ហាត់ប្រាណ​ហួសហេតុ​ប៉ះពាល់​សុខភាព

ការធ្វើ​លំហាត់​ប្រាណ​បញ្ចេញ​ញើស​ដែលជា​សារធាតុ​ពុល​ចេញពី​រាងកាយ គឺជា​ប្រការល្អ​មួយដែល​គួរតែ​យកចិត្ដ​ទុកដាក់។ ការ​ហាត់ប្រាណ​ក៏ដូចជា​ការ​លេងកីឡា គឺ​សុទ្ធតែ​អាច​បញ្ចេញនូវ​សារជាតិពុល​ផ្សេងៗ​មក​ខាងក្រៅ​តាមរយៈ​ញើស​នេះឯង។ កីឡា​អាចជួយ​ធ្វើឱ្យ​សុខភាព​របស់​យើង​មានភាព​មាំមួន ប្រាសចាក​ពីជម្ងឺ​តម្កាត់​ទាំងពួង​បាន ល្គឹក​ណាការ​ហាត់​ទាំងនោះ​ប្រកប​ទៅតាម​ក្បួនច្បាប់​ត្រឹមត្រូវ​ដែលបាន​កំណត់។ ផ្ទុយ​ទៅវិញ ប្រសិន​បើការ​ធ្វើលំហាត់​ប្រាណ​ហួស​កម្លាំង មិន​ត្រឹមតែ​មិនបាន​ផ្ដល់អត្ថ​ប្រយោជន៍ មកដល់​រាងកាយ​នោះ ថែមទាំង​អាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ប្រាសចាក​ពីគ្រោះថ្នាក់​ដែលអាច​កើតមាន​ពីការ​ហាត់កីឡា​ជាយថាហេតុ លោក ហ៊ី ឌីណារិន្ទ ប្រធាន​ក្លឹប​គីងកុង បាន​បកស្រាយ​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ទុកជា​ចំណេះដឹង និង​ជាជម្រើស​ខ្លះៗ​សម្រាប់​ការធ្វើ​លំហាត់​ប្រាណ​ប្រចាំថ្ងៃ។

ប្រយោជន៍​នៃការ​ហាត់ប្រាណ

ការ​ហាត់ប្រាណ​មានសារៈ​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ដ។ ជាពិសេស​វាធ្វើឱ្យ​លោកអ្នក មាន​អារម្មណ៍​សប្បាយ​រីករាយ ជ្រះថ្លា​ក្នុងចិត្ដ កាត់បន្ថយ​នូវភាព​កង្វល់​បានមួយ​ចំណែក។ អ្វីដែល​អស្ចារ្យ​ជាងនេះ​ទៅទៀត ការ​ហាត់កីឡា អាច​កាត់បន្ថយ​នូវអត្រា​ប្រឈម​មុខទៅ​នឹងជម្ងឺ្ង​បាន​ថែមទៀត​ផង ដូចជា​ជម្ងឺ​លើសឈាម ជម្ងឺ​ទឹកនោម​ផ្អែម ខ្សោយ​បេះដូង​ជាដើម។ ការ​ហាត់ប្រាណ​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​ប្រកបដោយ​សុវត្ថិភាព មិន​ត្រឹមតែ​ជួយកាត់​បន្ថយ​ជម្ងឺតែ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយធ្វើ​ឱ្យរាងកាយ​របស់​លោកអ្នក​មាំមួន ស្អាត​ស្រស់សង្ហា​ទៅតាម​បំណង​ប្រាថ្នា​ថែមទៀត​ផង។

កត្ដា​ដែលនាំ​ឱ្យការ​ហាត់ប្រាណ​មាន​សុខភាព​ល្អ

សុខភាព​អាចមាន​ភាពល្អ​ប្រសើរ​ដោយសារ​ការធ្វើ​លំហាត់​ប្រាណ​បាន​លុះត្រា​តែសមស្រប​ទៅនឹង​ក្បួនខ្នាត​ត្រឹមត្រូវ និង​មានការ​កំណត់​ច្បាស់លាស់។ ខាងក្រោម​នេះ​គឺជា​ចំណុចសំខាន់​មួយចំនួន​ដែល​លោកអ្នក​គួរតែ​អនុវត្ដ ដើម្បី​ធ្វើឱ្យ​ការ​ហាត់ប្រាណ របស់​លោកអ្នក​មានភាព​ប្រសើរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1 . ការ​ហាត់ប្រាណ​ដើម្បី​សុខភាព

  • ត្រូវធ្វើ​ការ​កម្ដៅសាច់​ដុំ​មុនពេល​លោកអ្នក​ហាត់ប្រាណ​គ្រប់ប្រភេទ
  • ចាប់ផ្ដើម​ជ្រើសរើស និង​អនុវត្ដ​ប្រភេទ​នៃការ​ហាត់ប្រាណ​ដែល​លោកអ្នក​ប្រាថ្នា
  • ត្រូវ​កំណត់​ពេលវេលា​ក្នុងការ​ហាត់​ឱ្យបាន​សមស្រប​ជាមួយ​សុខភាព
  • បន្ទាប់​ពីធ្វើ​ការ​ហាត់ចប់ ត្រូវ​សម្រាក​ដើម្បី​សម្រួល​សាច់ដុំ។

2 . ការ​ហាត់ប្រាណ​ដើម្បី​បង្កើន​សាច់ដុំ

  • ត្រូវ​គិតវិភាគ​ទៅលើ​ទម្ងន់​ដុំដែក​ដែលត្រូវ​លើក។ គួរ​គប្បី​ចាប់ផ្ដើម​ពីទម្ងន់​ស្រាល​បំផុត​ឡើងទៅ។
  • ត្រូវ​ផ្លាស់ប្ដូរ​ប្រភេទ​កីឡា ដើម្បី​ជួយ​សម្រួល​ដល់​ចលនា​ឈាម ចលនា​បេះដូង និង​ខ្លាញ់​ដែលរុំបេះដូង។
  • ធ្វើការ​ហ្វឹកហាត់​តាម​សម្រួល​ដោយធ្វើ​ចលនា​យឺតៗ មួយៗ ចៀសវាង​ការហាត់​ដោយ​បង្ខំ​ដែលជា​ហេតុធ្វើ​ឱ្យមាន​ការ​ប៉ះពាល់​ដល់​សុខភាព។
  • ត្រូវ​កំណត់​ពេល​ហ្វឹកហាត់​ឱ្យ​ត្រឹមត្រូវ​ទៅតាម​ក្បួនច្បាប់ ដោយ​ធ្វើការ​ហាត់​រយៈពេល​១ម៉ោង​ទៅ១ម៉ោង​៣០នាទី
    ក្នុង​មួយថ្ងៃ និង​៥ថ្ងៃ​ក្នុងមួយ​សប្ដាហ៍។ ទុក​រយៈពេល​២ថ្ងៃ​ដើម្បីឱ្យ​សាច់ដុំ​បាន​សម្រាក និង​ធ្វើការ​លូតលាស់។

ផល​ប៉ះពាល់​ដែល​បណ្ដាល​ពីការ​ហាត់​លើសកម្រិត

ជាការ​ពិតណាស់ ការ​ហាត់ប្រាណ​បានផ្ដល់​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព។ ប៉ុន្ដែ​បើការហាត់​មិនមាន​ការ​វិភាគឱ្យ​បានត្រឹមត្រូវ​ច្បាស់លាស់​នោះទេ វានឹង​ផ្ដល់នូវ​គុណវិបត្ដិ​មកលើ​សុខភាព​វិញ​ជាក់ជា​មិនខាន។ ជាអាទិ​ការហ្វឹក​ហាត់​ហួស​កម្លាំង សុខភាព​រាងកាយ​នឹង​ទទួល​បានមក​វិញនូវ​ផល​អវិជ្ជមាន​ជាច្រើន ដូចជា​បាក់​កម្លាំង ឈឺក្បាល វិលមុខ ខ្យល់គរ ស្ទះសរសៃឈាម ឬ​គាំង​បេះដូង ដែលជា​ហេតុ​បណ្ដាល​ឱ្យមាន​ការ​ប្រឈម​មុខ​ជាមួយ​នឹង​គ្រោះថ្នាក់​ដល់ជីវិត ប្រសិនបើ​មិនមាន​ការ​ទប់ស្កាត់​ទាន់​ពេលវេលា។

ចំពោះ​អ្នកដែល​ហ្វឹកហាត់​តម្លើង​សាច់ដុំ​ហួសកម្រិត ក្រៅពី​មិនអាច​សមតាម​បំណង​ប្រាថ្នារបស់​លោកអ្នក​នោះ ថែមទាំង​អាចបង្ក​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព។ ផលលំបាក​ដែល​បណ្ដាល​មកពី​ការហាត់​ហួសកម្លាំង​មាន​ដូចជា​ប៉ះពាល់​ដល់​សន្លាក់ បាក់កម្លាំង ប្រេះឆ្អឹង ឈឺសាច់ដុំ រហែក​សាច់ដុំ ស្ទះ​សរសៃឈាម និង​គាំង​បេះដូង។ ផលអាក្រក់​ទាំងនេះ​កើតចេញ​ពីការ​ហ្វឹកហាត់ ដោយ​ពុំមាន​ការ​កំណត់​ត្រឹមត្រូវ មិនមាន​ក្បួនច្បាប់​ច្បាស់លាស់។

ការ​ជ្រើសរើស​ចំណី​អាហារ​សម្រាប់​អ្នក​ហាត់ប្រាណ

សុខភាព​របស់​លោកអ្នក​អាចមាន​ភាពល្អ​ប្រសើរ​ទៅបាន​គឺអាស្រ័យ​ទៅលើ​របប​ចំណីអាហារ​ជាកត្ដា​ចម្បង។ មិនថា​ជាកីឡាករ ឬ​ជាជន​សាមញ្ញ​នោះទេ ត្រូវតែ​មានការ​ប្រុងប្រយ័ត្នជានិច្ច។ ដើម្បី​ចៀសវាង​នូវផល​អវិជ្ជមាន​ដែលអាច​កើតមាន​ចំពោះ​សុខភាព លោកអ្នក​គួរតែជ្រើសរើស​នូវ​ប្រភេទ​អាហារ​ទាំងឡាយ​ណាដែល​ពុំសូវ​សម្បូរ​ទៅដោយ​ជាតិខ្លាញ់ និង​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ដូចជា សាច់មាន់ សាច់ទា ត្រី សាច់គោ​ជាដើម។ លើសពីនេះ​អ្វីដែល​ចាំបាច់​ត្រូវតែ​ទទួលទាន​ជាប្រចាំ​នោះគឺ​បន្លែ និង​ផ្លែឈើ។

ដំបូន្មាន​អ្នក​ជំនាញ

ការធ្វើ​លំហាត់​ប្រាណ​អាច​បញ្ចៀសនូវ​រាល់ជម្ងឺ​ផ្សេងៗ​ពីខ្លួន​ប្រាណ​របស់​លោកអ្នក​បាន លុះត្រាតែ​ស្ថិត​នៅក្នុង​ក្រមមួយ​ត្រឹមត្រូវ។ ក្នុង​ករណី​ដែល​លោកអ្នក​ធ្វើ​លំហាត់​ប្រាណ​លើសពី​កម្លាំង មិន​ត្រឹមតែ​មិនអាច​សមតាម​បំណង​ប្រាថ្នា​របស់​លោកអ្នក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​ទៅដល់​សុខភាព​ទៀត។ ដូច្នេះ​អ្វីដែល​សំខាន់ លោកអ្នក​គួរកំណត់​ពេលវេលា​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវមាន​គ្រូបង្វឹក ទើបជាការ​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative