឬការ​ប្រើប្រាស់​ថ្នាំញៀន​ជាដើម។ នៅពេល​ដែលមាន​អំពើហិង្សា​នៅក្នុង​គ្រួសារ ឬ​សង្គម ងាយនឹង​បង្កការ​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ផ្លូវចិត្ដ​សម្រាប់​អ្នក​រងគ្រោះ ដូចជា​ធ្វើឱ្យ​បញ្ញាអាប់ ឬ​វិកលចិត្ដ ជាពិសេស​ធ្វើឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​បុគ្គល​ដែល​មិនអាច​បន្ដការ​សិក្សាបាន ដូចនេះ​ឱកាស​ក្នុងការ​ស្វែងរក​ការងារ​ធ្វើមាន​តិចតួច​ណាស់​សម្រាប់​អនាគត​របស់​ពួកគេ។

ការ​ព្យាបាល​សុខភាព​ផ្លូវចិត្ដ​ដែលបង្ក​ដោយភាព​ក្រីក្រ

អ្នកក្រីក្រ​មួយចំនួន​តែងតែ​មានការ​ខ្វះខាត​នៅក្នុង​ការ​ព្យាបាល​ចំពោះ​ជម្ងឺ​ផ្លូវកាយ និង​ផ្លូវចិត្ដ ព្រោះ​តម្លៃ​នៃការ​ប្រើប្រាស់ សេវា​សុខភាព​មិនអាច​ផ្ដល់ឱ្យ​ដោយ​ឥតគិតថ្លៃ​នោះទេ។ ចំណែក​ឯការ​ថែទាំ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ដ​ក៏​កាន់តែ​ថ្លៃឡើងៗ បើនិយាយ​អំពី​ឱសថ​ក៏ឡើងថ្លៃ​ជារៀង​រាល់ថ្ងៃ ធ្វើឱ្យ​មានការ​លំបាក​ជាខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ។ ក្រីក្រ​តែងតែ​ស្វែងរក​កន្លែង​ដែលមាន​តម្លៃថោកៗ​ឱ្យសម​នឹង​សមត្ថភាព​របស់​ពួកគេ ដូចជា​នៅតាម​អង្គការ​ជាដើម។ ចំពោះ​ការ​ព្យាបាល​សុខភាព​ផ្លូវចិត្ដ គឺ​ទាមទារ​ការ​យកចិត្ដ​ទុកដាក់​បំផុត ជាពិសេស​គឺការ​ប្រើថ្នាំ និង​ផ្ដល់ភាព​កក់ក្ដៅ​ឱ្យអ្នក​ជម្ងឺ​មាន​អារម្មណ៍​ល្អជានិច្ច។

វិធី​ការពារ​កុំឱ្យ​កើតមាន​បញ្ហា​ផ្លូវចិត្ដ​នៅពេល​ដែលមាន​ភាពក្រីក្រ

ដើម្បី​កុំឱ្យ​កើតមាន​បញ្ហា​ទាំងនេះ នៅក្នុង​ប្រទេស​នីមួយៗ​តែងតែ​មាន​វិធានការ​ក្នុងការ​លើកកម្ពស់​សុខភាព​ផ្លូវចិត្ដ​ចំពោះ​អ្នកក្រីក្រ ដែលមាន​ដូចជា ៖

  • បង្កើត​សហគមន៍​សម្រាប់​អ្នកក្រីក្រ ៖ ការ​បង្កើត​សហគមន៍​គឺមាន​សារៈ​សំខាន់​ណាស់សម្រាប់​អ្នកក្រីក្រ​ដែលមាន​បញ្ហា​សុខភាព​ផ្លូវចិត្ដ ដូចជា​បង្កើត​ឱ្យមាន​ផ្ទះសម្បែង​រស់នៅ​បាន​ត្រឹមត្រូវ មានការ​ប្រីប្រាស់​ទឹកស្អាត បង្កើត​កម្មវិធី​អនាម័យ​សម្រាប់​សុខភាព បង្កើត​មុខរបរ​សម្រាប់​ចិញ្ចឹមជីវិត សាងសង់​មន្ទីរពេទ្យ​សាលារៀន វត្ដអារាម​ជាដើម។
  • ភាពស្មើគ្នា​ចំពោះ​យេនឌ័រ ៖ យេនឌ័រ​គឺជា​ពាក្យមួយ​ដែលបង្កើត​ឱ្យមាន​ភាពស្មើគ្នា​រវាង​តំណែង តួនាទី សិទ្ធ និង​អំណាច រវាងបុរស​និងស្ដ្រី ដោយ​មិនមាន​ការ​ប្រើ​អំពើហិង្សា មិនមាន​ការ​រើសអើង​ចំពោះអ្នក​ទន់ខ្សោយ មិនមាន​ការ​រំលោភ​បំពាន​ទៅលើ​ជនណា​ម្នាក់ឡើយ។
  • លើកកម្ពស់​សុខភាព​ផ្លូវចិត្ដ ៖ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អ្នកក្រីក្រ​ដែលមាន​បញ្ហា​សុខភាព​ផ្លូវចិត្ដ​ការធ្វើ​បែបនេះ​ក៏អាច​ជួយ​ព្យាបាល​ចំពោះ​អ្នកជម្ងឺ​ផងដែរ ព្រោះ​អ្នកជម្ងឺ​ផ្លូវចិត្ដ​តែងតែ​ចង់បាន​បំផុត​នូវអ្វី​ដែលគេ​ត្រូវការ គឺការ​យល់ចិត្ដ​ពីអ្នក​ដែល​នៅជុំវិញ​ខ្លួន​ក៏ដូចជាសង្គម​ទាំងមូល។
  • ជំរុញឱ្យ​មានការ​រៀនសូត្រ ៖ ការ​រៀនសូត្រ​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្សម្នាក់ៗ។ ហើយការ​រៀនសូត្រ​នេះ អាចធ្វើ​ឱ្យអ្នក​ដែលមាន​ជីវភាព​ក្រីក្រ​ចៀសផុត​ពីភាព​ក្រីក្របាន ជាពិសេស​គឺអាច​ធ្វើឱ្យ​សង្គម​មានការ​រីកចម្រើន និង​មិនអាច​កើតមាន​អំពើ​ហិង្សា​បាន​នោះទេ។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​ចៀសផុត​ពីភាព​ក្រីក្រ និងការ​កើតមាន​ចំពោះ​ជម្ងឺ​ផ្លូវចិត្ដ​បាន លោកអ្នក​គួរតែបញ្ឈប់​ការប្រើ​អំពើហិង្សា ការ​ប្រើប្រាស់​គ្រឿងស្រវឹង គ្រឿងញៀន​ជាដើម។ ព្រោះ​អំពើ​ទាំងនេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​មានភាព​ក្រីក្រ​នោះទេ ថែមទាំង​ធ្វើឱ្យ​បាត់បង់ អនាគត​ដ៏ល្អ​ថែមទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative