ជម្ងឺ​រលាក​ស្បូន

ការ​ឈឺ​ចុកចាប់​នៅខាង​លើថ្ងាស​នៃប្រដាប់​បន្ដពូជ​ក៏អាច​ជារោគ​សញ្ញា​ដែល​បញ្ជាក់ថា​អាចកើត​មានជម្ងឺ​រលាក​ស្បូន។ ជម្ងឺ​រលាកស្បូន​តែងតែ​កើតលើ​ស្ដ្រី​ដែលគ្មាន​ការ​អនាម័យ​ចំពោះ​ប្រដាប់​បន្ដពូជ។ ស្ដ្រី​មានជម្ងឺ​រលាកស្បូន​មានការ​ព្រួយបារម្ភ​ជាខ្លាំង ព្រោះ​ជម្ងឺ​រលាកស្បូន​ងាយនឹង​មាន​គ្រោះថ្នាក់​បំផុត បើមិន​បាន​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុប្រធាន​នៅមន្ទីរ​ពេទ្យមិត្ដភាពខ្មែរ-សូវៀត បានធ្វើ​ការ​បកស្រាយ​បំភ្លឺ​ជូន​ប្រិយមិត្ដ​អាន ដើម្បី​ឱ្យស្ដ្រី​គ្រប់រូប​បានយល់ និង​ជ្រាប​កានតែ​ច្បាស់​អំពី​ជម្ងឺ​រលាកស្បូន។

អ្វីទៅជា​ជម្ងឺ​រលាកស្បូន?

អ្នកជ​ម្ងឺអាច​សម្គាល់​ការ​រលាកស្បូន​ដោយ​ខ្លួនឯង​បាន ដូចជា​មាន​អាការ​ក្ដៅខ្លួន ឈឺចាប់​នៅខាង​លើថ្ងាស​នៃ​ប្រដាប់​ភេទ មាន​ធ្លាក់ស​ខ្លាំង មានក្លិន​មិនល្អ​ជាដើម។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​រលាកស្បូន

ជម្ងឺ​រលាកស្បូន​អាច​បណ្ដាល​មកពី​មូលហេតុ​ច្រើនយ៉ាង​ខុសៗ​ពីគ្នា ដូចជា ៖

  • ជម្ងឺ​រលាកស្បូន​អាច​បណ្ដាល​មកពី​មានការ​រលាក​នៅក្នុង​ពោះ ដែល​នៅជាប់​នឹងស្បូន​ដែលធ្វើ​ឱ្យ​ឈឺចាប់​នៅក្នុង​ពោះ ហើយ​ក៏មាន​ការ​រីករាលដាល​ទៅដល់​ស្បូន ជាហេតុ​ធ្វើឱ្យមាន​ជម្ងឺ​រលាកស្បូន។
  • ជម្ងឺ​រលាកស្បូន​ក៏អាច​បណ្ដាល​មកពី​ស្ដ្រី​ដែលមាន​ជម្ងឺ​រ៉ាំរ៉ៃ​នៅ​ប្រដាប់​បន្ដពូជ មិនបាន​ព្យាបាល​ចេះតែ​បណ្ដោយ​យូរៗ​ទៅ ក៏អាច​បណ្ដាល​ឱ្យមាន​ជម្ងឺ​រលាកស្បូន។
  • ការគ្មាន​អនាម័យ​ចំពោះ​ប្រដាប់​បន្ដពូជ ឬ​ព្យាបាល​មិនបាន​ល្អ ដូចជា​នៅពេល​ដែល​រម្លូត​កូនចេញ ជាហេតុ​ធ្វើឱ្យ​មេរោគ​រីកសាយ​ចូល​ទៅខាង​ក្នុង​ទៅដល់​ស្បូន។ ទាំងនេះ​ក៏ជា​ចំណែក​មួយដ៏​សំខាន់​ដែលអាច​បណ្ដាល​ឱ្យកើត​មានជម្ងឺ​រលាកស្បូន​បាន​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

រោគ​សញ្ញា​ជម្ងឺ​រលាក​ស្បូន

អ្នកជម្ងឺ​រលាក​ស្បូន​អាចស្គាល់​ខ្លួនឯង​បាន​ពីអាការ​ខុសប្លែកៗ​ពីគ្នា ដូចជា​មាន​អាការ​ក្ដៅខ្លួន​ខុសប្លែក​ពីធម្មតា មានការ​ឈឺចាប់​ជាខ្លាំង​នៅខាង​លើថ្ងាស​នៃប្រដាប់ភេទ ធ្លាក់ស​ខ្លាំង​ហើយ​មានក្លិន​មិនល្អ ជាពិសេស​នៅពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​អ្នកជម្ងឺ តែងតែ​មានការ​ឈឺចាប់​បើមាន​ការ​ពិនិត្យ​ដោយ​លូកចូល​ទៅក្នុង​ស្បូន។

វិធី​ព្យាបាល​ជម្ងឺ​រលាក​ស្បូន

អ្នកជម្ងឺ​រលាក​ស្បូន​គឺត្រូវតែ​ធ្វើការ​ព្យាបាល​ទៅតាម​អាការ​នៃជម្ងឺ។ នៅពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​ឃើញថា អ្នកជម្ងឺ​មាន​រលាកស្បូន​ពិតប្រាកដ ត្រូវតែ​ធ្វើការ​ណែនាំ​ពីវិធី​អនាម័យ​ចំពោះ​ប្រដាប់ភេទ​ក៏ដូចជា​ការ​ប្រើប្រាស់​ថ្នាំផ្សះ ប្រើថ្នាំ​ការពារ​កុំឱ្យ​រលាក ឬក៏​ប្រើថ្នាំ​ការពារ​ជម្ងឺរលាកស្បូន ដើម្បី​កុំឱ្យ​មេរោគ​មានការ​សាយភាយ​ទៅកន្លែង​ផ្សេងទៀត​ជាដើម។ ចំពោះ​អ្នកជម្ងឺ​ដែលមាន​អាការ​ធ្ងន់ធ្ងរ ការ​ព្យាបាល​គឺមាន​រយៈពេល​យូរ​ទៅតាម​ស្ថានភាព​ជម្ងឺ​ផងដែរ។

ផលប៉ះពាល់​នៃជម្ងឺ​រលាកស្បូន

ជម្ងឺ​រលាក​ស្បូន​អាច​បណ្ដាល​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព ដូចជា​មានការ​ឈឺចាប់​នៅខាង​លើថ្ងាស​នៃប្រដាប់ភេទ​យ៉ាងខ្លាំង ហើយ​បើសិន​ជាអ្នក​ជម្ងឺ​មិនបាន​ធ្វើការ​ព្យាបាល​ឱ្យបាន​ទាន់​ពេលវេលា ឬក៏​មិនបាន​ធ្វើការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ អាច​បណ្ដាល​ឱ្យមេរោគ​រីកសាយ​ភាយនឹង​អាច​បណ្ដាល​ឱ្យមាន​ជម្ងឺ​រលាក​ដៃស្បូន ហើយ​ក៏អាច​បង្កឱ្យ​មាន​កម្ដៅ ឬក៏មាន​ខ្ទុះ​នៅក្នុង​ស្បូន។ អ្វីដែល​ជាបញ្ហា​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​អ្នកជម្ងឺ​នោះ គឺ​អាច​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​បាត់បង់​សមត្ថភាព​បន្ដពូជ ឬក៏អាច​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ថែមទៀតផង។

វិធី​ការពារ​ដើម្បី​កុំឱ្យ​មានជម្ងឺ​រលាកស្បូន

ជម្ងឺ​រលាក​ស្បូន​បណ្ដាល​មកពី​ការគ្មាន​អនាម័យ​ចំពោះ​ប្រដាប់ភេទ។ ដូចនេះ​ដើម្បី​កុំឱ្យ​កើតមាន​ជម្ងឺ​រលាកស្បូន ស្ដ្រី​គ្រប់រូប​គួរតែ​មានអនាម័យ​ជានិច្ច​ចំពោះ​ប្រដាប់​បន្ដពូជ។ ជាពិសេស​នៅពេល​ដែលស្ដ្រី​កើតមាន​ជម្ងឺផ្សេងៗ​នៅលើ​ប្រដាប់ភេទ ស្ដ្រី​គ្រប់រូប​គួរតែ​ទៅពិភាក្សាជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ឱ្យគ្រូពេទ្យ​ធ្វើការ​ព្យាបាល។ នេះជា​វិធី​ការពារ​កុំឱ្យ​មេរោគ​រីកសាយភាយ ដែល​បណ្ដាលឱ្យ​កើតមាន​ជម្ងឺ​រលាកស្បូន​នេះ។ ស្ដ្រី​ដែល​សង្ស័យ​ថាអាច​កើតមាន​ជម្ងឺ​រលាកស្បូន គួរតែ​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ ដើម្បី​ឱ្យគ្រូពេទ្យ​ពិនិត្យ និង​រកវិធី​ការពារ រួមទាំង​វិធី​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា ចៀសវាង​ឈានដល់​ដំណាក់​ធ្ងន់ធ្ងរ។

ដំបូន្មាន​អ្នក​ជំនាញ

បើសិនជា​ស្ដ្រី​មានការ​សង្ស័យថា​កើតមាន​ជម្ងឺ​រលាកស្បូន សូម​លោកស្រី​អ្នកនាង​កញ្ញា​គួរ​ប្រញាប់​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា ចៀសវាង​មេរោគ​មានការ​រីករាល​ដាល​ទៅកន្លែង​ផ្សេង ដែល​ជាហេតុ​ធ្វើឱ្យ​មាន​គ្រោះថ្នាក់ដល់​អាយុជីវិត។ អ្វីដែល​ល្អ​គឺត្រូវ​មកជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​កុំឱ្យ​កើតមាន​បញ្ហា​ចំពោះ​សុខភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative