ខ្ទុះ​ក្នុងសួត​កុមារ

ការឈឺ​ចុកចាប់​នៅ​ដើមទ្រូង​អាចជា​រោគសញ្ញា​មួយ​បញ្ជាក់​ថា កូន​របស់​លោកអ្នក​អាច​កើតមាន​ជម្ងឺ​ខ្ទុះក្នុង​សួត។ ខ្ទុះ​ក្នុងសួតអាចចាត់​ទុកថា​ជាជម្ងឺ​មួយដ៏​សាហាវ ដែលអាច​ឆក់យក​អាយុ​ជីវិត​កុមារ​បាន​គ្រប់ពេល​វេលា ជាពិសេស​សម្រាប់​ឪពុកម្ដាយ ដែល​មិនបាន​យកចិត្ដ​ទុកដាក់នៅក្នុង​ការ​ថែរក្សា​កូន និង​មិនមាន​អនាម័យ​ឱ្យបាន​ដិតដល់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត នី ចន្ទី ប្រធាន​ផ្នែក​ជម្ងឺ​សួត​នៃមន្ទីរពេទ្យ​ព្រះកុសុមៈ ដើម្បី​ពន្យល់​អំពី​ជម្ងឺខ្ទុះ​ក្នុងសួត​កុមារ។

ជម្ងឺ​ខ្ទុះ​ក្នុងសួត​កុមារ?

ខ្ទុះ​ក្នុងសួត​កុមារ​គឺជា​ការ​រលាក​ឬរលួយ​នៃសួត​កុមារ ដោយ​សារតែ​មាន​ដំបៅ​ទើបបង្ក​ឱ្យមាន​ខ្ទុះ​កើតឡើង។ ហើយ​ខ្ទុះនេះ អាចមាន​នៅក្នុង​សួត​ឬក៏​ខ្ទុះ​នៅក្រោម​សួត។

រោគ​សញ្ញា​ជម្ងឺខ្ទុះ​ក្នុងសួត

ជម្ងឺ​ខ្ទុះក្នុង​សួត​កុមារ​នេះជានិ​ច្ច​ជាកាល​បាន​បញ្ចេញ​អាការ​មក​ខាងក្រៅ ដូចជា​ក្ដៅខ្លួន ឈឺ​ដើមទ្រូង ឬ​ក្អក។ បើសិនជា​ជម្ងឺ​ធ្ងន់ធ្ងរ នៅពេល​ក្អក​អាចមាន​ខ្ទុះឬ​ក៏ឈាម​ហូរចេញ​មកតាម​ស្លេស្ម បើសិនជា​ជម្ងឺ​នេះកើត​នៅជិត​ទងសួត​ឬក្នុង​សួត។ បើ​ជម្ងឺនេះ​កើត​នៅក្រោម​សួត​ឬ​នៅឆ្ងាយ​ពីសួត ក្អក​មិនមាន​ខ្ទុះទេ តែមាន​ការ​ឈឹចាប់​នៅត្រង់​កន្លែង​ដែលកើត​តែ​ប៉ុណ្ណោះ។

ការធ្វើ​រោគ​វិនិច្ឆ័យ

ជម្ងឺ​ខ្ទុះក្នុង​សួតកុមារ​មិនអាច​ធ្វើការ​វិនិច្ឆ័យ​តែពី​សម្បក​ខាងក្រៅ​បាន​នោះទេ ត្រូវពឹង​ទៅលើការ​ពិនិត្យ​ដោយ​ឧបករណ៍ វិទ្យាសាស្ដ្រ​របស់​គ្រូពេទ្យ​ព្យាបាល ទើបអាច​ធ្វើការ​វិនិច្ឆ័យ​បាន។ មួយទៀត​គឺអាច​ធ្វើការ​ពិនិត្យ​ឈាម ឬក៏​ថត​រកមើល​មេរោគ​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មូលហេតុ​បង្កជម្ងឺ​ខ្ទុះ​ក្នុងសួត​កុមារ

ខ្ទុះ​ក្នុងសួត​កុមារ​កើតឡើង​ដោយសារ​ការក​ឡើង​នៃមេរោគ​ផ្សេងៗ ឬក៏​បានលេប​ចូលនូវ​គ្រាប់ធញ្ញជាតិ​ណាមួយ ឬ​ក៏សារជាតិ​អ្វីផ្សេងៗ​ចូលទៅជា​ហេតុធ្វើ​ឱ្យស្ទះ​ផ្នែក​ណាមួយ​នៃសួត ដែលអាច​ធ្វើឱ្យ​ដំបៅ​រលួយ​ហើយ​បង្ក​ទៅជា​ខ្ទុះតែម្ដង។

ផលវិបាក​នៃជម្ងឺ​ខ្ទុះក្នុង​សួត​កុមារ

ជាទូទៅ​ជម្ងឺនេះ​បើសិនជា​មិនបាន​ធ្វើការ​ព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​ទេនោះ អាច​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​មាន​គ្រោះថ្នាក់ ដល់​អាយុ​ជីវិត ឬអាច​ធ្វើឱ្យ​លោកអ្នក​ខាតបង់​នូវពេល​វេលា រួមទាំង​ថវិកា​នៅក្នុង​ការ​ព្យាបាល។ ល្អបំផុត​លោកអ្នក​ត្រូវ​ប្រញាប់ មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំនាញ ឬមក​ព្យាបាល​ឱ្យបាន​ទាន់​ពេលវេលា​បើសិនជា​មានការ​សង្ស័យ​ថាកូន​របស់​លោកអ្នក​កើតមាន​ជម្ងឺ​នេះ។

វិធី​ព្យាបាល​ជម្ងឺខ្ទុះ​ក្នុងសួត​កុមារ

ជម្ងឺខ្ទុះ​ក្នុងសួត​កុមារ​គឺត្រូវ​ព្យាបាល​ទៅតាម​មូលហេតុ​របស់​ជម្ងឺ បើសិនជា​ជម្ងឺ​កើតដោយ​សារមេរោគ​គឺត្រូវ​ព្យាបាល​ដោយថ្នាំ​សម្លាប់​មេរោគ​ឬការ​ប្រើប្រាស់​ថ្នាំផ្សះ និង​ចោះវះ​បើក​សួត ឬក៏​ចោះបង្ហូរ​ខ្ទុះ​ចេញ។ តែបើសិន​ជាជម្ងឺ​នេះ​កើតឡើង​ដោយ​គ្រាប់ធញ្ញជាតិ​អ្វីមួយ ត្រូវ​ចោះបំពង់​តាម​បំពង់​ខ្យល់ ដើម្បី​ចាប់យក​គ្រាប់​ចេញ​ដោយ​វិធីសាស្ដ្រ​របស់​គ្រូពេទ្យ។

វិធី​ការពារ​ដើម្បី​កុំឱ្យ​កើតមាន​ជម្ងឺខ្ទុះ​ក្នុងសួត​កុមារ

ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជម្ងឺ​ទាំងនេះ ឪពុកម្ដាយ​ត្រូវតែ​មាន​អនាម័យ​ចំពោះ​ខ្លួនប្រាណ​របស់កូន​ជានិច្ច។ ចៀសវាង​ឱ្យកូន​លោកអ្នក​ទទួលទាន​អាហារ​ដែល​មិនមាន​អនាម័យ ឬ​ក៏បណ្ដោយ​ឱ្យកូន​របស់​លោកអ្នក​ទៅលេង​កន្លែង​ដែល​សម្បូរ​ទៅដោយ​មេរោគ​នោះទេ ជាពិសេស​មិនត្រូវ​ឱ្យកូន​ទៅជិត​អ្នកជម្ងឺ​របេង​ឡើយ ព្រោះជម្ងឺ​របេង​ក៏អាច​បណ្ដាល​ឱ្យមាន​ជម្ងឺ​ខ្ទុះក្នុង​សួត​បានដែរ។ បើសិនជា​ចៀស​មិនបាន ត្រូវ​ពាក់ម៉ាស​ការពារ​កុំឱ្យ​មេរោគ​ចូល​ទៅផ្លូវ​ដង្ហើម។ មិនត្រូវ​ឱ្យក្មេង​បៀមគ្រាប់​អ្វីមួយ​ផ្ដេសផ្ដាស​ឡើយ ព្រោះ​អាចលេប​ចូលទៅ ហើយ​អាចបង្ក​ឱ្យមាន​ជម្ងឺ​ប្រកប​ដោយ​គ្រោះថ្នាក់។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​ជាឪពុកម្ដាយ​ត្រូវតែ​យកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​កូនឱ្យ​បានល្អ ហើយ​ត្រូវមាន​អនាម័យ​ជានិច្ច ទាំងការ​ទទួលទាន ការ​ស្លៀកពាក់ ការ​សម្អាត​ខ្លួនប្រាណ​ជាដើម។ ជាពិសេស​បើ​លោកអ្នក​មានការ​សង្ស័យ​ថាកូន​របស់​លោកអ្នក​កើតមាន​ជម្ងឺ​អ្វីផ្សេងៗ ជាពិសេស​ជម្ងឺខ្ទុះ​ក្នុងសួត​នេះ ត្រូវ​ប្រញាប់​មក​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ មិនត្រូវ​បណ្ដោយ​ឱ្យមាន​អាការ​ធ្ងន់ធ្ងរ​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative