បបូរមាត់​ខ្មៅ ៖ មូលហេតុ និង​វិធី​កែលំអ

បបូរមាត់​ក៏ជា​ផ្នែកមួយ​សំខាន់​ណាស់​ដែរ សម្រាប់​មិត្ដនារី​ទាំងអស់។ យើង​តែងតែ​ជួប​ប្រទះនូវ​បញ្ហា​បបូរមាត់​ស្ងួតប្រេះ និង​មាន​បញ្ហា​មួយទៀត​គឺ​បបូរមាត់​ឡើង​ខ្មៅ ដែល​ជាហេតុធ្វើ​ឱ្យអ្នក​ពិបាក​នឹង​ប្រឈម​មុខនឹង​អ្នក​ដទៃ​ណាស់ នៅពេល​ដែល​និយាយ ទល់មុខ​នឹងគេ។ ប៉ុន្ដែ​ពេលនោះ លោកអ្នក​ទាំងអស់​មិន​ចាំបាច់​ពិបាក​ទៀតទេ លោកអ្នក​នឹងដឹង​អំពី​អាថ៌កំបាំង​ទាំងនេះ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី សិទ្ធិ ច័ន្ទហេង អ្នកជំនាញ​នៅសាលា​បង្រៀន​កែសម្ផស្ស​ថបស្ដៃយ៍​បានផ្ដល់​កិច្ចសម្ភាសន៍​យ៉ាង​ក្បោះក្បាយ ដើម្បី​ជាប្រយោជន៍​ទៅដល់​មិត្ដ​អ្នកអាន​ទាំងអស់​ក្នុងការ​ថែរក្សា​សម្ផស្ស​របស់ខ្លួន។

មូលហេតុ​នាំឱ្យ​បបូរមាត់​ខ្មៅ

ជាលិកា​ស្បែក​បបូរមាត់ ពុំមាន​ស្រទាប់​ក្រៅ​ដែលមាន​តួនាទី​ការពារ​ដូចស្បែក​ផ្នែកផ្សេងៗ​នៃរាងកាយ​ទេ ទើបធ្វើ​ឱ្យយើង មើលឃើញ​សរសៃ​ឈាម​បានច្បាស់ និង​ធ្វើឱ្យ​បបូរមាត់​មានពណ៌​ស៊ីជម្ពូ។ ក្រៅពីនេះ​បបូរមាត់​មិនមាន​រន្ធញើស ឬ​ក្រពេញ​ខ្លាញ់ឡើយ ទើប​ធ្វើឱ្យ​មាន​សភាព​ស្ងួត ឬប្រេះ​ដោយ​ងាយ និងគ្មាន​ជាតិពណ៌​ដើម្បី​ការពារ​ស្បែក​បបូរមាត់​ឡើយ ទើបត្រូវ​បំផ្លាញ​ដោយ​ពន្លឺថ្ងៃ ដែល​ធ្វើឱ្យ​បបូរមាត់​មាន​សភាព​ខ្មៅជាំ។ ស្នាមជ្រួញ​ស្ដើង​នៅលើ ឬ​នៅក្រោម​បបូរមាត់ បណ្ដាល​មកពី​បរិស្ថាន​ដែល​នៅជុំវិញ​ខ្លួន ដូចជា​ពន្លឺ​ការ​ជក់បារី ផ្សែងពុល ឬ​ទៅតាម​អាយុ​កាន់តែ​ច្រើន។

ដូច្នេះ​ដើម្បី​ថែរក្សា​បបូរមាត់​ឱ្យស្អាត ត្រូវ​ជ្រើសរើស​ផលិតផល​ដែល​អាចផ្ដល់​សំណើម​ធ្វើឱ្យ​បបូរមាត់​ទន់ល្មើយ ជាពិសេស​គឺ​បបូរមា​ត់​ខ្មៅ ឬ​ស្ងួត និងប្រេះ​ជា​ញឹកញាប់ រហូត​ក្លាយជា​រលាក ដែលមាន​មូលហេតុ​មកពី​ពន្លឺ​ថ្ងៃ ខ្យល់ និង​អាកាសធាតុ​ស្ងួត នៅពេល​ចេញ​ទៅខាង​ក្រៅម្ដងៗ។ ប៉ុន្ដែ​បបូរមាត់​មាន​សរសៃ​ប្រសាទ​ជាច្រើន​ធ្វើឱ្យ​ឆាប់ដឹង​អារម្មណ៍​ជាងស្បែក​ដទៃៗ​ទៀត។ ចំណែកឯ​បញ្ហា​បបូរមាត់​ក៏មាន​ច្រើនដែរ ជាពិសេស​ចំពោះ​អ្នកដែល​មាន​ជម្ងឺសើស្បែក រលាក​ស្បែក ឬមាន​ជម្ងឺ​ប្រតិកម្ម​អាឡែកស៊ី បបូរមាត់ និង​ឆាប់ស្ងួត​ជាងពេល​ធម្មតា។

វិធី​កែលំអ​បបូរមាត់​ខ្មៅ

វិធីកែ​ប្រែបបូរមាត់​ខ្មៅ​មិនមាន​អ្វីច្រើន​នោះទេ ដោយ​គ្រាន់​ជ្រើសរើស​យក​ក្រែមលាបបបូរ​មាត់​ណាដែល​ធ្វើឱ្យ​បបូរមាត់ ប្រែពណ៌​ពីខ្មៅ​ទៅជាពណ៌​ស៊ីជម្ពូ​វិញ ឬ​ទៅជា​ពណ៌ក្រហម​វិញតែ​ប៉ុណ្ណោះ។ ផលិតផល​ទាំងនេះ​មានលក់​នៅតាម​បណ្ដា​ហាង​លក់គ្រឿង​សម្អាង​នានា ដែល​លោកអ្នក​ងាយស្រួល​រកទិញ​ណាស់។ ម្យ៉ាងវិញ​ទៀត លោកអ្នក​គួរ​ចៀសវាង​ប្រើផលិតផល​ណាដែល​គ្មាន​គុណភាព គ្រប់គ្រាន់​ក្នុងការ​ធ្វើឱ្យ​បបូរមាត់​អ្នក​ស្រស់ស្អាត​បាន ហើយ​វា​ថែមទាំង​ធ្វើឱ្យ​បបូរមាត់​អ្នក​ប្រែជាពណ៌​ខ្មៅ​បានដោយ​ងាយ​ដោយសារតែ​សារជាតិ​គីមីដែល​នៅក្នុង​ក្រែមនោះ។

ដំបូន្មាន​អ្នក​ឯកទេស

លោកអ្នក​គួរតែ​ចៀសវាង​ការ​ពិសាបារី ឬ​អាហារ​ផ្សេងៗ ដែលមាន​ឥទ្ធិពល​ចំពោះ​បបូរមាត់។ មួយវិញ​ទៀត​ផលិតផល ដែលគ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ និងគ្មាន​គុណភាព​ក៏​គួរតែចៀសវាង​ផងដែរ។ ផលិតផល​ទាំងនោះ​អាចធ្វើ​ឱ្យបបូរមាត់​អ្នក​កាន់តែ​ខ្មៅឡើងៗ​បាន​ដោយសារតែ​ជាតិផ្សំ​ដែល​ស្ថិត​នៅក្នុង​ផលិតផល​នោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative