ព្រីម លីហ្សា សុខភាព​មានតម្លៃ​ស្មើជីវិត

ទោះបីជា​មានភាព​មមាញឹក​ក្នុង​ការងារ​សិល្បៈ​យ៉ាងណា​ក្ដីក៏​តារា​សម្ដែង និង​ចម្រៀង​រាងតូច​ច្រឡឹង ព្រីម លីហ្សា នៅតែ​ឆ្លៀត​ឱកាស​ថែទាំ​សុខភាព និង​សម្រស់​ដែលត្រូវ​យកចិត្ដ​ទុកដាក់​ជាចម្បង ព្រោះ​វាជា​បញ្ហា​ធំបំផុត​សម្រាប់​ជីវិតអ្នក​សិល្បៈ និង​ការ​រស់នៅ​សព្វថ្ងៃ។ សម្រាប់​អាជីព​ជាអ្នក​សិល្បៈ​រហូត​មកដល់​សព្វថ្ងៃ​នេះ កញ្ញា​ប្រិមប្រិយ​សម្ដី​ស្រទន់ ធ្វើឱ្យ​ប្រុសៗ​លង់ស្នេហ៍ ព្រីម លីហ្សា ត្រូវបាន​ទស្សនិកជន​ជាច្រើន​ទទួល​ស្គាល់ថា កំពុងតែ​ទទួលបាន​នូវ​ផ្លែផ្កា​យ៉ាងគាប់​ប្រសើរ និង​ឈានទៅ​រកភាព​ជោគជ័យ​ថែមទៀត នៅក្នុង​ការងារ​ជាអ្នក​សិល្បៈ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទោះបីជា​មានភាព​មមាញឹក​ក្នុង​ការងារ​ក្ដី កញ្ញា ព្រីម លីហ្សា បានឆ្លៀត​ឱកាស​បកស្រាយ​ពីការ​ថែទាំ​សុខភាព និង សម្រស់​របស់​កញ្ញា​ដែលមាន​រូបឆោម​ស្រស់​ផូរផង់​ដូច​សព្វថ្ងៃ​នេះ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ជូន​ជ្រាបដល់​មិត្ដ​អ្នកអាន និងក្រុម​យុវវ័យ​ផ្សេងទៀត ជាការ​យល់ដឹង​ក្នុងការ​រៀបចំ​ខ្លួន និង​វិធី​ថែទាំ​សម្រស់ និង​សុខភាព​ឱ្យមាន​ភាព​ប្រសើរ។

ប្រវត្ដិ​ចូល​សិល្បៈ

ព្រីម លីហ្សា ចាប់ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នា​ឆ្នាំ២០០៧ ផ្ដើមចេញ​ពីនិស្សិត​នៃសាលា​វិចិត្រសិល្បៈ​ផ្នែក​របាំបុរាណ និង​ជំនាញ​សិល្បៈ​ផ្សេងៗ​ទៀត។ ចាប់តាំង​ពីនាង​បានបោះ​ជំហាន​ចូល​ប្រឡូក​ក្នុង​សិល្បៈ​ភ្លាម លីហ្សា​បាន​ទទួលនូវ​ការ​គាំទ្រ​ជាបណ្ដើរៗ តាមរយៈខ្សែ​ភាពយន្ដ និង​ដើរតួ​ខារ៉ាអូខេ​ឱ្យផលិតកម្ម​មួយចំនួន​ទាំង​ក្នុង និង​ក្រៅស្រុក ទស្សនិកជន​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំងនោះ។ លីហ្សា​ជាអ្នក​សិល្បៈ​ម្នាក់​និយម​ថតឈុត​សម្លៀក​បំពាក់​សិចស៊ី មិន​ចាញ់​តារា​សិចស៊ី​ដទៃទៀត​ឡើយ។ បន្ទាប់មក​ឈ្មោះ​របស់ នាង​ចាប់ផ្ដើម​ល្បីឡើងៗ រហូតមក​ដល់សព្វថ្ងៃ​នេះ។

ការ​ថែរក្សា​សម្រស់

ខណៈពេល​កញ្ញា ព្រីម លីហ្សា មានភាព​មមាញឹក​ក្នុង​ការងារ​ជាអ្នក​សិល្បៈ ទាំងការ​សម្ដែង​រឿង និង​ចម្រៀង​ក្ដី ក៏មិន​ភ្លេចការ​ថែទាំ​រក្សាសម្រស់​និង​សុខភាព​នោះដែរ។ ខាងក្រោម​នេះគឺ​ជាវិធី​ថែទាំ​សម្រស់ និង​សុខភាព​របស់​លីហ្សា​ដែលបាន​ធ្វើការ​អនុវត្ដន៍​ជាប្រចាំ មុននិង​ក្រោយ​ការ​សម្ដែង និងការ​សម្រាក​នានា។

  • ការ​ថែរក្សា​សក់ ៖ ចំពោះ​សរសៃសក់​របស់​លីហ្សា​ដែលមាន​សរសៃ​ទន់ល្មើយ និង​បម្រើឱ្យ​សុខភាព និងមាន​គុណភាព​ល្អនេះ នាងបាន​ជ្រើសរើស​យកសាប៊ូ​ដែលមាន​គុណភាព​ល្អ ក្នុងមួយ​សប្ដាហ៍​នាងកក់​ឱ្យបាន​៦ដង ព្រោះ​ការពារ​កុំឱ្យ​សក់​បែកចុង ហើយ​មាន​លក្ខណៈ​រស់​រវើក​បានយូរ​ទៀតផង។ ប៉ុន្ដែ​នៅពេល​ចូលរួម​ថតសម្ដែង​ខ្សែ​ភាពយន្ដ​ឬ​ខារ៉ាអូខេ នាងបាន​ប្រើថ្នាំ​ជំនួយ សរសៃសក់​ផ្សេងៗ​ផងដែរ ដើម្បី​ការពារ​លើវិធី​កក់បន្ទន់​សក់​ខាងលើ។
  • ការ​ថែរក្សា​ស្បែកមុខ ៖ សម្រាប់​តារា​សម្ដែង​ស្រស់ស្អាត​រូបនេះ​គឺជា​ការចាំបាច់​បំផុត​សម្រាប់ស្បែក​មុខ ហើយ​បានធ្វើ​ការ​ថែទាំ​យ៉ាងយក​ចិត្ដទុក​ដាក់​ដោយ​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ម្សៅ​បន្ដឹង​ស្បែកមុខ នៅពេល​ដែលចេញ​ទៅសម្ដែង ឬ​ថតក្នុង​កម្មវិធី​ផ្សេងៗ។ ដោយ​ឡែក​នៅពេល​យប់​លីហ្សា​ប្រើប្រាស់​ឡេឬ​ម្សៅប្រភេទ​ផ្សេងៗ ដើម្បី​ជំនួយ​ដល់ស្បែក​មុខឱ្យ​មាន​សម្រស់​កាន់តែ​ស្រស់ស្អាត​ថែមទៀត។
  • ការ​ថែរក្សា​ដងខ្លួន ៖ ដោយឡែក​ចំពោះ​ស្បែក​ដងខ្លួន លីហ្សា​ធ្វើការ​ថែទាំ​ជាធម្មតា​តែប៉ុណ្ណោះ ដោយ​ជ្រើសរើស​សាប៊ូ ដុសខ្លួន​ដែលអាច​កម្ចាត់​មេរោគ​បាន។ ប្រភទ​សាប៊ូ​ដែលលីហ្សា​ដុសខ្លួន​នោះ ជាសាប៊ូ​ដែលមាន​គុណភាព​ខ្ពស់​អាចកម្ចាត់​បាក់តេរី​បាន ដោយ​មិនដុស​នឹង​សាប៊ូ​ដដែលៗ​ឡើយ។ នៅពេល​ថ្ងៃ លីហ្សា​ក៏​ជ្រើសរើស​យកឡេ​ការពារ​កម្ដៅថ្ងៃ​លាប​លើដងខ្លួន​ផងដែរ មិនថាតែ​នាង​នៅផ្ទះ​ឬចេញ​ក្រៅឡើយ ជាពិសេស​ពេលដែល​នាង​ថតសម្ដែង​តែម្ដង។
  • ការ​ថែរក្សា​ធ្មេញ ៖ រីឯ​សុខភាព​មាត់ធ្មេញ លីហ្សា​ជ្រើសរើស​ការ​ថែទាំ​ដោយដុស​ធ្មេញ​មួយថ្ងៃ​៣ដង ក្រោយ​ពេល​ទទួលទាន​ចំណី​អាហារ និង​មុនចូល​ទទួលទាន​ដំណេក។ កញ្ញា​បញ្ជាក់​ថា ការ​ជ្រើសរើស​វិធីនេះ​អាចជួយ​ឱ្យធ្មេញ​យើង​មានការ​រឹងមាំ និង​ដង្កូវ​មិនស៊ី មិនឆាប់​ពុក ហើយ​ក្លិនមាត់​ល្អ​រហូត ទោះយើង​និយាយ​ស្ដី​ជាមួយ​អ្នកដទៃ​មិនបាច់​បារម្ភ​ចំពោះ​ក្លិនមាត់​ឡើយ។ ជាទូទៅ ចំពោះ​ការ​ថែរក្សា​ធ្មេញ​នេះទៀត​សោត កញ្ញា​តែងតែ​ទៅមន្ទីរ​ព្យាបាល​ធ្មេញ​រៀងរាល់​២ខែ​ម្ដង​ដើម្បី​ឱ្យ​ទន្ដបណ្ឌិត​ពិនិត្យ​ព្យាបាល និង សម្អាត។
  • ការ​ថែរក្សា​ភ្នែក ៖ ភ្នែកមាន​សារៈ​សំខាន់​ណាស់ លីហ្សា​តែងតែ​មានការ​ការពារ​ជានិច្ច​រាល់ពេល​ថតសម្ដែង​ម្ដងៗ នាង​តែងតែ​ប្រើថ្នាំ​បន្ដក់ភ្នែក​ជានិច្ច ព្រោះ​ថាពេល​ដែលនាង​សម្ដែង​តែងតែមាន​ចំណាំង​ផ្លាត​ពីពន្លឺ​របស់​ក្រុម​ផលិតករ។ ពេលខ្លះ​ទៀត លីហ្សា​តែងតែ​ប្រើប្រាស់​វ៉ែនតា​ការពារ​ភ្នែក​ផងដែរ ព្រោះ​មិនចង់​ឱ្យប៉ះ​ទង្គិច​ពន្លឺថ្ងៃ​ជាយថាហេតុ។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ លីហ្សា​តែងតែ​យកចិត្ដ​ដាក់​យ៉ាងខ្លាំង​ទៅលើ​បបូរមាត់ និង​ស្វែងរក ផលិតផល​ដែលល្អ​ដើម្បី​ធ្វើការ​ការពារ ត្រូវតែ​ថែរក្សា​ដោយលាប​ក្រេប​ជានិច្ច​មិនអាច​ខានបាន​ឡើយ ទាំងពេល​គេង និង​ពេលចេញ​សម្ដែង ព្រោះ​ត្រូវ​ការពារ​កុំឱ្យ​បបូរមាត់ប្រេះ។ ម្យ៉ាងទៀត​មិន​ត្រូវយក​អណ្ដាត​ទៅលិទ្ធ​បបូរមាត់​ញឹក​ពេកទេ វាក៏​ជាកត្ដា​ធ្វើឱ្យ​បបូរមាត់ប្រេះ​បានដែរ។ ចំពោះ​រោមភ្នែក និង​ចិញ្ចើម កញ្ញា​ជ្រើសរើស​វិធី​ថែរក្សា​ដោយ​ប្រើម៉ាស្ការ៉ា​ជានិច្ច តែការ​រៀបចំ​កែច្នៃ ទៅតាម​កម្មវិធី ឬតាម​ឈុតឆាក​ដែលត្រូវ​សម្ដែង។
  • ការ​ថែរក្សា​ក្រចកដៃ និង​ក្រចកជើង ៖ ចំពោះ​ក្រចកដៃ​ក្រចក​ជើង លីហ្សា​មិនសូវ​ចូលចិត្ដ​លេងពណ៌​ប៉ុន្មាន​ទេ គ្រាន់តែ​កាត់សាច់​ឬលាប​ឡេឱ្យ​ទន់ហើយ​លាបទឹក​រលោង ក្នុងមួយ​សប្ដាហ៍ថែរក្សា​២ឬ៣ដង​ប៉ុណ្ណោះ ជាពិសេស​មុនពេល​ឡើងកម្មវិធី​ផ្សេងៗ នៅតាម​ស្ថានីយ​ទូរទស្សន៍។ ចំពោះ​ប្រអប់ដៃ​ប្រអប់ជើង កញ្ញា​ក៏បាន​ប្រើប្រាស់​ឡេ​ការពារ​ផងដែរ ដើម្បី​ឱ្យស្បែក​ទន់ និង​ម្រាមដៃ ម្រាមជើង​មានភាព​ស្រឡូន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សុខភាព​រាងកាយ​ជាការ​ចាំបាច់ មានតម្លៃ​ស្មើជីវិត

តារា​សម្ដែង​ស្រស់ស្អាត​លីហ្សា​នៅតែ​ប្រកាន់​ខ្ជាប់​ជានិច្ច​ចំពោះ​សម្រស់​រាងកាយ សុខភាព​គឺជាការ​ចាំបាច់​សម្រាប់​អាជីព​ជាអ្នក​សិល្បៈ។ ព្រោះថា​ក្នុងនាម​កញ្ញា​ជាតារា​ចម្រៀង និងជា​តារាសម្ដែង​ផងនោះ បន្ទាប់​ពីឡើង​លើឆាក ឬធ្វើ​ជាតួ​សម្ដែង មាន​ទស្សនិកជន​ច្រើន​ណាស់ ជាអ្នក​ទស្សនា​តាមកញ្ចក់​ទូរទស្សន៍​ក្ដី និង​ទស្សនា​ផ្ទាល់ក្ដី។ ដូច្នេះ​ហើយអ្នក​សិល្បៈ​ត្រូវតែ​មាន​សម្រស់​ស្រស់ស្អាត​ជានិច្ច សុខភាព​បរិបូរណ៍ និង​រាងកាយ​មាំមួន។ លើសពីនេះ​ដើម្បី​ឱ្យ​រាងកាយ​មាំមួន និង​សម្រស់​កាន់តែ​ស្រស់ស្អាត​នោះ នាង​តែងតែ​ហាត់​កីឡា និង​ទទួលទាន​ដំណេក​គ្រប់គ្រាន់ ជ្រើសរើស​អាហារ​បំប៉ន​មួយចំនួន​ដែលមាន​ជាតិវីតាមីន​អាចជួយ​បង្កើន​ស្មារតី និង​ការ​ចងចាំ​បានច្រើន​ផងដែរ។

បំណង​ទៅថ្ងៃ​អនាគត

ក្រៅពី​អាជីព​ជាអ្នក​សិល្បៈ លីហ្សា​មាន​បំណង​ចង់ក្លាយ​ទៅជា​ថៅកែ​ហាង​លក់កាហ្វេ​ម្នាក់។ ប៉ុន្ដែ​ប្រសិន​បើទស្សនិកជន​នៅតែ​គាំទ្រ​រហូតក្នុង​អាជីព​ជាអ្នក​សិល្បៈ កញ្ញា​ប្រឹងប្រែង​បន្ដ​ក្នុងការ​ប្រឡូក​ក្នុងវិស័យ​សិល្បៈ​ថែមទៀត ដើម្បី​ឱ្យសម​ទៅនឹង​ការ​គាំទ្រ​របស់​ពួកគាត់។

បណ្ដាំ​ផ្ញើ​របស់​កញ្ញា ព្រីម លីហ្សា

ស្ដ្រី​គ្រប់រូប​ត្រូវការ​ចាំបាច់​សម្រស់​សុខភាព និង​បុគ្គលិកលក្ខណៈ​សុភាព​រាបសា។ មុននឹង​សម្រេចចិត្ដ​ជ្រើសរើស​យក​ផលិតផល​ណាមួយ​យកមក​ថែរក្សា​សម្រស់​ខ្លួនឯង ដោយ​បញ្ចៀស​ឱ្យផុត​ពីផល​អវិជ្ជមាន​នោះ ត្រូវតែ​មានការ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ និងយក​ទៅ​ពិគ្រោះជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​សិន ព្រោះ​ពេលខ្លះ​ការ​ប្រើប្រាស់​ដូចគ្នា​ពិតមែន​តែសាច់​ឈាមឬ​ស្បែក​មានការ​ខុសប្លែក​​​គ្នា។

ខាងលើនេះ​គឺជា​យល់ឃើញ និង​ជាការ​អនុវត្ដន៍​ផ្ទាល់​របស់​កញ្ញា ព្រីម លីហ្សា តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ​សម្រាប់​អនុវត្ដន៍​បានហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ ព្រីម លីហ្សា
  • អាយុ ៖ ១៨ឆ្នាំ
  • កម្ពស់ ៖ ១,៦៦​ម៉ែត្រ
  • ទម្ងន់ ៖ ៤២​គីឡូក្រាម
  • ទំហំ​ទាំងបី ៖ ៣៨ ២៦ ៣៦
  • បងប្អូន ៖ ២នាក់ ស្រីមួយ (ជាកូនទី១)
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • កម្រិត​វប្បធម៌ ៖ កំពុង​បន្ដ​ការសិក្សា​នៅសាលា​វិចិត្រសិល្បៈ
  • អាជីព​បច្ចុប្បន្ន ៖ តារា​ចម្រៀង និងតារា​សម្ដែង
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative