ដុះ​ក្បាលពោះ ៖ មូលហេតុ និង​វិធី​ទប់ទល់

មិនថា​បុរស​ឬស្ដ្រី​នោះឡើយ នៅពេល​មាន​អាការ​ដុះ​ក្បាលពោះ​ហើយ​គឺ​បណ្ដាល​មកពី​ប្រភព​នៃការ​ធាត់។ តាមការ​សន្និដ្ឋាន​របស់​វេជ្ជសាស្ដ្រ​បាន​បញ្ជាក់​ថា កាល​ដែល​ធ្វើឱ្យ​បុរស និង​ស្ដ្រី​ដុះ​ក្បាលពោះ​នោះអាច​មាន​កត្ដា​ពីរយ៉ាង គឺ​បណ្ដាល​មកពីឡើង​នូវ​ទម្ងន់ និង​បណ្ដាល​មកពី​មាន​រោគធាត់ ទើប​ធ្វើឱ្យ​ខ្លាញ់​ក្បាលពោះ​របស់​លោកអ្នក​ធំធាត់ ដែលគេ​ហៅថា ដុះ​ក្បាលពោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជូន​ជ្រាប​ឱ្យបាន​ដឹងច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​កិច្ចសម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊ុន វុទ្ធី អ្នកផ្ដល់​សេវា​ជម្ងឺ​ទូទៅ និង​សុខភាព​បុរស​នៃ​សមាគម​សុខភាព​កម្ពុជា​ហៅកាត់​ថារ៉ាក់ ភ្នំពេញ​ទី១ ដើម្បី​ជម្រាប​អំពី​ផល​ប៉ះពាល់​ចំពោះ​អ្នកដុះ​ក្បាលពោះ ដែលអាច​ប្រឈម​មុខនឹង​ជម្ងឺ ឬ​បញ្ហា​ផ្សេង​ចំពោះ​សុខភាព​ដូចតទៅ។

ដុះ​ក្បាលពោះ?

ដុះ​ក្បាលពោះ​គឺជា​អាការ​មួយ​បង្ហាញ​ថា លោកអ្នក​មានពោះ​ធំប្លែក​ខុសពី​ពោះ​ធម្មតា តាម​រយៈការ​ឡើង​ទម្ងន់ ឬមាន​ជម្ងឺ​ធាត់​ជាដើម។ អាការ​ដុះ​ក្បាលពោះ​នេះ​មិនមែន​កើតឡើង​ដោយសារ​ជម្ងឺ​នោះទេ គឺ​កើតឡើង​ដោយសារ​សារជាតិ​អាហារ ដែល​លោកអ្នក​មួយចំនួន​ទទួល​ទាន​ពោរពេញ​ទៅដោយ​កាឡូរី​ខ្ពស់។ ជាពិសេស​បុរសៗ​ភាគច្រើន​ដុះ​ក្បាលពោះ ដោយសារ​ការ​ទទួលទាន​សារជាតិ​អាកុល​ច្រើន ដូចជា​ស្រាបៀរ​ជាដើម។

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​លោកអ្នក​ដុះ​ក្បាលពោះ

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​អាការ​ដុះ​ក្បាលពោះ​នេះ គឺមាន​ច្រើនយ៉ាង​ខុសៗ​គ្នា មិនមែន​កើតឡើង​ដោយសារ​តំណ​ពូជ​នោះឡើយ។ បញ្ហា​ដំបូង​នោះ លោកអ្នក​មួយចំនួន​ទម្លាប់​ទទួលទាន​ច្រើន។ ក្មេង​ដែលមាន​អាយុ​ស្ថិតក្រោម​១០ឆ្នាំ​មួយចំនួន មាន​អាការ​ធាត់​ខ្លាំង ដែល​ទម្ងន់​របស់គាត់​មិន​សក្ដិសម​ទៅនឹង​អាយុ​នោះ ក៏បាន​បង្ហាញ​ឱ្យឃើញ​ថា ក្មេងនោះ​ចូលចិត្ដញ៉ាំ​ច្រើន ជាពិសេស​អាហារ​ដែលមាន​ជាតិខ្លាញ់ ដូចជា​ទទួលទាន​ហេមប៊ឺហ្គ៊ឺ ឬ​ភ្លៅមាន់​អាំង​ជាដើម។ ការ​ទទួលទាន​បែបនេះ​បាន​ជំរុញ​ឱ្យក្មេង​ឡើង​គីឡូ​ដោយ​មិនដឹង​ខ្លួន។ លោកអ្នក​មួយចំនួន​ទម្លាប់​ញ៉ាំ​អាហារ​បន្ថែម ឬ​មិនទុក​ឱ្យមាត់​ទំនេរ​ឡើយ ចេះតែ​រកអាហារ​នេះ អាហារនោះ​ដើម្បី​កំដរ​មាត់ បញ្ហានេះ​ក៏​បណ្ដាល​ឱ្យ​លោកអ្នក​ធាត់​ផងដែរ ជាពិសេស​ចំពោះ​ស្ដ្រី។ លោកអ្នក​មួយចំនួន​មិនបាន​ធ្វើការ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ និង​ត្រឹមត្រូវ​ក៏អាច​ជំរុញ​ឱ្យគាត់​ឡើង​គីឡូ​រហូត​ឈានដល់​មានអាការ​ដុះ​ក្បាលពោះ​ទៀតផង។ ដោយឡែក​លោកអ្នក​មួយចំនួន​មិនសូវ​ហូបច្រើន​នោះទេ​តែអាច​ធាត់​បានដែរ ដោយ​សារតែ​អាហារ​បំប៉ន​មួយចំនួន​ដែល​ទទួលទាន​ចូលនោះ​មាន​សារជាតិ​ខ្លាញ់ ជាតិ​អាកុល និង​គ្រឿង​ស្រវឹង​ច្រើន។ ព្រោះ​ជាតិអាកុល​គឺជា​ប្រភព​នូវ​កាឡូរី​ខ្ពស់ដោយ​ពុំបាន​ធ្វើ​សកម្មភាព ការងារ​ផ្សេងៗ ដើម្បី​បន្សាប​ជាតិពុល​ក៏អាច​ឡើង​គីឡូ​បានដែរ។

រោគសញ្ញា​អាចដឹង​ថាមាន​ដុះ​ក្បាលពោះ

លោកអ្នក​មួយចំនួន​ហាក់​មិនបាន​ចាប់អារម្មណ៍​ថា​ខ្លួនឯង​ឡើងទម្ងន់​រហូត​ដល់មាន​ដុះ​ក្បាលពោះ​នោះទេ ភាគច្រើន​ដឹងតាម​ការថ្លឹង​ទម្ងន់ មាន​អាការ​ហត់ មិនអាច​ទ្រាំនឹង​កម្ដៅថ្ងៃ​បាន ឬ​ត្រូវកម្ដៅ​ថ្ងៃក៏​ហត់ មានអារម្មណ៍​លំបាក​ក្នុងខ្លួន​ជាដើម។ ជួនពេល​មានវិបត្ដិ​តាម​ប្រព័ន្ធ​រំលាយ​អាហារ ចូលចិត្ដ​ដេកច្រើន បែកញើស​ច្រើន ចំពោះ​ស្ដ្រី​វិញ​លេចនោម​មិន​ដឹងខ្លួន ឈឺ​សន្លាក់​ដៃជើង​គ្រប់​ពេលវេលា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​កាត់បន្ថយ​ការដុះ​ក្បាលពោះ

ដើម្បី​ធ្វើការ​ព្យាបាល​អាការ​ដុះ​ក្បាលពោះ​នេះ ត្រូវធ្វើ​ការ​កាត់បន្ថយ​ដូចតទៅ ៖

1 . ត្រូវ​បន្ថយ​ទម្ងន់​ឱ្យបាន មិនត្រូវ​ទទួលទាន​អាហារ​ផ្ដេសផ្ដាស ព្រោះជាតិ​អាហារ​មួយចំនួន​ធំគឺជា​អាហារ​ដែលមាន​ជាតិកាឡូរី។ ត្រូវ​ទទួលទាន​អាហារ​ឱ្យបាន​ទៀងទាត់ ក្នុងមួយ​ថ្ងៃ​ត្រឹមតែ​៥០០កាឡូរី វា​គ្រប់គ្រាន់​សម្រាប់​ទៅចិញ្ចឹម​សារពាង្គកាយ លោកអ្នក​បាន​ហើយ។ ត្រឹម​៥០០កាឡូរី​នេះអាច​កាត់បន្ថយ​ទម្ងន់​លោកអ្នក​រហូតដល់​កន្លះ​គីឡូ​ក្នុងមួយ​សប្ដាហ៍ ហើយ​មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទៀតផង។

2 . មិនត្រូវ​កាត់​បន្ថយ​ទម្ងន់​ដោយ​ប្រើជាតិ​តែ ឬ​កាហ្វេ​ឡើយ ព្រោះ​វាអាច​ផ្ដល់ផល​ប៉ះពាល់ដល់​សុខភាព ធ្វើឱ្យ​មានអាការ​ថប់ដង្ហើម ដោយ​សារតែ​កាឡូរី​នៅក្នុង​ឈាម​ប្រែប្រួល ហើយ​បាត់លំនឹង​ដោយសារ​ជាតិ​កាហ្វេ និង​តែ។ លោកអ្នក​ដែល​ជ្រើសរើស​យកជាតិ​តែ ឬ​កាហ្វេ ធ្វើការ​ស្រក​ទម្ងន់​នេះ មិនផ្ដល់​ឱ្យ​លោកអ្នក​ទទួលបាន​សុខភាព​ល្អ​នោះឡើយ។ ម្យ៉ាងទៀត​ប្រសិនបើ​ឈប់​ទទួលទាន​ជាតិ​កាហ្វេ​នេះ លោកអ្នក​អាចឡើង​ទម្ងន់​លើស​ដើម​ផងដែរ។

ផលប៉ះពាល់​ដែល​បណ្ដាល​មកពី​ដុះ​ក្បាលពោះ

បន្ទាប់​ពីមាន​អាការ​ធាត់ដុះ​ក្បាលពោះ​ហើយ លោកអ្នក​អាច​ប្រឈមមុខ​ទៅនឹង​ជម្ងឺ​ជាច្រើន​ដូចជា ៖

  • ជម្ងឺលើស​ជាតិខ្លាញ់​អាចបង្ក​ឱ្យមាន​ការស្ទះ​សរសៃឈាម ពេលនោះ​សរីរៈ​មួយចំនួន​ត្រូវបាន​កាត់ផ្ដាច់ ដូចជា​ខួរក្បាល បេះដូង​ជាដើម។
  • លោកអ្នក​អាច​ប្រឈមមុខ​នឹងជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២ មានន័យ​ថាជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទទី២​នេះ​កើតឡើង ពីមនុស្ស​ធាត់​តែម្ដង។
  • អាចបង្ក​ឱ្យ​លោកអ្នក​ឡើង​ជាតិ​អាស៊ីត ហើយ​ជាតិអាស៊ីត​នេះអាច​ធ្វើឱ្យ​លោកអ្នក​ឈឺតាម​សន្លាក់ ជាពិសេស​សន្លាក់ មេជើង​បង្កឱ្យ​មានក្រួស​ក្នុង​តម្រង​នោម ជាពិសេស​ជម្ងឺ​លើសឈាម​តែម្ដង។ បន្ទាប់មក​អាច​ឈឺចាប់​ដល់សន្លាក់​ឆ្អឹង ដោយ​សារតែ​ទម្ងន់​ធ្ងន់ពេក។ លើសពី​នេះអាច​បង្កឱ្យ​លោកអ្នក​មានជម្ងឺ​រីកសរសៃ​ឈាម​ស៊ីអូដឺ ឬមាន​លក្ខណៈ​ហើម​ជើង​ជាដើម។

វិធី​ការពារ​ការដុះ​ក្បាលពោះ

ដើម្បី​ការពារ​កុំឱ្យ​លោកអ្នក​ដុះ​ក្បាលពោះ​នោះ ត្រូវកាត់​បន្ថយការ​ទទួលទាន​អាហារ និង​ទទួលទាន​ឱ្យបាន​ទៀង​ពេលវេលា​ទៅតាម​កាល​កំណត់។ សូម​ជ្រើសរើស​របបអាហារ​ឱ្យបាន​ត្រឹមត្រូវ និង​សក្ដិសម​ដើម្បី​ធ្វើការ​ទទួលទាន​តាមវ័យ និង​ពេលវេលា។ មិនត្រូវ​ទទួលទាន​អាហារ​កំដរ​មាត់ ឬ​អាហារ​សម្រន់​ណាដែល​មានជាតិ​ខ្លាញ់ និងស្ករ​ច្រើនពេក​ទេ។ សូម​កាត់បន្ថយ​ការ​ទទួលទាន គ្រឿង​ស្រវឹង។ មិនត្រូវ​ទទួលទាន​ឱសថ​ប្រភេទ​មួយចំនួន​ដែល​ទទួលទាន​បាយ​បាន សម្រាន្ដ​លក់ឡើយ ព្រោះ​វាអាច​បង្ក​លក្ខណៈ ឱ្យ​លោកអ្នក​ឡើង​ទម្ងន់ ហើយ​អាច​ឈានដល់​មាន​ជម្ងឺធាត់ និង​ហើម​ផងដែរ។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​បញ្ចៀស​អាការ​ដុះ​ក្បាលពោះ និង​គេចវេស​ពីជម្ងឺ​លើស​ឈាម ជម្ងឺ​ខ្លាញ់​ក្នុងសរសៃ​ឈាម និង​ជម្ងឺ​ទឹកនោម​ផ្អែម លោកអ្នក​ត្រូវតែ​ធ្វើការ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ និង​កាត់បន្ថយ​ការ​ទទួលទាន​ច្រើន ជាពិសេស​ជាតិ​ស្រវឹង ព្រោះ​សារជាតិ​ទាំងនេះ អាច​ជំរុញ​ឱ្យលោកអ្នក​ដុះ​ក្បាលពោះ។ ដោយ​ហេតុថា​នៅពេល​ដែល​លោកអ្នក​ទទួលទាន​គ្រឿង​ស្រវឹង​ចូល​ធ្វើឱ្យ​ការ​ទទួលទាន​អាហារ​កាន់តែ​ច្រើន ហើយ​បង្ក​លក្ខណៈ​ឱ្យមាន​ការឡើង​គីឡូ​រហូតដល់​ធ្វើឱ្យ​លោកអ្នក​ដុះ​ក្បាលពោះ​តែម្ដង។ ដូច្នេះ​បើកាត់​បន្ថយ​ទាំងការ​ទទួលទាន​អាហារ និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង នោះ​សុខភាព​នឹង​រឹងប៉ឹង​មាំមួន​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative