វិធី​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ

ស្ដ្រី​ភាគច្រើន​សុទ្ធតែ​បានដឹង​អំពី​វិធី​ចាក់បំពេញ​ផ្ទៃមុខ ថ្ពាល់ ចង្កា និង​ថ្ងាស ដោយ​សារធាតុ​ចាក់​បំពេញ ប៉ុន្ដែ​មាន​មនុស្ស ភាគតិច​ណាស់​ដែលបាន​ស្គាល់ថា តើ​អ្វីទៅ​គឺជា​ការ​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ​ដោយ​ជាតិខ្លាញ់​ខ្លួនឯង​ផ្ទាល់នោះទេ។ វិធី​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ​នេះបាន​ផ្ដល់សារៈ​ប្រយោជន៍​យ៉ាង​ច្រើន ហើយ​ក៏មិន​ធ្វើឱ្យ​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះដែរ បើសិនជា​លោកអ្នក នាងកញ្ញា​ស្វែងរក​កន្លែង​ដែលមាន​សុវត្ថិភាព ហើយមាន​ជំនាញ​ច្បាស់លាស់នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា ឯកទេស​វះកាត់​កែសម្ផស្ស​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី​(LCC madical center)ពន្យល់​អំពីវិធី​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ ដើម្បី​លោកអ្នក​នាងកញ្ញា​បាន​យល់ និង​ជ្រាប​កាន់តែ​ច្បាស់​អំពី​បញ្ហានេះ។

វិធី​បណ្ដុះ​ជាតិខ្លាញ់​លើ​ផ្ទៃមុខ

វិធី​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ​គឺជា​បច្ចេកទេស​ថ្មី ហើយ​ក៏ជាវិធី​សាស្ដ្រ​ដ៏ល្អ​មួយដែរ ដោយ​យក​ជាខ្លាញ់​ពីក្នុង​ខ្លួនឯង ដូចជា​នៅក្បាល​ពោះ និង​ត្រគាក មកចាក់​នៅលើ​ថ្ពាល់​ដែល​ផត ដើម្បី​ឱ្យថ្ពាល់​ឡើង​ពេញ​ស្រស់ស្អាត ដោយ​មិនចាំបាច់​ប្រើប្រាស់​សារជាតិ​គីមី​ឡើយ។

គោល​បំណង​នៃការ​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ

ហេតុផល​ជាច្រើន​ដែលធ្វើ​ឱ្យស្ដ្រី​ក៏ដូចជា​បុរស​មួយចំនួន​បាន​សម្រេច​ចិត្ដមក​បណ្ដុះ​ជាតិខ្លាញ់នៅលើផ្ទៃ​មុខ គឺ​គោល​បំណង ដើម្បី​ធ្វើឱ្យ​ផ្ទៃមុខ​ពេញ​ស្រស់ស្អាត។ ព្រោះ​កាលណា​ឈានដល់​វ័យ​ចំណាស់​អាចធ្វើ​ឱ្យ​ផ្ទៃមុខ​ផត ជាពិសេស​នៅលើ​ថ្ពាល់ និង​នៅតាម​រង្វង់ភ្នែក​ជាដើម។ ដូចនេះ​វិធី​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ​គឺជា​វិធីសាស្ដ្រ​ដ៏ល្អ​សម្រាប់​ស្ដ្រី​ក៏ដូចជា​បុរស​ដែលមាន​មុខផត មិនពេញ​ស្អាត ហើយ​ក៏មិនបង្ក​ឱ្យមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដូចជា​ការ​ប្រើសារជាតិ​គីមី​នោះទេ។

វិធី​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ

វិធី​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ គឺត្រូវ​ធ្វើឡើង​ដោយ​វេជ្ជបណ្ឌិត​ដែលមាន​ឯកទេស និង​បទពិសោធន៍។

  • អ្នកជម្ងឺ​ត្រូវមក​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ជាមុន​សិន ដើម្បី​ដឹងថា​តើ​លោកអ្នក​មាន​ជម្ងឺ​អ្វីខ្លះ? តើ​ធ្លាប់ចាក់​បំប៉ោង ថ្ពាល់​ដែរ​ឬទេ? ហើយ​ធ្លាប់មាន​ប្រតិកម្ម​អ្វី​នៅលើ​ស្បែកមុខ​ដែរ​ឬទេ?
  • បន្ទាប់ពី​ពិភាក្សា​ហើយ អ្នក​ជំនាញ​នឹងពន្យល់​ពីវិធី​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ។
  • ទីបំផុត​ឈានដល់​ដំណាក់​កាល​បណ្ដុះ​ជាតិខ្លាញ់ អ្នកជំនាញ​ចាប់ផ្ដើម​ចាក់ថ្នាំ​ស្ពឹក​នៅលើ​ភ្លៅ ឬក៏​ក្បាលពោះ ដើម្បី​បូមយក​ជាតិខ្លាញ់​ចេញមក​ដោយ​ម៉ាស៊ីន​ពិសេស​ម្យ៉ាង។ នៅក្នុង​ខ្លាញ់​មានជាតិ​សារ៉ូម ជាតិឈាម និង​កោសិកា​ខ្លាញ់ ពេល​ដែល​បូម​ជាតិខ្លាញ់​បាន​ហើយ អ្នក​ជំនាញ​បាន​ចម្រាញ់​យកតែ​កោសិកា​ខ្លាញ់​សុទ្ធ​ដើម្បី​ចាក់បញ្ចូល​ទៅលើ​ផ្ទៃមុខ ឬកន្លែង​ណាផ្សេងៗ​នៅលើ​ដងខ្លួន​របស់​លោកអ្នក ដោយ​ប្រើម្ជុល​វិទ្យាសាស្ដ្រ​ម្យ៉ាង​ដែល​មិនមែន​ជាម្ជុល​ចាក់ថ្នាំ​នោះទេ។ ចំពោះ​ម្ជុល​ប្រភេទនេះ​នៅពេល​ដែល​ចាក់បញ្ចូល​ទៅមិន​ធ្វើឱ្យ​ដាច់​សរសៃ​ឈាម និង​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អត្ថ​ប្រយោជន៍​នៃការ​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ

វិធី​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ​បាន​ផ្ដល់សារៈ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​លោកអ្នក​នាង​កញ្ញា ដូចជា ៖

  • មិនធ្វើ​ឱ្យមាន​ប្រតិកម្ម​នៅពេល​ដែលចាក់​បញ្ចូល​ជាតិខ្លាញ់
  • វិធី​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ​អាច​រក្សាទុក​ភាពស្រស់​ស្អាត​បានយូរ​មិនងាយ​រលាយ ឬ​បាត់បង់​ទៅវិញ​ដោយ​ងាយៗឡើយ
  • វិធីនេះ​មិនបាច់​ប្រើប្រាស់​ថ្នាំ​សន្លប់​នោះទេ ដែល​មិនអាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ
  • អាច​ធ្វើឱ្យ​ស្បែកមុខ​មាន​សំណើម ព្រោះ​ស្ដ្រី​នៅពេល​អស់រដូវ​អាចធ្វើ​ឱ្យស្បែក​ឡើង​ស្ងួត ដូចនេះ​នៅពេល​ដែល​ចាក់បញ្ចូល​ជាតិខ្លាញ់​ទៅ អាចធ្វើ​ឱ្យស្បែក​មាន​សំណើម​ឡើងវិញ។
  • ជាពិសេស​វិធីនេះ​អាចធ្វើ​ឱ្យ​ផ្ទៃមុខ​ពេញស្អាត​មិនផត​ជាដើម។

ផល​ប៉ះពាល់​នៃការ​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ

មាន​វិធី​ជាច្រើន​ណាស់​នៅក្នុង​ការបូម​មុខនេះ ដោយមាន​អ្នកខ្លះ​ប្រើប្រាស់​ជាតិ​គីមី អ្នកខ្លះ​ប្រើជាតិ​ថ្នាំផ្សេងៗ។ ថ្នាំ​ទាំងនេះ​បាន​បង្កឱ្យ​មានផល​ប៉ះពាល់​យ៉ាងច្រើន ដូចជា​អាចធ្វើ​ឱ្យ​ផ្ទៃមុខ​មាន​ប្រតិកម្ម​អាចឡើង​ដុំៗ ជួនកាល​នៅពេល​ដែល​ប្រើប្រាស់ ថ្នាំ​ចាក់ចូល​ឆាប់​ធ្វើឱ្យ​រលាយ​មិនអាច​រក្សាទុក​បានយូរ ជាពិសេស​ធ្វើឱ្យ​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ ដែល​ជាហេតុ​ធ្វើឱ្យ​ពិការ​នៅកន្លែង​ណាមួយ​នៅលើ​សារពាង្គកាយ ដូចជា​អាចធ្វើ​ឱ្យ​វៀចមាត់ វៀចភ្នែក​ជាដើម។ ដោយឡែក​វិធី​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ ក៏បាន​បង្កឱ្យ​មានផល​ប៉ះពាល់​មួយចំនួន បើសិន​ជាលោកអ្នក​ស្វែងរក​កន្លែង​ដែល​មិនមាន​ជំនាញ​ច្បាស់លាស់ និង​មិនមាន​អនាម័យ ជាហេតុ​អាច​បង្កឱ្យ​មានផល​ប៉ះពាល់​ដូចជា ៖

  • អាចមាន​ឈាម​ស្រក​នៅកន្លែង​ដែល​បូមយក​ជាតិខ្លាញ់
  • អាចធ្វើ​ឱ្យឡើង​ហើម​នៅនឹង​កន្លែង​ដែល​បូមយក​ជាតិខ្លាញ់
  • ថ្ពាល់​មិនស្មើ​គ្នា ម្ខាងទាប ម្ខាងខ្ពស់
  • នៅពេល​ដែលចាក់​ដំបូង ផ្ទៃមុខ​ពេញ​ស្រស់ស្អាត តែមួយ​សប្ដាហ៍​ក្រោយមក​ស្រក​ទៅវិញ​អស់៣០​ភាគរយ​ក៏មាន​ដែរ។
  • ជួនអាច​ឆ្លងមេរោគ បើសិនជា​ប្រើប្រាស់​ម្ជុល​ដែល​មិនមាន​អនាម័យ​បាន​ស្អាតល្អ។

វិធី​ការពារ​កុំឱ្យ​កើតមាន​បញ្ហា​នៅពេល​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ

ដើម្បី​ការពារ​កុំឱ្យ​កើតមាន​បញ្ហា​នៅពេល​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ លោកអ្នក​នាងកញ្ញា​គួរតែ​ស្វែងរក​កន្លែង​ដែលមាន​ជំនាញ​ច្បាស់លាស់ ហើយ​ត្រូវបាន​ទទួល​ស្គាល់ពី​សំណាក​មហាជន​ក៏ដូចជា​អ្នកជំនាញ​ផ្សេងៗ​ផងដែរ។ អ្វីដែល​សំខាន់​បំផុត​នោះ លោកអ្នក​ដែលចង់​បណ្ដុះជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ ត្រូវតែ​ប្រាប់​អ្នក​ជំនាញ​ឱ្យបាន​ច្បាស់ថា លោកអ្នក​ធ្លាប់កើត​ជម្ងឺ​អ្វីខ្លះ ហើយ​កំពុង​កើតមាន​ជម្ងឺ​អ្វីខ្លះ ធ្វើ​បែបនេះ​ដើម្បី​ងាយស្រួល​សម្រាប់​អ្នកជំនាញ​រួមទាំង​អ្នក​ជម្ងឺផង​ដែរ។

ដំបូន្មាន​អ្នកជំនាញ

វិធី​បណ្ដុះ​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ​ជាជម្រើស​ដ៏ប្រសើរ​បំផុត​សម្រាប់​ស្ដ្រី​ក៏ដូចជា​បុរស ដែល​ស្វែងរក​ការ​ព្យាបាល​ដោយ​ចាក់បំពេញ​នៅលើ​ថ្ពាល់​នេះ។ អ្វីដែល​ពិសេស​បំផុត​នោះ គឺត្រូវ​ស្វែងរក​នូវកន្លែង​ដែលមាន​ជំនាញ​ច្បាស់លាស់ និង​មានការ​ធានា​រ៉ាប់រង​ត្រឹមត្រូវ ចៀសវាង​កើតមាន​បញ្ហា​ផ្សេងៗ​ដែល​ស្មានមិន​ដល់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative