ខ្ញុំងងឹតមុខ

លោកអ្នកនាងកញ្ញាដែលមាន​សភាព​វិលមុខ ចង់ក្អួត​ចង្អោរ ត្រជាក់ចុង​ដៃចុងជើង បែកញើស​ខ្លាំងខុស​ពីធម្មតា នេះគឺ​ជា អាការៈ​ដំបូងនៃ​ជម្ងឺ​ងងឹតមុខ​។ ជម្ងឺនេះ​កើតឡើង​ដោយងាយ​បំផុត បើសិន​ជាលោក​អ្នកធ្វើ​ដំណើរ​ទៅជួប​នឹង​អាកាសធាតុ​មិនល្អ ក្ដៅខ្លាំង បរិយា​កាស​មិន​បរិសុទ្ធ អាប់អួ ហេតុការណ៍​ចម្លែក​ជាដើម។ ជម្ងឺងងឹត​មុខអាច​មាន​ពាក់ព័ន្ធ​ទៅនឹង​ជម្ងឺអ្វី​មួយ​ប្រចាំ​កាយ​ របស់​លោក​អ្នកផង​ដែរ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ​ជួបសម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត​ ឈី ប្រកប អនុប្រធាន​ផ្នែក​ជម្ងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​ ព្រះកុសុមៈ​នឹងបក​ស្រាយ​អំពី​ជម្ងឺ​ងងឹតមុខ ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បានជ្រាប​ឱ្យកាន់​តែច្បាស់​អំពី​បញ្ហានេះ។​

ងងឹតមុខ

ងងឹតមុខគឺជាពាក្យដែល​ប្រជាជន​ខ្មែរយើង​តែងតែ​និយាយ​តៗគ្នា​មក។ ប៉ុន្ដែ​ងងឹតមុខ​គឺមាន​ឈ្មោះជា​ភាសា​បារាំង​ថា ​សាំងគុប​(Syncope)​។ នៅពេល​ដែលលោក​អ្នកជួប​នឹងបញ្ហា​អ្វីមួយ​ដែលធ្វើ​ឱ្យរន្ធត់ ឬក៏​ទៅជួប​ជាមួយ​នឹងកន្លែង​ដែលមិន​មានខ្យល់​ ​អាកាស​បរិសុទ្ធ អាចធ្វើ​ឱ្យលោក​អ្នកងងឹតមុខ ហើយដួល​សន្លប់​តែម្ដង។ លោកអ្នក​អាចនឹង​ដឹងខ្លួន​ឡើងវិញ​នៅក្នុង​រយៈពេល​សន្លប់ ​ដ៏ខ្លី។​

មូលហេតុងងឹតមុខ

មូលហេតុដែលបណ្ដាលឱ្យកើតមានជម្ងឺ​ងងឹតមុខ​នេះមាន​ដូចជា ​៖

– បណ្ដាលមកពីជម្ងឺខ្សោយបេះដូង ៖ បេះដូង​រួមត្បៀត​តូចពេក​ ធ្វើឱ្យ​ឈាមមក​ចិញ្ចឹមគ្រប់​សារ​ពាង្គកាយ និងខួរក្បាល​មិន គ្រប់​គ្រាន់ បណ្ដាល​ឱ្យអ្នក​ជម្ងឺ​កើតមាន​ជម្ងឺងងឹតមុខ​ហើយដួល​សន្លប់​តែម្ដង។​

– ទាក់ទងទៅនឹងចង្វាក់បេះដូង ៖ បេះដូងដើរញាប់​ពេក​ឬយឺតពេក​នេះក៏អាច​បណ្ដាលឱ្យ​ងងឹតមុខ​បានដែរ។  ​

– បណ្ដាលមកពីជម្ងឺសាំងគុប(Syncope) ៖ ជា​ជម្ងឺដែល​មិនមែន​បណ្ដាលមក​ពីជម្ងឺ​បេះដូង​​​​​​​​​​​​​​​​​​​​​​​​នោះទេ គឺបណ្ដាល​មកពី​ភាព បាត់​ម្ចាស់ការ​ ភ័យពេក រន្ធត់ពេក អរពេក ឈរហាលថ្ងៃ​យូរពេក ឬអង្គុយ​យូរពេក។ នៅពេល​ងើបឈរ ស្រាប់តែ​ងងឹតមុខ​ដួលបាត់​បង់ស្មារតី ក្រោយមក​ក៏ដឹង​ខ្លួន​ឡើងវិញ។​

ឧទាហរណ៍ ៖ នៅពេលដែលលោក​អ្នកជួប​នឹងបញ្ហា​អ្វីមួយ​ដែល​រន្ធត់ខ្លាំង ឬក៏ជួប​នឹងហេតុ​ការអ្វីមួយ ដូចជា​គ្រោះថ្នាក់​ ចរាចរណ៍ ដែលបណ្ដាល​ឱ្យមាន​ឈាមឬ​ក៏ស្លាប់ ជាហេតុ​ដែលធ្វើ​ឱ្យលោកអ្នក​ភ័យរន្ធត់ ហើយក៏​កើតមាន​ភាពងងឹត​មុខហើយ​ក៏ដួល សន្លប់ បាត់បង់​ស្មារតី​តែម្ដង។

រូបភាពទស្សនាវដ្តីសុខភាពយើង

រោគសញ្ញាជម្ងឺងងឹតមុខ

ជម្ងឺងងឹតមុខគឺស្ដែងឡើងឱ្យឃើញ​នូវអាការៈ​មួយចំនួន​ដូចជា ៖​

– ចំពោះអ្នកជម្ងឺបេះដូង ៖ ភាគច្រើនបណ្ដាលមកពីអ្នក​ជម្ងឺ​ធ្វើ​ការងារ​ធ្ងន់ៗ ហើយបណ្ដាល​ឱ្យងងឹតមុខ​ដួលសន្លប់​ភ្លាមៗ​ ពី២ទៅ​៣នាទី​ក្រោយមក​ក៏ដឹង​ខ្លួនវិញ។ ជួនកាល​អ្នកជម្ងឺ​នៅស្ងៀមៗ​ក៏កើត​មានការ​វិលមុខ​ដែរ។ ​

– ជម្ងឺសាំងគុប ៖ ជម្ងឺនេះច្រើនតែកើតចំពោះស្ដ្រី ក្មេងស្រី និងអ្នក​ដែលឆាប់​ភ័យខ្លាច។ ចំពោះអ្នក​ជម្ងឺ​ប្រភេទ​នេះអាច​ដឹង ខ្លួន​មុន នៅពេល​ដែលជួប​នឹងបញ្ហា​អ្វីមួយ ឬហេតុការណ៍​រន្ធត់ៗ នៅពេល​ភ្លាមៗ​អ្នកជម្ងឺ​មិនទាន់​បាត់​ស្មារតី អ្នកជម្ងឺ​អាចមាន អារម្មណ៍ថា​ត្រជាក់ចុង​ដៃចុងជើង បន្ទាប់មក​ទៀតគឺ​សង្កេតឃើញ​ពណ៌សម្បុរ​ប្រែប្រួល ដូចជា​ស្លេកស្លាំង ឡើងប្រផេះ បបូរមាត់​ស្លេក ​ឡើង​ពណ៌ស្វាយ និងបែក​ញើសខ្លាំង អ្នកជម្ងឺ​មានអារម្មណ៍​ភ័យខ្លាច មិនស្រួលនៅ​ក្នុងខ្លួន ចង់ក្អួត​ចង្អោរ​ជាដើម។ មានអ្នក​ជម្ងឺខ្លះ​ក៏វិលមុខ​ ងងឹតមុខ​ ស្រាប់តែ​ដួលសន្លប់​បាត់ស្មារតី​តែម្ដង។

វិធីព្យាបាលជម្ងឺងងឹតមុខ

ចំពោះការព្យាបាល ជាដំបូង​លោកអ្នក​ដែល​ឧស្សាហ៍​កើតមាន​អាការៈ​ងងឹត​មុខនេះ ត្រូវមក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែល មាន​ជំនាញ​ច្បាស់លាស់​ជាមុនសិន ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យរក​មូលហេតុ​ដែលបណ្ដាល​ឱ្យកើត​មានជម្ងឺ​ងងឹតមុខ។ បន្ទាប់មក​គឺត្រូវ​ធ្វើការ​ព្យាបាល​ទៅតាម​ប្រភេទ​របស់ជម្ងឺ។​

ផលប៉ះពាល់នៃជម្ងឺងងឹតមុខ

ប្រសិនបើលោក​អ្នកកើត​មានជម្ងឺ​ងងឹតមុខ​ដូចដែល​បានរៀប​រាប់ខាង​លើនេះ វាមិន​សូវជា​មានបញ្ហា​ធ្ងន់ធ្ងរ​នោះទេ។ ប៉ុន្ដែ​ បើសិន​ជាអ្នក​ជម្ងឺ​ងងឹតមុខ​នេះដួល​ទៅ​ប៉ះពាល់​ឬ​ទង្គិច​ជាមួយ​ក្បាល ​វាអាច​បណ្ដាលឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ​ឬក៏​អាច​បណ្ដាល​ឱ្យអ្នក​ ជម្ងឺស្លាប់​ភ្លាមៗ​តែម្ដង។ ជាពិសេស​បើសិន​ជាអ្នក​ជម្ងឺ​ងងឹតមុខ​កើតមាន​ជម្ងឺបេះដូង​ធ្ងន់ធ្ងរ ហើយ​មិនបាន​ធ្វើការ​ព្យាបាល​ឱ្យបាន​ទាន់ ពេល​ទេនោះ អ្នកជម្ងឺ​អាចមាន​គ្រោះថ្នាក់​ដល់ជីវិត​ភ្លាមៗ​តែម្ដង។

វិធីការពារកុំឱ្យកើតមានជម្ងឺងងឹតមុខ

ដើម្បីការពារកុំឱ្យកើតមានជម្ងឺងងឹតមុខ លោកអ្នក​ត្រូវតែ​អនុវត្ដ​ទៅតាម​ការ​ណែនាំ​របស់អ្នក​ជំនាញ​ដូចជា ៖

– សម្រាប់អ្នកជម្ងឺបេះដូង ៖ ​ត្រូវតែ​ទទួលទាន​ថ្នាំទៅ​តាមការ​ណែនាំ​របស់​គ្រូពេទ្យ។ ជាពិសេស​អ្នកជម្ងឺ​ប្រភេទនេះ​មិន ត្រូវ​បណ្ដោយ​ឱ្យធាត់​ពេក​នោះទេ ហើយក៏​មិនត្រូវ​ទទួលទាន​សុរា បារី​ច្រើនពេក​នោះដែរ។

– ចំពោះអ្នកជម្ងឺទឹកនោមផ្អែម និងជម្ងឺ​លើស​ឈាម គួរតែ​ទទួលទាន​ថ្នាំទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និងត្រូវ​ធ្វើ លំហាត់​ប្រាណឱ្យ​បាន​ទៀងទាត់។

– លោកអ្នកនាងកញ្ញាដែលតែងតែឧស្សាហ៍​ងងឹតមុខ គួរតែ​កុំធ្វើ​ដំណើរ​ទៅកន្លែង​ដែលមាន​បរិយាកាស​អាប់អួ គ្មានខ្យល់​ បរិសុទ្ធ ព្រោះងាយ​នឹងកើត​មានបញ្ហា​ងងឹតមុខ។ ចំពោះលោក​អ្នកមួយ​ចំនួន​ដែល​ងងឹតមុខ​នៅពេល​ឃើញឈាម ឬសកម្ម​ភាពរន្ធត់​គួរ ឱ្យខ្លាច ត្រូវតែ​ចៀសវាង​កុំទៅ​កន្លែង​នោះ។

– ពាក់ព័ន្ធនឹងជម្ងឺផ្លូវចិត្ដ ​គួរតែ​កុំឱ្យ​កើតមាន​រឿង​ភ័យរន្ធត់​ឬ​ឈឺចាប់​ចំពោះ​បុគ្គល​ប្រភេទ​នេះ ជាពិសេស​បុគ្គល​ប្រភេទ​នេះ គួរតែ​រៀនធ្វើ​ចិត្ដឱ្យ​បានល្អ។

ដំបូន្មានអ្នកជំនាញ

សុខភាពជារឿងដែលសំខាន់បំផុត​សម្រាប់​មនុស្ស​គ្រប់រូប។ ដូចនេះ​ដើម្បីឱ្យ​មាន​សុខភាព​ល្អប្រសើរ លោកអ្នក​ត្រូវតែ​យក ចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​សុខភាព​ឱ្យ​បានល្អ។ ជាពិសេស​សុខភាព​ទៅលើ​សុខភាព​សរសៃ​ឈាម​បេះដូង គួរកុំ​ទទួល​ទានសុរា បារី។ នៅពេល​ដែលអ្នក​ជម្ងឺកើត​មានជម្ងឺ​ងងឹតមុខ គួរប្រញាប់​ទៅជួប​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញឱ្យ​គ្រូពេទ្យ​ផ្ដល់​យោបល់ បង្ហាញដើម្បី​ទទួលការ​ព្យាបាល។ ប្រទេសមួយ​ដែលរឹងមាំ​គឺអាស្រ័យ​ទៅលើ​សុខភាពល្អ ប្រសិនបើ​ប្រជាជន​មាន​សុខភាព​មិនល្អ ​ប្រទេស​ទាំងមូល​ក៏មិន​អាចរឹង​មាំ​បានដែរ។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *