សុខ រក្សា លំបាក​មុន ស្រណុក​ក្រោយ

កំពូល​តារា​ចម្រៀង​មួយរូប​នៅក្នុង​ចំណោម​កំពូល​តារា​ចម្រៀង​ដែលល្បី​ប្រចាំ​ប្រទេស​កម្ពុជាយើងនោះ​គឺលោក សុខ រក្សា បាន​ប្រឡូក​ចូល​នៅក្នុង​វិស័យ​សិល្បៈ​ជាង១១ឆ្នាំ​មកហើយ។ ទឹកដម​សម្លេង​ពីរោះ​ដែល​ភាគច្រើន​សុទ្ធតែ​ជាបទ​ដែល​បង្កប់​នូវ​មនោសញ្ចេតនា​យ៉ាង​ពីរោះរណ្ដំ​រូបនេះ​ត្រូវបាន​ទទួល​ស្គាល់ និង​មានការ​គាំទ្រ​យ៉ាងច្រើន​ពីសំណាក់​មហាជន​ទាំង​នៅក្នុង​ស្រុក​ក៏ដូចជា​ក្រៅស្រុក​ផងដែរ។ សព្វថ្ងៃ​នេះ រក្សា​មានការ​មមាញឹក​យ៉ាង​ច្រើន ទាំង​ការងារ​រកស៊ី​ផ្នែក​ទីផ្សារ​ខាងក្រៅ និង​ការងារ​សិល្បៈ ខាងផ្នែក​និពន្ធ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក សុខ រក្សា បាន​ចូលខ្លួន​មក​បកស្រាយ​ពីការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​លោកផ្ទាល់​ជូនដល់​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់ ពិសេស​ប្រិយមិត្ដ​ដែលមាន​ការ​គាំទ្រ​ចំពោះ​រូបលោក​ទទួល​ជ្រាប​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុន​ឈានជើង​ចូល​សិល្បៈ

មុននឹង​ឈានចូល​ជាអ្នក​សិល្បៈ លោក សុខ រក្សា ធ្លាប់​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​រាប់មិនអស់។ រក្សា​បាន​បញ្ឈប់​ការសិក្សា តាំងពី​ឆ្នាំ១៩៩៨​ត្រឹមថ្នាក់​ទី៩មក​ម្ល៉េះ ដោយ​សារតែ​ជីវភាព​គ្រួសារ។ រក្សា​ស្រឡាញ់​វិស័យ​សិល្បៈ​ខ្លាំងណាស់ ដូចនេះ​លោក​ក៏បាន​សម្រេច​ចិត្ដរៀន​ភ្លេងហ្គីតា​តែម្ដង។ ក្រៅពី​រៀន​លេង​ភ្លេងហ្គីតា រក្សា​ឆ្លៀតពេល​ទៅ​រកស៊ី​លក់ដូរ​ដោយ​មិនប្រកាន់​មុខរបរ​ឡើយ ឱ្យ​តែជា​មុខរបរ​ត្រឹមត្រូវ ដើម្បី​ជួយ​ផ្គត់ផ្គង់​គ្រួសារ​របស់​លោក។ នៅក្នុង​វ័យ​១៨ឈាន​ចូល១៩​ឆ្នាំ លោកបាន​ទៅលេង​ភ្លេង​នៅក្លឹប បុប្ផាទិព្វ​ក្នុង​ខេត្ដបាត់ដំបង។ រក្សា​ធ្វើការ​បានប៉ុន្មាន​ឆ្នាំ​ក្រោយមក ក៏ត្រូវ​បានម្ចាស់​ផលិតកម្ម​ខេមប្រូ​ទាក់ទង​លោក​ឱ្យចូល​ច្រៀង​នៅ​ផលិតកម្ម​ខេមប្រូ។ នៅក្នុង​ផលិតកម្ម​ខេមប្រូ រក្សា​ច្រៀង​ចម្រៀង​បាន​ចំនួន​១០បទ ចំពោះបទ​ដែលល្បី​ជាងគេ​នោះគឺ យូរ​ប៉ុណ្ណា​ក៏ចាំ សែនឆ្ងល់​ចិត្ដស្រី អ្នកម្ដាយ និង​បទមន្ដ​គ្រូមក​ប្រាប់ក៏មិន​ជឿ។ ក្រោយមក​លោក​ក៏បាន​ចាកចេញ​ពី​ផលិតកម្ម​ខេមប្រូ ដោយ​សារតែ​ម្ចាស់​ផលិតកម្ម​ដូរមក​ថតជា​ខ្សែភាពយន្ដ​វិញ។ រក្សា​ត្រូវបាន​ម្ចាស់​ផលិតកម្ម​រស្មីហង្សមាស​ទាក់ទង​ឱ្យចូល​ច្រៀង ដោយ​មានការ​ធ្វើតេស្ដ​សម្លេង​ផងដែរ។ ចំពោះ​បទ​ចម្រៀង​ដែល​ធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​បំផុត​នោះគឺ បទ​ក្រោយពេល​បានយំ ​សិស្សក្រៅ​សាលា និងបទ​សំបុត្រ​ស្នេហ៍ក្នុងកន្ដ្រកកង់​ជាដើម។

ការ​ថែរក្សា​សម្រស់

សព្វថ្ងៃ​តារា​ចម្រៀង សុខ រក្សា កំពុង​តែមាន​ការ​មមាញឹក​នឹង​ការងារ​ជាច្រើន​ទាំងការ​និពន្ធ​បទភ្លេង និង​បទចម្រៀង​ផងដែរ ប៉ុន្ដែ​ទោះបី​ជាមានការ​មមាញឹក​យ៉ាងណា​ក៏ដោយ រក្សា​មិនភ្លេច​ពីការ​ថែទាំ​សុខភាព​របស់​ខ្លួន​នោះទេ។ ខាងក្រោម​ជាវិធី​នៃការ​ថែរក្សា​សម្រស់ និង​ការ​ថែទាំ​សុខភាព​របស់​តារា​ចម្រៀង សុខ រក្សា។

  • ការ​ថែរក្សា​សក់ ៖ សក់​គឺជា​ផ្នែកមួយ​ដ៏សំខាន់​សម្រាប់​រក្សា។ នៅក្នុង​មួយថ្ងៃ លោក​កក់សក់ពីរ​ដង និង​អប់សក់​ម្ដង​នៅក្នុង​មួយ​សប្ដាហ៍ ជាមួយ​នឹង​ផលិតផល​ដែលមាន​គុណភាព​ល្អ។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ចំពោះ​ការ​ថែទាំ​ស្បែកមុខ រាល់ពេល​ដែល​លោក​ត្រឡប់​មកពី​ធ្វើការ​វិញ​តែងតែ​សម្អាតមុខ​ឱ្យស្អាត​ដោយ​ហ្វូម​លាងមុខ ដើម្បី​កម្ចាត់​នូវ​ធូលីដី និង​ជាតិខ្លាញ់​ដែល​មាន​នៅលើ​ផ្ទៃមុខ។ ជារៀង​រាល់ពេល​ទំនេរ រក្សា​តែងតែ​បិទ​ម៉ាស ដើម្បី​ឱ្យមុខ​មាន​សភាព​ត្រជាក់ និង​មាន​សំណើម​នៅលើ​ផ្ទៃមុខ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ រក្សា​មិនមាន​ការ​ថែរក្សា​ស្បែក​ដងខ្លួន​អ្វីឱ្យ​ប្លែក​នោះទេ គឺគ្រាន់​តែសម្អាត​បាក់តេរី​នៅលើ​ដងខ្លួន​ឱ្យបាន​ស្អាត​ជាមួយ​សាប៊ូ និង​ស្បៃ​ដុសខ្លួន​ជារៀង​រាល់ពេល​ដែល​ងូតទឹក។ យ៉ាងណា​មិញ​លោក​ក៏ឧស្សាហ៍​ញ៉ាំទឹក​ឱ្យបាន​ច្រើនដែរ ព្រោះ​លោក​យល់ថា​អាចជួយ​បង្កើន​សំណើម​ទៅដល់​ស្បែក​របស់​លោក និង​ធ្វើឱ្យ​លោក​មាន​សុខភាព​ល្អផងដែរ។
  • ការ​ថែរក្សា​ភ្នែក ៖ រក្សា​មិនសូវ​ជាយក​ចិត្ដទុក​ដាក់​នៅក្នុង​ការ​ថែរក្សា​ភ្នែក​នោះទេ តែ​នៅពេល​ទំនេរ​រក្សា​តែងតែ​លាងភ្នែក​ដោយ​ទឹកម្លូ​ជានិច្ច។
  • ការ​ថែរក្សា​ធ្មេញ ៖ សុខភាព​មាត់ធ្មេញ​ជារឿង​ដ៏សំខាន់​សម្រាប់​លោក។ រៀងរាល់​រយៈពេល​៣ខែម្ដង រក្សា​តែងតែ​ទៅជួប​ជាមួយ​ទន្ដពេទ្យ ដើម្បី​ធ្វើការ​សម្អាត​ធ្មេញ។ លោក​ក៏មិន​បោះបង់ចោល​នូវទម្លាប់​ដ៏ល្អ​ដែរ គឺដុស​ធ្មេញ​ជាប្រចាំ​បីដង​ក្នុងមួយ​ថ្ងៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែទាំ​សុខភាព​រាងកាយ

ការ​ទទួលទាន​ដំណេក ៖ រក្សា​មិនសូវ​ជាទទួលទាន​ដំណេក​បាន​គ្រប់គ្រាន់​ប៉ុន្មាន​នោះទេ ដោយសារ​ការ​មមាញឹក​នឹង​ការងារ​ច្រើន។ តែបើ​សិនជា​មាន​ពេល​ទំនេរ លោក​ក៏ឆ្លៀត​ពេល​សម្រាក​ឱ្យបាន​ច្រើនដែរ។
ការ​ទទួលទាន​អាហារ ៖ លោក​បានយក​ចិត្ដទុក​ដាក់​ចំពោះ​ការ​ទទួលទាន​អាហារ​ជានិច្ច ជាពិសេស​គឺលោក​តែង​ទទួលទាន​បន្លែ​ច្រើន ដើម្បី​សុខភាព​រឹងមាំ និងមាន​ជីវជាតិ​បំប៉ន​ដល់​រាងកាយ។
លំហាត់​ប្រាណ ៖ ចំពោះ​ការ​ហាត់ប្រាណ រក្សា​តែងតែ​ធ្វើជា​ប្រចាំ​នៅពេល​ល្ងាច​នៅក្នុង​មួយថ្ងៃ​គឺកន្លះ​ម៉ោង។

បំណង​ទៅថ្ងៃ​អនាគត

ការងារ​ជាអ្នក​សិល្បៈ រក្សា​ស្រឡាញ់​ខ្លាំងណាស់ ទាំងការ​និពន្ធ​បទភ្លេង និង​បទចម្រៀង លោក​មិន​បោះចោល​ដោយ​ងាយៗ​នោះទេ។ សព្វថ្ងៃ​នេះ រក្សា​កំពុងតែ​សម្លឹង​រកអាជីព​សម្រាប់​ពេល​អនាគត​ផងដែរ តែ​មិនទាន់​ពិតប្រាកដ​នោះទេ ប៉ុន្ដែ​លោក​នឹង​ព្យាយាម​ឱ្យបាន​សម្រេច។

បណ្ដាំ​ផ្ញើ​របស់ សុខ រក្សា

សុខភាព​គឺជា​រឿង​កាន់តែ​សំខាន់​នៅពេល​ដែល​ការងារ​កាន់តែ​ជោគជ័យ ដូចនេះ​យើងម្នាក់ៗ​ចាំបាច់​ត្រូវតែ​គិតគូរ​ឱ្យបាន​ល្អ។ លោក​ចង់ផ្ដាំ​ផ្ញើ​ទៅដល់​ប្រិយមិត្ដ​ទាំងអស់​ថា ទោះបីជា​មាន​ការងារ​រវល់​យ៉ាងណា​ក្ដី សូម​កុំភ្លេច​ការ​ថែទាំ​សុខភាព​ឱ្យសោះ កុំឱ្យ​មានការ​ធ្វេសប្រហែស​ដែល​បណ្ដាល​ឱ្យមាន​បញ្ហា​ទៅថ្ងៃ​មុខ។ ការ​ចំណាយ​ពេលវេលា​ដើម្បី​ថែទាំ​សុខភាព​នឹង​ធ្វើឱ្យ​លោកអ្នក​មាន​សុខភាព​ល្អ​បរិបូរណ៍។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ សុខ រក្សា
  • អាយុ ៖ ២៨ឆ្នាំ
  • ថ្ងៃ.ខែ.ឆ្នាំកំណើត ៖ ១០. កក្កដា. ១៩៨២
  • ទីកន្លែង​កំណើត ៖ បាត់ដំបង
  • កម្ពស់ ៖ ១,៧០ម៉ែត្រ
  • ទម្ងន់ ៖ ៦២​គីឡូក្រាម
  • បងប្អូន ៖ ៦នាក់​(ប្រុស៥ ស្រី១ ជាកូន​ទី៤)
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ អ្នក​និពន្ធ​បទភ្លេង និង​តារា​ចម្រៀង
  • ស្ថានភាព​គ្រួសារ ៖ នៅ​លីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative